មេខ្លោង​ឆបោក​ជនជាតិ​ចិន​មាន​សញ្ជាតិ​ខ្មែរ​ម្នាក់​ ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់ខ្លួន​ពី​បទ​បើក​បន​ល្បែង​ឆបោក​ខុស​ច្បាប់

0:00 / 0:00

អាជ្ញាធរ​នៃ​ប្រទេស​ថៃ​ថ្មីៗ​ នេះ​អះអាង​ថា បាន​ឃាត់​អ្នកជំនួញ​ឆបោក​ជនជាតិ​ចិន ​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ម្នាក់​តាម​ដីកា​របស់​ប៉ូលិស​អន្តរជាតិ​អាំងទែប៉ូល (Interpol)​។ មេខ្លោង​ឧក្រិដ្ឋជន​ជនជាតិ​ចិន​រូប​នោះ ​គឺជា​ទណ្ឌិត​បាន​រត់គេច​ខ្លួន​ពី​ការអនុវត្ត​ទោស​នៅ​ប្រទេស​ចិន ហើយ​មក​បើកមុខ​ជំនួញ​អាជីវកម្ម​បន​ល្បែង​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online) នៅក្នុង​តំបន់​ប្រទេស​អាស៊ីអាគ្នេយ៍​ ក្នុង​នោះ​រួមមាន​ទាំង​នៅ​កម្ពុជា​ផង​។ អ្នកឃ្លាំមើល​ថា ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ស្វាគមន៍​វិនិយោគិន​ជា​ជន​ជាតិចិន​មានទោស​ឧក្រិដ្ឋ​បែបនេះ គឺ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេសជាតិ និង​ជា​រឿង​ដែល​គួរ​ឱ្យ​អាម៉ាស់​សម្រាប់​រដ្ឋាភិបាល។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា រិះគន់​ថា រដ្ឋាភិបាល លោក ហ៊ុន សែន អសមត្ថភាព​នៅក្នុង​ការ​ស្រាវជ្រាវ​ឱ្យ​បាន​ស៊ីជម្រៅ​ចំពោះ​អ្នកជំនួញ​បរទេស ជាពិសេស​ អនុញ្ញាត​ឱ្យ​ជនជាតិ​ចិន​ចូល​មក​រកស៊ី​លើទឹក​ដី​ខ្មែរ ទាំង​ដែល​ពួកគេ​មួយចំនួន​មានឈ្មោះ​ជា​ឧក្រិដ្ឋជន ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋកម្ម​។​

​អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើង​ថា ករណី​ជនជាតិ​ចិន​ ដែល​មាន​ប្រវត្តិ​រឿងរ៉ាវ​អាស្រូវ​ជា​អ្នក​ជាប់ទោស​ពី​បទ​ឧក្រិដ្ឋ​ណាមួយ​នោះ រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​បណ្តោយ​ឱ្យ​មាន​វត្ត​មាន​ចូល​មក​វិនិយោគទុន​នៅ​លើ​ទឹកដី​កម្ពុជា​ឡើយ​។ លោក​ជឿជាក់​ថា អ្នក​វិនិយោគិន​ជនជាតិ​ចិន ​ដែល​ជាប់​ឈ្មោះ​ជា​ឧក្រិដ្ឋជន ហើយ​ចូល​មក​ធ្វើ​ជំនួញ​នៅ​កម្ពុជា​នេះ គឺ​ពួកគេ​គិតតែ​ផលប្រយោជន៍​ពង្រីក​អាជីវកម្ម​ខុសច្បាប់​របស់​ពួកគេ​តែប៉ុណ្ណោះ ពោល​គឺ​គេ​មិន​បាន​ខ្វាយខ្វល់​ពី​ការគោរព​អភិបាលកិច្ច​ល្អ និង​ជួយ​ជំរុញ​ឱ្យ​ចរន្ត​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើយ​៖ «​ហើយ​បើ​យើង​នៅតែ​បន្ត​យក​បុគ្គល [​ អ្នកវិនិយោគ ] ជា​ឧក្រិដ្ឋជន ព្រោះ​ឧក្រិដ្ឋជន​អត់​ដែល​មាន​ចិត្តល្អ មានគំនិត ដើម្បី​ធ្វើ​ឱ្យ​ប្រទេសជាតិ ឬ​តំបន់​ខ្លួន​រកស៊ី​វិនិយោគ​ហ្នឹង ដាក់​នៅ​ចំណុច​ណា គឺ​គិតតែ​លើ​ចំណុច​មួយ​តែ​ផល​ចំណេញ​របស់​ខ្លួន​។ បើ​និយាយ​ពី​ផល​ប៉ះពាល់​ប្រទេសជាតិ​ទៀត ជាតិ​នឹង​ជួប​បញ្ហា​កិច្ច​សហប្រតិបត្តិការ ឬក៏​ការ​វិនិយោគ​ពី​ខាងក្រៅ ដែល​មាន​គុណភាព​ មានដូចជា សហភាព​អឺរ៉ុប (EU) ប្រទេស​ក្នុង​អាស៊ី ជប៉ុន (Japan) កូរ៉េ (Korea) ឬ​អាមេរិក (US) ជាដើម​ហ្នឹង គេ​ក៏​ពិនិត្យពិច័យ​ ដែល​មុននឹង​គេ​សម្រេច​ដាក់​ការ​វិនិយោគ​ក្នុង​កម្រិត​ធំៗ​ នៅ​កម្ពុជា» ។

