គ្រួសារ​ជន​រងគ្រោះ​២​នាក់​ក្នុង​ព្រឹត្តិការណ៍​ផ្លូវ​វ៉េងស្រេង​ត្រូវ​បាន​កោះ​ហៅ​ទៅ​បំភ្លឺ

0:00 / 0:00

ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ កោះ​ហៅ​គ្រួសារ​ជន​រងគ្រោះ ឬ​អ្នក​ស្លាប់ និង​បាត់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ ទៅ​បំភ្លឺ និង​ធ្វើ​កំណត់​ហេតុ​អំពី​ដំណើរ​រឿង​ផ្សេងៗ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មីនា នៅ​ក្រសួង​មហាផ្ទៃ។ ករណី​នេះ គ្រួសារ​ជន​រងគ្រោះ​មាន​ការ​បារម្ភ និង​បាន​ស្នើ​ដល់​មេធាវី​អង្គការ​លីកាដូ (Licadho) ជួយ​អម​ដំណើរ និង​ធ្វើ​ជា​សាក្សី។

គ្រួសារ​ជន​រងគ្រោះ ២​នាក់ ដែល​បាត់​ខ្លួន និង​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​បាញ់​រះ​របស់​សមត្ថកិច្ច​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ក្រសួង​មហាផ្ទៃ តាម​លិខិត​អញ្ជើញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មីនា។

លោក សួន ណារ៉ា រស់​នៅ​ឃុំ​ចំបក់ ស្រុក​បាទី ខេត្ត​តាកែវ ត្រូវ​ជា​បង​របស់​ជន​រងគ្រោះ​ឈ្មោះ យៀន រិទ្ធី ដែល​ត្រូវ​សមត្ថកិច្ច​ចម្រុះ​បាញ់​សម្លាប់។ លោក​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែ​មីនា នេះ លោក អ៊ិន បូរ៉ា ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ បាន​សរសេរ​សំបុត្រ​អញ្ជើញ​រូប​លោក​ឲ្យ​ចូល​ខ្លួន​មក​ក្រសួង​មហាផ្ទៃ ដើម្បី​សួរ​នាំ​ជុំវិញ​ការ​ស្លាប់​របស់​ប្អូន​ប្រុស​នៅ​ផ្លូវ​វ៉េងស្រេង។ ប៉ុន្តែ​លោក​ថា ប៉ូលិស​មិន​បាន​លើក​ឡើង​ពី​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ ឬ​ប្អូន​ប្រុស​របស់​លោក​ទេ។

លោក សួន ណារ៉ា បាន​ទទូច​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​ស្វែង​រក​យុត្តិធម៌​ជូន​សាច់ញាតិ​របស់​ខ្លួន៖ «គ្រាន់​តែ​ឲ្យ​ខ្ញុំ​ទៅ​បំភ្លឺ​ករណី​ដែល​ប្អូន​ខ្ញុំ​បាត់​ខ្លួន​ហ្នឹង។ សួរ​ថា មូលហេតុ​អី​បាន​ស្លាប់ ស្លាប់​នៅ​ពេល​ណា និង​ស្លាប់​នៅ​កន្លែង​ណា? សួរ​ដូច​គេ​ធ្លាប់​សួរ​កន្លង​មក​អ៊ីចឹង។ អ៊ីចឹង​ខ្ញុំ​ថា ខ្ញុំ​ដាក់​ពាក្យ​បណ្ដឹង​ឲ្យ​ក្រសួង​មាន​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ និង​វែក​យក​មុខ​ឃាតក​ដែល​បាន​បាញ់​សម្លាប់​ប្អូន​ប្រុស​យក​មក​ផ្ដន្ទាទោស»

លោក​បន្ត​ថា លិខិត​របស់​ក្រសួង​មហាផ្ទៃ ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ក្រសួង​មហាផ្ទៃ ពួក​គាត់​មាន​ការ​ព្រួយ​បារម្ភ និង​បាន​ស្នើ​មេធាវី​អង្គការ​លីកាដូ ឲ្យ​ចូល​រួម​ដំណើរ និង​ធ្វើ​ជា​សាក្សី។

