ក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សរិះគន់សាលាឧទ្ធរណ៍ភ្នំពេញ ដែលអូសបន្លាយសំណុំរឿងសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី។ គិតត្រឹមខែវិច្ឆិកានេះ លោក រ៉ាត់ រត្នមុនី នៅសល់ទោសក្នុងពន្ធនាគារតែមួយខែទៀតប៉ុណ្ណោះ ប៉ុន្តែសាលាឧទ្ធរណ៍មិនទាន់កំណត់ពេលជម្រះរឿងក្តីនេះឡើងវិញនៅឡើយទេ។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក នី សុខា ថ្លែងនៅថ្ងៃទី១៣ វិច្ឆិកាថា សាលាឧទ្ធរណ៍ មិនទាន់ពន្លឿនសំណុំរឿងលោក រ៉ាត់ រត្នមុនី ឲ្យចប់មុននឹងលោកអនុវត្តទោសក្នុងពន្ធនាគារ រួចរាល់នៅអំឡុងខែធ្នូ ខាងមុខនេះនៅឡើយទេ។ លោកថា ការអូសបន្លាយសំណុំរឿងបែបនេះ ប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិរបស់ជនជាប់ឃុំ និងគោលការណ៍ច្បាប់។ លោកជំរុញឱ្យសាលាឧទ្ធរណ៍ពន្លឿនករណីនេះ ហើយផ្ដល់យុត្តិធម៌ដល់លោក រ៉ាត់ រត្នមុនី វិញ៖ « ប្រសិនបើតុលាការនៅតែបណ្ដែតបណ្ដោយឱ្យរឿងហ្នឹងកាន់តែអូសបន្លាយយូរទៅៗ អាហ្នឹងវាជារឿងមួយប៉ះពាល់ធ្ងន់ធ្ងរណាស់សម្រាប់ជនជាប់ឃុំ ហើយនេះទាក់ទងនឹងរឿងសិទ្ធិទទួលបានយុត្តិធម៌ ត្រូវតែបានការសម្រេចមួយដោយយុត្តិធម៌ ហើយឱ្យមានពេលវេលាមួយដ៏សមស្រប »។
សមាគមការពារសិទ្ធិមនុស្សអាដហុកបានផ្ដល់មេធាវីជួយការពារក្តីឱ្យ លោក រ៉ាត់ រត្នមុនី តាំងពីដើមដំបូង ដោយសារពិនិត្យឃើញថា សកម្មជនសិទ្ធិការងាររូបនេះមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។
សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា (CCTUF) លោក រ៉ាត់ រត្នមុនី ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ "ញុះញង់ឱ្យមានការរើសអើង" ហើយសាលាឧទ្ធរណ៍ភ្នំពេញ បានតម្កល់សាលក្រមនេះទុកជាបានការដដែល។ ទោះជាយ៉ាងណា កាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅ តុលាការកំពូលបានសម្រេចបង្វិលសំណុំរឿងនេះឱ្យសាលាឧទ្ធរណ៍ភ្នំពេញជំនុំជម្រះឡើងវិញ ក្រោមហេតុផលថា សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍កាលពីលើកមុន នៅខ្វះចន្លោះ។
ទោះជាយ៉ាងណា មកដល់ខែវិច្ឆិកាទៅហើយ សាលាឧទ្ធរណ៍ភ្នំពេញមិនទាន់បានលើករឿងនេះមកជំនុំជម្រះនៅឡើយទេ ទោះជាមានសំណើពីមេធាវីយ៉ាងណាក្តី។
អាស៊ីសេរីមិនអាចទាក់ទងអគ្គលេខាធិការសាលាឧទ្ធរណ៍ភ្នំពេញ លោក ជូ ប៊ុនរីន ដើម្បីសាកសួរអំពីបញ្ហានេះបានទេ នៅថ្ងៃទី១៣ វិច្ឆិកា ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន វិញ មិនលើកទូរស័ព្ទ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា អាជ្ញាធរត្រូវដោះលែងលោក រ៉ាត់ រត្នមុនី ជាស្វ័យប្រវត្តិនៅអំឡុងខែធ្នូខាងមុខ ទោះជាសាលាឧទ្ធរណ៍មិនទាន់បើកសវនាការជំនុំជម្រះឡើងវិញក៏ដោយ ព្រោះគាត់នឹងអនុវត្តទោសចប់សព្វគ្រប់ហើយ។ ទោះជាយ៉ាងណា លោក អំ សំអាត ថ្លែងថា បើរឿងនេះកើតឡើងដូច្នេះមែន មានន័យថា បណ្តឹងទាស់របស់លោក រ៉ាត់ រត្នមុនី គ្មានន័យអ្វីឡើយ។ លោកកត់សម្គាល់ថា ករណីបែបនេះបានកើតឡើងជាហូរហែមកហើយនៅក្នុងប្រព័ន្ធតុលាការកម្ពុជា ដែលជាការអនុវត្តផ្ទុយពីគោលការណ៍ច្បាប់ និងសិទ្ធិមនុស្ស៖ « អ្វីដែលសំខាន់ យើងចង់ឱ្យសាលាឧទ្ធរណ៍ពិនិត្យ និងពន្លឿននីតិវិធី ដើម្បីកុំឱ្យប៉ះពាល់ដល់ដំណើររឿង បានន័យថា អនុវត្តទោសចប់ទៅហើយ រឿងអត់ទាន់ធ្វើសវនាការផង អាហ្នឹងគឺវាប៉ះពាល់ទៅដល់ការទន្ទឹងយុត្តិធម៌របស់ជនត្រូវចោទ »។
អាជ្ញាធររបបក្រុងភ្នំពេញបានចោទប្រកាន់ និងកាត់ទោស លោក រ៉ាត់ រត្នមុនី ដោយសារតែលោកបានជួយផលិតភាពយន្តឯកសារស្តីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា "ម្ដាយខ្ញុំ លក់ខ្ញុំ" ឱ្យសារព័ត៌មានរុស្ស៊ី RT (Russia Today)។ អាជ្ញាធរចោទថា លោក រ៉ាត់ រត្នមុនី បានផ្តល់លុយឱ្យតួអង្គ ដើម្បីនិយាយប្រឌិតសាច់រឿង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ និងមុខមាត់កម្ពុជា។ ប៉ុន្តែ តួអង្គម្នាក់នៅក្នុងភាពយន្តឯកសារនោះ ធ្លាប់បានអះអាងថា នេះជារឿងរ៉ាវពិតផ្ទាល់ខ្លួនដែលនាងចង់ទម្លាយជាសាធារណៈ ហើយនាងមិនដែលបានទទួលលុយពីលោក រ៉ាត់ រត្នមុនី ឡើយ។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិបន្តទទូចឱ្យតុលាការទម្លាក់ចោលបទចោទនេះ និងដោះលែងលោក រ៉ាត់ រត្នមុនី ឱ្យមានសេរីភាពវិញ ព្រោះលោកមិនទទួលបានសវនាការប្រកបដោយយុត្តិធម៌ឡើយ។ ក្រុមសង្គមស៊ីវិលគូសបញ្ជាក់ថា ការបន្តចោទប្រកាន់ និងឃុំខ្លួនលោក រ៉ាត់ រត្នមុនី គឺជាការគំរាមកំហែងលើសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ ហើយពួកគេស្នើឱ្យរបបលោក ហ៊ុន សែន បញ្ឈប់ទង្វើរំលោភបំពានបែបនេះតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។