មន្ត្រីសង្គមស៊ីវិលជំរុញឲ្យសមត្ថកិច្ចខេត្តស្ទឹងត្រែង ស៊ើបអង្កេតឡើងវិញលើ សំណុំរឿងចាប់ខ្លួនយុវជនម្នាក់ ដែលបង្ហោះសាររិះគន់ម្ចាស់ហាង យីហោ ហេង ឡាយ មិនទទួលប្រាក់រៀលខ្មែរ ដែលពួកគេទៅទិញកាតទូរស័ព្ទ។ ពួកគេអះអាងថា សមត្ថកិច្ចក៏ត្រូវមានវិធានការច្បាប់ដល់ម្ចាស់ហាង យីហោ ហេង ឡាយ នោះដែរ ដែលមានចេតនាមិនទទួលប្រាក់រៀលខ្មែរ ខុសច្បាប់ និងបំពានគោលការណ៍ណែនាំរបស់ធនាគារជាតិ។
មន្ត្រីនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក សឹង សែនករុណា ចង់ឃើញសមត្ថកិច្ច និងតំណាងអយ្យការខេត្តនេះ ស៊ើបអង្កេតឲ្យស៊ីជម្រៅលើសំណុំរឿងនេះ ចៀសវាងអនុវត្តច្បាប់មិនគ្រប់ជ្រុងជ្រោយ និងក្រោមសម្ពាធបុគ្គលមានលុយ និងមានអំណាច។ លោកបញ្ជាក់ថា ដើមហេតុរឿងនេះ ម្ចាស់ហាង យីហោ ហេង ឡាយ មិនទទួលប្រាក់រៀលខ្មែរពីយុវជនខុសច្បាប់ ដែលនាំឲ្យគាត់បង្ហោះសាររិះគន់ក្នុងបំណងលើកកម្ពស់ប្រាក់រៀលខ្មែរ៖ «សូមអោយសមត្ថកិច្ចស៊ើបអង្កេតឡើងវិញ ពីដើមចមឲ្យបានច្បាស់លាស់។ បើរកឃើញថា ម្ចាស់ហាងជាដើមហេតុ ធ្វើឲ្យមានបញ្ហាហ្នឹងកើតឡើង គួរតែសមត្ថកិច្ចធ្វើតាមច្បាប់ និងទទួលទោសទាន់ដែរ។ ករណីយុវជនមិនមានចេតនា និងគ្មានភស្តុតាងគ្រប់គ្រាន់ គួរតែដោះលែងគាត់ ព្រោះអាចមានការយល់ច្រឡំ»។
កាលពីថ្ងៃទី៦ វិច្ឆិកា យុវជន ឈ្មោះ ម៉ៅ ឌីណា បានបង្ហោះសារក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) លើគណនេយ្យហ្វេសបុក ឈ្មោះ ម៉ៅ ឌីណា ដោយបានថតបង្ហោះប្រាក់រៀលខ្មែរ និងសរសេរថា លុយរៀលខ្មែរទៅទិញកាតទូរស័ព្ទនៅទីតាំងប្តូរប្រាក់ និងវេរលុយ យីហោ ហេង ឡាយ គេមិនយកទេ ព្រោះគេថាខ្ជិលរាប់។ ខ្លឹមសារបង្ហោះនោះបន្ថែមថា ចង់សួរបងប្អូនខ្មែរនៅខេត្តស្ទឹងត្រែងតើយល់យ៉ាងណា មានលុយទៅទិញគេហើយ គេថា ខ្ជិលរាប់។
យុវជន ឈ្មោះ ម៉ៅ ឌីណា វ័យ ២១ឆ្នាំ រស់នៅ ភូមិស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែងដែលត្រូវបានសមត្ថកិច្ចឃុំខ្លួននៅស្នងការខេត្តស្ទឹងត្រែង ប្រាប់អាស៊ីសេរីនៅថ្ងៃទី៩ វិច្ឆិកា ថា លោកបានយកលុយរៀលខ្មែរ ១៥ម៉ឺនរៀលទិញកាតទូរស័ព្ទ នៅហាងយីហោ ហេង ឡាយ ក៏ប៉ុន្តែម្ចាស់ហាងបដិសេធមិនទទួលប្រាក់ ដោយលើកហេតុផលថា ខ្ជិលរាប់។ យុវជន ម៉ៅ ឌីណាបន្តថា ក្រោយមកលោកបានសរសេរ និងថតបង្ហោះរឿងនេះ តាមបណ្ដាញសង្គម ស្រាប់តែមានគណនេយ្យហ្វេសប៊ុក ឈ្មោះ បញ្ញា ហេងឡុង និយាយក្នុងខ្ទង់ខាំមិនបំផ្លើសថា លុយដែលទិញកាត់ទូរស័ព្ទរហែក ធ្វើឲ្យលោករឹតតែខឹងសម្បារ។ លោកអះអាងថា ថ្វីត្បិតតែលោកបានទាមទារប្រាក់មួយពាន់ដុល្លារមែន ប៉ុន្តែលោកមិនចង់បានប្រាក់នោះទេ៖ «គោលគំនិតខ្ញុំ ចង់បំផុសពញាក់ស្មារតី ពូ និង មីង ឲ្យចេះស្រឡាញ់រូបិយប័ណ្ណខ្មែរ និងទទួលយកប្រាក់រៀល ហើយចំពោះអ្នកលក់មិនត្រូវនិយាយថា ខ្ជិលរាប់នោះទេ។ ចំពោះប្រាក់ខ្ញុំទារ ១.០០០ដុល្លារ ខ្ញុំនឹងជូនគាត់វិញ គ្រាន់តែចង់ឲ្យពូចូលរួមគាំទ្ររូបិយប័ណ្ណខ្មែរ តែប៉ុណ្ណោះ»។
