មន្ត្រីក្នុងតុលាការយោធា សម្ដែងការសោកស្ដាយដែលក្រសួងការពារជាតិ មិនបើកការស៊ើបអង្កេតផ្លូវការ និងមិនមានចំណាត់ការអ្វីទាំងអស់ចំពោះប្រធានតុលាការយោធា ដែលមន្ត្រីរូបនេះ ចោទថា ពាក់ព័ន្ធអំពើពុករលួយ និងបានប្រមូលផ្តុំបក្ខពួកសាច់ញាតិធ្វើការក្នុងស្ថាប័នតែមួយអស់រយៈពេលច្រើនឆ្នាំមកហើយ។ សង្គមស៊ីវិលដែលធ្វើការប្រយុទ្ធប្រឆាំងអំពើពុករលួយ លើកឡើងថា ក្រសួងការពារជាតិ គួរតែស្រាវជ្រាវ និងឆ្លើយតបឱ្យបានច្បាស់ដើម្បីឱ្យអ្នកចោទប្រកាន់អាចទទួល យកបាន។
មន្ត្រីបម្រើការក្នុងតុលាការយោធាដែលសុំលាក់អត្តសញ្ញាណព្រោះបារម្ភពីសុវត្ថិភាព បានបញ្ចេញ ប្រតិកម្ម និងទម្លាយឯកសារបន្ថែមទៀត បន្ទាប់ពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត ប្រកាសថា មិនមានចំណាត់ការអ្វីទាំងអស់លើប្រធានតុលាការយោធា ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ការតែងតាំងមន្ត្រីនៅក្នុងតុលាការយោធាពិតជាធ្វើឡើងដោយត្រឹមត្រូវតាមច្បាប់ មិនមែនធ្វើឡើង តាមបែបបក្ខពួកនិយមគ្រួសារនិយម។
មន្ត្រីរូបនេះ លើកឡើងទាំងហួសចិត្តថា មិនដឹងថា លោក ឈុំ សុជាត ផ្អែកលើអ្វីខ្លះនោះទេ ដែល ចេះតែឆ្លើយថា ការតែងតាំងមន្ត្រីក្នុងតុលាការយោធាធ្វើឡើងដោយត្រឹមត្រូវតាមនីតិវិធីនៃឋានានុក្រមពិតមែននោះ ពីព្រោះសាច់ញាតិពូជពង្ស និងបក្ខពួកមួយចំនួនរបស់ប្រធានតុលាការយោធា លោក ន័យ ថុល សុទ្ធតែអសមត្ថភាព និងពុំមានសញ្ញាប័ត្រច្បាប់ឡើយ។ ជាក់ស្ដែងភរិយារបស់ លោក ន័យ ថុល គឺអ្នកស្រី ខឹម សម្បត្តិ ដែលត្រូវបានតែងតាំងជាអនុប្រធានតុលាការយោធា បន្ទាប់ពីប្តី និងធ្វើជាចៅក្រម ព្រមទាំងមានឋានន្តរសក្ដិ ឧត្តមសេនីយ៍ត្រីផ្កាយ១ នៅក្រសួងការពារ ជាតិ បានរៀនត្រឹមថ្នាក់ទី៦ប៉ុណ្ណោះ។
មន្ត្រីតុលាការយោធាដែលទម្លាយរឿងពុករលួយបក្សពួកនិយមនេះបញ្ជាក់ទៀតថា ចៅក្រមមួយចំនួនទៀត ក៏រៀនសូត្រ មិនបានចប់បាក់ឌុបដែរ។ លោកលើកឡើងដោយចំឈ្មោះថា លោក ចៅក្រម ឃឹម សុឃាន រៀនថ្នាក់ទី៧ លោក ពិន សំអឿន រៀនថ្នាក់ទី១២ លោក ប៉ោក ប៉ន រៀនថ្នាក់ទី១០។
មន្ត្រីរូបនេះបញ្ជាក់ថា លក្ខខណ្ឌក្នុងការជ្រើសរើសជាចៅក្រម គឺទាមទារដាច់ខាតនូវកម្រិតសញ្ញាប័ត្របរិញ្ញាបត្រច្បាប់ ហើយចៅក្រមតុលាការយោធា ទាមទារប្រាក់បៀវត្សដូចចៅក្រមនៅតុលាការស៊ីវិលដែរ។ បើនិយាយពីលក្ខខណ្ឌចូលបម្រើកងទ័ពវិញ យ៉ាងទាបបំផុត ក៏មានសញ្ញាប័ត្រត្រឹមបាក់ឌុបដែរ ប៉ុន្តែករណីនេះ ចៅក្រមតុលាការយោធារកសញ្ញាប័ត្របាក់ឌុបគ្មានផង។ ដូច្នេះ ក្នុងនាមជាចៅក្រម ជាអ្នកជំនុំជម្រះក្តីរកយុត្តិធម៌ជូនយោធិន ថាតើពួកគាត់នឹងមានសមត្ថភាពកាត់ក្តី យ៉ាងដូចម្ដេច។
