ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន ថ្លែងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ ថា លោក អ៊ុក កែវរតនៈ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៨ ខែមករា ហើយត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣។
អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត បញ្ជាក់ថា លោក អុក កែវរតនៈ អតីតជានាយករងរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ កន្លងទៅត្រូវក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវរកឃើញទោសកំហុស ហើយបានសម្រេចព្យួរការងារចេញពីក្របខ័ណ្ឌក្រសួងមហាផ្ទៃ អស់រយៈពេលជាងកន្លះឆ្នាំមកហើយ៖ «មែនទែន ក្រសួងមហាផ្ទៃ បានបញ្ចប់ភារកិច្ចគាត់តាំងពីខែមិថុនា ឆ្នាំ២០១៣ អគ្គាធិការរបស់ក្រសួងមហាផ្ទៃ គេចុះមកស្រាវជ្រាវទៅរកឃើញថា សន្និដ្ឋានម៉េចគេបញ្ចប់ភារកិច្ចគាត់ឲ្យទៅជាមន្ត្រីធម្មតា តាំងពីហ្នឹង គាត់មិនដែលមកធ្វើការផង»។
ទោះយ៉ាងណា ទាំងមន្ត្រីតុលាការ និងអាជ្ញាធរខេត្ត ពុំបានធ្វើការបញ្ជាក់ពិស្ដារជុំវិញនៃការចាប់ខ្លួនអតីតមន្ត្រីសាលាខេត្តនេះទេ ប៉ុន្តែ យោងតាមលិខិតជូនដំណឹងមួយនៅខែមករា ឆ្នាំ២០១៤ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ បញ្ជាក់ថា លោក អ៊ុក កែវរតនៈ មានជាប់ពាក់ព័ន្ធនឹងរឿងដីធ្លីនៅស្រុកស្វាយចេក ដែលមានពាក់ព័ន្ធជាមួយជនបរទេស និងជនជាតិខ្មែរជាច្រើននាក់ផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។