សង្គមស៊ីវិលស្នើតុលាការកោះកុងទម្លាក់ចោលការចោទប្រកាន់ពលរដ្ឋតាមបណ្ដឹងក្រុមហ៊ុន ហេង ហ៊ុយ
2019.09.19

អង្គការលីកាដូ (Licadho) ដែលជួយគាំពារផ្នែកច្បាប់ដល់តំណាងពលរដ្ឋ ១០នាក់ ជាប់បណ្ដឹងនៅសាលាដំបូងខេត្តកោះកុង ស្នើសុំតុលាការឱ្យទម្លាក់ចោលរាល់បទចោទប្រឆាំងនឹងពលរដ្ឋមានជម្លោះដីធ្លី និងបញ្ឈប់ការកោះហៅអ្នកភូមិទៅសាកសួរបន្តទៀត។ ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញាបញ្ចប់ការសាកសួរស្ត្រី ៤នាក់ ទាក់ទងនឹងបណ្ដឹងរបស់ក្រុមហ៊ុន ហេង ហ៊ុយ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត យល់ថា ការដែលភាគីក្រុមហ៊ុន ប្ដឹងពលរដ្ឋទៅតុលាការ ដើម្បីដាក់សម្ពាធពលរដ្ឋឱ្យឈប់ចេញតវ៉ាដូច្នេះ មិនមែនជាដំណោះស្រាយ ផ្ទុយទៅវិញ រឹតតែធ្វើឱ្យរឿងនេះ បន្តអូសបន្លាយតទៅទៀត។
មន្ត្រីផ្នែកសិទ្ធិមនុស្សរូបនេះ ស្នើដល់ស្ថាប័នតុលាការខេត្តកោះកុង ឱ្យឈប់កោះហៅពលរដ្ឋទៅសួរបន្តទៀត ហើយនឹងទម្លាក់ចោលរាល់បទចោទទាំងអស់ប្រឆាំងពលរដ្ឋ ដើម្បីបើកផ្លូវឱ្យក្រសួងដែនដីដោះស្រាយបញ្ចប់ទំនាស់ដីធ្លីមួយនេះ៖ «ដោយសារតែបច្ចុប្បន្ន យើងឃើញថា ដំណើរការនីតិវិធីហ្នឹង គឺក្រសួងដែនដីកំពុងតែបន្តនីតិវិធី ហើយសន្យាជាមួយប្រជាពលរដ្ឋថា ក្នុងខែ១១ហ្នឹង នឹងជួបពលរដ្ឋ ហើយជជែកអំពីបញ្ហាដំណោះស្រាយតទៅទៀតហ្នឹង។ អ៊ីចឹង!បញ្ហាទៅតុលាការហ្នឹង ខ្ញុំគិតថា មិនគួរណាមានការចោទប្រកាន់ទៅលើប្រជាពលរដ្ឋជាបន្តទៀតទេ។ ខ្ញុំថាទុកឱកាសពលរដ្ឋនិងក្រសួងដែនដី ហើយនិងក្រុមហ៊ុនធ្វើការដោះស្រាយ»។
ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ៤នាក់ ដែលចូលបំភ្លឺចុងក្រោយគេ នៅសាលាដំបូងខេត្តកោះកុង លោកស្រី អិន ធូ ប្រាប់អាស៊ីសេរីនៅថ្ងៃទី១៩ ខែកញ្ញា ថា ព្រះរាជអាជ្ញា គឺលោក រស់ សារាំ សួរលោកស្រីអស់ជាច្រើនម៉ោង ទាក់ទិននឹងការប្រមូលស្នាមមេដៃពលរដ្ឋដាក់ទៅអាជ្ញាធរ និងក្រសួងដែនដី ស្នើសុំដំណោះស្រាយដីធ្លី និងសកម្មភាពចេញតវ៉ាកន្លងមក។
លោកស្រី អិន ធូ វ័យជិត ៥០ឆ្នាំ មានប្រសាសន៍ថា អ្នកភូមិតានី ជិត ២រយគ្រួសារ ដែលបាត់បង់ដីដោយសារក្រុមហ៊ុនរំលោភយកនៅឃុំជីខលើ ស្រុកស្រែអំបិល គឺចេញតវ៉ាទាំងអស់គ្នា មិនមានអ្នកញុះញង់ពួកគាត់នោះទេ។