ប្រតិកម្ម​នេះ​របស់​អ្នក​សិក្សា​ផ្នែក​ច្បាប់​រូប​នេះ ធ្វើឡើង​ក្រោយពី​អាជ្ញាធរ​ថៃ​បាន​ឃាត់ខ្លួន​មេខ្លោង​ឆបោក​ជនជាតិ​ចិន​ ដែល​មាន​សញ្ជាតិ​ខ្មែរ​ម្នាក់​គឺ លោក ហ្ស៊ី ហ្ស៊ីជាំង (She Zhijiang) ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ខុសច្បាប់​របស់​លោក​គឺ​ផ្នែក​វិស័យ​បន​ល្បែង​ឆបោក​នៅ​កម្ពុជា និង​នៅ​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​មួយចំនួន​ទៀត។

កាសែត​បាងកក​ប៉ុស្តិ៍ (Bangkok Post) បាន​ស្រង់​សម្តី​មន្ត្រី​ប៉ូលិស​ថៃ​ ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន អា អេ​ហ្វ ប៉េ AFP កាលពី​ថ្ងៃទី​១៣ សីហា​ថា ព្រះរាជអាជ្ញា​នឹងដាក់​សំណើ​ការចាប់ខ្លួន​លោក ហ្ស៊ី ហ្ស៊ីជាំងបណ្តោះអាសន្ន​បញ្ជូន​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​នៅ​សប្តាហ៍​ក្រោយ។ ប៉ូលិស​ថៃ​ថា លោក ហ្ស៊ី ហ្ស៊ីជាំង ត្រូវ​បញ្ជូន​ទៅ​មន្ទីរឃុំឃាំង​អន្តោប្រវេសន៍​កាលពី​យប់​ថ្ងៃទី​១០ ខែសីហា ដោយ​រង់ចាំ​ការ​ស្នើ​​​​សុំ​ធ្វើ​បត្យាប័ន ពោល​គឺ​អាជ្ញាធរ​ថៃ​នឹង​រៀបចំ​បន្ត​នីតីវិធី​ប្រគល់​ជនល្មើស​ជន​ទៅ​ឱ្យ​ប្រទេស​ចិន​ដើម្បី​បន្ត​ការ​ជំនុំជម្រះ​ក្ដី និង​ដាក់ទោស​លោក ហ្ស៊ី ហ្ស៊ី​ជាំ​ង ដែល​ស្របតាម​សន្ធិសញ្ញា​នៃ​កិច្ចព្រមព្រៀង​ការ​ស្នើ​ធ្វើ​បត្យាប័ន​រវាង​ប្រទេស​ថៃ និង​ចិន។

