តុលាការសម្រេចផ្ដន្ទាទោសសមាជិកព្រឹទ្ធសភាបក្សប្រឆាំងដាក់ពន្ធនាគារ១ឆ្នាំ៦ខែ
2016.11.17
តុលាការក្រុងភ្នំពេញ សម្រេចផ្ដន្ទាទោសសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ដាក់ពន្ធនាគារ ១ឆ្នាំកន្លះ និងពិន័យជាប្រាក់ចូលរដ្ឋ ៨លានរៀល ទាក់ទងនឹងបណ្ដឹងរបស់លោក ហ៊ុន សែន។ ទោះបីជាគ្មានជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ក៏ដោយ មេធាវីការពារក្ដីឲ្យមន្ត្រីបក្សប្រឆាំងថា នឹងប្ដឹងទាស់សេចក្ដីសម្រេចនេះ ទៅសាលាឧទ្ធរណ៍តាមនីតិវិធីអមដោយភស្តុតាងដោះបន្ទុកផង។
ការប្រកាសផ្ដន្ទាទោស អ្នកស្រី ថាក់ ឡានី ក្រោមបទចោទថា ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ដល់សន្តិសុខសង្គមនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ធ្វើឡើងនៅមុខមេធាវីតំណាងឲ្យដើមបណ្ដឹងលោក ហ៊ុន សែន គឺលោក គី តិច មេធាវីការពារក្ដី លោក សំ សុគង់ និងស្វាមីអ្នកស្រី ថាក់ ឡានី។
ក្រៅពីប្រកាសផ្ដន្ទាទោសអ្នកស្រី ថាក់ ឡានី ដាក់ពន្ធនាគារ ១ឆ្នាំ ៦ខែ ពិន័យប្រាក់បង់ចូលរដ្ឋ ៨លានរៀល ចៅក្រម អ៊ី ឋាវរៈ ក៏តម្រូវឲ្យមន្ត្រីបក្សប្រឆាំងរូបនេះសងជំងឺចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ១០០រៀល និងចេញដីកាតាមចាប់ខ្លួនទៅឃុំតាមផ្លូវច្បាប់។
ក្រោយពីស្ដាប់ការប្រកាសសាលក្រមនេះ ស្វាមីអ្នកស្រី ថាក់ ឡានី លោក ឈុន ប៊ុនសាន មិនជឿថា ភរិយារបស់លោកហ៊ាននិយាយថា លោក ហ៊ុន សែន ទៅបាញ់សម្លាប់លោក កែម ឡី នោះទេ។ លោកផ្ដល់សិទ្ធិឲ្យមេធាវីការពារក្ដីបន្តរឿងនេះទៅតុលាការជាន់ខ្ពស់៖ «បាទ! ខ្ញុំថាកាត់តមិនកាត់ត តែខ្ញុំស្ដាប់ទៅវាអន់ត្រង់ថា គាត់និយាយថា ហ៊ុន សែន ទៅបាញ់ កែម ឡី។ វាអន់ត្រង់ហ្នឹង មិនដែលនឹកឃើញថា គាត់ហ៊ានថាដល់ប៉ុណ្ណឹង»។
លោក ឈុន ប៊ុនសាន ឲ្យដឹងថា នៅពេលអ្នកស្រី ថាក់ ឡានី កំពុងរស់នៅប្រទេសស៊ុយអែត ក្រោមសិទ្ធិជ្រកកោនផ្នែកនយោបាយ។ ការភៀសខ្លួនទៅក្រៅប្រទេសនេះ បន្ទាប់ពីតុលាការក្រុងភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួនបំភ្លឺកាលពីខែសីហា ជុំវិញពាក្យបណ្ដឹងលោក ហ៊ុន សែន ប្ដឹងអ្នកស្រី ថាក់ ឡានី និងលោក សម រង្ស៊ី ចំពោះការចោទប្រកាន់ថា លោក ហ៊ុន សែន ជាអ្នកនៅពីក្រោយនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី។ ជុំវិញរឿងនេះ មន្ត្រីគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល យល់ឃើញថា អ្វីដែលរដ្ឋាភិបាលគួរធ្វើ គឺពន្លឿនការរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី និងក្រុមគ្រួសារ ដើម្បីបង្ហាញភាពស្អាតស្អំរបស់ខ្លួន និងបំបាត់ការចោទប្រកាន់នានា របស់សាធារណជន។
ទាក់ទងនឹងសំណួរទៅលោក សំ សុគង់ ថាហេតុអ្វីបានជាមិនបង្ហាញភស្តុតាងដោះបន្ទុកក្នុងដំណាក់កាលការពារក្ដីនៅសាលាដំបូង លោក សំ សុគង់ ឆ្លើយថា ការមិនបង្ហាញភស្តុតាងដោះបន្ទុកនៅក្នុងបន្ទប់សវនាការសាលាដំបូង ដោយសារលោកមិនទុកចិត្តការសម្រេចរបស់តុលាការជាន់ទាបមួយនេះ។ មេធាវីរូបនេះថា នឹងបង្ហាញឃ្លិប វីដេអូ ដោះបន្ទុកអ្នកស្រី ថាក់ ឡានី នៅពេលរឿងនេះដល់ដៃចៅក្រមនៅសាលាឧទ្ធរណ៍៖ «ដោយសារភស្តុតាងហ្នឹង ពេលខ្លះយើងមានហើយ យើងមិនបានរៀបចំ ឬក៏មិនទាន់ដាក់ធ្វើមានរបៀបល្អទី១ ហើយទី២ យើងសង្ឃឹមនៅតុលាការជាន់ខ្ពស់ច្រើនជាងតុលាការជាន់ទាប ដោយសារតុលាការជាន់ទាបនេះ សេចក្ដីសម្រេចនឹងមិនសូវជាមានក្ដីសង្ឃឹមក្នុងពិនិត្យភស្តុតាងប៉ុន្មាននោះទេ»។
ទោះបីជាដឹងថា ប្រព័ន្ធតុលាការនៅកម្ពុជា ជាឧបករណ៍របស់បក្សអំណាចក្ដី លោកមេធាវី សំ សុគង់ មិនរុញរាទេ ក្នុងការប្ដឹងទាស់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទៅតុលាការជាន់ខ្ពស់បន្តទៀត៕