តុលាការខេត្តរតនគិរីកោះហៅមន្ត្រីជាន់ខ្ពស់សមាគម អាដហុក ជាលើកទីបី បន្ទាប់ពីការសាកសួរលើកទីមួយ និងលើកទីពីរ មិនអាចដំណើរការបានដូចការគ្រោងទុក។ អ្នកការពារសិទ្ធិមនុស្សចាត់ទុកចំណាត់ការរបស់តុលាការនេះ ថាជាការគំរាមកំហែងលើមន្ត្រីអង្គការសង្គមស៊ីវិល និងស្នើឱ្យតុលាការទម្លាក់ចោលបទប្រកាន់មិនសមហេតុផលនេះ។
តុលាការខេត្តរតនគិរីកោះហៅអ្នកការពារសិទ្ធិមនុស្សសមាគម អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ឱ្យចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី១០ ខែតុលា ខាងមុខ ពាក់ព័ន្ធនឹងសំណុំរឿងចោទប្រកាន់ពីបទញុះញង់។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគម អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ អះអាងថា លោកនឹងចូលបំភ្លឺនៅតុលាការខេត្តរតនគិរីតាមកាលកំណត់។ លោកបញ្ជាក់ថា លោកមិនបារម្ភចំពោះរឿងនេះទេ ព្រោះលោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។ ទោះជាយ៉ាងណា លោកចាត់ទុកករណីនេះ ថាជាការគំរាមកំហែងចំពោះសកម្មភាពការពារព្រៃឈើរបស់មន្ត្រីអង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន៖ «យើងមិនបានពាក់ព័ន្ធជាមួយបទល្មើសទាំងអស់ហ្នឹងទេ អ៊ីចឹងអ្វីដែលគេប្ដឹងបកមកយើង វាជារូបភាពគំរាមកំហែងបំបាក់ស្មារតីអ្នកការពារព្រៃឈើ សហគមន៍ សកម្មជនការពារព្រៃឈើជាដើម»។
តុលាការខេត្តរតនគិរីបានចោទប្រកាន់លោក ប៉ែន ប៊ុណ្ណារ៍ និងពលរដ្ឋ ៧នាក់ផ្សេងទៀត ពីបទ "ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍" ។ ការប្ដឹងផ្ដល់មន្ត្រីសិទ្ធិមនុស្សរូបនេះ កើតមានឡើងក្រោយពេលរូបលោកបានចូលរួមជាមួយប្រជាសហគមន៍ភូមិសមុទ្រក្រោម ឃុំសេដា ដាក់បណ្ដឹងបរិហារករណីកាប់រានដីព្រៃជាង ៨០០ហិកតារ នៅស្រុកលំផាត់ ទៅតុលាការខេត្តរតនគិរី កាលពីពាក់កណ្ដាលឆ្នាំ២០១៧ កន្លងទៅ។
ក្នុងបណ្ដឹងបរិហារនោះ ពលរដ្ឋបានប្ដឹងអាជ្ញាធរតាំងពីថ្នាក់ភូមិរហូតដល់មន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្តទាក់ទងនឹងការបានបណ្ដែតបណ្ដោយឱ្យមានបទល្មើសកើតឡើង ហើយមិនចាត់ការលើក្រុមឧក្រិដ្ឋជន។ ក៏ប៉ុន្តែ បណ្ដឹងបរិហារនោះត្រូវបានស្ថាប័នអយ្យការតម្កល់ទុកឥតចាត់ការ ហើយក្រុមមន្ត្រីទាំងនោះបែរជាប្ដឹងបកមន្ត្រីសមាគម អាដហុក និងប្រជាពលរដ្ឋទៅតុលាការវិញ ដោយចោទពីបទញុះញង់។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា តុលាការបានដំណើរការរឿងក្តីនេះហើយ ដូច្នេះមន្ត្រីសិទ្ធិមនុស្សសមាគម អាដហុក និងប្រជាសហគមន៍ត្រូវបង្ហាញភស្តុតាងរឹងមាំ ដើម្បីដោះបន្ទុក ពេលចូលឆ្លើយបំភ្លឺនៅ ចំពោះមុខតុលាការ។ លោកជឿថា ប្រសិនបើរកមិនឃើញបទល្មើសទេ នោះតុលាការនឹងលើកលែងការចោទប្រកាន់ក្នុងសំណុំរឿងនេះ៖ «ចំពោះករណីនេះ ជាគោលការណ៍ច្បាប់ មានតែចូលរួមក្នុងដំណើរការនីតិវិធីហ្នឹងទៅ ពីព្រោះសមត្ថកិច្ចតុលាការបានចោទប្រកាន់។ អ៊ីចឹងយើងមានតែធ្វើការការពារខ្លួនក្នុងការដោះបន្ទុក ហើយប្រសិនបើតុលាការរកឃើញថា មិនមានមូលដ្ឋាន ឬធាតុផ្សំបង្កើតទៅជាបទល្មើសគ្រប់គ្រាន់ក្នុងការចោទប្រកាន់ទេ គេនឹងទម្លាក់ចោលបទចោទ»។
