នៅឯតុលាការថៃ នាទីក្រុងបាងកក ថ្ងៃទី១៣ មិថុនា សកម្មជនសិទ្ធិមនុស្សថៃ ដែលតំណាងឱ្យពលរដ្ឋខ្មែររងគ្រោះបញ្ហាដីធ្លីនៅខេត្តឧត្តរមានជ័យ លើកឡើងថា ក្រុមហ៊ុនមិត្រផុន (Mitr Phol Limited) ដែលជាក្រុមហ៊ុនស្ករអំពៅថៃដ៏ធំមួយនៅប្រទេសថៃ មានជាប់ពាក់ព័ន្ធទទួលខុសត្រូវជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជា។
ចំណែកក្រុមមេធាវីថៃដែលតំណាងឱ្យពលរដ្ឋខ្មែរ កំពុងតស៊ូផ្លូវច្បាប់យ៉ាងស្វិតស្វាញដើម្បីយកឈ្នះចិត្តចៅក្រម ឱ្យទទួលយកពាក្យបណ្ដឹងសមូហភាព ក្នុងគោលដៅធានាជ័យជំនះពីក្រុមហ៊ុន។
នៅក្នុងសវនាការបឋម ដើម្បីពិនិត្យមើលសាក្សី និងភស្តុតាង ថ្ងៃទី១៣ មិថុនា តុលាការផ្នែករដ្ឋប្បវេណីថៃ នៅទីក្រុងបាងកក ប្រទេសថៃ អនុញ្ញាតឱ្យសាក្សីតំណាងជនរងគ្រោះដីធ្លីកម្ពុជា ពីខេត្តឧត្តរមានជ័យ ឡើងថ្លែងហេតុ និងរបាយការណ៍ភស្តុតាងរបស់ខ្លួនជូនចៅក្រម ហើយបន្ទាប់មកសាក្សីជនរងគ្រោះ ក៏ត្រូវបានមេធាវីរបស់ក្រុមហ៊ុនមិត្រផុន ដែលជាចុងចោទសួរដេញដោលរកចំណុចខ្សោយយ៉ាងពេញទំហឹង។
មន្ត្រីសម្របសម្រួលនៃអង្គការ "Project Sevena South-East Asia" អ្នកស្រី ព្រេមរ៉េឌី ដាវរឿង (Premradee Dauroung) ដែលជាសាក្សីផ្ដល់កសិណក្នុងសវនាការ ប្រាប់អាស៊ីសេរីក្រោយសវនាការថា អ្នកស្រីតំណាងឱ្យជនរងគ្រោះនៅភូមិអូរបាត់មាន់ ដែលផ្ទះសម្បែងរបស់អ្នកស្រុកនៅក្នុងភូមិទាំងអស់ គឺជាង២០០ (២១៤ ពីររយដប់បួន) ខ្នង ត្រូវបានដុតបំផ្លាញចោល ដើម្បីបង្ខំបើកផ្លូវឱ្យក្រុមហ៊ុនអង្គរស៊ូហ្គើរ (Angkor Sugar) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមិត្រផុន នៅក្នុងប្រទេសថៃ។ អ្នកស្រីថា បញ្ហានេះធ្ងន់ធ្ងរណាស់ ទើបអង្គការសិទ្ធិមនុស្សនៅកម្ពុជាចំនួន៣ រួមជាមួយអង្គការរបស់អ្នកស្រីនៅក្នុងប្រទេសថៃផង បានដាក់បណ្ដឹងទៅគណៈកម្មការសិទ្ធិមនុស្សថៃ។ អ្នកស្រីបញ្ជាក់ថា តាមការស្រាវជ្រាវរបស់អ្នកស្រី ក្រុមហ៊ុនមិត្រផុន ពិតជាពាក់ព័ន្ធក្នុងការទទួលខុសត្រូវ ចំពោះរឿងដុតផ្ទះសម្បែងអ្នកស្រុកនៅភូមិអូរបាត់មាន់ ក្នុងខេត្តឧត្តរមានជ័យ៖ «ចំនួនអ្នកភូមិ ២១៤គ្រួសារ ដែលបានបាត់បង់ដី និងផ្ទះសម្បែង។ ការដុតផ្ទះសម្បែងនោះមិនមែនតែម្ដងទេ ប៉ុន្តែមកលើកចុងក្រោយ គឺគេដុតលុបបំបាត់ចោលភូមិទាំងមូលតែម្ដង ហើយសម្រាប់អ្នកភូមិ គាត់យល់ច្បាស់ណាស់ថា ការដុតផ្ទះសម្បែងរបស់ពួកគាត់ក្នុងភូមិទាំងមូលចោលនោះ គឺដើម្បីយកដីឱ្យទៅក្រុមហ៊ុនស្ករស អង្គរស៊ូហ្គើរ»។
