តុលាការ​បន្ទាយមានជ័យ​កាត់ទោស​ដាក់​គុក​ប៉េអិម​ពីរ​នាក់ ៤​ឆ្នាំ និង ៧​ឆ្នាំ ដែល​វាយ​ពលរដ្ឋ​ស្លាប់

តុលាការ​ខេត្ត​បន្ទាយមានជ័យ​ប្រកាស​សាលក្រម​នៅ​ព្រឹក​ថ្ងៃទី​១៣ មករា ដោយ​ផ្ដន្ទាទោស មន្ត្រី​កងរាជអាវុធហត្ថ​២​រូប ដាក់​ពន្ធនាគារ​ពី​៤ ទៅ​៧​ឆ្នាំ ពាក់ព័ន្ធ​នឹង​រឿង​ការ​ធ្វើ​ទារុណកម្ម​ពលរដ្ឋ​ម្នាក់​បណ្ដាល​ឱ្យ​ស្លាប់ និង​មួយ​ចំនួន​ទៀត​រង​របួស​។ ទោះជា​យ៉ាង​នេះ​ក្តី ជនរងគ្រោះ​មិន​សុខចិត្ត​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​នេះ​ទេ ហើយ​ពួកគាត់​គ្រោង​ប្ដឹង​ឧទ្ធរណ៍​បន្ត​ទៀត​។ មន្ត្រី​សង្គម​ស៊ីវិល យល់​ថា តុលាការ​គួរតែ​ផ្ដន្ទាទោស​ជន​ប្រព្រឹត្ត និង​អ្នក​ពាក់ព័ន្ធ​ឱ្យ​បាន​ធ្ងន់ធ្ងរ​ជាង​នេះ។

តុលាការ​ខេត្ត​បន្ទាយមានជ័យ​សម្រេច​ផ្ដន្ទាទោស​មេ​បញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក ស ប៊ុនសឿង ឱ្យ​ជាប់ពន្ធនាគារ ៤​ឆ្នាំ និង​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​ជនរងគ្រោះ​ចំនួន​៥​នាក់ ក្នុង​ម្នាក់​ពី ២០​លាន ទៅ ៣០​លាន​រៀល។ ចំណែក​ជំនួយការ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អាវុធហត្ថ​ខេត្ត​នេះ​គឺ​លោក ឆយ រដ្ឋនា វិញ តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​៧​ឆ្នាំ និង​បង្គាប់​ឱ្យ​បង់​ប្រាក់​សំណង​ដល់​ជនរងគ្រោះ ដែល​រង​របួស​៤​នាក់ ក្នុង​ម្នាក់​ពី ២០​លាន ទៅ ៣០​លាន​រៀល ព្រមទាំង​បង់​ប្រាក់ ៤០​លាន​រៀល​ដល់​អ្នក​ស្លាប់​។ តុលាការ​ផ្ដន្ទាទោស​មន្ត្រី​ប៉េអិម​ខេត្ត​បន្ទាយមានជ័យ​ទាំងពីរ​រូប​នេះ​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ឃុំខ្លួន​មន្ត្រី​ប៉េអិម​ទាំងពីរ​នាក់​នេះ​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ។

ទោះជា​យ៉ាង​នេះ​ក្តី ភាគី​ជនរងគ្រោះ​មិន​ទាន់​សុខចិត្ត​ចំពោះ​ការសម្រេច​នេះ​ទេ ដោយ​ពួកគាត់​ចង់​ឱ្យ​តុលាការ​កាត់ទោស​ជន​ដៃដល់​ទាំង​ពីរ​រូប​ឱ្យ​បាន​ធ្ងន់ធ្ងរ​ជាង​នេះ និង​បង្គាប់​ឱ្យ​ផ្ដល់​សំណង​បន្ថែម​ទៀត។

ជនរងគ្រោះ​មួយ​រូប លោក អាន រួន ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​១៣ មករា ថា សេចក្ដី​សម្រេច​របស់​តុលាការ​នេះ​ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួលយក​បាន​ឡើយ​។ បុរស​វ័យ​៥៩​ឆ្នាំ​រូ​បនេះ បញ្ជាក់​ថា តុលាការ​គួរតែ​ផ្ដន្ទាទោស​មន្ត្រី​ប៉េអិម​ទាំង​២​រូប​នោះ​ឱ្យ​បាន​ធ្ងន់ធ្ងរ​ជាង​នេះ និង​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​ពួក​លោក ឱ្យ​សមរម្យ​តាម​ទង្វើ​ដែល​ពួកគេ​វាយ​ធ្វើបាប​លោក។ លោក​និយាយ​ថា ជនល្មើស​បាន​វាយ​ទាត់​ធាក់ និង​ធ្វើ​ទារុណកម្ម​លោក​ដូច​សត្វ​ធាតុ បណ្ដាល​ឱ្យ​លោក​ភ្លាត់​ឆ្អឹងជំនី​ខាងស្ដាំ ហើយ​ធ្លាក់ខ្លួន​ឈឺ​មិន​អាច​ធ្វើ​ការងារ​អ្វី​បាន​ឡើយ៖ «ខ្ញុំ​ទទួល​យក​មិន​បាន ព្រោះ​អី​អយុត្តិធម៌​សម្រាប់​ខ្ញុំ​ខ្លាំង​ណាស់ ព្រោះ​ខ្ញុំ​ធ្លាក់ខ្លួន​ពិការ​មួយ​ជីវិត​ផង ណាមួយ​ខ្ញុំ​បាត់បង់​ការងារ​យ៉ាង​ច្រើន ដូច្នេះ​ខ្ញុំ​មិន​អាច​ទទួលយក​បានទេ ណាមួយ​ខ្ញុំ​ចាស់​ហើយ ខ្ញុំ​ធ្វើ​អី​ក៏​ធ្វើ​មិនកើត​ដែរ។ តុលាការ​ឱ្យ​ខ្ញុំ​សមរម្យ​ផង ណាមួយ​ខ្ញុំ​យក​លុយ​ធនាគារ​យ៉ាង​ច្រើន​មក​ធ្វើ​មើលខ្លួន​ខ្ញុំ របួស​ខ្ញុំ​នេះ​គ្មាន​គ្រូពេទ្យ​ណា​មើល​ជា​ទេ»។

