តុលាការកោះហៅលោក សម រង្ស៊ី និងអ្នកស្រី ថាក់ ឡានី តាមបណ្ដឹងលោក ហ៊ុន សែន
2016.08.03
សាលាដំបូងរាជធានីភ្នំពេញ កោះហៅអ្នកស្រី ថាក់ ឡានី ឲ្យមកបំភ្លឺនៅរសៀលថ្ងៃទី៨ សីហា និងលោក សម រង្ស៊ី នៅព្រឹកថ្ងៃទី១៩ សីហា ខាងមុខ ជុំវិញពាក្យបណ្ដឹងរបស់លោក ហ៊ុន សែន ប្ដឹងអ្នកទាំងពីរចំពោះការចោទប្រកាន់ថា លោក ហ៊ុន សែន ជាអ្នកសម្លាប់បណ្ឌិត កែម ឡី។ មន្ត្រីគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល យល់ឃើញថា អ្វីដែលរដ្ឋាភិបាលគួរធ្វើ គឺពន្លឿនការរកយុត្តិធម៌ជុំវិញឃាតកម្មលើបណ្ឌិត កែម ឡី ដែលមិនមែនជាការវាយបំបាក់ដៃគូនយោបាយរបស់ខ្លួននោះទេ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យដឹងតាមបណ្ដាញសង្គមតេឡេក្រាម (Telegram) នៅថ្ងៃទី៣ សីហា ថា តុលាការកំពុងដំណើរការស៊ើបអង្កេតរឿងក្តីទាំងពីរនេះ ដោយពិនិត្យទៅលើពាក្យបណ្ដឹង ភស្តុតាង សាក្សី និងឯកសារផ្សេងទៀតដែលមានប្រយោជន៍ដល់ការស៊ើបអង្កេត។
លោកបញ្ជាក់ទៀតថា មេធាវីតំណាងរបស់លោក ហ៊ុន សែន គឺលោក គី តិច ក៏នឹងត្រូវមកបំភ្លឺលើពាក្យបណ្ដឹងរបស់ខ្លួនដែរនៅព្រឹកថ្ងៃទី៥ សីហា។
តុលាការចេញដីកាកោះហៅលោក សម រង្ស៊ី និងអ្នកស្រី ថាក់ ឡានី ឲ្យចូលខ្លួនមកបំភ្លឺតាំងពីថ្ងៃទី១ សីហា មកម្ល៉េះ ពោលគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពេលលោក គី តិច យកពាក្យបណ្ដឹងទៅដាក់នៅតុលាការ។
លោក ហ៊ុន សែន តំណាងដោយមេធាវី គី តិច ប្ដឹងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ទាក់ទងនឹងការចោទថា រូបលោក និងរដ្ឋាភិបាលជាអ្នកនៅពីក្រោយខ្នងនៃឃាតកម្មលើបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ កក្កដា។ លោកប្ដឹងសុំឲ្យតុលាការ ផ្ដន្ទាទោសលោក សម រង្ស៊ី និងអ្នកស្រី ថាក់ ឡានី តាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្តក្នុងម្នាក់ចំនួន ១០០រៀល។
មេធាវីការពារក្តីឲ្យលោក សម រង្ស៊ី និងអ្នកស្រី ថាក់ ឡានី គឺលោក សំ សុគង់។ លោកបញ្ជាក់ថា លោកមិនទាន់បានទទួលដីកាកោះនោះទេ ពីព្រោះលោកមិនទាន់បានដាក់ពាក្យទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំសិទ្ធិការពារក្តីនៅឡើយ។ លោកថានឹងដាក់ពាក្យការពារក្តីនៅថ្ងៃទី៤ សីហា។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងប្រាប់អាស៊ីសេរី កាលពីថ្ងៃទី១ សីហា ថា នេះជារូបភាពនៃការគាបសង្កត់លើគណបក្សប្រឆាំង។ លោកថា បើមិនចង់ឲ្យគេចោទប្រកាន់ រដ្ឋាភិបាលត្រូវតែវែកមុខចាប់ជនដៃដល់ និងអ្នកពាក់ព័ន្ធក្នុងការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី មកផ្ដន្ទាទោសតាមផ្លូវច្បាប់ឲ្យបាន៖ «យើងមិនសប្បាយចិត្តជាមួយនឹងអ្នកនិយាយចោទប្រកាន់។ អ៊ីចឹងបើយើងចាត់វិធានការជាក់ស្តែងច្បាស់លាស់ នាំឃាតក នាំអ្នកពាក់ព័ន្ធយកមកផ្ដន្ទាទោសទៅ គឺអ្នកនិយាយហ្នឹង គឺវាអស់តម្លៃខ្លួនឯងទៅហើយ។ ហើយបើអ្នកនិយាយហ្នឹងជាអ្នកនយោបាយទៀត គឺធ្វើឲ្យប្រជាពលរដ្ឋកាន់តែលែងជឿជាក់ហើយ មិនចាំបាច់ទៅប្រើប្រាស់តុលាការទេ»។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត សម្ដែងការសោកស្ដាយនៅពេលអ្នកនយោបាយចោទប្រកាន់ និងប្រើប្រាស់យន្តការតុលាការ ដើម្បីវាយបំបាក់គ្នាទៅវិញទៅមកបែបនេះ។ លោកថា បណ្ឌិត កែម ឡី បានទទួលមរណភាពទៅហើយ តែអ្នកនយោបាយបែរជាយកបញ្ហានេះទៅទាក់ទាញប្រជាប្រិយភាពរបស់ខ្លួនទៅវិញ។
លោកថា អ្វីដែលរដ្ឋាភិបាលត្រូវធ្វើនោះ គឺរឿងរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី និងក្រុមគ្រួសារ ដើម្បីបង្ហាញភាពស្អាតស្អំរបស់ខ្លួន និងបំបាត់ការចោទប្រកាន់នានារបស់សាធារណជន៖ «ខ្ញុំគិតថា វាជាការការពារសិទ្ធិក៏ដោយ ប៉ុន្តែអ្នកនយោបាយទាំងអស់ យើងឃើញហើយថាតែងតែរកមធ្យោបាយ និងផលចំណេញទាញចេញពីបញ្ហាហ្នឹង។ អ៊ីចឹងអ្វីដែលសំខាន់ ត្រូវតែបង្ហាញការពិត និងយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី ទើបជារឿងសំខាន់។ ហើយសូមឲ្យអ្នកនយោបាយទាំងអស់ ធ្វើយ៉ាងណាបញ្ឈប់យកបញ្ហាហ្នឹងធ្វើជាឧបករណ៍សម្រាប់ទាក់ទាញប្រជាប្រិយភាពនយោបាយ។ យើងត្រូវឆ្ពោះទៅរកយុត្តិធម៌សម្រាប់សង្គមទាំងអស់គ្នា»។
គិតចាប់តាំងពីឆ្នាំ១៩៩៣ មក យ៉ាងហោចណាស់មានមនុស្សជាង ១០០នាក់ត្រូវបានគេធ្វើឃាត ដោយសារការបំពេញមុខងាររបស់ខ្លួន ការបញ្ចេញមតិ ការជាប់ពាក់ព័ន្ធជាមួយអ្នកនយោបាយ និងហេតុផលផ្សេងទៀត។ អ្នកទាំងនោះរួមមាន អ្នកសារព័ត៌មាន សកម្មជនគណបក្សនយោបាយ សកម្មជនបរិស្ថាន សកម្មជនការពារដីធ្លី ព្រះសង្ឃ សិល្បករ សហជីព កម្មកររោងចក្រ និងចុងក្រោយ គឺអ្នកវិភាគបញ្ហាសង្គម និងនយោបាយ បណ្ឌិត កែម ឡី។
ជុំវិញរឿងឃាតកម្មទាំងនេះ អាជ្ញាធរមិនដែលវែកមុខចាប់ជនប្រព្រឹត្តិ ឬស្វែងរកអ្នកទទួលខុសត្រូវបានឡើយ។ ភាគច្រើន សមត្ថកិច្ចឆ្លើយថាមិនអាចកំណត់អត្តសញ្ញាណជនដៃដល់ ឬមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់។
អង្គការសង្គមស៊ីវិល និងបក្សប្រឆាំង ចាត់ទុកនេះជានិទ្ទណ្ឌភាព ហើយវានឹងជះឥទ្ធិពលអាក្រក់ដល់ដំណើរការនីតិរដ្ឋនៅកម្ពុជា និងជាពិសេស រួមចំណែកឲ្យមានការប្រព្រឹត្តអំពើឃាតកម្មបែបនេះទៀតនៅពេលខាងមុខ៕