មន្ត្រីពន្ធនាគារអះអាងថា មានទណ្ឌិត ៥នាក់រត់ចេញពីពន្ធនាគារខេត្តកណ្ដាល កាលពីយប់ថ្ងៃទី៩ មករា ហើយសមត្ថកិច្ចចាប់បានទណ្ឌិតម្នាក់មកវិញ។ មន្ត្រីសិទ្ធិមនុស្សយល់ថា សមត្ថកិច្ចគួរស្រាវជ្រាវឲ្យបានច្បាស់អំពីមូលនៃការរត់ចេញនេះ និងការគ្រប់គ្រងរបស់មន្ត្រីពន្ធនាគារ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារលោក នុត សាវនា ឲ្យអាស៊ីសេរីដឹងថា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដោយរៀបចំកំណត់ហេតុ វត្ថុតាង ឯកសារផ្សេងៗ និងអ្នកពាក់ព័ន្ធនៅក្នុងរឿងនេះ។ លោកមិនទាន់អាចសន្និដ្ឋានអំពីមូលហេតុនៃការរត់ចេញពីពន្ធនាគារនេះបាននៅឡើយទេ។ លោកអះអាងថា សមត្ថកិច្ចនៅទូទាំងប្រទេស កំពុងស្វែងរកចាប់ខ្លួនទណ្ឌិតទាំង ៤នាក់នោះមកឃុំខ្លួនវិញ។
ទោះជាយ៉ាងណា លោកលើកឡើងថា ទណ្ឌិតដែលរត់គេចនោះ គឺជាអ្នកទោសដែលទើបនឹងចូលថ្មី ពាក់ព័ន្ធនឹងបទល្មើសជួញដូរគ្រឿងញៀន និងលួចជាដើម៖ « ខ្ញុំមិនទាន់សន្និដ្ឋានបានទេថា មូលហេតុអីទាំងស្រុងជាផ្លូវការ ដោយសារយើងកំពុងតែធ្វើកិច្ចការនេះ។ ដំបូង ៥នាក់ ប៉ុន្តែចាប់បានម្នាក់មកវិញ អ៊ីចឹង ៤នាក់កំពុងតែរត់គេចខ្លួន នៅវេលាម៉ោងប្រហែលជា ១១យប់ ។ ពួកគាត់ទើបតែបញ្ជូនទៅឃុំនៅពន្ធនាគារទេ មិនមែនអ្នកទោសចាស់ទេ ទើបតែនាំខ្លួនទៅឃុំ។ ដោយសារវាជាករណីថ្មីថ្មោង ហើយព្រឹកមិញឯកឧត្ដមអគ្គនាយកលោកបានអញ្ជើញទៅផ្ទាល់នៅគោលដៅដើម្បីស្រាវជ្រាវរឿងនេះជាមួយសមត្ថកិច្ចពាក់ព័ន្ធ » ។
អាស៊ីសេរី មិនអាចទាក់ទងទៅប្រធានពន្ធនាគារខេត្តកណ្ដាលលោក ចាត ស៊ីនាង និងអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ដើម្បីសួរនាំបន្ថែមអំពីករណីអ្នកទោសរត់គេចខ្លួននេះបានទេ នៅថ្ងៃទី១០ មករា។ ប៉ុន្តែអភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ ប្រាប់កាសែតក្នុងស្រុកថា ដើមហេតុដំបូងឡើយ គឺអ្នកទោស បានវ៉ៃគ្នា ហើយអ្នកទោស ៥នាក់ បានហែកស័ង្កសី និងក្បឿងចាស់ៗ រត់ចេញតែម្ដង។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា អាជ្ញាធរមានសមត្ថកិច្ចគួរស៊ើបអង្កេតករណីនេះឲ្យបានច្បាស់លាស់។ លោកបន្តថា ប្រសិនបើការស៊ើបអង្កេត ពិនិត្យឃើញថា ករណីនេះ គឺជាការធ្វេសប្រហែសរបស់មន្ត្រីពន្ធនាគារ ឬឆ្មាំពន្ធនាគារនោះ ពួកគេត្រូវតែទទួលខុសត្រូវតាមច្បាប់។ លោកបន្ថែមទៀតថា មន្ត្រីពន្ធនាគារ គួរពិនិត្យមើល និងរៀបចំកន្លែងដាក់អ្នកទោសទាំងអស់ឲ្យបានត្រឹមត្រូវជាងនេះស្របតាមស្តង់ដារនៃការគ្រប់គ្រងជនជាប់ឃុំ៖ « ពន្ធនាគារគឺត្រូវតែមានការយាមកាម ត្រូវតែមានការបង្កើនការគ្រប់គ្រង និងការរៀបចំឲ្យមានជាប្រព័ន្ធគ្រប់គ្រង ឬក៏រៀបចំឲ្យមានជាកន្លែងដាក់អ្នកទោស ឬក៏កន្លែងអ្នកជាប់ឃុំហ្នឹង ឲ្យបានត្រឹមត្រូវគោរពទៅតាមស្តង់ដារ ពិសេសគឺ ស្តង់ដារ ដែលអ្វីដែលខាងពន្ធនាគារបានឯកភាពជាមួយហ្នឹងខាងអង្គការ ខាង UN ខាងអីផ្សេងៗ ដែលគេបាននិយាយអំពីស្តង់ដារនៃការគ្រប់គ្រងជនជាប់ឃុំ ដូច្នេះត្រូវតែមានការពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងពន្ធនាគារហ្នឹងឲ្យបានល្អ ឲ្យបានត្រឹមត្រូវ ជៀសវាងកុំឲ្យមានអ្នកទោស ដែលត្រូវបានរត់គេចហ្នឹង » ។
ករណីអ្នកទោសរត់គេចខ្លួនពីពន្ធនាគារនេះ គឺធ្លាប់កើតមានម្ដងរួចមកហើយកាលពីអំឡុងឆ្នាំ ២០១៩ នៅពន្ធនាគារខេត្តនេះ ដោយមានអ្នកទោសម្នាក់ ឈ្មោះ ម៉ាត ត្រេះ បានលោតចេញតាមជញ្ជាំងរបងពន្ធនាគារ ក្រោយពេលសមត្ថកិច្ចចាក់សោបន្ទប់ អនុញ្ញាតឱ្យជនជាប់ឃុំនោះ ចេញមកហាត់ប្រាណ និងងូតទឹក។ ឆ្មាំពន្ធនាគារបានឃើញ និងដេញតាមចាប់ តែអ្នកជាប់ឃុំនោះ រត់លឿន ហើយគេចខ្លួនទៅបាត់។ នៅខេត្តកំពង់ស្ពឺ ក៏ធ្លាប់មានអ្នកទោសជិត ៣០នាក់ ហែកគុកបម្រុងរត់គេចខ្លួន កាលពីអំឡុងខែមេសា ឆ្នាំ២០២០ ដោយពួកគេ បានព្រួតវាយមន្ត្រីពន្ធនាគារទាំង ៤នាក់នោះឲ្យរបួស ហើយបន្ទាប់មករត់ឡើងលើដំបូលអាគារគុក ប៉ុន្តែត្រូវមន្ត្រីនគរបាលឡោមព័ទ្ធ និងបង្ក្រាបចាប់ខ្លួនបានវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។