សង្គម​ស៊ីវិល​ស្នើសុំ​រដ្ឋាភិបាល​ឱ្យ​ទទួល​យក​អនុសាសន៍​របស់​ពួក​គេ ក្នុង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​អង្គការ សមាគម

ដោយ សុជីវី
2020.08.25
ច្បាប់​អង្គការ​សមាគម អង្គការ​សមាគម​សង្គម​ស៊ីវិល ចំនួន ១៥ស្ថាប័ន​ធ្វើ​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ នៅ​ថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ២០២០ ស្ដីពី​ការ​ពិគ្រោះ​យោបល់ សំណើ អនុសាសន៍ ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។
រូប៖ គេ​ផ្ដល់ឱ្យ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ នៅ​ថ្ងៃ​ទី២៥ សីហា​នេះ​បាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពន្លឿន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមរដ្ឋាភិបាល ព្រម​ទាំង​ស្នើសុំ​ឲ្យ​ទទួល​យក​អនុសាសន៍​របស់​ពួក​គេ​ដាក់​បញ្ចូល​ក្នុង​ការ​កែប្រែ​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ។ ស្ថានទូត​អាមេរិក និង​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក៏​ប្រកាស​ជំហរ គាំទ្រ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ហើយ​ថ្លែង​ថា លំហ​សេរីភាព​នៃ​ការ​អនុវត្ត​ការងារ​របស់​សង្គម​ស៊ីវិល​នៅ​កម្ពុជា គឺ​ជា​កត្តា​បង្ហាញ​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្រុម​សង្គម​ស៊ីវិល​បាន​អះអាង​ថា មាន​មាត្រា​ចំនួន១៤ ដែល​បាន​ដាក់​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​កែប្រែ  ដើម្បី​ធានា​ថា សង្គម​ស៊ីវិល​អាច​បំពេញ​ការងារ​របស់​ពួក​គេ ដោយ​មិន​មាន​ការ​គំរាមកំហែង និង​មិន​មាន​ការ​គាប​សង្កត់។ ក្នុង​ចំណុច​ទាំង១៤ នេះ មាន​ចំណុច​ខ្លះ​ដែល​និយាយ​អំពី​ផល​លំបាក​ក្នុង​ការ​ស្នើ​ចុះ​បញ្ជី ដើម្បី​បាន​ភាព​ស្រប​ច្បាប់​របស់​សង្គម​ស៊ីវិល ការ​ដាក់​របាយការណ៍​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្វ័យភាព​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ជូន​ដំណឹង​អំពី​ការ​ផ្លាស់​ប្ដូរ​រចនាសម្ព័ន្ធ​ផ្ទៃក្នុង​របស់​អង្គការ​ស៊ីវិល​ជា​ដើម។

អាស៊ី​សេរី​មិន​អាច​ទាក់ទង រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អ្នក​សម្រប​សម្រួល​កិច្ច​ប្រជុំ​កែប្រែ​ច្បាប់​នេះ លោក ប៊ុន ហុន ដើម្បី​បំភ្លឺ​ការ​ឆ្លើយ​តប​ទៅ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ទេ នៅ​ថ្ងៃ​ទី ២៥ សីហា​នេះ។

អ្នក​សម្រប​សម្រួល​ និង​អង្កេត នៃ​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស ប្រាប់​អាស៊ី​សេរី​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ចប់​កិច្ច​ពិភាក្សា​កែប្រែ​ច្បាប់​ស្ដីពី​សមាគម​ជាមួយ​ក្រុម​ការងារ​របស់​ក្រសួង​មហាផ្ទៃ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​ដែល​កិច្ច​ពិភាក្សា​នេះ​បាន​ធ្វើ​ឡើង​ចំនួន៦ ដង​រួច​មក​ហើយ។ លោក​បន្ត​ថា សិក្ខា​សាលា​ថ្ងៃ​នេះ គឺ​បង្ហាញ​អំពី​ការ​ប្រឈម​របស់​សង្គម​ស៊ីវិល ប្រសិន​បើ​អនុសាសន៍​របស់​ពួក​គេ​មិន​ត្រូវ​រដ្ឋាភិបាល​ទទួល​យក​ទៅ​កែប្រែ​នោះ​ទេ។ លោក​អះអាង​ថា រហូត​ដល់​ពេល​នេះ​ខាង​សង្គម​ស៊ីវិល​នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ​ទេ ពី​ក្រុម​ការងារ​របស់​ក្រសួង​មហាផ្ទៃ​ចំពោះ​សំណើ​ឲ្យ​មាន​ការ​កែប្រែ​ចំណុច​ទាំង១៤ នេះ ហេតុ​នេះ​ក្រុម​សង្គម​ស៊ីវិល​អំពាវនាវ​ដល់​រដ្ឋាភិបាល​ពន្លឿន ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ឲ្យ​បាន​លឿន ហើយ​ទទួល​យក​អនុសាសន៍​របស់​សង្គម​ស៊ីវិល ដើម្បី​ធានា​ថា សង្គម​ស៊ីវិល​អាច​ក្លាយ​ជា​ដៃគូ​អភិវឌ្ឍ​ជាមួយ​រដ្ឋាភិបាល ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ទប់​ស្កាត់​អំពើ​ពុក​រលួយ និង​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។