ជនរងគ្រោះនៃអំពើហិង្សា និងភរិយាសកម្មជនបក្សសង្គ្រោះជាតិ ដែលគេស្គាល់ថា ជាក្រុមស្ត្រីតវ៉ាថ្ងៃសុក្រ ស្នើតុលាការរាជធានីភ្នំពេញ ស៊ើរើសំណុំរឿងប្រជាការពារប្រព្រឹត្តហិង្សាក្នុងពេលតវ៉ាទាមទារដោះលែងប្ដីពីពន្ធនាគារព្រៃស។
ប្រពន្ធលោក ស៊ុន ធន់ លោកស្រី សេង ចាន់ថន ថ្លែងថា គិតត្រឹមថ្ងៃទី៤ ខែមេសា មានរយៈពេល៨ខែគត់ ដែលលោកស្រីរងអំពើហិង្សាឲ្យរបួសធ្ងន់ពីសំណាក់ប្រជាការពារខណ្ឌ៧មករា។ លោកស្រីស្នើឲ្យតុលាការ ដំណើរការសំណុំរឿងដែលគាត់ប្ដឹងជាង៧ខែហើយ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។ លោកស្រីចង់ឃើញស្ថាប័នក្រសួងកិច្ចការនារីយកចិត្តទុកដាក់បញ្ហាស្ត្រីដែលរងអំពើអយុត្តិធម៌នៅក្នុងសង្គម៖ «ឲ្យតែតុលាការហ្នឹងហៅជនដៃដល់មកដាក់ទោសទណ្ឌ ទៅតាមផ្លូវច្បាប់ ហើយក្រសួងកិច្ចការនារីហ្នឹង គាត់យកចិត្តទុកដាក់ចំពោះស្ត្រីដែលរងគ្រោះដោយអំពើហិង្សានេះ គាត់ជួយជំរុញទៅខាងតុលាការផង ដើម្បីឲ្យខាងតុលាការយកចិត្តទុកដាក់មកលើខ្ញុំដែលជាស្ត្រីរងគ្រោះយកជនដៃដល់មកកាត់ទោស ឲ្យប្រជាពលរដ្ឋនិងស្ត្រីដទៃទៀតគាត់មើលឃើញ ដែលបានកាត់ក្ដីដោយភាពត្រឹមត្រូវច្បាស់លាស់ផង។ បើសិនជាស្ថាប័នទាំងពីយកចិត្តចំពោះខ្ញុំគឺមានភាពយុត្តិធម៌មកលើរូបខ្ញុំហើយ ពិសេសស្ត្រីទូទៅទាំងអស់តែម្ដង»។
អាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និងអ្នកនាំពាក្យក្រសួងកិច្ចការនារី អ្នកស្រី ម៉ាន ចិន្តា បានទេ កាលថ្ងៃទី៣ ខែមេសា ដើម្បីសាកសួរសំណុំរឿងនេះ។
កាលពីថ្ងៃទី៤ ខែកញ្ញា លោកស្រី សេង ចាន់ថន ត្រូវបានប្រជាការពារខណ្ឌ៧ មករាម្នាក់ ឈ្មោះ ឆោម ប្រសិដ្ឋ ចាប់បោកផ្ដួលទៅលើថ្នល់កៅស៊ូ ក្នុងពេលលោកស្រី និងស្ត្រីជាង១០នាក់ទៀត ដែលជាប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិ ព្យាយាមតវ៉ាគោះឆ្នាំងបាយសុំឲ្យតុលាការដោះលែងប្ដី។ លោកស្រីរងរបួស ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្រោយហិង្សានេះច្រើនម៉ោង នៅថ្ងៃដដែល រដ្ឋបាលខណ្ឌ៧មករា រាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានមួយថា នឹងប្រើវិធានការអប់រំនិងដាក់វិន័យ លើប្រជាការពារឈ្មោះឆោម ប្រសិទ្ធ ដែលបានបង្ករបួសលើលោកស្រី សេង ចាន់ថន។ តែអាជ្ញាធរចោទប្រកាន់ថា ក្រុមស្ត្រីតវ៉ាអហិង្សានោះ ជាក្រុមអ្នកតវ៉ាខុសច្បាប់។ ប៉ុន្តែចំណាត់ការនៅលើក្រដាសនេះ មិនអាចរំងាប់ចិត្តលោកស្រីបានទេ។ លោកស្រី សេង ចាន់ថន បានសម្រេចប្ដឹងប្រជាការពារឈ្មោះ ឆោម ប្រសិដ្ឋ ទៅតុលាការ ពីបទប៉ុនប៉ងសម្លាប់មនុស្សដោយចេតនា។ ប៉ុន្តែមកដល់ពេលនេះ តុលាការកោះហៅលោកស្រីសាកសួរបានតែម្ដង គត់ និងមិនបានបន្ដនីតវិធីទៀតទេ ទោះជាការប្រព្រឹត្តហិង្សានេះមានវីដេអូភស្តុតាង ដែលមានការចែករំលែកលើបណ្ដាញសង្គមពាសពេញពិភពលោកក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។