លោកស្រីបញ្ជាក់ប្រាប់តុលាការថា ការខនខានមិនបានចេញតវ៉ាកាលពីជិត ១០ឆ្នាំមុននោះ ដោយសារមានការគំរាមកំហែងពីសំណាក់ក្រុមហ៊ុន ហេង ហ៊ុយ និងមិនយល់ដឹងអំពីសិទ្ធិក្នុងការទាមទារសំណង។ តំណាងពលរដ្ឋដែលមានកូនបន្ទុក ៧នាក់រូបនេះ ស្នើដល់ស្ថាប័នតុលាការ ទម្លាក់ចោលបទចោទប្រកាន់ និងស្វែងរកយុត្តិធម៌ឱ្យពួកគាត់ជាពលរដ្ឋក្រីក្រ៖ «សូមសំណូមពរដល់ព្រះរាជអាជ្ញា រកយុត្តិធម៌និងចុះស្រាវជ្រាវដល់ទៅតាំងប្រជាពលរដ្ឋបាត់បង់ដីពិតប្រាកដមែន។ ហើយសូមទម្លាក់ការចោទប្រកាន់តំណាងពលរដ្ឋយើងខ្ញុំទាំង១០រូប។ ជាតំណាងគ្រាន់តែនាំពាក្យនាំសារឱ្យប្រជាពលរដ្ឋ កុំឱ្យមានដីកាជាប់ខ្លួន និងការកោះហៅទៅថ្ងៃក្រោយទៀត។ ហើយក៏សូមឱ្យ ឧកញ៉ា ហេង ហ៊ុយ ចេញមុខមកតវ៉ាជាមួយប្រជាពលរដ្ឋយើងខ្ញុំទាំងអស់ ១៩៧គ្រួសារ»។
ជុំវិញនឹងរឿងនេះ ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ បានប្ដឹងតំណាងពលរដ្ឋ ១០នាក់ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បទបរិហារបង្កាច់កេរ្តិ៍ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ក្រោយពីពលរដ្ឋជិត ២រយគ្រួសារនាំគ្នាចេញតវ៉ារកដំណោះស្រាយដីធ្លីពីអាជ្ញាធរខេត្តកោះកុង និងក្រសួងដែនដី អស់ជាច្រើនលើកមក។
អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺរឿងនេះពី លោក ហេង ហ៊ុយ បានទេ ដោយគ្មានអ្នកទទួលទូរស័ព្ទ។
ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ បានទទួលដីសម្បទានសេដ្ឋកិច្ចពីរបបក្រុងភ្នំពេញ ជាង ៤ពាន់ហិកតារ នៅស្រុកស្រែអំបិលខេត្តកោះកុង ដើម្បីវិនិយោគដំណាំស្ករអំពៅ កាលពីឆ្នាំ២០០៧។ ពលរដ្ឋថា ការផ្ដល់ដីសម្បទាននេះ បានបង្កផលប៉ះដល់ជីវភាពពួកគាត់រាប់រយគ្រួសារ ដោយសារភាគីក្រុមហ៊ុន ហេង ហ៊ុយ ចូលមកឈូសឆាយ និងរំលោភយកធ្វើដីស្រែចម្ការពួកគាត់។
ទោះជាយ៉ាងណាក្ដី អង្គការសង្គមស៊ីវិល នៅតែទទូចដល់ក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តកោះកុង ចុះស៊ើបអង្កេតករណីនេះឱ្យបានច្បាស់លាស់ និងរិះរកដំណោះស្រាយឱ្យប្រជាពលរដ្ឋ នៅនៅស្រុកស្រែអំបិល ដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ និងមនុស្សធម៌ ដើម្បីបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ៕