ដូចគ្នា​នេះ​ដែរ ជនរងគ្រោះ​ម្នាក់ទៀត គឺ លោក នូវ នឿន ប្រាប់​ថា តុលាការ​បាន​បង្គាប់​ឱ្យ​ជនល្មើស​ផ្ដល់​សំណង​ជំងឺ​ដល់​គាត់​ចំនួន ២០​លាន​រៀល​នេះ គឺ​តិចតួច​មិន​គ្រប់​សម្រាប់​មើលជំងឺ​នោះ​ឡើយ៖ «សុំ​ឱ្យ​ច្បាប់​ហ្នឹង​ជួយ​រក​យុត្តិធម៌​ឱ្យ​ខ្ញុំ និង​អ្នក​ស្លាប់​ឱ្យ​ពិតប្រាកដ ដោយ​ថា​ប្រទេស​មាន​ច្បាប់​មាន​យុត្តិធម៌។ រយៈកាល​កន្លងមក​ដូច​ថា វា​តានតឹង​មែនទែន វា​យូរហើយ​គេ​ក្រ​ដោះស្រាយ​ឱ្យ​ពួក​ខ្ញុំ ហើយ​ដល់ពេល​ដោះស្រាយ​និយាយ​អត់​មាន​អី។ ពួក​ខ្ញុំ​អត់​មាន​តវ៉ា​នៅ​លើ​ចំណុច​ណាមួយ គ្រាន់តែ​ប្រកាស​ភ្លាម​បិទ​សវនាការ​ភ្លាម អីចឹង​ខ្ញុំ​អត់​ពេញចិត្ត​អត់​បាន​តវ៉ា»។

កាលពី​ថ្ងៃ​ទី​២៩​ធ្នូ​ឆ្នាំ​២០១៩ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​ចាប់​ប្រជាពលរដ្ឋ ៥​នាក់​យក​ទៅ​ឃុំ និង​វាយដំ បន្ទាប់ពី​ពលរដ្ឋ​ជាង ១០០​នាក់ បាន​តវ៉ា​នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ ដើម្បី​ស្នើ​សុំ​ឱ្យ​ដំណោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពួកគាត់​នៅ​ស្រុក​ស្វាយចេក ។ ករណី​ហិង្សា​កាលនោះ បាន​បណ្ដាល​ឱ្យ​តំណាង​ពលរដ្ឋ​ម្នាក់​គឺ​លោក ទុយ ស្រស់ បាន​ស្លាប់ ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក និង​ពលរដ្ឋ​៤​នាក់​ទៀត រងរបួស​ធ្ងន់ និង​ស្រាល​។ ភ្លាមៗ​នោះ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​អើពើ​ស៊ើបអង្កេត​ករណី​នេះ​ទេ បើ​ទោះ​បី​ជា​សាក្សី និង​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ហិង្សា​នោះ​ទាមទារ​រក​យុត្តិធម៌​ក៏ដោយ​។ ការ​ឃុំ​ខ្លួន​ជនល្មើស បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ស្រាវជ្រាវ​រឿង​នេះ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​លោក សឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​សម្រេច​របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ​នេះ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ ពីព្រោះ​លោក​យល់​ថា សំណុំ​រឿង​នេះ​ជា​អំពើ​ធ្វើ​ទារុណកម្ម​ដែល​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​ដូច្នេះ​តុលាការ​គួរតែ​ផ្ដន្ទាទោស​ដល់​ជន​ប្រព្រឹត្ត​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់៖ «អា​បញ្ហា​ទាំងអស់​នេះ​វា​អាច​ជះឥទ្ធិពល​ដល់​ថ្ងៃក្រោយ​ទៅ​ថា អ្នក​ទាំងអស់​ហ្នឹង​គាត់​អត់​រាងចាល ហើយ​អាច​វា​ជា​គំរូ​អាក្រក់​មួយ​ដល់​សមត្ថកិច្ច​ផ្សេងទៀត អាច​នូវ​អំពើ​បែប​នេះ​ហើយ​អាច​រួច​ពី​ការ​ទទួល​រង​ទោស​ធ្ងន់ធ្ងរ មក​មាន​ស្ថានភាព​បន្ធូរបន្ថយ​បែបនេះ អីចឹង​ទៅ។ អីចឹង​វា​ជា​ការ​បង្ហាញ​ពី​ភាព​កម្សោយ​នៃ​ការអនុវត្ត​ច្បាប់​ទៅ​លើ​មន្ត្រី​ដែល​មាន​តួនាទី​បែប​ហ្នឹង ថ្ងៃក្រោយ​វា​ចេះតែ​បន្ត​កើតហេតុ​បែប​ហ្នឹង​ទៀត»។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា ជនរងគ្រោះ​អាច​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​នេះ​បាន ប្រសិនបើ​ពួកគាត់​មិន​ពេញ​ចិត្តនឹង​សាលក្រម​របស់​តុលាការ។

ជនរងគ្រោះ គឺ លោក អាន រួន និង​លោក នូវ នឿន ឱ្យ​ដឹង​ថា ពួកគាត់​នឹង​ប្ដឹង​រក​យុត្តិធម៌​ទៅ​តុលាការ​ឧទ្ធរណ៍​បន្ត​ទៀត​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។