សេចក្តី​ជូនដំណឹង​របស់​ប៉ូលិស​អន្តរជាតិ (Interpol) ចេញ​ផ្សាយ​នៅ​ខែ​ឧសភា ឆ្នាំ​២០២១ ដែល​ភ្នាក់ងារ​សារព័ត៌មាន អា អេហ្វ ប៉េ AFP ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា លោក ហ្ស៊ី ហ្ស៊ីជាំង កំពុង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​​ពី​បទ​ព្រហ្មទណ្ឌ​នៅ​តុលាការ​ប្រទេស​ចិន ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ជំនួញ​ផ្នែក​លើ​វិស័យ​កាស៊ីណូ​ខុសច្បាប់ ដែល​អាច​ប្រឈមមុខ​នឹង​ការ​ផ្តន្ទាទោស​ដាក់គុក​ ១០​ឆ្នាំ។ ប្រភព​ដដែល​ឱ្យដឹងទៀតថា ក្នុង​ចន្លោះ ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២១ ឧក្រិដ្ឋជន​មេខ្លោង​ឆបោក​រូប​នេះ បាន​ឃុបឃិត​ជាមួយ​វិនិយោគិន​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ី​គ្នេ​យ៍ ដើម្បី​ចុះបញ្ជី​ក្រុមហ៊ុន​បង្កើត​វេទិកា​ល្បែងស៊ីសង​អនឡាញ (Online) ខណៈ​ចំណូល​ដែល​លោក ហ្ស៊ី ហ្ស៊ីជាំង បាន​ចំណេញ​ពី​អាជីវកម្ម​ខុសច្បាប់​នេះ មាន​ទំហំ​ទឹកប្រាក់​ច្រើនជាង ២២,២​លាន​ដុល្លារ​អាមេរិក។

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ចិន​កុម្មុយនិស្ត​ប្រកាស​កាល​ពី​ឆ្នាំ​២០២០​ថា លោក ហ្ស៊ី ហ្ស៊ីជាំង បាន​រត់​គេច​ខ្លួន​ពី​ប្រទេស​ចិន​តាំង​ពី​ឆ្នាំ​២០១២ ដោយសារតែ​លោក​ប្រឈម​នឹង​ការអនុវត្ត​ទោស​នៅ​ប្រទេស​ចិន ក្រោយពី​តុលាការ​ចោទ​រូបលោក​ថា ជា​មេខ្លោង​ឆបោក និង​បើក​អាជីវកម្ម​បន​ល្បែង​កាស៊ីណូ​ខុសច្បាប់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ក្រោយពី​បាន​រត់គេច​ខ្លួន​រស់នៅ​មាន​សេរីភាព​ពេញលេញ រហូត​ដល់​ឆ្នាំ​២០១៧ លោក ហ្ស៊ី ហ្ស៊ីជាំង ក៏បាន​ពង្រីក​អាណាចក្រ​បន​ល្បែង​ខុសច្បាប់​ក្នុង​តំបន់​ប្រទេស​អាស៊ីអាគ្នេយ៍​ដូចជា កម្ពុជា មីយ៉ាន់ម៉ា (Myanmar) ហ្វីលីពីន (Philippines) និង​ថៃ​ (Thailand)​។ លើស​ពី​នេះ លោក ស្ស៊ី ហ្ស៊ីជាំង ថែមទាំង​ទទួល​បាន​សញ្ជាតិ​កម្ពុជា​ក្នុង​អំឡុង​ឆ្នាំ​២០១៧ នោះ​ទៀត​ផង។

ក្នុងពេលដែល លោក ហ្ស៊ី ហ្ស៊ីជាំង ទទួល​បាន​សញ្ជាតិ​កម្ពុ​ជា​នោះ កាលពី​ឆ្នាំ​២០២០ សារព័ត៌មាន​អន្តរជាតិ​ធំៗ ​ជាច្រើន​បាន​ផ្សព្វផ្សាយ​ព្រោងព្រាត​ថា ការណ៍​ដែល លោក ហ្ស៊ី ហ្ស៊ី​ជាំ​ង មេខ្លោង​ឆបោក​ជាប់​ឧក្រិដ្ឋជន​ទទួលបាន​សញ្ជាតិ​ខ្មែរ​នេះ លោក​បរិច្ចាគ​ទឹកប្រាក់​មិន​ក្រោម ​២៥​ម៉ឺន​ដុល្លារ (២៥០.០០០) ទេ ​ទៅដល់​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន​។ ជា​ថ្នូរ​មកវិញ លោក ហ្ស៊ី ហ្ស៊ីជាំង ក៏បាន​ក្លាយ​អ្នកជំនួញ​មាន​ឥទ្ធិពល​ម្នាក់ ​ដែល​បាន​ពង្រីក​វិស័យ​បន​ល្បែង​ឆបោក​នៅ​លើ​ទឹកដី​ខ្មែរ។

