សាច់ញាតិជនរងគ្រោះទទូចឱ្យអាជ្ញាធរពាក់ព័ន្ធបើកការស៊ើបអង្កេតរកជនល្មើសដែលសម្លាប់យុវជនម្នាក់នៅក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដើម្បីយកទៅផ្ដន្ទាទោសតាមច្បាប់។ ការស្នើសុំនេះ បន្ទាប់ពីយុវជនម្នាក់បានស្លាប់ ខណៈជាប់ឃុំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូស្មាច់ កាលពីថ្ងៃទី៤ ឧសភា ដោយពុំមានសមត្ថកិច្ចទទួលខុសត្រូវលើសំណុំរឿងនេះ។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា សំណុំរឿងនេះ មានមន្ទិលសង្ស័យដែលសមត្ថកិច្ចត្រូវធ្វើការស៊ើបអង្កេតបន្តទៀត។
ប្អូនប្រុសអ្នកស្លាប់រស់នៅភូមិក្រសាំង សង្កាត់បុស្បូវ ក្រុងសំរោង លោក ធូ ហៀត ប្រាប់អាស៊ីសេរីនៅថ្ងៃទី៧ ឧសភាថា លោកនឹងក្រុមគ្រួសារមានមន្ទិលសង្ស័យយ៉ាងខ្លាំងចំពោះការស្លាប់បងប្រុសរបស់ខ្លួន ព្រោះប៉ូលិសបានប្រាប់ថា បងរបស់ខ្លួន ឈ្មោះ ធូ ហាត អាយុ៣៥ឆ្នាំ បានចងកស្លាប់នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដោយឯង។
លោកអះអាងថា នៅពេលដែលសមត្ថកិច្ចដឹកសាកសពមកដល់ផ្ទះ លោកពិនិត្យមើលគឺពុំមានស្លាកស្នាមនៅត្រង់កដូចការលើកឡើងរបស់ប៉ូលិសនោះទេ ដូច្នេះការស្លាប់នេះលោកជឿថា មិនមែនស្លាប់ដោយសារជនរងគ្រោះចងកសម្លាប់ខ្លួនឡើយ៖ «អយុត្តិធម៌ណាស់ ងាប់ដោយមិនមានមូលហេតុរឿងអី ហើយចងកស្លាប់ ហើយខ្សែខ្លីចង់កមិនកើត។ ខ្ញុំសំណូមពរទៅក្រសួងពាក់ព័ន្ធជួយរកយុត្តិធម៌ឱ្យបងខ្ញុំផង ខ្ញុំចង់ដឹងបងស្លាប់ដោយសារអីរឿងអី នៅក្នុងបន្ទប់ឃុំឃាំងដោយមានប៉ូលិសប្រចាំនៅទីនោះ ហេតុអីបានជាបណ្ដោយបងខ្ញុំស្លាប់បែបនេះ»។
លោកបន្តថា កាលពីព្រឹកថ្ងៃទី៤ ឧសភា បងប្រុសរបស់ខ្លួនបានខ្ចីម៉ូតូបងប្អូនជីដូនមួយនៅក្នុងភូមិជាមួយគ្នា ហើយបានធ្វើដំណើរទៅយកប្រាក់ពីគេនៅច្រកព្រំដែនអូស្មាច់ ក្រោយមកម្ចាស់ម៉ូតូបានប្ដឹងប៉ូលិសសង្កាត់បុស្បូវ ក្រុងសំរោង ដើម្បីឱ្យតាមទៅយកម៉ូតូមកវិញ។ លោកបន្ថែមទៀតថា នៅព្រឹកថ្ងៃដដែល ប៉ូលិសប៉ុស្តិ៍អូស្មាច់ក៏បានឃាត់បងប្រុសរបស់ខ្លួនទុកនៅប៉ុស្តិ៍ព្រំដែនមួយនេះប្រមាណជាមួយម៉ោងក្រោយមក ស្រាប់តែប៉ូលិសផ្ដល់ដំណឹងមកថា បងរបស់ខ្លួនចងកសម្លាប់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូស្មាច់ទៅវិញ។