នៅពេលសួរថា តើក្រុមហ៊ុនស្ករអំពៅថៃមិត្រផុន នៅក្នុងប្រទេសថៃឯណោះ ពាក់ព័ន្ធដូចម្ដេចដែរទើបមានការប្ដឹងផ្ដល់ក្រុមថៃដ៏ធំមួយនេះ។ អ្នកស្រី ព្រេមរ៉េឌី ដាវរឿង ឆ្លើយថា ពីព្រោះមានឯកសារបង្ហាញថា ក្រុមហ៊ុនមិត្រផុន មានពាក់ព័ន្ធជាមួយក្រុមហ៊ុនអង្គរ ស៊ូហ្គើរ នៅកម្ពុជា៖ «ក្រុមហ៊ុនមិត្រផុន មានភាគហ៊ុន ១០០ភាគរយក្នុងក្រុមហ៊ុនអង្គរស៊ូហ្គើរ ។ នេះជាព័ត៌មានច្បាស់លាស់ ដែលមាននៅលើក្រដាសផ្សព្វផ្សាយគ្រប់ទិសទី ហើយក្រុមហ៊ុនមិត្រផុន មិនដែលបដិសេធថា មិនបានដឹងអំពីក្រុមហ៊ុននេះទេ។ ដូច្នេះ ក្រុមហ៊ុនស្ករស អង្គរស៊ូហ្គើរ ជាតំណាងរបស់ក្រុមហ៊ុនថៃមិត្រផុន នៅក្នុងប្រទេសកម្ពុជាយ៉ាងច្បាស់។
អាស៊ីសេរីបានសុំការឆ្លើយបកស្រាយជុំវិញការចោទប្រកាន់នេះ ពីមេធាវីក្រុមហ៊ុនមិត្រស្ករអំពៅថៃមិត្រផុន ប៉ុន្តែត្រូវបានបដិសេធ ដោយលោកឆ្លើយយ៉ាងខ្លីថា ក្រុមហ៊ុនមិនអនុញ្ញាតឱ្យឆ្លើយនឹងសំនួរអ្នកកាសែតទេ។
ចំណែកមេធាវីតំណាងឱ្យជនរងគ្រោះ អ្នកស្រី សរ រតនាម៉ានីផនក្លា (Sor Rattanamanee Polkla) ប្រាប់អាស៊ីសេរីនៅមុខបន្ទប់តុលាការថា ក្រុមមេធាវីរបស់លោកអ្នកស្រី ខិតខំធ្វើកិច្ចការការពាររឿងក្តីនេះជូនជនរងគ្រោះកម្ពុជាខ្លាំងណាស់។ ដោយបានយកសាក្សីពីកម្ពុជាមកបង្ហាញតុលាការ និងជំរុញឱ្យចៅក្រមទទួលយកបណ្ដឹងនេះជាសមូហភាពពីព្រោះមានជនរងគ្រោះជាដើមបណ្ដឹងរដ្ឋប្បវេណីច្រើនរយនាក់ណាស់ ហើយបណ្ដឹងសមូហភាពទើបមានអនុភាព៖ «ដូច្នេះយើងត្រូវតែខិតខំបញ្ជាក់បង្ហាញភស្តុតាងជូនតុលាការថា នេះគឺបណ្ដឹងជាបណ្ដឹងសមូហភាព។ ហើយខ្ញុំមានក្តីសង្ឃឹមថា តុលាការនឹងទទួលរឿងក្តីនេះជាបណ្ដឹងសមហភាព។ ប្រសិនបើតុលាការទទួលយកបណ្ដឹងនេះ យើងនឹងទាមទារសំណងពីក្រុមហ៊ុនស្ករអំពៅថៃមិត្រផុន សរុបចំនួនប្រហែល ៥លានបាត»។
ជម្លោះដីធ្លីរវាងពលរដ្ឋខ្មែរនៅខេត្តឧត្តរមានជ័យជាមួយក្រុមហ៊ុនស្ករអំពៅ Angkor Sugar ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនស្ករអំពៅថៃឈ្មោះ មិត្រផុន បានផ្ទុះឡើងនៅឆ្នាំ២០០៨។ ប្រជាពលរដ្ឋចំនួនប្រាំភូមិរងផលប៉ះពាល់ រួមមាន ភូមិតាម៉ាន ភូមិត្រពាំងវែង ភូមិខ្ទុំ ភូមិអូរបាត់មាន់ ភូមិបុស្ស ឃុំក្រៀល ក្នុងក្រុងសំរោង។ ភូមិដែលប៉ះពាល់ធ្ងន់ជាងគេបំផុត គឺភូមិអូរបាត់មាន់ ដែលមានផ្ទះអ្នកស្រុកជាង ២០០ខ្នង ត្រូវបានកម្លាំងរបស់ក្រុមហ៊ុនដុតបំផ្លាញចោលទាំងស្រុង ដើម្បីបង្ខំឱ្យអ្នកភូមិចាកចេញ យកដីដាំដំណាអំពៅ។
តុលាការថៃនៅទីក្រុងបាងកកនឹងបន្តនីតិវិធីសវនាការបឋមពិនិត្យមើលករណីពលរដ្ឋកម្ពុជាប្ដឹងក្រុមហ៊ុនស្ករអំពៅថៃមិត្រផុនទៀតនៅថ្ងៃសុក្រ ទី១៤ មិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។