តុលាការ​សម្រេច​បញ្ជូន​លោក ផែង វណ្ណៈ ​ទៅ​​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស

0:00 / 0:00

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​មន្ត្រី​យោធិន​ឈ្មោះ ផែង វណ្ណៈ ដែល​សកម្ម​នៅ​លើ​ហ្វេសប៊ុក (Facebook) ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា លោក​បាន​សរសេរ​សារ​ចោទ​លោក ហ៊ុន សែន ជា​ឃាតក​សម្លាប់​បណ្ឌិត កែម ឡី។ អ្នកច្បាប់ និង​សង្គម​ស៊ីវិល យល់ថា វិធានការ​ច្បាប់​នេះ​មិន​សម​ទំនង​ឡើយ ហើយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវតែ​ស្វែងរក​ឃាតក​ពិត ដើម្បី​កាត់ទោស​និង​បញ្ចប់​មន្ទិល សង្ស័យ។

អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​ជា​ចៅក្រម​ស៊ើបសួរ លោក កី ម៉ានេរ៉ា សម្រេច​ចេញ ដីកា​ឃុំខ្លួន​មន្ត្រី​យោធិន​ថ្នាក់​វរសេនីយ៍ទោ​ឈ្មោះ ផែង វណ្ណៈ នៅ​ពន្ធនាគារ​ព្រៃ​ស​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​០៣ ខែ​មេសា ក្រោយ​រង​ការ​ចោទ​ថា បង្ហោះ​សារ​លើ​ហ្វេសប៊ុក ក្នុង​ចេតនា​ចោទ​លោក​ហ៊ុន សែន ជា​ឃាតក​សម្លាប់​លោក​បណ្ឌិត​កែម ឡី ដែល​ត្រូវ​គេ​បាញ់សម្លាប់​ខែ​កក្កដា​ឆ្នាំ​២០១៦។

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លី សុផាណា ឱ្យ​ដឹង​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) ថា ការ​សម្រេច​ឃុំខ្លួន​នេះ បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​ចោទប្រកាន់ លោក ផែង វណ្ណៈ ពី​បទ​«​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​តាម បណ្ដឹង​របស់​មេធាវី​លោក ហ៊ុន សែន។

ប្រធាន​ក្រុម​មេធាវី​របស់​លោក ហ៊ុនសែន គឺ​លោក គី តិច កាលពី​ថ្ងៃ​ទី​១ មេសា បាន​ប្ដឹង​លោក ផែង​វណ្ណៈ ថា មាន​ផែនការ និង​គោលបំណង​ច្បាស់លាស់​ក្នុង​ការ​ចោទប្រកាន់ និង​ទម្លាក់កំហុស​លើ​លោក ហ៊ុន សែន ថា ជា​ឃាតក​សម្លាប់​បណ្ឌិត កែម ឡី និង​ធ្វើ​ឱ្យ​សាធារណៈ​ក៏​យល់​ច្រឡំ​ដូច្នោះ​ដែរ។

ដើមហេតុ​នៃ​ការ​ប្តឹង​បែបនេះ បន្ទាប់ពី​ប្រធាន​គណបក្ស​យុវជន និង​ជា​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ លោក ពេជ្រ ស្រស់ ប្ដឹង​ចោទ​លោក ផែង វណ្ណៈ ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រោយ​លោក​ផែង​វណ្ណៈ ធ្វើជា​តំណាង​ឱ្យ​គ្រួសារ​អ្នក​បើក​រថយន្ត​បុក​និស្សិត​ស្រី​ម្នាក់​ស្លាប់ និង​យក​លុយ ៥​ពាន់​ដុល្លារ​ទៅ​ចូល​បុណ្យ។ ក្រោយមក​លោក ផែង វណ្ណៈ សរសេរ​តប​នៅ​លើ​ហ្វេសប៊ុក​វិញ ដោយ​ប្រៀបធៀប​ថា​គ្រាន់តែ​យក​លុយ​ទៅ​ចូល​បុណ្យ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ត្រូវ​គេ​ប្ដឹង​ពី​រឿង​ពុករលួយ ចុះ​ករណី​អគ្គនាយក​អង្គភាព​ហ្វ្រេសញ៉ូវ (FreshNews) លោក លឹម ជាវុត្ថា តំណាង​ឱ្យ​ថ្នាក់ដឹកនាំ​យក​ថវិកា ៥​ម៉ឺន​ដុល្លារ ចូល​បុណ្យ​បណ្ឌិត កែម ឡី ដើម្បី​ធ្វើ​ចេតិយ​ម្ដេច​មិន​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែរ​ទៅ។

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​មេធាវី​លោក ហ៊ុន សែន គឺ​លោក គី តិច​បានទេ​ដោយ លោក ប្រាប់​ថា កំពុង​ជាប់រវល់៖ «សុំទោស​ខ្ញុំ​កំពុង​ប្រជុំ​ក្រុមប្រឹក្សា​ច្បាប់»។

