គ្រួសារ​រងគ្រោះ​បាក់​អគារ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​អំពាវនាវ​ឱ្យ​តុលាការ​ពន្លឿន​នីតិវិធី​ផ្ដល់​សំណង

0:00 / 0:00

គ្រួសារ​ជនរងគ្រោះ​បាក់​រលំ​អគារ​ចិន​នៅ​ខេត្ត​ព្រះសីហនុ អំពាវនាវ​ដល់​តុលាការ​ឱ្យ​ពន្លឿន​នីតិវិធី ដើម្បី​ឱ្យ​ក្រុមហ៊ុន​ចិន​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដល់​ពួកគាត់​។ សង្គម​ស៊ីវិល មើល​ឃើញ​ថា ចំណាត់​ការ​របស់​តុលាការ​ហាក់​ដូចជា​យឺតយ៉ាវ ខណៈ​ហេតុការណ៍​សោកនាដកម្ម​ដ៏​រន្ធត់​ពី​ការ​បាក់​រលំ​អគារ​ចិន ដែល​បណ្ដាល​ឱ្យ​កម្មករ​សំណង់​ស្លាប់ និង​របួស​ចំនួន ៥៤​នាក់ បាន​កន្លងទៅ​ជាច្រើន​ខែ។

គ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់ និង​របួស​លើកឡើង​ថា ពួកគាត់​កំពុង​ទន្ទឹង​រង់ចាំ​យុត្តិធម៌​រយៈពេល​ជិត ៣​ខែ​ហើយ ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ចិន និង​ទាមទារ​ឱ្យ​តុលាការ​ផ្ដន្ទាទោស ចំពោះ​ថៅកែ​ជនជាតិ​ចិន រួម​ទាំង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​តាម​ច្បាប់។

គ្រួសារ​ជនរងគ្រោះ​នៅ​ខេត្ត​ព្រៃវែង គឺ​លោកស្រី ឃឹម សាខន រៀបរាប់​ថា ប្តី​របស់​លោកស្រី បាន​ស្លាប់ ចំណែក​កូនប្រុស​ម្នាក់​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​បាក់​រលំ​អាគារ​ចិន​កាលពី​ចុងខែ មិថុនា​កន្លងទៅ​។ លោកស្រី បាន​ដាក់​បណ្ដឹង​រួចហើយ ដើម្បី​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ចិន ៥​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​ករណី​ប្តី​ស្លាប់ ចំណែក​កូន ដែល​រង​របួស​ធ្ងន់ ទាមទារ​ប្រាក់​សំណង​ផ្សេងទៀត៖ «ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អស់ហើយ​តាំងពី​យូរ តែ​អត់​ទាន់​លឺ​ថា​ម៉េច​មក​វិញ​ទេ ស្ងាត់ឈឹង​តែម្ដង ហើយ​ធ្វើ​ម៉េច​ទៅ ចង់​ឱ្យ​ដឹង​ភ្លាមៗ។ ខ្ញុំ​ចង់បាន យុត្តិធម៌​រឿង​អ្នក​ដែល​ធ្វើ​កំហុស​ឱ្យ​ទទួល​កំហុស។ចង់​ឱ្យ​តុលាការ​រក​យុត្តិធម៌​ឱ្យ​ឆាប់ៗ»។

លោកស្រី​អះអាង​ថា គ្រួសារ​ជនរងគ្រោះ​ផ្សេងទៀត ក៏​មិនទាន់​ទទួល​បាន​សំណង​និង​យុត្តិធម៌​ដែរ។ លោកស្រី​បន្ថែម​ថា ថ្វី​ដ្បិត​រដ្ឋាភិបាល និង​សប្បុរសជន ផ្ដល់​ថវិកា​ដើម្បី​ជួយ​សម្រាល​បន្ទុក គ្រួសារ​ក្តី ប៉ុន្តែ​លោកស្រី ពុំ​ដែល​មាន​ភាព​រីករាយ​ឡើយ ហើយ​នៅតែ​នឹក​ស្រណោះ​ប្ដី​ដែល​បាត់​បង់ជីវិត៖ «រឿង​ជួប​ការ​ពិបាក​មិន​ជា​អី​ទេ ព្រោះ​បាន​លុយ​ឧបត្ថម្ភ​មក ប៉ុន្តែ​នៅ​នឹកឃើញ​ក្រុម​គ្រួសារ​ខ្លាំង​ជាពិសេស​ពេល​បុណ្យ​ភ្ជុំបិណ្ឌ ចេះតែ​គិត​ថា ជិត​ភ្ជុំ​គឺ​គ្រួសារ​ជិត​មក​វិញ​ហើយ»។

