សហគមន៍ខ្មែរនៅអូស្ត្រាលីកំពុងស្វះស្វែងរកមេធាវីអន្តរជាតិដែលពូកែឱ្យជួយការពារពួកគេដើម្បីធ្វើពាក្យបណ្តឹងក្រុមហ៊ុនChevron ក្នុងករណីឃាតកម្មបណ្ឌិត កែម ឡី។ ខ្មែរនៅអូស្ត្រាលី រំពឹងថា ការស្វែងរកយុត្តិធម៌តាមមធ្យោបាយបែបនេះនឹងទទួលបានលទ្ធផល ខណៈពួកគេគ្មានជំនឿថា តុលាការនៃរបបក្រុងភ្នំពេញអាចផ្ដល់យុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី បានឡើយ។
សហគមន៍ខ្មែរនៅតែប្តេជ្ញាចិត្តថា នឹងរិះរកគ្រប់មធ្យោបាយដើម្បីស្វែងរកការពិត និងយុត្តិធម៌លោក បណ្ឌិត កែម ឡី ឱ្យទាល់តែបាន។ ចំពោះដាក់ពាក្យបណ្ដឹង តាមផ្លូវច្បាប់នេះ សហគមន៍ខ្មែរនៅអូស្ត្រាលី នឹងពឹងពាក់មេធាវីជើងខ្លាំងដែលបណ្ដឹងនេះគឺធ្វើឡើងជាលក្ខណៈអន្តរជាតិ។
ប្រធានសហព័ន្ធខ្មែរសាជីវកម្ម លោក ហុង លីម ឱ្យអាស៊ីសេរីដឹងថា ខ្មែរនៅអូស្ត្រាលីបានពិភាក្សាជាមួយអ្នកច្បាប់ និងអ្នកយោបាយនៅអូស្ត្រាលី រកឃើញថា តាមច្បាប់នៅប្រទេសអូស្ត្រាលី និងច្បាប់អន្តរជាតិ ពួកគេអាចដាក់ពាក្យក្រុមហ៊ុន Chevron ដែលធ្វេសប្រហែសបណ្ដាលលោក កែម ឡី ត្រូវឃាតកបាញ់សម្លាប់៖ «ចោទថា ដោយសារក្រុមហ៊ុននេះធ្វេសប្រហែសហ្នឹងហើយគ្មានការប្រុងប្រយ័ត្នមិនបានយកចិត្តទុកដាក់ទើបបានលោកបណ្ឌិត កែម ឡី ស្លាប់នៅកន្លែងអ្នកឯងដូច្នេះក្រុមហ៊ុនត្រូវទទួលខុសត្រូវរឿងហ្នឹង»។
អតីតសមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែររូបនេះ ឱ្យដឹងទៀតថា ចំណុចទី២ ដែលសហគមន៍ខ្មែរ គ្រោងប្តឹងនោះគឺទាមទារឱ្យក្រុមហ៊ុនChevron ផ្ដល់ភស្តុតាង ឯកសារពាក់ព័ន្ធនានា និងវីដេអូពីកាមេរាសុវត្ថិភាពក្នុងស្ថានីយប្រេងសាំងកាល់តិច ដែលនៅទីនោះលោក កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់កាលពីជាងបីឆ្នាំមុន។
ចំពោះការរៀបចំពាក្យបណ្តឹងលោក ហុង លីម បញ្ជាក់ថា ពេលនេះសហគមន៍ខ្មែរកំពុងជជែកគ្នាដើម្បីសម្រេចថា គួរឱ្យភរិយាលោក កែម ឡី ដាក់ពាក្យប្ដឹងឬសហគមន៍ខ្មែររួមគ្នាដាក់ពាក្យបណ្ដឹង៖ «យើងអ្នកអត់មានឈឺក្បាលទេ អ្នកណាធ្វើអីគេបង្ខំសម្លុតគំរាមយកភស្តុតាងដែលអ្នកណាជាសម្លាប់លោក កែម ឡី យើងចោទថា ក្រុមហ៊ុនធ្វេសប្រហែសទៅប្រគល់ឱ្យគេ ( សមត្ថកិច្ច ) គឺខុសមិនអាចទទួលយកបានទេ ការពិនិត្យជាអន្តរជាតិការស៊ើបអង្កេតអន្តរជាតិត្រូវប្រគល់ភស្តុតាងនោះមកឱ្យយើង ( សហគមន៍ខ្មែរនៅអូស្ត្រាលី )»។
ក្រៅពីគ្រោងប្ដឹងក្រុមហ៊ុន Chevron លោក ហុង លីម ឱ្យដឹងទៀតថា សហគមន៍ខ្មែរក៏គ្រោងស្នើសុំឱ្យលោក សម រង្ស៊ី ផ្តល់ភស្តុតាងដែរលោកទទួលបានពីក្រុមហ៊ុន Chevron ជូនដល់សហគមន៍ខ្មែរនៅអូស្ត្រាលី ព្រោះលោក ហុង លីម ថាលោកនៅចាំបានថា លោក សម រង្ស៊ី ធ្លាប់លើកឡើងថា លោកបានទទួលភស្តុតាងមួយចំនួនពីក្រុមហ៊ុន Chevron៖ «ស្នើសុំទៅលោក សម រង្ស៊ី ថា ឱ្យគាត់ជួយយើងក្នុងការស៊ើបអង្កេតជាអន្តរជាតិហ្នឹងឱ្យគាត់ប្រគល់ភស្តុតាងហ្នឹងមកដូច្នេះអ្វីដែលអ្នកឯងមានហ្នឹងឱ្យទៅលោក សម រង្ស៊ី ច្បាស់ជាមានកូពី ( ថតចម្លង ) អាចឱ្យមកយើងបានហើយដូច្នេះយើងត្រូវយកអាហ្នឹងមួយទៀត»។