ប្រភពដដែល បន្តថា ការឆ្លើយតបរបស់អ្នកក្រសួងការពារជាតិ គឺមានបំណងជួយបិទបាំងការពារ អំពីបញ្ហាពុករលួយបក្ខពួកនិយម ដោយសារប្រហែលជាថ្នាក់ដឹកនាំទាំងនេះ មានជាប់ពាក់ព័ន្ធ ឬ ទទួលបានប្រយោជន៍នៃការប្តូរទីតាំងអគារតុលាការយោធាចំនួន ២លើក នាពេលកន្លងមក។
មន្ត្រីតុលាការយោធារូបនេះ បានស្នើសុំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តាជួយពិនិត្យនិង ផ្តល់នូវការពិត ដូចលោក ធ្លាប់បានអនុវត្តកន្លងមកតាមរយៈ «អភិក្រមទី៥» ក្នុងការវះកាត់បញ្ហាមិន ប្រក្រតីនៅតាមស្ថាប័នរដ្ឋ។
អាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត ជាច្រើនលើក ប៉ុន្តែ លោកមិនទទួលទូរស័ព្ទ។
នាយកកម្មវិធីជាន់ខ្ពស់នៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា នៅពេលមាន ការចោទប្រកាន់ពីមន្ត្រីក្នុងតុលាការយោធាថា មានអំពើពុករលួយ និងមានគ្រួសារនិយមបែបនេះ ក្រសួងការពារជាតិ គួរតែស្រាវជ្រាវបង្ហាញភស្តុតាងឱ្យបានត្រឹមត្រូវច្បាស់លាស់ មិនអាចគ្រាន់តែ ឆ្លើយថា ការតែងតាំងមន្ត្រីក្នុងតុលាការយោធាធ្វើឡើងដោយត្រឹមត្រូវនោះទេ៖ «ទោះបីជាការតែងតាំងបងប្អូនសាច់ញាតិនេះមិនមែនជាបទល្មើសក្តី តើយើងអាចបង្ហាញទៅសាធារណជន ឬមន្ត្រីផ្សេងទៀត ដែលធ្វើការក្នុងស្ថាប័នដូចគ្នាហើយគិតថា អយុត្តិធម៌នោះ គួរតែបង្ហាញឲ្យគាត់ឃើញថា តើប្រសិនបើតម្លាភាពមែននោះ តើរើសយ៉ាងម៉េច ផ្សព្វផ្សាយ និងដាក់ពាក្យយ៉ាងម៉េច និងការប្រឡងនោះហ៊ានធានានៃឯករាជ្យនៃ អ្នករើសដែរទេ អ្នកដែលកែ ឬឲ្យពិន្ទុនោះ។ ប្រសិនបើការបកស្រាយជាការបកស្រាយធម្មតាទេ ខ្ញុំគិតថា ពិបាកទទួលយកបាន»។
កាលពីដើមខែកក្កដា កន្លងទៅ មន្ត្រីជាន់ខ្ពស់នៅតុលាការយោធា បានទម្លាយថា ប្រធានតុលាការយោធា ឧត្ដមសេនីយ៍ឯកផ្កាយ៣ លោក ន័យ ថុល ដែលកាន់តំណែងនេះតាំងពីឆ្នាំ១៩៨៧ មក មានឋានៈស្មើរដ្ឋមន្ត្រី និងជាចៅក្រមនៅសាលាក្ដីខ្មែរក្រហមផង បានតែងតាំងភរិយារបស់លោកគឺអ្នកស្រី ខឹម សម្បត្តិនិងកូនប្រុសបង្កើតពីរនាក់របស់ខ្លួនឱ្យធ្វើជាចៅក្រម និងជាអនុប្រធានតុលាការ យោធា។ កូនប្រុសទាំងពីរនាក់ ឈ្មោះ ផូរ ភិរម្យ និង ឈ្មោះ ផូរ វីរៈ នេះមិនត្រឹមតែមានតួនាទីជាអនុប្រធានតុលាការយោធា និងជាចៅក្រមទេគឺពួកគេក៏ជានាយការិយាល័យចៅក្រមស៊ើបសួរព្រមទាំងជានាយទាហានមានឋានន្តរសក្ដិ ឧត្ដមសេនីយ៍ត្រី និងទោទៀតផង។ ចំណែកកូនទី៣ លោក ន័យ ផូរច័ន្ទគង្គារ ក៏កំពុងធ្វើការនៅក្នុងតុលាការយោធាដែរ។ លោក ន័យ ថុល ក៏ប្រមូលសាច់ញាតិមួយចំនួនទៀតដូចជា លោកឧត្ដមសេនីយ៍ទោ នុត សោភ័ណ្ឌ ត្រូវជាប្អូនជីដូនមួយកំពុងកាន់តួនាទីជាអនុប្រធានតុលាការយោធាជាចៅក្រម និងជានាយការិយាល័យហិរញ្ញវត្ថុ។ លោក នុត សោភ័ណ្ឌ មានបងប្អូនបង្កើតម្នាក់ទៀតឈ្មោះ នុត សុផែន កំពុងធ្វើការក្រោមបង្គាប់របស់លោក។ ប្រភពបន្តថា សូម្បីតែអ្នកបើកឡានឱ្យលោក ន័យ ថុល ឈ្មោះ អ៊ូ សេរីក៏ត្រូវបានដំឡើងឱ្យធ្វើជាចៅក្រមដែរ។ ក្រៅពីនេះ ចៅក្រមមួយចំនួនទៀតក៏ជាសាច់ញាតិ និងបក្ខពួករបស់លោក ន័យ ថុល ដែរ ដូចជាលោកចៅក្រម ង៉ូវ វុទ្ធី ចៅក្រម ឃឹម សុឃាន និងចៅក្រម ពិន សំអឿន។
រីឯមន្ត្រីគ្រាក់ៗនៅក្នុងស្ថាប័ននេះមួយចំនួនក៏បានប្រមូល កូននិងសាច់ញាតិចូលធ្វើការជាហូរហែដែរដូចជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាចៅក្រមតុលាការយោធា នាយឧត្ដមសេនីយ៍ ផ្កាយ៤ លោក សាវ សុខ ក៏មានកូនស្រីម្នាក់ឈ្មោះ សុខ គីណូ កត្តា ជាចៅក្រមតុលាការយោធានិងមានឋានន្តរសក្ដិវរសេនីយ៍ត្រី។ រីឯអនុប្រធានតុលាការយោធា និងជាចៅក្រម លោកឧត្ដមសេនីយ៍ទោ ប៉ោក ប៉ន មានកូនប្រុសឈ្មោះ ប៉ុន វណ្ណៈ ជាចៅក្រម។
ប្រភពបន្តថា សព្វថ្ងៃនេះ ចៅក្រមនៅក្នុងតុលាការយោធាមានចំនួន ២៥រូប ហើយក្នុងនោះអនុប្រធានតុលាការយោធា មិនតិចជាង១០ នាក់នោះទេ ខណៈតុលាការនេះមិនសូវមានសំណុំរឿង កាត់ក្តីឡើយ។ ពួកគេ ឃុបឃិតគ្នាដំឡើងតួនាទីខ្ពស់ៗ និងមានមុខងារច្រើនបែបនេះ គឺគ្រាន់តែ ដើម្បីបើកប្រាក់ខែរដ្ឋប៉ុណ្ណោះ។
នាយកកម្មវិធីជាន់ខ្ពស់នៃអង្គការតម្លាភាពកម្ពុជាថ្លែងថា ការតែងតាំងសាច់ញាតិរហូតដល់មិត្តភ័ក្ដិ ជិតស្និតក្នុងស្ថាប័នជាមួយគ្នា ដោយមិនបានឆ្លងតាមនីតិវិធីត្រឹមត្រូវ គឺជាប្រភេទអំពើពុករលួយ ដែលមានការទទួលស្គាល់ជាសកល។ លោក ប៉ិច ពិសី ស្នើសុំឱ្យក្រសួងការពារជាតិ គួរតែពិនិត្យ ស៊ើបអង្កេតរឿងនេះ ដើម្បីធានាថា ការរើសមន្ត្រីរាជការទាំងអស់មានតម្លាភាព ហើយគួរតែទប់ ស្កាត់បញ្ហាបក្ខពួកគ្រួសារនិយម ព្រោះវានឹងបង្កឱ្យមានបញ្ហាធំ៖ «កាលណាតែងតាំងបងប្អូនសាច់ញាតិ ដែលមានការសង្ស័យថា អត់មានសញ្ញាប័ត្រ ឬក៏ជំនាញបច្ចេកទេសក្នុងការកាន់ការងារនេះទៀត វារឹតតែធ្វើឲ្យមានបញ្ហា អត់មានតម្លាភាពក្នុងការរើសនេះទៀត។ កាលណាអត់តម្លាភាពអត់សុចរិតភាព ហើយគ្រួសារបក្ខពួកនិយមនេះវាជាអំពើពុករលួយហើយ។ បញ្ហានៃការតែងតាំងបក្ខពួកគ្រួសារនេះ បើយើងមើលមួយភ្លែតទៅ អាចបកស្រាយថា ដោយសារគាត់ចេះដែរទើបគាត់បានដំណែងនេះ ប៉ុន្តែជាទូទៅកាលណាយើងមានបងប្អូនក្មួយគ្រួសារសាច់ញាតិធ្វើការ គឺវាអាចនាំឈានទៅដល់ទំនាស់ផលប្រយោជន៍ក្នុងការធ្វើការនេះទៀត។ឧទាហរណ៍ថា បើម្នាក់នេះធ្វើខុសអត់ហ៊ានដាក់ទោសទេ ព្រោះជាក្មួយយើងអីចឹងទៅ។ ទោះបីជាអ្នកនោះមានសមត្ថភាពក៏ដោយ ការអនុវត្តជាស្តង់ដារ គឺគេមិនអនុញ្ញាតឲ្យគ្រួសារធ្វើការងារជាមួយគ្នាក្នុងស្ថាប័នរដ្ឋទេ»។
លោក ប៉ិច ពិសី សង្កេតឃើញថា មិនមែនមានតែស្ថាប័នតុលាការយោធាមួយទេដែលមានបញ្ហា គ្រួសារនិយម គឺស្ទើរតែគ្រប់ក្រសួងស្ថាប័នទៅហើយ។ លោកអំពាវនាវឱ្យក្រសួងស្ថាប័នរដ្ឋទាំងអស់ គួរតែជ្រើសរើសមន្ត្រីរាជការឱ្យបម្រើការងារក្នុងក្រសួងគឺធ្វើយ៉ាងណាឱ្យមានតម្លាភាព សុចរិតភាព កុំឱ្យមានគ្រួសារនិយមតទៅទៀត ហើយផ្ដោតទៅលើចំណេះដឹង និងជំនាញរបស់បេក្ខជនដើម្បីឱ្យអ្នកចេះមាន ឱកាសធ្វើការតាមចំណេះជំនាញរបស់ពួកគេក្នុងស្ថាប័នរដ្ឋ ដើម្បីផ្ដល់សេវាប្រកប ដោយប្រសិទ្ធភាពដល់ប្រជាប្រជាពលរដ្ឋ និងផលប្រយោជន៍សម្រាប់សង្គមជាតិ។
អាស៊ីសេរីបានទទួលលិខិតពីមន្ត្រីរដ្ឋាភិបាលជាបន្តបន្ទាប់ស្នើឱ្យចុះផ្សាយ ពីបញ្ហាបក្ខពួក និងពុករលួយនៅតាមក្រសួងមន្ទីរនានា។ ថ្មីៗ នេះអាស៊ីសេរីបានទទួលលិខិតពីមន្ត្រីនៃក្រសួងព័ត៌មាន ដែលបង្ហាញភស្តុតាងអំពីអំពើពុករលួយ ស្រដៀងគ្នានឹងនៅតុលាការយោធាដែរ។ លិខិតរបស់មន្ត្រីក្រសួងព័ត៌មាន បានចោទប្រកាន់ដោយចំឈ្មោះដល់មន្ត្រីពីររូប គឺលោក ឈុំ សុជាតិ រដ្ឋលេខាធិការ និងជានាយខុទ្ទកាល័យនៃក្រសួងព័ត៌មាន និងលោក លោក គាម ម៉ារិទ្ធីយ៉ា ឬហៅថា កែវ សោភ័ណ ដែលជាអនុរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន ដែលតែងតាំងសាច់ញាតិរបស់ខ្លួននៅក្នុងក្រសួង មានតាំងពីប្រពន្ធកូន និងបងប្អូនថ្លៃជាដើម។ ដូចជាករណីនៅតុលាការយោធាដែរ តែក្រសួងព័ត៌មានបដិសេធស៊ើបអង្កេតករណីទេ ដោយឆ្លើយថា ជារឿងធម្មតា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។