មន្ត្រីច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងអ្នកវិភាគថា សេចក្ដីសម្រេចលុបចោលលិខិតឆ្លងដែនរបស់មន្ត្រីបក្សប្រឆាំង ពីសំណាក់រដ្ឋាភិបាលកម្ពុជា គឺជាទង្វើផ្ទុយពីច្បាប់។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសកម្ពុជា ថ្មីៗនេះបានចេញសេចក្តីប្រកាសលុបចោលលិខិតឆ្លងដែនមន្ត្រីបក្សប្រឆាំងជាង ១០រូប ដែលកំពុងរស់នៅនិរទេសខ្លួន ដើម្បីរារាំងពួកគេមិនឱ្យអាចវិលចូលមកកម្ពុជាវិញបាន។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងនាទីចុងក្រោយ ដើម្បីទប់ស្កាត់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនឱ្យធ្វើមាតុភូមិនិវត្តន៍បាននៅថ្ងៃទី៩ វិច្ឆិកា របបក្រុងភ្នំពេញបានសម្រេចលុបចោល ឬធ្វើមោឃភាពលិខិតឆ្លងដែនរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ១២រូប។
នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិទទួលបន្ទុកកិច្ចការតំបន់អាស៊ី លោក ប្រ៊េដ អាដាម (Brad Adams) ហៅការដកហូតសិទ្ធិកាន់កាប់លិខិតឆ្លងដែនរបស់មន្ត្រីគណបក្សសង្គ្រោះជាតិទាំង១២រូប ពីសំណាក់អាជ្ញាធរកម្ពុជានោះថា ជាអំពើខុសច្បាប់៖ «គេមិនអាចធ្វើដូច្នេះបានទេក្រោមច្បាប់អន្តរជាតិ ព្រោះវាជារឿងខុសច្បាប់ទាំងស្រុង។ អ្នកមិនអាចមោឃភាព ឬលុបចោលលិខិតឆ្លងដែនបានទេ ជាពិសេសនៅពេលម្ចាស់លិខិតឆ្លងដែននោះ មិនមានសញ្ជាតិផ្សេងទៀត»។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា មូលហេតុដែលក្រសួងការបរទេសកម្ពុជាលុបចោលសិទ្ធិកាន់កាប់លិខិតឆ្លងដែនរបស់មន្ត្រីបក្សប្រឆាំងទាំង១២នាក់នោះ គឺដោយសារពួកគេជាជនក្បត់ជាតិ៖ «បើអ្នកឯងជាក្រុមឧទ្ទាមហើយអ្នកឯងមានសិទ្ធិអីមកប្រើលិខិតឆ្លងដែនរបស់ព្រះរាជាណាចក្រកម្ពុជាទៀត ពីព្រោះលិខិតឆ្លងដែនចេញដោយរដ្ឋាភិបាលកម្ពុជា ដែលអ្នកឯងអត់ទទួលស្គាល់ អ៊ីចឹងមានខុសអី ?»។