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ គ្រួសារ​ជនរងគ្រោះ​មួយទៀត​នៅ​ខេត្ត​បាត់ដំបង គឺ​លោកស្រី ង៉ា មុំ រៀបរាប់​ថា កូន​របស់​លោកស្រី​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​ស្លាប់​បាត់​បង់ជីវិត​ដោយសារ​ហេតុការណ៍​រលំ​បាក់​អគារ​របស់​ជនជាតិ​ចិន​នៅ​ក្រុងព្រះសីហនុ​ដោយ​បន្សល់ទុក​កូនកំព្រា​តូចៗ ចំនួន​៣​នាក់​។ លោកស្រី បាន​ដាក់​ពាក្យ​បណ្ដឹង​តាមរយៈ​ការ​ពឹង​ពាក់​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួចហើយ ដើម្បី​ទាមទារ​សំណង ប៉ុន្តែ​សំណុំ​រឿង​នេះ នៅ​ស្ងប់ស្ងាត់​នៅឡើយ៖ «ខ្ញុំ​ដាក់ពាក្យ​បណ្ដឹង​យូរហើយ​ចូល​ពីរ​ខែ​ហើយ តែ​អត់​ឃើញ​មានការ​កោះហៅ​នោះ​ទេ។ ខ្ញុំ​មិនទាន់​អស់សង្ឃឹម​ទេ ខ្ញុំ​នៅ​ចង់​បាន​យុត្តិធម៌ និង​សំណង​ពី​ក្រុមហ៊ុន​ចិន ព្រោះ​កូន​វា​ច្រើន​ណាស់​ដល់​ទៅ ៣​នាក់​នោះ»។

កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា អគារ​កម្ពស់ ៧​ជាន់ ដែល​កំពុង​សាងសង់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​វិនិយោគ​ដោយ​ជនជាតិ​ចិន បាន​បាក់​រលំ​បណ្ដាល​ឱ្យ​កម្មករ​សំណង់​ស្លាប់ ២៨​នាក់ និង​របួស ២៦​នាក់​។ អាជ្ញាធរ​បាន​ប្រើ​ពេលវេលា ៣​ថ្ងៃ ក្នុង​ការ​រុករក និង​ជួយសង្គ្រោះ​ជនរងគ្រោះ ដែល​កប់​ក្នុង​គំនរ​អគារ​បាក់​នោះ។

អគារ​នេះ​ក៏បាន​បាក់​រលំ​សង្កត់​លើ​ភោជនីយដ្ឋាន​របស់​ជនជាតិ​ជប៉ុន និង​យានដ្ឋាន អារុណរៈ ដែល​នៅ​ជាប់​គ្នា​នោះ​ខ្ទេចខ្ទី​អស់​ដែរ។ ក្រោយ​ហេតុការណ៍​បាក់​រលំ​អគារ​នេះ តុលាការ​សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន ៤​នាក់ ដែល​ជា​ម្ចាស់​អគារ​ម្ចាស់​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ អ្នក​មើល​ការខុសត្រូវ​ការដ្ឋាន​សាងសង់ និង​មេជាង​សំណង់។ រីឯ​អតីត​អភិបាល​ខេត្ត​ព្រះសីហនុ​លោក យន្ត មីន ដែល​គ្រប់គ្រង​ខេត្ត​នេះ​វិញ រដ្ឋាភិបាល​មិនបាន​ស៊ើបអង្កេត​នៅឡើយ​ទេ ប៉ុន្តែ​លោក​ត្រូវ​បាន​ផ្ទេរ និង​ដំឡើង​តំណែង​ឱ្យ​ធ្វើ​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ថែមទៀត ក្រោយពី​លោក​ទទួលស្គាល់​កំហុស និង​លាលែង​ពី​តំណែង​អភិបាលខេត្ត​មិនបាន​ប៉ុន្មាន​ម៉ោង​ផង។

ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច ដែល​ជា​អ្នក​ជួយ​ផ្តល់​មេធាវី​ការពារ​ក្តី​ដល់​គ្រួសារ​ជនរងគ្រោះ បដិសេធ​មិន​និយាយ​ជាមួយ​អ្នកយកព័ត៌មាន​អាស៊ីសេរី​តាម​ទូរស័ព្ទ​ឡើយ៖ «សុំទោស​បង ខ្ញុំ​អត់​ស្គាល់​បង​ថា​ជា​អ្នកកាសែត​ឬ​អ្នកណា​ទេ ដូច្នេះ​ខ្ញុំ​មិន​អាច​និយាយ​តាម​ទូរស័ព្ទ»។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ លោក លឹម ប៊ុនហេង បានទេ ដោយសារ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា សំណុំរឿង​បាក់​រលំ​អគារ​ចិន​បណ្ដាល​ឱ្យ​កម្មករ​សំណង់ ២៨​នាក់​ស្លាប់ និង ២៦​នាក់ របួស​នេះ គឺជា​សោកនាដកម្ម​ដ៏​រន្ធត់។ ដូច្នេះ រដ្ឋាភិបាល និង​តុលាការ គួរតែ​យកចិត្តទុកដាក់​ដោះស្រាយ​សំណុំ​រឿង​នេះ​ឱ្យ​បាន​លឿន និង​ត្រឹមត្រូវ​តាមច្បាប់ ដើម្បី​ផ្ដល់​យុត្តិធម៌ និង​សំណង​សមរម្យ​ដល់ គ្រួសារ​​ជន​រង​គ្រោះ និង​ទុកជា​ការព្រមាន​កុំ​ឱ្យ​ក្រុមហ៊ុន​បរទេស ជាពិសេស ក្រុមហ៊ុន​ចិន​ផ្សេងៗ ទៀត ធ្វេសប្រហែស និង​មើលងាយ​ច្បាប់​កម្ពុជា​។ អ្នកស្រី​បន្ថែម​​ថា ប្រសិនបើ​តុលាការ​យឺតយ៉ាវ​បែបនេះ នឹង​អាច​នាំ​ឱ្យ​មាន​ការ​​រិះគន់​ថា តុលាការ​កម្ពុជា​អសមត្ថភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន​ចិន ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​​ស្លាប់​​ហើយ បែរជា​រដ្ឋាភិបាល​កម្ពុ​ជា ជា​អ្នក​យក​ថវិកាជាតិ​ផ្ដល់​​ជូន​​គ្រួសារ ជនរងគ្រោះ​ជំនួស​ក្រុមហ៊ុន​ចិន​ទៅវិញ៖ «រឿង​ដែល​គាត់​ទទួល​បាន​ជំនួយ​​សង្គ្រោះ​​នៅ​​ពេល​​កើត​ហេតុ​ថ្មីៗ​ នោះ វា​គឺជា​លុយ​សប្បុរសជន​និង​លុយ​រដ្ឋាភិបាល វា​អត់​ទាន់​បំពេញ​កាតព្វកិច្ច និង​ការទទួលខុសត្រូវ​ណា​របស់​ក្រុមហ៊ុន​ម៉ៅការ​​​សំណង់​​​នេះ​ទេ។ ប្រទេស​យើង​មាន​ច្បាប់​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត ដូច្នេះ​តុលាការ​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យមើល មិន​អាច​ធ្វេស​ប្រហែល​បានទេ»។

កាលពី​ថ្ងៃ​ទី​១ ខែ​កក្កដា កន្លង​ទៅ ក្រុម​សហព័ន្ធ​សហជីព​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ​អន្តរជាតិ​ជាង ១០០​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ទាមទារ​ឱ្យ​មាន​សំណង​សមរម្យ​ដល់​អ្នករងគ្រោះ​។ សេចក្ដី​ថ្លែងការណ៍​ដដែល ក៏​ស្នើសុំ​ឱ្យ​ស៊ើបអង្កេត​រក​មន្ត្រី​រដ្ឋាភិបាល​ដែល ពាក់ព័ន្ធ​នឹង​ការ​បណ្ដោយ​ឱ្យ​ជនជាតិ​ចិន​សង់​អគារ​ដួល​រលំ​នេះ ឱ្យ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ផង​ដែរ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​ថា នឹង​មិន​មានការ​លើក​លែង​នោះ​ទេ ចំពោះ​ការ​សាងសង់​អគារ​ដោយ​ខុសច្បាប់ ហើយ​លោក​ចាត់​ទុក​គ្រោះថ្នាក់​បាក់​អគារ​នៅ​ក្រុងព្រះសីហនុ​នេះ​ជា​មេរៀន​មួយ​។ ទោះជា​ព្រមាន​យ៉ាង​នេះ​ក្តី រហូត​​មក​​ទល់​​ពេល​នេះ មិន​ទាន់​មាន​មន្ត្រី​ពាក់ព័ន្ធ​ណា​ម្នាក់ ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​លាលែង ឬ​ត្រូវ​បាន​ស៊ើបអង្កេត ឱ្យ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​នៅ​ឡើយ​ទេ ស្រប​​ពេល​​ដែល​​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់ ដែល​លោក ហ៊ុន សែន បង្កើត​ឡើង​នោះ បាន​រក​ឃើញ​ថា មាន​សំណង់​ខុសច្បាប់​ជា​បន្តបន្ទាប់​ក្ដី។

និយាយ​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​ស្លាប់ និង​របួស​វិញ ពួកគេ​ហាក់​បាក់ស្បាត និង​​ឈប់​​ធ្វើការ​សំណង់ ហើយ​​កំពុង​រង់ចាំ​សំណង​ពី​ក្រុមហ៊ុន​ចិន ដើម្បី​ទៅ​បង្កើត​មុខរបរ ឬ​ធ្វើ​ការងារ​ផ្សេង​វិញ សម្រាប់​ចិញ្ចឹមជីវិត​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។