ទោះ​យ៉ាងណា​ក្នុង​បណ្ដឹង​នោះ​លោក គី តិច ស្នើ​សុំ​ឱ្យ​តុលាការ​ចោទប្រកាន់ និង​ផ្ដន្ទាទោស​លោក​ផែង វណ្ណៈ ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​តាមច្បាប់ និង​ស្នើ​ឱ្យ​មានការ​ឃាត់ខ្លួន​និង​ឃុំខ្លួន​លោក ផែង វណ្ណៈ ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​ការប្រព្រឹត្ត​អំពើ​ល្មើស​ជា​បន្តបន្ទាប់​ដែល​អាច​នាំ​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ព្រោះ​លោក​ចាត់​ទុក​ទង្វើ​លោក ផែង វណ្ណៈ គឺជា​ការ​បរិហារកេរ្តិ៍​និង​ជា​ការ​ចោទ ប្រកាន់​ថា​លោក ហ៊ុន សែន ជា​ឃាតក​សម្លាប់​លោក កែម ឡី។

ប៉ុន្តែ​ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា លោក មិន​ដឹង​ថា​សំណុំរឿង​លោក ផែង វណ្ណៈ នេះ ខាង​តុលាការ និង​មេធាវី​រដ្ឋាភិបាល​មាន​ភស្តុតាង​អ្វី​ទេ ប៉ុន្តែ​បើ​គ្រាន់តែ​សំណេរ​លោក ផែង វណ្ណៈ គឺ​មិន​សម​នឹង​ការចោទប្រកាន់​និង​ការ​ឃុំ​ខ្លួន​ឡើយ។ មេធាវី​ចាស់​វស្សា​រូប​នេះ សង្កេត​ឃើញ​ថា ជាទូទៅ​តុលាការ​ស្រុក​ខ្មែរ គឺ​តែងតែ​ធ្វើការ​ចោទ​ប្រកាន់ និង​ឃុំខ្លួន​នៅ​ពេល​មាន​បណ្ដឹង​ពី​រដ្ឋាភិបាល​ហើយ ដោយ​មិនសូវ​ខ្វល់​ថា មាន​អ្នក​រិះគន់​នោះ​ទេ៖ «មិន​ដឹង​ថា​តើ​សម្ដេច​នាយក​លោក​ប្រកាន់​ហើយ​គិត​ថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រាន់តែ​លឺ​ប៉ុណ្ណឹង​នាំគ្នា​យល់​ម៉េច។ យើង​អត់​ដឹង​ហ្អាស់ ហើយ​មិន​ដឹង​ថា​ជា​ចេតនា របស់​សម្ដេច​នាយក​ឬក៏​មេធាវី​ឬក៏​អ្នក​ផ្សេង​។ ប៉ុន្តែ​គ្រាន់តែ​ប្រព័ន្ធ​ស្រុក​ខ្មែរ​ហើយ​តែ​មាន​ពាក្យ​បណ្ដឹង ហើយ​បណ្ដឹង​នោះ​ចេញពី​រដ្ឋាភិបាល អ៊ីចឹ​ង​ដឹង​ថា​មានទោស ហើយ​ចោទ​រាង​ធ្ងន់​ហើយ​ឃុំ​សិន​ហើយ»។

លោក ផែង វណ្ណៈ គឺជា​មនុស្ស​ទី​៥​ហើយ ដែល​ត្រូវ​របប​ក្រុងភ្នំពេញ​ប្ដឹង​ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​ភ្ជាប់​លោក ហ៊ុន សែន ទៅ​នឹង​សំណុំរឿង​ឃាតកម្ម​លោក​បណ្ឌិត​កែម ឡី។ មនុស្ស ៤ នាក់​មុន​នោះ គឺ​មាន​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី លោកស្រ ថាក់ ឡា​នី អ្នកវិភាគ​នយោបាយ​និង​សង្គម​លោក គឹម សុខ និង​អ្នកលេង​ហ្វេសប៊ុក​ឈ្មោះ ហេង លក្ខណា កំពុង​ជាប់ឃុំ និង​ជាប់​បណ្ដឹង​នៅ​តុលាការ ព្រោះតែ​រិះគន់​ថា លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក​មាន​ជាប់​ទាក់ទិន​នឹង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី នេះ។

