តុលាការ​ចោទ​យុវជន​មាតា​ធម្មជាតិ​ដែល​ជាប់​ឃុំ​លើក​មុន​មួយ​ករណី​ទៀត

0:00 / 0:00

សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​​ចោទ​ប្រកាន់​​សកម្មជន​មាតា​ធម្មជាតិ​បី​នាក់ គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី មួយ​ករណី​ថ្មី​ទៀត គឺ​បទ «រួម​គំនិត​ក្បត់»។ មន្ត្រី​សិទ្ធិ​មនុស្ស និង​គ្រួសារ​របស់​អ្នក​ការពារ​បរិស្ថាន​ទាំង​នោះ​ចាត់​ទុក​​បទ​ចោទ​ប្រកាន់​ថ្មី​នេះ​ថា ធ្វើ​ឡើង​ដោយ​​មិន​ត្រឹម​ត្រូវ និង​កាន់​តែ​អយុត្តិធម៌​សម្រាប់​ពួកគេ។

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​សកម្មជន​មាតា​ធម្មជាតិ​ទាំង​បី​នាក់​ពី​បទ «រួម​គំនិត​ក្បត់» បន្ថែម​ពី​លើ​បទ​ចោទ «ញុះញង់» ដែល​ពួកគេ​កំពុង​ជាប់​ទោស​នៅ​ក្នុង​ពន្ធនាគារ។ ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ លោក អ៊ឹម វណ្ណៈ បាន​កោះហៅ​អ្នក​​ទាំង​បី​មក​សាកសួរ​ជា​បន្ត​បន្ទាប់​នៅ​ដើម​សប្ដាហ៍​នេះ។ ប៉ុន្តែ​ការ​សាកសួរ​នេះ មិន​មាន​វត្តមាន​របស់​មេធាវី​ការពារ​ក្តី​នោះ​ទេ ព្រោះ​ក្រុម​មេធាវី​ដែល​ការពារ​ក្តី​ឱ្យ​ពួក​គេ​លើក​មុន មិន​បាន​ដឹង​ពី​ការ​បញ្ជូន​ពួក​គេ​ចេញ​ពី​ពន្ធនាគារ​ដើម្បី​ដំណើរការ​សាកសួរ​នេះ។

មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​មាតា​ធម្មជាតិ​ទាំង​បី​នាក់ គឺ​លោក សំ ចំរើន ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី ២១កក្កដា​ថា លោក ថុន រដ្ឋា បាន​ផ្តល់​ដំណឹង​មក​ថា រូប​គេ​ត្រូវ​បាន​បញ្ជូន​មក​សាកសួរ​​អំពី​បទ​ចោទ​ប្រកាន់​ថ្មីនេះ កាល​ពី​ថ្ងៃ​ទី ១៩កក្កដា។ ចំណែក​កញ្ញា ឡុង គន្ធា លោក​ថា អាជ្ញាធរ​បាន​​បញ្ជូន​មក​សាកសួរ​កាល​ពី​ព្រឹក​ថ្ងៃទី២០ កក្កដា ហើយ​កញ្ញា ភួន កែវរស្មី ត្រូវ​បាន​បញ្ជូន​មក​​សាកសួរ​នៅ​ថ្ងៃ​ទី ២១កក្កដា។ លោក​បញ្ជាក់​ថា មេធាវី​ផ្សេង​ទៀត​ជា​អ្នក​កាន់​សំណុំ​រឿង​ថ្មី​នេះ ចំណែក​​លោក​ការពារ​ក្តី​ឱ្យ​ពួកគេ​​តែ​នៅ​ក្នុង​សំណុំ​រឿង​ទាក់ទង​នឹង​បទ​ចោទ​ញុះញង់​មួយ​​ប៉ុណ្ណោះ៖ « ច្បាស់​ណាស់​ហើយ​ដែល​រឿង​ក្ដី​ហ្នឹង សំណុំ​រឿង​លេខ២៤០០ ជាមួយ​អាឡិច និង​យុវជន​មាតា​ធម្មជាតិ​បី​នាក់​ក្រោយ​ហ្នឹង គឺ​ក្នុង​បទ​ល្មើស​តែ​មួយ​ជាមួយ​គ្នា​ទៀត គឺ​បទ​រួម​គំនិត​ក្បត់ »