ទាក់ទងសំណើរលោក ហុង លីម នេះអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបពីលោក សម រង្ស៊ី បាននៅឡើយទេនៅថ្ងៃទី៦ ខែសីហា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
តុលាការអាមេរិកនៅរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក បានកាត់ក្ដីឲ្យលោក សម រង្ស៊ី ឈ្នះក្រុមហ៊ុន Chevron ដែលជាមេក្រុមធំរបស់ក្រុមហ៊ុនសាំងកាល់តិច ដោយតុលាការបានតម្រូវឱ្យក្រុមហ៊ុននេះ ប្រគល់ឯកសារភស្តុតាង ដែលខ្លួនមាន ទៅឱ្យទៅលោក សម រង្ស៊ី។
មេធាវីការពារក្តីឱ្យលោក សម រង្ស៊ី លោក លោក ន័រ ហេហ្គី (Noah Hagey) ធ្លាប់បានប្រាប់អាស៊ីសេរីថា ក្រោយលោក សម រង្ស៊ី បានឈ្នះក្តីលើក្រុមហ៊ុន Chevron តុលាការអាមេរិកបានតម្រូវឱ្យក្រុមហ៊ុនមួយនេះ បញ្ចេញនូវឯកសាររាប់រយទំព័រ ជុំវិញករណីឃាតកម្មលោក កែម ឡី ។ លោកបន្តថា សារសំខាន់នៃឯកសារភស្តុតាងផ្ដល់ឱ្យដោយក្រុមហ៊ុននេះ បង្ហាញឱ្យឃើញថា ក្រុមហ៊ុនបានផ្តល់នូវខ្សែអាត់វីដេអូថតបាន ទៅឱ្យរបបក្រុងភ្នំពេញក្នុងនោះរួមមានប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ថតពីកាមេរាវីដេអូចំនួន ១៤ កាមេរ៉ា ក្នុងថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នៅពេលលោក កែម ឡី ត្រូវគេធ្វើឃាត។ ប៉ុន្តែ លោកមេធាវី ថា អាជ្ញាធរកម្ពុជា បានព្យាយាមបិទបាំងព័ត៌មានពិតប្រាកដនៅពីក្រោយហេតុការណ៍ឃាតកម្មលោក កែម ឡី និងបានធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ ដោយសារតែមិនបញ្ចេញខ្សែអាត់វីដេអូទាំងស្រុងជុំវិញករណីនេះ។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ធ្លាប់អះអាងប្រាប់អាស៊ីសេរីថា ភស្តុតាងដែលក្រុមហ៊ុន Chevron ផ្ដល់ឱ្យនេះ អាចបញ្ជាក់បន្ថែមថា របបលោក ហ៊ុន សែន ជាអ្នកនៅពីក្រោយសំណុំរឿងឃាតកម្មមួយនេះ។
លោក កែម ឡី អ្នកវិភាគហ៊ានរិះគន់របបក្រុងភ្នំពេញឥតសំចៃមាត់ ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់លោក នៅហាងលក់ទំនិញ (Star Mart) ក្នុងស្ថានីយប្រេងឥន្ធនៈ កាល់តិច (Caltex) ជាប់ស្តុបបូកគោ ដែលស្ថានីយប្រេងនេះ ជារបស់ក្រុមហ៊ុន Chevron មានការិយាល័យកណ្ដាលនៅអាមេរិក។ ជាងបីឆ្នាំមកនេះ តុលាការនៃរបបក្រុងភ្នំពេញបានផ្ដន្ទាទោស ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ តែម្នាក់គត់ ឱ្យជាប់គុកអស់មួយជីវិត ដែលតុលាការចោទថា បុរសម្នាក់នេះ ជាអ្នកបាញ់សម្លាប់លោក កែម ឡី។
សមាជិកសភាអូស្ត្រាលីមកពីគណបក្សពលករលោក ជូលៀន ហ៊ីល (Julian Hill) ចោទប្រកាន់ថា សមត្ថកិច្ច និងព្រះរាជអាជ្ញារបស់កម្ពុជា មិនបានស៊ើបអង្កេតករណីឃាតកម្មនេះឱ្យបានពេញលេញនោះទេ។ លោកអះអាងថា លោកនឹងទាមទារជាផ្លូវការ ទៅរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីឱ្យ ជំរុញទៅរបបក្រុងភ្នំពេញ ឱ្យស៊ើបអង្កេតពេញលេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។