កាសែត ហ្វ្រន់ឈារ៍ (Frontier) របស់​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) កាលពី​ឆ្នាំ​២០២០ បាន​លាតត្រដាង​ថា បន​ល្បែង​កាស៊ីណូ​ជាង ៧០ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចន្លោះ​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​រក​ចំណូល​បាន​ចន្លោះ​ជាង ​៣​ពាន់​លាន​ដុល្លារ ទៅ​រហូតដល់ ៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដែល​ក្នុង​នោះ ៩០​ភាគរយ​បាន​មក​ពី​ការ​លេង​ល្បែង​អនឡាញ។ ក្នុង​នោះ លោក ហ្ស៊ី ហ្ស៊ីជាំង ក៏​មាន​អគារ​ឈ្មោះ ដឹ ហ្គោលដឹន ហូថេល អ៊េន កាស៊ីណូ (The Golden Sand Hotel and Casino) ក្នុង​ខេត្ត​ព្រះសីហនុ ដែល​មាន​តម្លៃ​ជាង ១​រយ​លាន​ដុល្លារ សម្រាប់​ប្រតិបត្តិការ​លើ​ជំនួញ​ ដែល​មិន​ត្រឹមត្រូវ​តាម​ច្បាប់។

ប្រភព​ដដែល ក៏បាន​បង្ហាញថា លោក ហ្ស៊ី ហ្ស៊ីជាំង ក៏​មាន​ការ​វិនិយោគ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ ដើម្បី​កសាង​ជាទី​ក្រុង​រណប ​ដែល​ភាគច្រើន​ជា​ប្រភេទ​អគារ​បន​ល្បែង​កាស៊ីណូ ​ដែល​មាន​ឈ្មោះថា​គម្រោង ឡុង បេ (Long Bay) ស្ថិត​ក្នុង​ខេត្ត​កោះកុង។

គម្រោង​អភិវឌ្ឍ​ទីក្រុង​រណប ឡុង បេ (Long Bay) សាងសង់​នៅ​លើ​ផ្ទៃដី​ទំហំ​ជាង ២​រយ​ហិកតារ ដែល​ស្ថិត​ក្នុង​ប្លុក​ដី​សរុប​ចំនួន​ជាង​ ៤​ម៉ឺន​ ៥​ពាន់​ហិកតារ (៤៥.១០០) ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន កាល​ឆ្នាំ​២០០៨ បាន​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co., Ltd.) ដើម្បី​សាងសង់​ទីក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​ជិត ៤​ពាន់​លាន​ដុល្លារ (៣,៨​ពាន់​លាន​ដុល្លារ​) ។

ត្រង់​ចំណុច​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ហាក់​កំពុង​សម្លឹង​ឃើញ​អំពី​លំហូរ​សាច់ប្រាក់​នៃ​វិនិយោគិន​ចិន​ទាំង​មានឈ្មោះ​ជា​ឧក្រិដ្ឋ​ដើម្បី​ឱ្យ​មក​ធ្វើ​ជំនួញ​ក្នុងស្រុក ហើយ​មិនបាន​ខ្វាយខ្វល់​តម្លៃ​នៃ​មុខមាត់​ប្រទេសជាតិ​នោះ​ទេ៖ «ហើយ​កម្ពុជា​មិន​គួរ ផ្តល់​តម្លៃ​ទៅ​ដល់ បុគ្គល​បែបនេះ​ដែរ​។ ទោះបីជា​យ៉ាង បុគ្គល​ហ្នឹង​មាន​លុយ មានទ្រព្យ​សម្បត្តិ មាន​ជំនួញ ដែល​ធ្វើ​ឱ្យ​ចំណេញ ទៅ​ដល់​ផលប្រយោជន៍​សម្រាប់​មនុស្ស​ក្នុង​ជួរ​រដ្ឋាភិបាល​ក្ដី ខ្ញុំ​គិតថា រដ្ឋាភិបាល​គួរតែ​គិត​អំពី មុខមាត់ និង​គុណ​តម្លៃ​របស់​ប្រទេសជាតិ»។

