រដ្ឋសភាឯកបក្ស កំពុងត្រៀមបើកសម័យប្រជុំលើកទី៣ នីតិកាលទី៦ នៅថ្ងៃទី៤ តុលា។ ក្នុងសម័យប្រជុំលើកទី៣នោះ រដ្ឋសភាឯកបក្ស នឹងដាក់របៀបវារៈចំនួន៧ ឱ្យសមាជិកពិភាក្សា និងអនុម័ត។ ក្នុងនោះ ក៏មានច្បាប់ស្ដីពីរបបសន្តិសុខសង្គមផងដែរ។ សង្គមស៊ីវិល សម្ដែងការសោកស្ដាយដែលរដ្ឋសភាមិនឱ្យពួកគេចូលរួមពិភាក្សាផ្ដល់យោបល់បន្ថែមលើសេចក្ដីព្រាងច្បាប់នេះ ជាមុនសិន។
ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ជាតំណាងម្នាក់ ក្នុងចំណោមសង្គមស៊ីវិល ១១អង្គការ សម្ដែងការសោកស្ដាយដែលរដ្ឋសភា មិនបានផ្ដល់សេចក្ដីព្រាងច្បាប់ចុងក្រោយស្ដីពីរបបសន្តិសុខសង្គម ដែលបានស្នើសុំ ដើម្បីចូលរួមផ្ដល់មតិយោបល់។ គិតត្រឹមថ្ងៃទី១ តុលា ខាងរដ្ឋសភាមិនទាន់ឆ្លើយតបនឹងសំណើរបស់ក្រុមសង្គមស៊ីវិលឡើយ។ លោកថា ប្រសិនបើច្បាប់នេះ ត្រូវបានអនុម័តដោយគ្មានការចូលរួមពីភាគីពាក់ព័ន្ធ វា នឹងមិនបម្រើផលប្រយោជន៍កម្មករពេញលេញ ដូចច្បាប់មុនៗដែរ គឺច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីអង្គការ សង្គមស៊ីវិលជាដើម។
ក្រុមអង្គការសង្គមស៊ីវិលចំនួន១១ ដែលធ្វើការពាក់ព័ន្ធនឹងរបបសន្តិសុខសង្គម កាលពីថ្ងៃទី៩ កញ្ញា បានសរសេរលិខិតរួមគ្នា ដាក់ទៅប្រធានរដ្ឋសភាឯកបក្ស លោក ហេង សំរិន ស្នើសុំអត្ថបទសេចក្ដីព្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គម និងពិគ្រោះយោបល់ឱ្យបានពេញលេញជាមួយភាគីពាក់ព័ន្ធ។
លោក វន់ ពៅ ពន្យល់ថា សេចក្ដីព្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គម មានពាក់ព័ន្ធជាមួយកម្មករ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយ អត្ថបទនៃសេចក្តីព្រាងនេះ មិនទាន់បានបង្ហាញដល់សាធារណៈ និងមិនបានពិភាក្សា ពិគ្រោះយោបល់ ជាមួយសង្គមស៊ីវិលពាក់ព័ន្ធឡើយ ទាំងនៅក្នុងដំណាក់កាលព្រាងរបស់រដ្ឋាភិបាល និងរដ្ឋសភា។ ដូច្នេះទើបសង្គមស៊ីវិល ស្នើសុំឱ្យរដ្ឋសភា បើកឱ្យមានការពិនិត្យ និងផ្ដល់យោបល់ពីសង្គមស៊ីវិលសិន មុនអនុម័ត៖ «ព្រួយបារម្ភថា ច្បាប់ហ្នឹងចេញទៅ មិនបានបម្រើផលប្រយោជន៍យើង ជាភាគីរបស់កម្មករណា។ អ៊ីចឹងហើយ បានយើងមានការព្រួយបារម្ភ ហើយយើងមានការស្នើសុំសេចក្ដីព្រាងហ្នឹងពីរដ្ឋសភា ដើម្បីពិនិត្យមើល ហើយយើងសុំជជែកពិភាក្សាជាមួយរដ្ឋសភាបន្ថែមទៀតហ្នឹងឯង។ ប៉ុន្តែរហូតមកដល់ពេលនេះ រដ្ឋសភាមិនទាន់បានផ្ដល់សេចក្ដីព្រាងមកឱ្យយើងនៅឡើយទេ»។
គណៈរដ្ឋមន្ត្រីនៃរបបក្រុងភ្នំពេញ បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គម កាលពីថ្ងៃទី២ ខែសីហា។ ប៉ុន្តែខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ មិនត្រូវបាននាយកដ្ឋាននីតិកម្ម បង្ហាញជាសាធារណៈឡើយ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាក់តែងកាលពីខែមិថុនា ឆ្នាំ២០១៨ ក្នុងបំណងបង្កើតឱ្យមានរបបសន្តិសុខសង្គម សម្រាប់ប្រជាជនទូទៅ ស្របតាមគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥។ គោលនយោបាយជាតិ គាំពារសង្គមនេះ មាន៤ផ្នែកគឺ ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ។ ទោះយ៉ាងណា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់អះអាងថា បានពិគ្រោះយោបល់ ជាមួយក្រុមអ្នកជំនាញការផ្នែកច្បាប់របស់អង្គការអន្តរជាតិខាងការងារ (ILO) និងធ្លាប់រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ច្រើនដង ជាមួយតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា និងតំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) តំណាងសហព័ន្ធនិយោជក សមាគមពាណិជ្ជកម្មកម្ពុជា ជាដើម។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីមន្ត្រីរដ្ឋសភា ឈ្មោះ ស៊ីណា ដែលចុះហត្ថលេខា ទទួលញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិល កាលពីថ្ងៃទី៩ កញ្ញា បានទេ ដោយសារមិនទទួលទូរស័ព្ទ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់អាស៊ីសេរីថា លោកមិនដឹងថា រដ្ឋសភាមានគម្រោងបើកឱ្យក្រុមអង្គការពាក់ព័ន្ធពិគ្រោះយោបល់ ឬអត់ទេ ព្រោះច្បាប់នេះ កំពុងស្ថិតក្នុងគណៈកម្មការជំនាញទី៨ នៃរដ្ឋសភា៖ «បញ្ហានេះ គឺធ្លាក់នៅក្នុងដៃគណៈកម្មការទី៨។ អ៊ីចឹង មិនដឹងថា ខាងសង្គមស៊ីវិល គាត់ទាក់ទងគណៈកម្មការទី៨ ហើយឬនៅ ព្រោះ ឥឡូវនេះ នៅក្នុងដៃគណៈកម្មការទី៨ ហើយគណៈកម្មការទី៨ បានស្រាវជ្រាវ និងពិនិត្យមើលសព្វគ្រប់អស់ហើយ ហើយបានចុះក្នុងរបៀបវារៈកិច្ចប្រជុំពេញអង្គ ថ្ងៃទី៤»។
ក្រុមអង្គការសង្គមស៊ីវិលចំនួន១១ ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិកម្មករ យល់ឃើញថា ដ្បិតតែសេចក្ដីព្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គម ធ្លាប់ត្រូវបានរដ្ឋាភិបាលពិភាក្សា ជាមួយតំណាងសហជីព ប៉ុន្តែការពិគ្រោះយោបល់កន្លងមក មិនបានគ្រប់ជ្រុងជ្រោយឡើយ។ ពួកគេទទូចឱ្យរដ្ឋសភា បើកឱ្យពួកគេផ្ដល់យោបល់ ហើយទទួលយកយោបល់ទាំងនោះ ដាក់បញ្ចូលក្នុងពង្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គម ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រយោជន៍កម្មករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។