ទាក់ទងនឹងបញ្ហានេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូស្មាច់ លោក ជ័យ វាសនា ប្រាប់អាស៊ីសេរីថា លោកមិនបានដឹងពីការស្លាប់នេះទេ ក្រោមហេតុផលថា នៅថ្ងៃកើតហេតុលោកជាប់រវល់ទៅចូលរួមមង្គលការកូនអ្នកស្រុក៖ «អឺ ! គាត់នៅណាទេ ព្រោះកាលណោះខ្ញុំច្បាប់ទៅការក្មួយ អត់បានដឹងរឿងនេះច្បាស់ដែរ តែចាំមើលខ្ញុំសួរមន្ត្រីរបស់ខ្ញុំមើលសិន ព្រោះអីខ្ញុំអត់បាននៅថ្ងៃកើតហេតុ»។
ចំណែកស្នងការរងនគរបាលខេត្តឧត្ដរមានជ័យ លោក ឡឹក សុខា ប្រាប់អាស៊ីសេរីថា សមត្ថកិច្ចពាក់ព័ន្ធ រួមមានប៉ូលិស និងតំណាងអយ្យការខេត្តឧត្ដរមានជ័យបានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើកោសល្យវិច័យលើសាកសពបញ្ជាក់ថា សពនេះស្លាប់ដោយសារការចងកសម្លាប់ខ្លួន៖ «គាត់ធ្វើអត្តឃាត គាត់ចងក បើនិយាយផ្នែកសំគាល់អីចឹងខ្ញុំមិនដឹងថា យ៉ាងម៉េចទេ បើពិនិត្យសំគាល់បើចងក បើមើលឃើញកំពុងចងកបើគេលើកដាក់ទៅពេទ្យភ្លាមៗ»។
ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលយល់ថា សំណុំរឿងនេះមានមន្ទិលសង្ស័យជាច្រើន ដែលសមត្ថកិច្ចត្រូវធ្វើការស៊ើបអង្កេតបន្តទៀត។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc)ខេត្តឧត្ដរមានជ័យលោក ស្រី ណារ៉េន ដែលបានចុះស៊ើបអង្កេតដល់ទីកន្លែងលើកឡើងថា ប៉ូលិសប៉ុស្តិ៍អូស្មាច់ចំនួន ៣នាក់ បានបញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាពនៅព្រំដែនអូស្មាច់ ដែលជាសកម្មភាពមួយដើម្បីបង្វែរដានមិនឱ្យមានសង្ស័យមកលើខ្លួន កាលពីរសៀលថ្ងៃទី៤ ឧសភា។ លោកបន្តថា សមត្ថកិច្ចត្រូវតែធ្វើការស៊ើបអង្កេតឱ្យបានស៊ីជម្រៅជាងនេះ ព្រោះការស្លាប់នេះមានមន្ទិលសង្ស័យ ដោយប៉ូលិសអូស្មាច់បានឆ្លើយថា នៅក្នុងការិយាល័យរបស់ខ្លួនមិនមានអ្នកស្លាប់នោះទេ៖ «ឥឡូវយើងបានធ្វើការប្រមូលព័ត៌មានឃើញថា ពិតជាមានមនុស្សស្លាប់មែននៅក្នុងប៉ុស្តិ៍អូស្មាច់នោះ។ យើងដាក់សង្ស័យថា ហេតុអ្វីបានជាសមត្ថកិច្ចលាក់បាំងទង្វើបែបនឹង ព្រោះតម្លៃរបស់មនុស្សមានតម្លៃស្មើៗគ្នា ហើយយើងជាអ្នកការពារយុត្តិធម៌អីចឹងបើសិនជាមនុស្សស្លាប់ហើយយើងអត់រកយុត្តិធម៌ យើងមានសោកស្ដាយណាស់ដែលសមត្ថកិច្ចបដិសេធដូច្នេះ ប៉ុន្តែយើងស្រាវជ្រាវទៅឃើញថា មានមនុស្សស្លាប់។ ខ្ញុំសុំឱ្យមានការបង្កើតគណៈកម្មការស្រាវជ្រាវមួយធ្វើកោសល្យវិច័យទៅរឿងនេះ»។
សាកសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅតម្កល់ទុកទីកន្លែងបញ្ចុះសពក្នុងភូមិរស់នៅរបស់ខ្លួន ដោយមិនបានធ្វើបុណ្យនៅឡើយទេ ដោយសារជីវភាពក្រីក្រមិនទាន់មានប្រាក់ធ្វើបុណ្យ។
