សាលាឧទ្ធរណ៍​​ភ្នំពេញ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​របស់​លោក រ៉ុង ឈុន

សាលា​ឧទ្ធរណ៍​​​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​លោក រ៉ុង ឈុន បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ​ទេ ដោយ​តម្កល់​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល នៅ​ថ្ងៃ​ទី២៦ សីហា​នេះ។ មន្ត្រី​សិទ្ធិមនុស្ស​រិះគន់​សេចក្ដី​សម្រេច​នេះ​ថា រឿង​មិន​ត្រឹម​ត្រូវ។

អំឡុង​ពេល​ដំណើរការ​ក្ដី​នេះ ក្រុម​យុវជន​ខ្មែរ​ថាវរៈ ​សហជីព និង​ពលរដ្ឋ ប្រមាណ ១០០នាក់ នាំ​គ្នា​តវ៉ា​នៅមុខ​សាលាឧទ្ធរណ៍​ដើម្បី​ស្នើសុំ​ឱ្យ​តុលាការ​ដោះលែង លោក រ៉ុង ឈុន និង​យុវជន​ខ្មែរ​ថាវរៈ​ដោយ​ឥតលក្ខខ័ណ្ឌ ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​ដោះលែង​លោក រ៉ុង ឈុន ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ពុំ​មែន​ជា​ការ​ធ្វើ​ឱ្យ​វឹកវរ​ដល់​សង្គម​ដូច​ការ​លើក​ឡើង​របស់​តុលាការ​នោះ​ទេ។ លោក​ជឿ​ថា គឺ​ការ​បន្ត​ឃុំ​ខ្លួន​លោក​ទៅ​វិញ​ទេ​ ដែល​កាន់​តែ​ធ្វើ​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង និង​នាំ​គ្នា​ធ្វើ​បាតុកម្ម ដែល​អាច​បង្ក​ឱ្យ​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​ ពីព្រោះ​ពលរដ្ឋ​ជា​ច្រើន​នាក់​គាំទ្រ​សកម្មភាព​របស់​លោក រ៉ុង ឈុន ហើយ​ពួកគាត់​​តែងតែ​នាំ​គ្នា​​​តវ៉ា​​ឱ្យ​តុលាការ​ដោះលែង​មេ​សហជីព​រូប​នេះ​​ជា​បន្ត​បន្ទាប់៖ «រហូត​ទៅ​ដល់​អាជ្ញាធរ​មាន​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​អ្នក​តវ៉ា​ហ្នឹង​ ប្រទាញប្រទង់​ ហើយ​ទៅ​ដល់​មាន​ការ​ចាប់​​ខ្លួន​ជា​បន្ត​បន្ទាប់​ទៅ​ទៀត​នេះ​គឺ​ដោយសារ​​ការ​ឃុំ​ខ្លួន​លោក រ៉ុង ឈុន​ ទេ​។ខ្ញុំ​ថា​ផ្ទុយ​ទៅ​វិញ​បើ​សិន​ មាន​ការ​ដោះលែង​លោក រ៉ុង ឈុន ឱ្យ​នៅ​ក្រៅ​ឃុំ​ ខ្ញុំ​គិត​ថា ការ​តវ៉ា​ទាំង​អស់​នេះ​នឹង​មាន​ភាព​ស្ងប់ស្ងាត់​ទៅ​វិញ​​ទេ​។ ដូច្នេះ​គឺ​សន្តិភាព​ ឬ​ក៏​ស្ថិរភាព​គឺ​ជា​​ការ​ដោះលែង​ទៅ​វិញ​ទេ​ មិន​មែន​ជា​ការ​ឃុំ​ទេ »

មេធាវី​ការពារ​ក្ដី​ឱ្យ​លោក រ៉ុង ឈុន ​គឺ​លោក ជួង ជួងី ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលា ឧទ្ធរណ៍​ភ្នំពេញ​ថា ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​តម្កល់​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ រឿង​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​ទុក​ជា​បាន​ការ​ដដែល ក្រោម​ហេតុ​ផល​ថា ដើម្បី​បញ្ចប់​បទ​ល្មើស និង​កុំ​ឱ្យ​មាន​បទល្មើស​កើត​ឡើង​ជា​ថ្មី។

ស្រប​ពេល​សាលាឧទ្ធរណ៍​ភ្នំពេញ​កំពុង​បើក​សវនា​លើ​បណ្ដឹង​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក រ៉ុង ឈុន​នេះ ​ក្រុម​ប្រជាពលរដ្ឋ​ ក្រុម​យុវជន​ខ្មែរ​ថាវរៈ និង​ មន្ត្រី​សហជីព​ ប្រមាណ ១០០នាក់ នាំ​គ្នា​តវ៉ា​នៅ​មុខ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ ​ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង ​លោក រ៉ុង ឈុន និង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ជា​បន្ទាន់។

