អ្នកច្បាប់​រិះគន់​ថា សមាសភាព​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ថ្មី​ខុស​ទៅ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ

0:00 / 0:00

ក្រុម​អ្នក​ច្បាប់​និង អ្នកវិភាគ​មើល​ឃើញ​ការ​តែងតាំង​សមាជិក​ថ្មី​សម្រាប់​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​នៅតែ​មិន​អាច​ឱ្យ​ស្ថាប័ន​កំពូល​មួយ​នេះ ធ្វើ​ការ​ដោយ​ឯករាជ្យ​បាន​នៅ​ឡើយ​។ លើស​ពី​នេះ​ស្ថាប័ន​នេះ នៅតែ​ឋិត​ក្រោម​អំណាច​ដ៏​លើសលប់​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ គ្មាន​ជំនឿ​លើ​ឯករាជ្យ​នៃ​ស្ថាប័ន​នេះ ព្រោះ​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច ត្រូវ​បាន​តែងតាំង​ឱ្យ​បំពេញ​តួនាទី​ក្នុង​ស្ថាប័ន​មួយ​ដែល​ត្រូវ​ដាក់​ពិន័យ​ចំពោះ​ចៅក្រម និង ព្រះរាជអាជ្ញា​គ្រប់​ជាន់ថ្នាក់។ បញ្ហា​នេះ ប៉ះពាល់​ដល់​ឯករាជ្យ​របស់​ប្រព័ន្ធ​តុលាការ​ផង​ដែរ៖ «គេ​ពិបាក​រំពឹង​ទុក​ថា ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅ​ក្រៅ​ថ្មី​នេះ ទោះ​ជា​មាន​សមាសភាព​ថ្មី​ក៏ដោយ មិន​អាច​ជួយ​ព្រះមហាក្សត្រ​របស់​យើង​ធានា​ឯករាជ្យភាព​របស់​តុលាការ​ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​បាន​ទេ»។

នៅ​ក្នុង​ព្រះរាជ្យក្រឹត្យ​របស់​ព្រះមហាក្សត្រ​កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា កន្លង​ទៅ​នេះ បាន​ត្រាស់បង្គាប់​តែងតាំង​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​ចំនួន ១០ រូប​ផ្សេងទៀត ដែល​រួម មាន​លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល និង​ជា​សមាជិក​គណៈ អចិន្ត្រៃយ៍​មជ្ឈិមបក្ស របស់​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី ជា លាង អគ្គព្រះរាជអាជ្ញា​អម​តុលាការ​កំពូល និង​លោក អ៊ុំ សារិទ្ធ ជា​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ជាង​នេះ​ទៅ​ទៀត បើ​យោង​តាម​មាត្រា ១២០ ថ្មី (​មាត្រា ១០១ ចាស់​) របស់​រដ្ឋធម្មនុញ្ញ មិន​អនុញ្ញាត​ឱ្យ​សមាជិក​រដ្ឋាភិបាល ដូចជា​លោក អង្គ វង្សវឌ្ឍានា កាន់​តំណែង​ណាមួយ ក្នុង​មុខងារ​សាធារណៈ​ណាមួយ​ផ្សេងទៀត​នោះ​ឡើយ​។ រដ្ឋធម្មនុញ្ញ ត្រង់​មាត្រា​នេះ​ចែងថា មុខងារ​នៃ​សមាជិក​រាជរដ្ឋាភិបាល មាន​វិសមិតភាព​នឹង​សកម្មភាព​នឹង​ការ​កាន់​តំណែង​ណាមួយ​ក្នុង​មុខងារ​សាធារណៈ

​ទោះជា​យ៉ាង​នេះ​ក្តី មន្ត្រី​រដ្ឋាភិបាល ការពារ​ភាព​ត្រឹមត្រូវ និង​ឯករាជ្យ​របស់​ស្ថាប័ន​នេះ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន បញ្ជាក់​ថា តាម​ផ្លូវ​ច្បាប់​គេ​បញ្ញត្តិ​ថា រដ្ឋមន្ត្រី​យុត្តិធម៌​ជា​សមាជិក ក៏​ប៉ុន្តែ​ជា​សេនាធិការ​រដ្ឋបាល​របស់​ព្រះមហាក្សត្រ​ក្នុង​ការ​ចាត់ចែង​ការងារ​ហ្នឹង​ចំណែក​ឯ​ការ​ដាក់​ពិន័យ ចៅក្រម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​អត់​មាន​ការ​ចូលរួម​ក្នុង​ហ្នឹង​ទេ គឺ​ត្រូវ​សម្រេច​ដោយ​ក្រុមប្រឹក្សាវិន័យ នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដែល​មិន​មាន​វត្តមាន​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នៅ​ក្នុង​ហ្នឹង​ទេ៖ «សួរថា​អ្វី​ទៅជា​ឯករាជ្យភាព​ ? ជា​គោល​ការ​ច្បាប់​ឯករាជ្យភាព​ទាល់តែ​បំពេញ​ការងារ​ទៅតាម​បែបបទ​នីតិវិធី ដែល​ច្បាប់​បាន​បញ្ញត្តិ​ដោយ​មិន​បំពាន​ទៅ​លើ​ច្បាប់។ អ៊ីចឹងទេ​អ្នក​ទាំងអស់​នោះ​អាច​ជា​សមាជិក​បក្ស​នយោបាយ​ណាមួយ​ក៏​បាន​ដែរ។ ប្រទេស​ផ្សេងទៀត​ក៏​គេ​បញ្ញត្តិ​ដូចគ្នា​ប៉ុន្តែ​សំខាន់​ត្រង់​ថា តើ​គាត់​បំពេញ​ភារកិច្ច​ទៅ​តាម​នីតិវិធី​ដែល​បាន​កំណត់​ក្នុង​ច្បាប់​ដែរ ឬ​អត់​អាហ្នឹង​គេ​ហៅ​ថា ឯករាជ្យភាព»។

ច្បាប់​ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដមក្រុមប្រឹក្សា នៃ​អង្គចៅក្រម​បាន​ចែង​ថា ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ត្រូវ​ស្ថិត​ក្រោម​ព្រះ​រាជាធិបតីភាព​នៃ​ព្រះមហាក្សត្រ​ក្នុង​បំណង​ជួយ​ព្រះមហាក្សត្រ ដើម្បី​ធានា​ឯករាជ្យ​នៃ​អំណាចតុលាការ ស្រប​តាម​រដ្ឋធម្មនុញ្ញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។