ទាក់ទង​នឹង​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ទទួលស្គាល់​ថា កម្ពុជា​ទទួល​ស្វាគមន៍​អ្នក​វិនិយោគិន​បរទេស​ទាំងអស់ ឱ្យ​តែ​ពួកគេ​មាន​មាន​ទំហំ​សាច់ប្រាក់​គ្រប់គ្រាន់ ដើម្បី​ចូល​មក​អភិវឌ្ឍ​ដោយ​គោរព​តាម​គោលការណ៍​នៃ​ច្បាប់​នៅ​កម្ពុជា​។ លោក​បន្ត​ថា បើ​វិនិយោគិន មក​បោះទុន​ក្នុង​ការ​ធ្វើ​ជំនួញ​ដែល​មាន​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ឱ្យ​ជនបរទេស​រូប​នោះ គឺ​ធ្វើ​ឡើង​តាម​គោលការណ៍​ច្បាប់​។ លោក​បន្ថែម​ថា រាល់​ការ​ទទួល​អ្នកជំនួញ​បរទេស និង​ការ​ផ្តល់​ចូល​សញ្ជាតិ​ខ្មែរ សមត្ថកិច្ច​កម្ពុជា​ក៏​មិន​មាន​ការស្រាវជ្រាវ ឬ​សិក្សា​លម្អិត​នៃ​សាវតារ​របស់​ពួកគាត់​នោះ​ដែរ៖ «ជនបរទេស​មួយចំនួន​មក យើង​មិន​បានដឹង​អំពី ប្រវត្តិ [​ សាវតា​ ] មនុស្ស​ហ្នឹង ត្រូវ​ឬ​ខុស​ទេ​។ យើង​និយាយ​ថា អ្នកឯង​ចូល​មក អ្នកឯង​បោះទុន​ត្រឹមត្រូវ អ្នកឯង​គោរព​ច្បាប់​ត្រឹមត្រូវ អាហ្នឹង​យើង​អនុញ្ញាត​ហើយ​។ ជន​ជាតិចិន​មួយចំនួន ដែល​បោះទុន​មក​រក​ស៊ី នៅ​កំពង់សោម នៅ​កោះកុង ឬមួយ​នៅ​កន្លែង​ណាក៏ដោយ បើ​ខុសច្បាប់​អាហ្នឹង​យើង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ហើយ​។ យើង​មិនអាច​ទៅតាម​ដាន ​អ្នក​នេះ​ជនជាតិ​ចិន មុន​នឹង​បោះទុន​រកស៊ី យើង​ទៅ​ស្រាវជ្រាវ​រក​តាំងពី​ស្រុក​គាត់ តាំងពី​សកម្មភាព​គាត់​ទេ»។