យុវជន​ខ្មែរ​ថាវរៈ​ដែល​បាន​ចូល​រួម​តវ៉ា​នៅ​មុខ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ កញ្ញា ផូ សារ៉េត ប្រាប់​អាស៊ី​សេរី​ថា ​កញ្ញា​សោកស្ដាយ​យ៉ាង​ខ្លាំង​ដែល​តុលាការជាន់ខ្ពស់​មួយ​នេះ​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក រ៉ុង ឈុន។ យុវតី​រូប​នេះ​ បន្ត​ថា ពូក​កញ្ញា​នឹង​ប្រមូល​គ្នា​សម្ដែង​មតិ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​​លោក រ៉ុង ឈុន និង​ ក្រុម​យុវជន​ខ្មែរ​ថាវរៈ ព្រម​ទាំង​សកម្មជន​នយោបាយ ចេញ​ពី​ពន្ធនាគារ​​នៅ​ពេល​ខាង​មុខ​ទៀត ដោយ​មិន​មាន​ការ​រា​ថយ​ឡើយ។ កញ្ញា​បញ្ជាក់​ថា តុលាការ​ឃុំ​ខ្លួន​ លោក​ រ៉ុង ឈុន​ និង​សកម្មជន​សង្គម​ ទាំង​នោះ​​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌៖ «ខ្ញុំ​ត្រូវ​ការ​លោក​គ្រូ​រ៉ុង ឈុន​ ហើយ​ហ្នឹង​ស្នេហាជាតិ​ទាំង​អស់​នោះ ដែល​រង​ភាព​​​អយុត្តិធម៌​ មាន​ការ​ដោះលែង​ពួកគាត់​ជា​បន្ទាន់​​ ។ព្រោះ​ខ្ញុំ​ត្រូវ​ការ​ពួកគាត់​ ដើម្បី​ធ្វើ​ការ​បម្រើ​ជាតិ​បន្ត​ទៀត​ ដើម្បី​ជួយ​កូន​ខ្មែរ​កំពុង​តែ​រងទុក្ខ​​វេទនា​ មាន​គាត់​ហ្នឹង​ហើយ​ដែល​ជួយ​ដោះស្រាយ​ដល់​ពួក​ខ្ញុំ​ហ្នឹង​​ប្រជាពលរដ្ឋ​ដទៃ​ទៀត​។ ​ខ្ញុំ​ត្រូវ​ការ​គាត់​ គឺ​ឆន្ទៈ​ពួកគាត់​គឺ​ក្លាហាន​មែនទែន​ ដែល​ជា​វីរបុរស​របស់​​ពួក​ខ្ញុំ »

ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក រ៉ុង ឈុន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី៣១ កក្កដា​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ការ​ចាប់​ខ្លួន​នេះ បន្ទាប់​ពី​លោក​បាន​​និយាយ​​ថា ​​អាជ្ញាធរ​វៀតណាម​រំលោភ​យក​ដី​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ត្បូង​ឃ្មុំ។ ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​សង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ​ជឿ​ថា បញ្ហា​ព្រំដែន​នេះ គ្រាន់​តែ​ជា​លេស​ប៉ុណ្ណោះ។ ពួក​គេ​ថា របប​លោក ហ៊ុន សែន ចាប់​លោក រ៉ុង ឈុន ដោយសារ​បារម្ភ​ខ្លាច​មេ​សហជីព​រូប​នេះ ដឹកនាំ​ក្រុម​កម្មករ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ បន្ទាប់​ពី​របប​នេះ​ធ្វើ​​ឱ្យ​បាត់​ការ​អនុគ្រោះ​ពន្ធ EBA ចំនួន​២០% ដែល​នឹង​បណ្ដាល​ឱ្យ​កម្មករ​រាប់​ម៉ឺន​នាក់​បាត់​បង់​ការងារ។

ក្រៅ​ពី​ចាប់​លោក រ៉ុង ឈុន ហើយ ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​បន្ត​ចាប់​ខ្លួន​មនុស្ស ៦នាក់​ទៀត ក្នុង​នោះ​រួម​​មាន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៣​នាក់ យុវជន​ខ្មែរ​ថាវរៈ ២នាក់ និង​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ។ ពួក​គេ​ទាំង ៦នាក់ គឺជា​អ្នក​ចូល​រួម​តវ៉ា​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក រ៉ុង ឈុន វិញ។​តុលាការ​បាន​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ "ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម" និង​ឃុំ​ខ្លួន​ពួក​គេ​ក្នុង​ពន្ធនាគារ​ ដូច​លោក រ៉ុង ឈុន ដែរ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជាពិសេស​សហជីព​អន្តរជាតិ​ធំៗ ជា​ច្រើន​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្តបន្ទាប់ អំពាវនាវ​ឱ្យ​ដោះលែង និង​ទម្លាក់​បទ​ចោទ​ប្រកាន់​លោក រ៉ុង ឈុន និង​អ្នក​ជាប់​ឃុំ​ទាំង​នោះ​ឱ្យ​មាន​សេរីភាព​ជាបន្ទាន់។ អង្គការ​ទាំង​នោះ​ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​ដូចដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា​អន្តរជាតិ​នានា​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។