យុវជនរូបនេះអំពាវនាវឲ្យព្រះរាជអាជ្ញា និងតុលាការខេត្តស្ទឹងត្រែង ទម្លាក់បទចោទលើរូបលោក ព្រោះលោកគ្មានចេតនាប្រព្រឹត្តកំហុសដូចការចោទប្រកាន់បែបនេះទេ៖ «ខ្ញុំយល់ថា អយុត្តិធម៌ពេកហើយ គ្មានការដេញដោលច្បាស់លាស់ គ្រាន់តែណាត់ជួបភ្លាមចាប់ខ្លួនភ្លាម វ៉ៃខ្នោះ»។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទង ម្ចាស់ហាង យីហោ ហេង ឡាយ ដើម្បីសុំការបំភ្លឺរឿងនេះបានទេនៅថ្ងៃទី៩ វិច្ឆិកា។
អធិការក្រុងស្ទឹងត្រែង លោក ឈូក កុម៉ល បញ្ជាក់យ៉ាងខ្លីថា ការចាប់ខ្លួនយុវជនរូបនោះពីបទជំរិតគំរាមទារលុយគេតាមទូរស័ព្ទ។ លោកបញ្ជាក់ថា ការចាប់ខ្លួននេះ គឺពុំមែនធ្វើឡើងដោយសារ បង្ហោះហ្វេសប៊ុកនោះទេ។ តែយ៉ាងណាអធិការរូបនេះបដិសេធ មិនឆ្លើយសំនួររបស់អាស៊ីសេរីថាតើ សមត្ថកិច្ចមានវិធានការផ្លូវច្បាប់ចំពោះម្ចាស់ហាងដែលមិនទទួលលុយរៀលខ្មែរឬទេ?៖ «បទជំរិតលុយគេ។ មិនមែនបទបង្ហោះហ្វេសប៊ុកទេ ប្រធានបទគឺអ៊ីចឹង»។
ទោះបីជាយ៉ាងណាអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែងធ្លាប់បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុកថា ការចាប់ខ្លួនជនសង្ស័យរូបនេះ ផ្អែកលើសារបង្ហោះក្នុង Facebook ឈ្មោះ ម៉ៅ ឌីណា ដោយនិយាយបំផ្លើសការពិត និងគំរាមទារប្រាក់ពីទីតាំងប្តូរប្រាក់ ហេង ឡាយចំនួន ១.០០០ដុល្លារ ជាថ្នូរ ការមិនឲ្យបង្ហោះរូបភាពបន្ត។
លោក សឹង សែនករុណា យល់ថា សមត្ថកិច្ចគួរតែអប់រំណែនាំយុវជនរូបនោះ ប្រសើរជាងដាក់ទណ្ឌកម្មច្បាប់ ព្រោះសំណុំរឿងនេះអាចមានការយល់ច្រឡំ ពីផ្នត់គំនិតរបស់យុវជន និងការអនុវត្តច្បាប់របស់សមត្ថកិច្ច។ លោកបន្ថែមថា ម្ចាស់ហាង យីហោ ហេង ឡាយ ក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដែលខ្លួនមិនទទួលលុយរៀលខ្មែរ។
ថ្មីៗនេះ ធនាគារជាតិបានជូនដំណឹងតាមបណ្ដាញសង្គមហ្វេសប៊ុក ព្រមានថា បើជនណា មិនព្រមទទួលចាយប្រាក់រៀលរបស់កម្ពុជានោះទេ នឹងត្រូវប្រឈមជាប់ពន្ធនាគារ និងពិន័យជាប្រាក់ធ្ងន់ធ្ងរ។
ច្បាប់ស្ដីពីការរៀបចំនិងប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជាមាត្រា ៦៤ សរសេរថា ជនណាពុំព្រមទទួលរូបិយវត្ថុ ឬប្រាក់រៀលរបស់កម្ពុជា ជននោះនឹងត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ១០០ដងនៃទឹកប្រាក់ដែលពុំព្រមទូទាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។