ទោះជាយ៉ាងណា នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត រិះគន់ចំណាត់ការរបស់តុលាការខេត្តរតនគិរីនេះថា ជាការបំភិតបំភ័យ និងបំបាក់ស្មារតីសកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនការពារព្រៃឈើ។ លោកថា ចំណាត់ការនេះហាក់ដើរផ្ទុយទៅនឹងជំហររបស់រដ្ឋាភិបាល ដែលកំពុងអនុវត្តវិធានការក្ដៅទាក់ទងនឹងបទល្មើសព្រៃឈើ។ លោកបន្តថា តុលាការគួរតែចាត់ការបណ្ដឹងបរិហាររបស់ពលរដ្ឋ ទាក់ទងនឹងបទល្មើសព្រៃឈើ តែមិនគួរមានវិធានការមកលើសកម្មជនព្រៃឈើ និងមន្ត្រីសិទ្ធិមនុស្ស ដែលប្រឹងប្រែងការពារធនធានធម្មជាតិទៅវិញនោះទេ៖ «យើងសំណូមពរតែម្តងថា ឱ្យតុលាការខេត្តរតនគិរីទម្លាក់ចោលការចោទប្រកាន់ទៅលើលោក ប៉ែន បុណ្ណារ៍ និងសហគមន៍ទាំងអស់ចោលទៅ ហើយនាំគ្នាធ្វើយ៉ាងណាទប់ស្កាត់បទល្មើសព្រៃឈើ ហើយស្វែងរកអ្នកដែលកាប់បំផ្លាញព្រៃឈើពិតប្រាកដយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ នេះបានវាមានផលរីកចម្រើន ហើយវាអាចការពារធនធានធម្មជាតិបាន»។
មន្ត្រីសិទ្ធិមនុស្សសមាគម អាដហុក លោក ប៉ែន បុណ្ណារ៍ បានជ្រើសរើសយកការដាក់បណ្ដឹងបរិហារ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ជាមធ្យោបាយតស៊ូមតិបែបថ្មី ដើម្បីជំរុញឱ្យមានដំណោះស្រាយជុំវិញរឿងបទល្មើសធនធានធម្មជាតិ ការកាប់បំផ្លាញព្រៃឈើ និងបទល្មើសឧក្រិដ្ឋមួយចំនួនទៀត។ លោកបានដាក់បណ្ដឹងបរិហារចំនួន១១ ទៅកាន់តុលាការខេត្តណា ដែលមានបទល្មើសប្រភេទនេះកើតឡើង ក៏ប៉ុន្តែមានតែករណីនៅខេត្តរតនគិរីមួយទេ ដែលលោក និងសហគមន៍រងការប្ដឹងបកពីក្រុមអ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។
ទោះជាយ៉ាងណា លោកអះអាងថា ការប្ដឹងបកនេះ នឹងគ្មានឥទ្ធិពលលើឆន្ទៈរបស់លោកក្នុងការបន្តដាក់បណ្ដឹងបរិហារបទល្មើសព្រៃឈើ និងបទឧក្រិដ្ឋដទៃទៀតនោះឡើយ។ លោកបញ្ជាក់ថា លោកកំពុងត្រៀមដាក់បណ្ដឹងបរិហារជាច្រើនករណីផ្សេងទៀត ទាក់ទងនឹងបទល្មើសធនធានធម្មជាតិ ដូចជាការចាក់លុបដីបឹង និងការរំលោភយកដីឆ្នេរសមុទ្រជាដើម៖ «ពេលដែលខ្ញុំបានចុះទៅសហគមន៍នៅខាងស្រុកខ្សាច់កណ្ដាល យើងឃើញថា មានបទល្មើសចាក់លុបដីបឹង។ ប្រជាពលរដ្ឋប្រាប់យើងច្រើនណាស់ ចាក់លុបដីបឹង យកដីព្រៃលិចទឹកច្រើន រាប់រយរាប់ពាន់ហិកតារ។ អ៊ីចឹងនេះជាកម្មវត្ថុមួយដែលយើងត្រូវគិតទៀតថា យើងនឹងត្រៀមដាក់បណ្ដឹងបរិហារលើដីបឹង ដីឆ្នេរ ឬក៏ដីព្រៃលិចទឹកថែមទៀត»។
លោក ប៉ែន បុណ្ណារ៍ គឺជាអ្នកការពារសិទ្ធិមនុស្សដ៏សកម្មមួយរូបនៃសមាគម អាដហុក ចាប់តាំងពីឆ្នាំ ១៩៩៩ រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។ លោកធ្លាប់ជាអតីតអ្នកសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរីចន្លោះពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ២០១០។ ក្នុងពេលបំពេញការងារនៅខេត្តភាគឦសានមួយនេះ លោកធ្លាប់ទទួលរងបណ្ដឹងចំនួន ៤ ដែលសុទ្ធសឹងជាការចោទប្រកាន់ពីបទញុះញង់ និងផ្សាយព័ត៌មានមិនពិត ក៏ប៉ុន្តែបណ្ដឹងទាំងនោះក្រោយមកត្រូវបានទម្លាក់ចោលវិញ។
មន្ត្រីជាន់ខ្ពស់សមាគម អាដហុក រូបនេះ ចង់ឱ្យអង្គការសង្គមស៊ីវិល សកម្មជន និងពលរដ្ឋខ្មែរទូទៅ រួមគ្នាដាក់បណ្ដឹងបរិហារឱ្យបានច្រើន ដើម្បីជំរុញដំណើរការកែទម្រង់ប្រព័ន្ធយុត្តិធម៌ឱ្យមានប្រសិទ្ធភាព និងជំរុញស្ថាប័នតុលាការអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។