របាយការណ៍សមាគមការពារសិទ្ធិមនុស្សអាដហុកឱ្យដឹងថា នេះជាករណីទី២ហើយ ដែលប៉ូលិសខេត្តឧត្ដរមានជ័យចាប់ប្រជាពលរដ្ឋឃុំខ្លួនហើយស្លាប់នៅក្នុងប៉ុស្តិ៍ប៉ូលិស ក្នុងនោះកាលពីឆ្នាំ២០១៨ មានមនុស្ស២នាក់បានស្លាប់ នៅស្នងការនគរបាលខេត្តមួយនេះ ហើយប៉ូលិសបានអះអាងថា ការស្លាប់ដោយចងកសម្លាប់ខ្លួនដូចគ្នា ហើយសាច់ញាតិបានប្ដឹងលើសំណុំរឿងនេះទៅសាលាដំបូងខេត្ត និងសាលាឧទ្ធរណ៍ ប៉ុន្តែគិតត្រឹមថ្ងៃទី៧ឧសភា គឺស្ថាប័នតុលាការមិនទាន់រកយុត្តិធម៌ជូនក្រុមគ្រួសារអ្នកស្លាប់បាននៅឡើយ។ លោកស្រី ណា រ៉េន លើកឡើងថា ករណីនេះប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនបានស្រាវជ្រាវរកយុត្តិធម៌ជូនដល់ជនរងគ្រោះទេ នឹងបណ្ដាលឱ្យប្រជាពលរដ្ឋកាន់តែបាត់បង់ជំនឿចិត្តលើប៉ូលិស និងប្រព័ន្ធយុត្តិធម៌។ លើសពីនេះ វានឹងធ្វើឱ្យប្រជាពលរដ្ឋនៅខេត្តជាប់ព្រំដែនថៃមួយនេះ បន្តប្រឈមនឹងការស្លាប់ដោយអយុត្តិធម៌ ខណៈប៉ូលិសនៅតែបន្តចាប់ឃុំប្រជាពលរដ្ឋដោយគ្មានការខ្លាចរអាច្បាប់។ មន្ត្រីសិទ្ធិមនុស្សថា នេះជាភារកិច្ចរបស់នគរបាលយុត្តិធម៌ ដែលត្រូវតាមដានស៊ើបអង្កេតរកការពិតនៃមូលហេតុក្នុងការសម្លាប់ខ្លួន? តើហេតុអ្វីបានជាបុរសវ័យក្មេងរូបនេះសម្លាប់ខ្លួន? តាមផ្លូវច្បាប់ការអះអាងរបស់ប៉ូលិសថា គាត់ចងកសម្លាប់ខ្លួនគឺមិនគ្រប់គ្រាន់ឡើយ។
នេះជាករណីទី២ហើយ ក្នុងពេលថ្មីៗនេះ ដែលជនជាប់ឃុំស្លាប់ ខណៈស្ថិតក្រោមការឃុំឃាំងរបស់អាជ្ញាធរ។ ករណីមួយទៀតគឺ នៅក្នុងពន្ធនាគារខេត្តកំពង់ចាម ដែលសាកសពរបស់ជនជាប់ឃុំឈ្មោះ ទិត រ៉ន មានស្នាមហើមជាំខៀវនៅលើភ្នែក និងមានស្នាមមិនប្រក្រតីនៅលើដងខ្លួន។ ការស្លាប់របស់លោក ទិត រ៉ន នៅថ្ងៃទី១៨ មេសា ដែលត្រូវជាកូនប្រុសសកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវគ្រួសារសង្ស័យថា បានរងទារុណកម្មនៅក្នុងពន្ធនាគាររហូតដល់ស្លាប់ បន្ទាប់ពីអាជ្ញាធរបានចាប់ឃុំខ្លួន ៣ថ្ងៃពីបទល្មើសហិង្សាមួយដែលកើតឡើងជាង១០ឆ្នាំមកហើយ។ អាជ្ញាធរអះអាង ថា លោក ទិត រ៉ន បានដើរដួលស្លាប់នៅក្នុងពន្ធនាគារ ប៉ុន្តែក្រុមគ្រួសារ មន្ត្រីសិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិ មិនទទួលយកការអះអាងរបស់អាជ្ញាធរនេះទេ ហើយទាមទារឱ្យមានស៊ើបអង្កេតដោយឯករាជ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។