ប៉ុន្តែសម្រាប់លោក ប្រ៊េដ អាដាម វាពិតជាខុស ។ មន្ត្រីច្បាប់សិទ្ធិមនុស្សអន្តរជាតិរូបនេះបញ្ជា្កក់ថា ទាំងការចោទប្រកាន់ពីទោសក្បត់ជាតិ ទាំងការលុបចោលសិទ្ធិកាន់កាប់លិខិតឆ្លងដែនរបស់ពួកគេ គឺផ្ទុយពីច្បាប់ទាំងអស់៖ «ក្នុងករណីនេះគ្មាននរណាម្នាក់ប្រព្រឹត្តអំពើក្បត់ជាតិដូចការចោទប្រកាន់នោះទេ។ ប៉ុន្តែឧបមាថា ពួកគេទាំង១២នាក់នោះបានប្រព្រឹត្តអំពើក្បត់ជាតិទៅចុះ។ ឧទាហរណ៍ថា ពួកគេបានលួចព័ត៌មានសំងាត់ទាក់ទងនឹងសន្តិសុខជាតិ ហើយផ្ដល់ទៅឱ្យខ្មាំងសត្រូវរបស់ប្រទេសកម្ពុជា។ បើដូច្នេះមែន យោងតាមច្បាប់ ពួកគេត្រូវចោទប្រកាន់ពីទោសឧក្រិដ្ឋ និងត្រូវជំនុំជម្រះក្តីដោយយុត្តិធម៌ ហើយត្រូវផ្ដន្ទាទោសប្រសិនបើមានភស្តុតាងបញ្ជាក់បង្ហាញពីពិរុទ្ធភាពរបស់ពួកគេមែន។ ប៉ុន្តែមិនត្រូវដកលិខិតឆ្លងដែនរបស់ពួកគេរបៀបនេះទេ ពីព្រោះគ្មានច្បាប់ណាអនុញ្ញាតដូច្នេះឡើយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ១២រូប ដែលក្រសួងការបរទេសកម្ពុជាលុបចោលសិទ្ធិកាន់កាប់លិខិតឆ្លងដែននោះ មាន៖ អ្នកស្រី មូរ សុខហូរ លោក ហូរ វ៉ាន់ លោក អេង ឆៃអ៊ាង លោក ឡុង រី លោក ម៉ម ផល្លា លោក ស ចាន់ដេត លោក គង់ សាភា លោក ហេង ដាណារ៉ូ លោក វណ្ណ ណាឬទ្ធ លោក ញឹម គិមញ៉ុល លោក អ៊ីសា អូស្មាន និងលោក ដាង ចំរើន។
ក្រសួងការបរទេសកម្ពុជា បានផ្ញើលិខិតស្ដីពីការលុបចោលលិខិតឆ្លងដែនរបស់មន្ត្រីបក្សប្រឆាំងទាំង១២រូបនេះ ទៅកាន់ស្ថានទូតបរទេសនៅក្នុងប្រទេសកម្ពុជា និងស្ថានទូតខ្មែរទាំងអស់នៅក្រៅប្រទេស។
លិខិតជូនដំណឹងនេះចុះកាលបរិច្ឆេទ ថ្ងៃទី៦ វិច្ឆិកា និងបញ្ជាក់ថា ជាការប្រញាប់ ប៉ុន្តែទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៨ វិច្ឆិកា។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រតិកម្មខ្លាំងៗថា ការដកហូតសិទ្ធិកាន់កាប់លិខិតឆ្លងដែនរបស់លោកនេះ ជាការរំលោភរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។ លោកថា ទង្វើនេះប្រៀបដូចការដកហូតសញ្ជាតិខ្មែររបស់លោកអ៊ីចឹងដែរ៖ «វារំលោភច្បាប់កំពូលរបស់ជាតិ ដកសញ្ជាតិពីជាតិសាសន៍ខ្លួនឯង យើងខ្ញុំអត់បានធ្វើអីខុសចំពោះប្រទេសជាតិទេ។ ទោះបីគេមានចេតនាមិនចង់ឱ្យពួកយើងខ្ញុំធ្វើដំណើរក្រៅប្រទេសក៏ដោយ ប៉ុន្តែមិនអាចរារាំងបានទេ ព្រោះយើងខ្ញុំមានឯកសារផ្សេងៗទៀត។ ទោះនរណាក៏ដោយ គេមិនដែលដកសញ្ជាតិ ដកលិខិតឆ្លងដែន ដកសិទ្ធិនូវការប្រើប្រាស់លិខិតឆ្លងដែនដូចរបបលោក ហ៊ុន សែន ទេបាទ»។