បុរស​វ័យ​ចំណាស់​ម្នាក់​ទៀត​ឈ្មោះ ឃឹម សឿន រស់​នៅ​ឃុំ​អង្គកាសូ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ដែល​ត្រូវ​ជា​ឪពុក​របស់​ជន​រងគ្រោះ​ឈ្មោះ ឃឹម សុផាត អាយុ ១៦​ឆ្នាំ បម្រើ​ការ​នៅ​រោងចក្រ​មួយ​កន្លែង​នៅ​ផ្លូវ​វ៉េងស្រេង។ លោក​បាន​ឲ្យ​ដឹង​ថា កូន​ប្រុស​របស់​លោក​ត្រូវ​មិត្តភ័ក្ដិ​រួម​ការងារ​ប្រាប់​ថា បាន​ត្រូវ​គ្រាប់​កាំភ្លើង​របស់​សមត្ថកិច្ច​រដ្ឋាភិបាល​ក្នុង​ពេល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ ១៦០​ដុល្លារ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា។ លោក​បន្ត​ថា បន្ទាប់​ពី​ត្រូវ​គ្រាប់​កាំភ្លើង កូន​ប្រុស​របស់​លោក​ត្រូវ​សមត្ថកិច្ច​លើក​បោះ​ចូល​ក្នុង​ឡាន​ទាហាន ប៉ុន្តែ​មិន​ដឹង​ជា​យក​ទៅ​ទីណា​ទេ និង​បាត់​ដំណឹង​រហូត​មក​ដល់​ពេល​នេះ។

ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ លោក អ៊ិន បូរ៉ា ថ្លែង​ប្រាប់​គ្រួសារ​ជន​រងគ្រោះ​ថា ការ​អញ្ជើញ​ឲ្យ​ចូល​ខ្លួន​មក​ក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មីនា នេះ ក្នុង​បំណង​ធ្វើ​កំណត់​ហេតុ និង​សួរ​នាំ តើ​មាន​ដាក់​ពាក្យ​បណ្ដឹង​លើ​ករណី​នេះ​ទៅ​ស្ថាប័ន​ណា​ខ្លះ​ប៉ុណ្ណោះ?

ទាក់ទិន​បញ្ហា​នេះ លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ បាន​ឲ្យ​ដឹង​ថា អង្គការ​លីកាដូ បាន​ជួយ​មេធាវី​ដល់​គ្រួសារ​ជន​រងគ្រោះ​នៅ​ផ្លូវ​វ៉េងស្រេង ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ពួក​គេ។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ បាន​រិះគន់​រាល់​ចំណាត់​ការ​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​រដ្ឋាភិបាល ចំពោះ​សកម្មភាព​បាញ់​សម្លាប់​ទៅ​លើ​ប្រជាពលរដ្ឋ កម្មករ និង​សិស្ស​សាលា កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា។ ហើយ​ថា សកម្មភាព​បាញ់​សម្លាប់​នេះ រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ៖ «យើង​បារម្ភ​ចំពោះ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​ផ្លូវ​វ៉េងស្រេង នេះ តើ​អាច​ផ្តល់​ភាព​យុត្តិធម៌​ជូន​ជន​រងគ្រោះ​បាន​ដល់​ត្រឹម​កម្រិត​ប៉ុណ្ណា? ពីព្រោះ​ខាង​នាយកដ្ឋាន​ដែល​គាត់​ធ្វើ​ការ​សាកសួរ​នេះ គាត់​បាន​សន្យា​ថា គេ​នឹង​ស៊ើប​អង្កេត​ដល់​គ្រួសារ​ជន​រងគ្រោះ​ផង​ដែរ»

កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ សមត្ថកិច្ច​ចម្រុះ​រដ្ឋាភិបាល បាន​បង្ក្រាប និង​បាញ់​រះ​ទៅ​លើ​ការ​ប្រមូល​ផ្តុំ​របស់​មន្ត្រី​សង្គម​ស៊ីវិល ពលរដ្ឋ និង​ជាពិសេស​ក្រុម​កម្មករ​ដែល​ប្រមូល​ផ្តុំ​គ្នា​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង​១​ខែ។ ប៉ុន្តែ ការ​ប្រមូល​ផ្តុំ​គ្នា​នោះ បាន​ឈាន​ដល់​សមត្ថកិច្ច​បង្ក្រាប​ដោយ​ការ​បាញ់​រះ ដោយ​ចោទ​ថា បាន​បង្ក​ភាព​អនាធិបតេយ្យ ដោយ​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៥​នាក់ រង​របួស​ជិត ៤០​នាក់ និង​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ២៣​នាក់។ ក្នុង​នោះ​មនុស្ស ២​នាក់ ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។