លោក សុខ ឥសាន បន្ថែម​ថា បើ​អ្នកជំនួញ​ជនជាតិ​ចិន លោក ហ្ស៊ី ហ្ស៊ីជាំង ពិតជា​ត្រូវ​បាន​ប៉ូលិស​អន្តរជាតិ​ឃាត់​ខ្លួន​ពី​បទ​ឧក្រិដ្ឋ​មែន​នោះ មុខ​ជំនួញ​អាជីវកម្ម និង​ទ្រព្យសម្បត្តិ​នានា​របស់​គេ​ដែល​មាន​នៅក្នុង​ដែន​អធិបតេយ្យ​កម្ពុជា អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​រឹបអូស​មកវិញ។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ការណ៍​ដែល​កម្ពុជា​បណ្តោយ​ឱ្យ​ជនជាតិ​ចិន​ដែល​ជាប់​ឈ្មោះ​ជា​ឧក្រិដ្ឋជន​រត់​គេច​ខ្លួន​ពី​ប្រទេស​ចិន មក​ធ្វើ​ជំនួញ​នៅ​កម្ពុជា​កន្លង​មក​នេះ គឺ​ដោយសារតែ​អាជ្ញាធរ​កម្ពុជា​ខ្វះ​កិច្ច​សហប្រតិបត្តិ​ជាមួយ​អាជ្ញាធរ​ចិន​។ លោក​បន្ត​ថា បើ​កម្ពុជា​មាន​វត្តមាន​អ្នកជំនួញ​ជន​បទេស ជាពិសេស​ ជនជាតិ​ចិន​ដែល​បាន​ប្រព្រឹត្ត​ចូល​មក​រកស៊ី​លើទឹក​ដី​ខ្មែរ នោះ​វា​នឹង​ជះឥទ្ធិពល​កាន់តែ​អាក្រក់​ដល់​មុខមាត់​ប្រទេស​ជាតិ​ទាំងមូល៖ «អ៊ីចឹង​បញ្ហា​ទៅ​មុខ​ទៀត កម្ពុជា​យើង​ត្រូវតែ​បង្កើន កិច្ច​សហប្រតិបត្តិការ ក្នុង​ការ​អនុវត្ត​ច្បាប់​ឱ្យ បាន​តឹងរ៉ឹង​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ​ជាពិសេស គឺ​ប្រទេស​ចិន ក្នុង​ការ​ទប់ស្កាត់ រាល់​ឧក្រិដ្ឋជន ឬ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស នៅ​ប្រទេស​ចិន ហើយ​ចូល​កម្ពុជា​។ រកស៊ី​នៅ​កម្ពុជា ប្រសិនជា​គាត់​ធ្លាប់​ប្រព្រឹត្ត​បទល្មើស នៅ​ប្រទេស​ចិន មក​កម្ពុជា​យើង​គាត់​អាច​ប្រព្រឹត្ត​បទល្មើស​ដូចគ្នា»។

កម្ពុជា​ក្រោម​ការដឹកនាំ​ដោយ លោក ហ៊ុន សែន គឺ​លោក​បាន​ចាត់ទុក​ជនជាតិ​ចិន​ថា​ ជា​អ្នក​ជួយ​កសាង​ប្រទេសជាតិ​។ បន្តិច​ម្តងៗ អ្នកជំនួញ​ជនជាតិ​ចិន​ទាំងនោះ​ហាក់​កំពុង​នាំទុក្ខ​ដល់​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​តាមរយៈ​បើក​អាជីវកម្ម​មិន​ស្របច្បាប់​របស់​ពួកគេ​នៅ​លើ​ទឹកដី​ខ្មែរ​។ ជាពិសេស នា​រយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន និង​ក្រុម​មន្ត្រី​ឧកញ៉ា​ឈ្មួញ​គ្រាក់ៗ​ បាន​រង​ការចោទប្រកាន់​ធ្ងន់ៗ​ ថា ​កំពុង​ឃុបឃិត​គ្នា​មួយ​ក្រុម​ឧក្រិដ្ឋជន​ជន​ជាតិចិន​ប្រតិបត្តិការ​លើ​មុខ​ជំនួញ​បែប​ឧក្រិដ្ឋ​នៅ​លើ​ទឹកដី​ខ្មែរ​។ ថ្វីបើ​បែបនេះ​ក្ដី ក្រុម​គ្រួសារ​ត្រកូល ហ៊ុន និង​ក្រុម​មន្ត្រី​ឧកញ៉ា​ទាំងនោះ កំពុង​ស្រវ៉ា​មានបាន​ទ្រព្យសម្បត្តិ​កប់​ក្តោង​ដែល​បាន​មក​ពី​ការ​ធ្វើ​ជំនួញ​មិន​ស្របច្បាប់​របស់​ពួកគេ ខណៈ​ដែល​កម្ពុជា​នៅតែ​ជាប់​ឈ្មោះ​ជា​ប្រទេស​ក្រីក្រ ហើយ​ប្រជាជន​មួយចំនួន​បាត់បង់​ទីជម្រក និង​រក​បាយ​សម្រាប់​ប​រិ​ភោគ​ប្រចាំថ្ងៃ​ស្ទើរ​គ្មាន​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។