ទោះជាយ៉ាងណា សម្រាប់អ្នកវិភាគនយោបាយចាស់វស្សាបណ្ឌិត ឡៅ ម៉ុងហៃ ការដែលរដ្ឋាភិបាលមួយដកហូតសិទ្ធិប្រើប្រាស់លិខិតឆ្លងដែនរបស់ពលរដ្ឋខ្លួន មិនមែនជារឿងចម្លែកទេ។ លោកថា មានករណីខ្លះ ដូចជា ពលរដ្ឋដែលកាន់លិខិតឆ្លងដែននោះបានប្រព្រឹត្តអំពើភេរវកម្ម ឬឧក្រិដ្ឋកម្មប្រឆាំងនឹងរដ្ឋាភិបាលខ្លួនពីក្រៅប្រទេស ហើយរដ្ឋាភិបាលមិនអាចកោះហៅ ឬនាំខ្លួនមកដាក់ទណ្ឌកម្មបាន៖ «តាមដឹងមានរដ្ឋាភិបាលគេដកហូត ឬលុបចោលលិខិតឆ្លងដែនពីប្រជាពលរដ្ឋគេដែលនៅក្រៅប្រទេស ធ្វើដំណើរនៅក្រៅប្រទេស ហើយពាក់ព័ន្ធនឹងសកម្មភាពប្រឆាំងរដ្ឋាភិបាល ដែលរដ្ឋាភិបាលទាំងនោះ មិនអាចកោះហៅមកដាក់ទណ្ឌកម្ម ឬក៏មិនចង់ដាក់ទណ្ឌកម្ម គឺឱ្យនៅក្រៅប្រទេសតែម្ដង»។
ក៏ប៉ុន្តែ បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា ការដកហូតសិទ្ធិប្រើប្រាស់លិខិតឆ្លងដែនរបស់ពលរដ្ឋណាម្នាក់ចាំបាច់ត្រូវមានមូលដ្ឋានច្បាប់ត្រឹមត្រូវ ពោលគឺត្រូវមានច្បាប់ ធ្វើតាមច្បាប់ និងសម្រេចដោយតុលាការ៖ «ការដកហូតនេះ នៅក្នុងប្រទេសអនុវត្តនីតិរដ្ឋត្រឹមត្រូវ គេត្រូវមានច្បាប់ចែងអំពីអ្នកកាន់លិខិតឆ្លងដែន ដូចជាត្រូវបាត់សិទ្ធិទទួលបានលិខិតឆ្លងដែនហ្នឹងក្នុងករណីណាខ្លះជាក់លាក់អីចឹងទៅ។ (ជីវិតា៖ តែបើនៅក្នុងស្រុកមួយដែលអត់មានច្បាប់ ហើយប្រសិនមានភាពចាំបាច់ត្រូវដកហូតលិខិតឆ្លងដែនហ្នឹង ត្រូវឆ្លងកាត់តុលាការទេ?)។ បាទ ប្រទេសដែលមាននីតិរដ្ឋហ្នឹងត្រូវឆ្លងកាត់តាមតុលាការ មិនមែនរដ្ឋាភិបាលហ្នឹងអត្តនោម័តិម្នាក់ឯងបានទេ ថា អ្នកណុងមានទោសកំហុសអីខ្លះ ដែលគួរឱ្យដកហូតលិខិតឆ្លងដែនហ្នឹង។
ករណីសម្រេចដកហូតសិទ្ធិកាន់កាប់ និងប្រើប្រាស់លិខិតឆ្លងដែនរបស់មន្ត្រីបក្សសង្គ្រោះជាតិទាំង១២រូបកន្លងទៅនេះ ធ្វើឡើងត្រឹមក្រសួងការបរទេសកម្ពុជា ដោយមិនឃើញមានយោងទៅលើច្បាប់ណាឡើយមួយឡើយ ហើយក៏មិនបានឆ្លងកាត់តុលាការដែរ។
ច្បាប់ស្ដីពីសញ្ជាតិចែងថា មានតែពលរដ្ឋខ្មែរទេទើបមានសិទ្ធិកាន់កាប់លិខិតឆ្លងដែន។ ចំណែករដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៣៣ ចែងថា៖ ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬ ចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯបរទេស ត្រូវបានរដ្ឋគាំពារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។