សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ដើម្បី​កំណែទម្រង់​ប្រព័ន្ធ​តុលាការ លុះត្រាតែ​តុលាការ​មាន​ភាព​ឯករាជ្យ

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា ការ​តែងតាំង និង​ការផ្ទេរ​មុខ​តំណែង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ស្ថាប័ន​តុលាការ នៅ​មិន​ទាន់​បង្ហាញ​ថា ស្ថាប័ន​នេះ នឹង​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ខ្មែរ​បាន​នោះ​ទេ។ ផ្ទុយទៅវិញ ប្រសិនបើ​ស្ថាប័ន​តុលាការ នៅតែ​មិន​ឯករាជ្យ ហើយ​ស្ថិត​ក្រោម​អំណាច​នយោបាយ​នោះ ពលរដ្ឋ សកម្មជន​សង្គម បរិស្ថាន និង​នយោបាយ នៅតែ​រង​ភាព​អយុត្តិធម៌។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង​សង្កេត​ឃើញ​ថា សកម្មជន​សង្គម បរិស្ថាន និង​អ្នកនយោបាយ​តែង​រង​ភាព​អយុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ ដែល​លម្អៀង​ទៅ​រក​អ្នកមាន​លុយ មាន​អំណាច។

មន្ត្រី​ទទួលបន្ទុក​សិទ្ធិមនុស្ស និង​ធុរកិច្ច នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី១១ តុលា ថា លោក​នៅ​មិនទាន់​មាន​សង្ឃឹម​ថា មន្ត្រីជាន់ខ្ពស់​ក្នុង​ស្ថាប័ន​តុលាការ ដែល​ទើប​ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយព្រះហស្ដលេខា​តែងតាំង​មុខតំណែង​ថ្មី​នេះ នឹង​ផ្ដល់​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​បាន​គ្រប់រូប​នោះ​ទេ។ លោក​ស្នើ​ដល់​នាយករដ្ឋមន្ត្រី​ថ្មី ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​មាន​ភាព​ឯករាជ្យ ស្របពេល​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​វិស័យ​ជាច្រើន​ទៀត​នៅ​កម្ពុជា។

លោក វណ្ណ សូផាត៖ «អំណាច​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​អំណាច​ទាំង​៣​ត្រូវតែ​ឯករាជ្យ អំណាច​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ។ ប៉ុន្តែ​បើ​អំណាច​ទាំងអស់​ហ្នឹង​មិន​ឯករាជ្យ​ពី​គ្នា​ទេ ដូច​ថា កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ ឬក៏​កំណែទម្រង់​ប្រព័ន្ធ​ស្ថាប័ន​គ្រប់គ្រង​រដ្ឋ​ផ្សេងៗ​ទៀត​ហ្នឹង គឺថា​ពិបាក​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង»។

ការ​លើក​ឡើង​នេះ ក្រោយ​ពី​ព្រះមហាក្សត្រ ដែល​ជា​ឧត្ដមក្រុមប្រឹក្សា នៃ​អង្គចៅក្រម​បាន​ឡាយព្រះហស្តលេខា​តែងតាំង​មុខតំណែង​លោក ជីវ កេង ឲ្យ​ធ្វើជា​ប្រធាន​តុលាការ​កំពូល តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក កើត រិទ្ធិ និង​ប្រធាន អនុប្រធាន ចៅក្រម​ចំនួន​៤៧​រូប​ផ្សេងទៀត នៅ​តុលាការ​កំពូល សាលាឧទ្ធរណ៍​ក្នុង​តំបន់ និង​សាលាដំបូង​រាជធានី​-​ខេត្ត​ផង​ដែរ។

វិទ្យុ​អាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ដើម្បី​សុំ​ការ​ឆ្លើយតប​ចំពោះ​ការ​លើកឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​១១ តុលា។

ទាក់ទង​នឹង​រឿង​នេះ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ធំ លោក ម៉ែន សុថាវរិន្ទ្រ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ថ្មី មិន​គួរ​យក​តែ​មនុស្ស​ចាស់ៗ មក​ធ្វើ​ច្រើន​ពេក​នោះ​ទេ គួរតែ​ផ្ដល់​ឱកាស​ដល់​យុវជន ដែល​មាន​ចំណេះដឹង និង​សមត្ថភាព។ លោក​បន្ថែម​ថា ប្រសិនបើ​រដ្ឋាភិបាល​ថ្មី កែទម្រង់​ឲ្យ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ មានការ​គោរព​សិទ្ធិមនុស្ស ទម្លាក់​បទចោទប្រកាន់​លើ​អ្នក​នយោបាយ បរិស្ថាន និង​ដោះលែង​អ្នកទោស​មនសិការ​នោះ រដ្ឋាភិបាល​ថ្មី​នឹង​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្អ​ប្រសើរ និង​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្សេងៗ​ឡើងវិញ​ទៀត​ផង។

លោក ម៉ែន សុថាវរិន្ទ្រ៖ «រៀបចំ​ប្រព័ន្ធ​តុលាការ​ឲ្យ​ពិតប្រាកដ ជីវ កេង គាត់​អតីត​យូរ​ហើយ ដុះ​ស្លែ​ហើយ គេ​ស្គាល់​អស់ហើយ គាត់​ដាក់​យុវជន​ថ្មីៗ​រៀបចំ​ទៅ»។

អង្គការ​គំរោង​យុត្តិធម៌​ពិភពលោក World Justice Project (WJP) កាល​ឆ្នាំ​២០២២ បាន​ដាក់​ពិន្ទុ​កម្ពុជា​ផ្នែក​គោរព​នីតិរដ្ឋ​ក្នុង​ចំណាត់ថ្នាក់​លេខ​១៣៩​ក្នុងចំណោម​ប្រទេស​ចំនួន​១៤០ ជា​ពិន្ទុ​បាត​តារាង អាក្រក់​ជាងគេ គឺ​លើ​តែ​ប្រទេស វេណេហ្ស៊ុយអេឡា​(Venezuela) មួយ​ប៉ុណ្ណោះ​។ លទ្ធផល​ស្រាវជ្រាវ​នេះ បាន​មកពី​ការ​សិក្សា​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅក្នុង​ប្រទេស​ទាំងនោះ ដោយ​ពិនិត្យមើល​កំរិត​ឯករាជ​របស់​តុលាការ របៀប​អនុវត្ដ​ច្បាប់ ការគោរព​សិទ្ធិមនុស្ស ទំហំ​នៃ​អំពើពុករលួយ កំរិត​ឯករាជ​ពី​គ្នា​នៃ​ស្ថាប័នរដ្ឋ​កំពូល​ទាំង​បី គឺ​រដ្ឋសភា រដ្ឋាភិបាល និង​តុលាការ ព្រមទាំង​ពិនិត្យមើល​ពី​របៀប​អនុវត្ដ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​នីមួយៗ​នោះ។

ទោះជា​យ៉ាង​ក៏​ដោយ​ចុះ មន្ត្រី​អង្គការសិទ្ធិមនុស្ស​ទទូច​ឲ្យ​រដ្ឋាភិបាល​ថ្មី ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឲ្យ​មាន​ភាព​ឯករាជ្យ ដើម្បី​បើក​លំហ​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំ ណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។