ការ​ចោទ​ប្រកាន់​ពួក​គេ​ទាំង​បី​នាក់​ពី​បទ «រួម​គំនិត​ក្បត់» នេះ គឺ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ជាមួយ​សកម្មជន​មាតា​ធម្មជាតិ​បួន​នាក់​ផ្សេង​ទៀត កាល​ពី​ខែ​មិថុនា ឆ្នាំ២០២១។ អ្នក​ទាំង​បួន​រួម​មាន លោក យីម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា យុវជន លី ចាន់ដារ៉ាវុធ និង​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ដែល​ជា​ជន​ជាតិ​អេស្ប៉ាញ (Spanish)។ អ្នក​ទាំងបួន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់» ក្នុង​នោះ​ពួកគេ​ភាគ​ច្រើន​ជាប់​ចោទ​មួយ​ករណី​ទៀត គឺ​បទ «ប្រមាថ​ព្រះមហាក្សត្រ»។ លោក យីម លាងហ៊ី កញ្ញា ស៊ុន រដ្ឋា និងយុវជន លី ចាន់ដារ៉ាវុធ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ រីឯ​លោក អាឡិច កំពុង​រស់​នៅ​ក្រៅ​ប្រទេស។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​ចៅក្រម​ស៊ើបសួរ​ លោក អ៊ឹម វណ្ណៈ និង​អ្នក​នាំ​ពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ លោក ប្លង់ សុផល ដើម្បី​សាកសួរ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី ២១កក្កដា ដោយ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែ​វរស្មី កាល​ពី​ដើម​ខែកញ្ញា ឆ្នាំ២០២០។ ការ​ចាប់​ខ្លួន​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​កញ្ញា ឡុង គន្ធា បាន​ប្រកាស​ពី​គម្រោង​ស្លៀក​ពាក់​ស ដើរ​ពី​វត្តភ្នំ​ទៅ​ភូមិគ្រឹះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​សុំ​ជួប​លោក​និយាយ​ពី​រឿង​ផល​ប៉ះពាល់​នៃ​ការ​​លុប​បឹង​តា​មោក​នៅ​ជាយ​រាជធានី​ភ្នំពេញ។ តុលាការ​បាន​ផ្ដន្ទាទោស​ពួក​គេ​ទាំង​បី​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ពី ១៨ ខែ​ដល់ ២០ខែ ក្រោម​បទ​ចោទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

ទាក់ទង​នឹង​ការ​បន្ថែម​បទ​ចោទ​មួយ​ទៀត​នេះ ប្រពន្ធ​របស់​លោក​ ថុន រដ្ឋា លោកស្រី ប៉ាត់ រស្មី ថ្លែង​ថា នេះ​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​ប្តី​លោក​ស្រី និង​សហការី​របស់​គាត់។ លោកស្រី​បន្ត​​ថា នេះ​ក៏​ជា​រឿង​ឈឺចាប់​សម្រាប់​គ្រួសារ​លោក​ស្រី​ដែរ ព្រោះ​ប្ដី​លោក​ស្រី​ធ្វើ​ការ​ងារ​បរិស្ថាន​ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ និង​សង្គម បែរជា​​តុលាការ​ចោទ​គាត់​ពី​បទ «រួម​គំនិត​ក្បត់​» ដោយ​ខុស​ឆ្គង​បែបនេះ​ទៅ​វិញ។ លោកស្រី​បន្ថែម​ថា ករណី​នេះ​បង្ហាញ​ថា ច្បាប់​ស្រុក​ខ្មែរ​ស្ថិត​នៅ​លើ​មាត់​របស់​ពួក​អាជ្ញាធរ​ និង​មន្ត្រី​តុលាការ៖« បើ​និយាយ​ឱ្យ​ចំ​ទៅ​ច្បាប់​លើ​នីតិ​មាត់ មិន​មែន​ច្បាប់​លើ​នីតិរដ្ឋ​ទេ ដោយសារ​កន្លង​ម​ក​ប្តី​ខ្ញុំ​ធ្វើ​ការ​តែ​បរិស្ថាន ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌​មែន​ទែន។ អ៊ីចឹង​តុលាការ​គ្មាន​ភាព​ឯករាជ្យ​ទេ ហើយ​គ្មាន​យុត្តិធម៌​សម្រាប់​ប្ដី​ខ្ញុំ​ទេ​មើល​ទៅ »

គិត​មក​ដល់​ពេល​នេះ អ្នក​ការពារ​បរិស្ថាន​ទាំង​បី​រូប​បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ។ តាម​អំណាច​សាលក្រម​ផ្ដន្ទា​ទោស​ក្នុង​សំណុំ​រឿង​ញុះញង់ ពួក​គេ​ត្រូវ​​ជាប់​ឃុំ​រហូត​ដល់​ខែមីនា និង​ខែឧសភា ឆ្នាំ២០២២ ខាងមុខ។ ប៉ុន្តែ​ការ​ជាប់​ចោទ​ពី​បទ «រួម​គំនិត​ក្បត់» មួយ​ករណី​ទៀត​នេះ អាច​នឹង​ធ្វើ​ឱ្យ​ពួក​គេ​ជាប់ឃុំ​កាន់​តែ​យូរ​ ព្រោះ​បទ​ចោទ​នេះ​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០ឆ្នាំ ប្រសិន​បើ​ត្រូវ​បាន​ផ្ដន្ទា​ទោស។