រីឯ​ប្រធាន​សមាគម​មូលនិធិ​កែម ឡី លោក សៅ កុសល មានប្រសាសន៍ថា ការ​សម្រេច​ឃុំខ្លួន​និង​ការ​ចោទប្រកាន់​លើ​លោក ផែង វណ្ណៈ នេះ ហាក់ដូចជា​មិន​សម​ហេតុផល​ឡើយ ព្រោះ​លោក​គ្រាន់តែ​ប្រៀបធៀប​ការ​យក​លុយ​ទៅ​ចូល​បុណ្យ​សព​ប៉ុណ្ណោះ។ លោក​យល់​ថា ប្រសិនបើ​រដ្ឋាភិបាល មិន​ចង់​ឃើញ​មតិ​រិះគន់ ឬ​ការ​ដាក់​មន្ទិលសង្ស័យ​ផ្សេងៗ គួរតែ​ពន្លឿន​ការ​ស្វែងរក​យុត្តិធម៌ និង​ឃាតក​ពិត មក​ផ្ដន្ទាទោស​តាម​ច្បាប់៖ «ការងារ​ដែល​រដ្ឋាភិបាល ក៏ដូចជា​តុលាការ ត្រូវ​ធ្វើ​គឺ​បើក​ការស៊ើបអង្កេត​មួយ​ដោយ​ឯករាជ្យ និង​បង្ហាញ​តម្លាភាព​នៃ​ការស៊ើបអង្កេត​នេះ​ដល់​បងប្អូន​ជនរួមជាតិ​ជាពិសេស​គ្រួសារ​លោក​បណ្ឌិត ដែល​ទទួលរង​នូវ​អំពើ​អយុត្តិធម៌​កន្លងមក។ តែ​ផ្ទុយ ទៅវិញ ខ្ញុំ​សង្កេត​ឃើញ​ថា ការ​រំពឹង​ទុក​នូវ​យុត្តិធម៌​ពី​រដ្ឋាភិបាល​ក៏ដូចជា​តុលាការ​ក្នុង​ការ​ស៊ើបអង្កេត​ករណី​នេះ ហាក់បីដូច​ជា​មាន​ការ​យឺតយ៉ាវ និង​មិនបាន​បំពេញការងារ​តាម​បែប​វិជ្ជាជីវៈ​ទេ។ផ្ទុយទៅវិញ​បែរជា​ទៅ​ចោទ​អ្នកនេះ​អ្នកនោះ​ដោយសារតែ​ការ​ងឿង​ឆ្ងល់​ចំពោះ​ចំណាត់​ការ​តុលាការ»។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតករ​បាញ់សម្លាប់​កណ្ដាល​ថ្ងៃ នៅ​ស្ដារ​ម៉ាត​កាល់តិច (Caltex) ស្តុប​បូកគោ ជិត​៣​ឆ្នាំ​ហើយ។ សាធារណជន​នៅតែ​ទទូច​ឱ្យ​តុលាការ​បង្ហាញ​លទ្ធផល​ស៊ើបអង្កេត​របស់​ខ្លួន​ក្នុង​សំណុំរឿង​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ទុក​ឱ្យ​ស្ងប់ស្ងាត់​បាត់​ឈឹង​អស់​រយៈពេល​ជាច្រើន​ខែ​កន្លង​ទៅ​នេះ។ ពួកគេ​ថា តុលាការ​មិន​ត្រូវ​បិទ​បញ្ចប់​ត្រឹម​បុគ្គល​ជួប​សម្លាប់​នោះ​ឡើយ​ហើយក៏​មិន​អាច​ហាមឃាត់​ការរិះគន់ និង​ការ​បញ្ចេញមតិ​សង្ស័យ​ផ្សេងៗ លើ​ឃាត​កម្ម​នេះ​បាន​ដែរ។

លោក សៅ កុសល បន្ត​ថា នៅ​ពេល​តុលាការ​តែងតែ​ប្រើប្រាស់​វិធានការ​ច្បាប់​តឹងរ៉ឹង​ចំពោះ​អ្នកវិភាគ​ឬ​អ្នកណា​ដែល​បញ្ចេញមតិ​ប៉ះពាល់​ដល់​លោក ហ៊ុន សែន បែបនេះ គឺ​បង្ហាញ​ប្រព័ន្ធ​យុត្តិធម៌ មិន​មាន​ឯករាជ្យភាព ដែល​ពលរដ្ឋ​ទូទៅ​អាច​ពឹងផ្អែក​បាន​នោះ​ទេ។

លោក ផែង វណ្ណៈ ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន។ កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៣ គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ​ថា ផែង វណ្ណៈ ក៏​ធ្លាប់​បាន​បង្ហោះ​សារ​គំរាម​សម្លាប់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ដោយ​ភ្ជាប់​នូវ​រូបថត​កាំភ្លើងខ្លី និង​គ្រាប់កាំភ្លើង​ចំនួន ៧​គ្រាប់ ប៉ុន្តែ​ករណី​នេះ​មិន​មាន​វិធានការ​ច្បាប់​លើ​លោក ផែង វណ្ណៈ ឡើយ។

អ្នកវិភាគ​នយោបាយ និង​សង្គម​លោក គឹម សុខ យល់ថា​ការ​ចាត់​វិធានការ​លើ​លោក ផែង វណ្ណៈ នេះ​មិនមែន​ជា​ការអនុវត្ត​ច្បាប់​នោះ​ឡើយ។ ករណី​នេះ​លោក​យល់​ថា ហាក់ដូចជា​យុទ្ធសាស្ត្រ​បង្កើត​ព័ត៌មាន​ឱ្យ​ពលរដ្ឋ​ភ្លេច​គិត​រឿង​ជាតិ​ធំៗ និង​រឿង​អសមត្ថភាព​របស់​លោក ហ៊ុន សែន និង​មួយទៀត​ករណី​នេះ ហាក់ដូចជា​ចង់​កម្ចាត់​បុគ្គល​ណា ដែល​ហ៊ាន​ប៉ះពាល់​ដល់​ប្រយោជន៍ ឬ​មុខមាត់​លោក​ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។