នាយិកា​ប្រតិបត្តិ​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​សកម្មជន​ទាំង​បី​នាក់​ពី​បទល្មើស​ថ្មី​មួយ​ទៀត​នេះ ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់ និង​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួកគេ​ជា​ខ្លាំង ជាពិសេស​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌៖« បុគ្គល​ដែល​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន ក្រោម​ការ​ចោទ​ប្រកាន់​រួច​ទៅ​ហើយ​ហ្នឹង អ៊ីចឹង​បើ​មាន​ការ​ថែម​បទ​ចោទ​ថែម​ទៀត​ហ្នឹង វា​នឹង​​អាច​ប៉ះពាល់​ដល់​​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​របស់​ពួក​គាត់ ព្រោះ​ថា​តើ​ពួក​គាត់​អាច​មាន​ឱកាស​ក្នុង​ការ​ការពារ​ខ្លួន​ ហើយ​និង​មាន​ការ​ប្រឹក្សា​យោបល់​ជាមួយ​មេធាវី​គ្រប់គ្រាន់​ទេ​ចំពោះ​បទ​ចោទ​ថ្មី​ហ្នឹង »

អ្នកស្រី ចក់ សុភាព យល់​ឃើញ​ថា ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​ក្រុម​អ្នក​ការពារ​បរិស្ថាន​ទាំងនេះ ហាក់​ដូចជា​អាជ្ញាធរ​ចង់​បញ្ជូន​សារ​ទៅ​កាន់​ពលរដ្ឋ​ថា ការ​ខ្វាយ​ខ្វល់ និង​ភាព​សកម្ម​នៅ​ក្នុង​កិច្ច​ការពារ​បរិស្ថាន​ត្រូវ​ប្រឈម​មុខ​នឹង​ទោស​ទណ្ឌ។ អ្នកស្រី​បញ្ជាក់​ថា ចំណុច​នេះ​ផ្ទុយ​ពី​ការ​ប្ដេជ្ញា​ចិត្ត និង​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។ អ្នកស្រី​ទទូច​ដល់​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​ការពារ​បរិស្ថាន​ជា​បន្ទាន់ និង​ងាក​មក​ផ្តល់​សិទ្ធិ​សេរីភាព​ឱ្យ​ពួក​គេ​អាច​បំពេញ​ការងារ​របស់​ខ្លួន​បាន​ដូច​ដើម​ឡើង​វិញ៖« អាជ្ញាធរ​លោក​គួរតែ​បញ្ឈប់​នូវ​ការ​យាយី ហើយ​និង​ការ​ចោទ​ប្រកាន់​ ឬក៏​លាប​ពណ៌​ផ្សេងៗ​ចំពោះ​សកម្មជន​ដែល​គាត់​ចូល​រួម​យ៉ាង​សកម្ម​ ដើម្បី​មិន​មែន​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ ប៉ុន្តែ​ប្រយោជន៍​ការពារ​ធនធាន​ធម្មជាតិ​របស់​ស្រុក​ខ្មែរ​យើង​ហ្នឹង »

ការ​ចាប់​ខ្លួន ចោទ​ប្រកាន់​ និង​ផ្ដន្ទា​ទោស​អ្នក​ការពារ​បរិស្ថាន​ជា​បន្តបន្ទាប់​នេះ បាន​នាំមក​នូវ​ការ​រិះគន់ និង​ថ្កោល​ទោស​យ៉ាង​ខ្លាំង​​ពី​គ្រប់​មជ្ឈដ្ឋាន។ សហគមន៍​ជាតិ និង​អន្តរជាតិ បាន​​ចាត់​ទុក​ទង្វើ​បង្ក្រាប​នេះ​ថា ជា​ការ​សង​សឹក​របស់​អាជ្ញាធរ​របប​លោក ហ៊ុន សែន ទៅ​លើ​ការងារ​ការពារ​បរិស្ថាន​របស់​សកម្មជន​ទាំង​នោះ។

សហគមន៍​ជាតិ និង​អន្តរជាតិ នៅ​តែ​​ទាម​ទារ​យ៉ាង​ទទូច​ឱ្យ​របប​ក្រុង​ភ្នំពេញ​ទម្លាក់​ចោល​បទ​ចោទ និង​ដោះ​លែង​អ្នក​ការពារ​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​លើក​មុន និង​លើក​ក្រោយ ឱ្យ​មាន​សេរីភាព​វិញ ពីព្រោះ​សកម្មភាព​ការពារ​បរិស្ថាន​មិនមែន​ជា​បទល្មើស​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត ការ​ទម្លាក់​ចោល​បទ​ចោទ និង​ផ្តល់​សិទ្ធ​​សេរីភាព​ដល់​ពួកគេ​វិញ គឺ​ជា​ការ​ផ្តល់​ឱកាស​​ឱ្យ​ពួកគេ​អាច​​វិល​មក​បំពេញ​ការងារ​ជា​អ្នក​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​បន្ត​ទៅ​ទៀត៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។