រាជ​អាជ្ញា​​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទ​យុវជន សួង នាគព័ន្ធ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ

ដោយ មួង ណារ៉េត
2019.07.12
សួ នាគព័ន្ធ ០៧១១១៩ យុវជន សួង នាគព័ន្ធ ពេល​នគរបាល​នាំ​ខ្លួន​មក​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​សាកសួរ នៅ​ថ្ងៃ​ទី១១ ខែ​កក្កដា ឆ្នាំ២០១៩ អំពី​ខិតប័ណ្ណ​ចំនួន ១០សន្លឹក ដែល​មាន​រូប​មនុស្ស​លើក​ដៃ និង​សរសេរ​ទាមទារ​ឲ្យ​បញ្ឈប់​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់។
រូប៖ RFA

ព្រះរាជ​អាជ្ញា​​នៃសាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១២ កក្កដា​នេះ សម្រេច​ចោទ​ប្រកាន់​​យុវជន ​សួង នាគព័ន្ធ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ គឺ​ដូចគ្នាទៅ​នឹងការ​ចោទ​ប្រកាន់​យុវជន គង់ រៃយ៉ា​ ដែរ ដែល​អ្នក​ទាំង​ពីរ គឺ​ជា​អ្នក កែម ឡី​និយម។ សង្គម​ស៊ីវិល​សោក​ស្តាយ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា និង​យល់​ថា ទង្វើ​នេះ​បង្ហាញ​ថា របប​ក្រុង​ភ្នំពេញ​នៅ​តែបន្ត​​រឹត​ត្បិត​សិទ្ធិ​សេរីភាព​​របស់​​ពលរដ្ឋ។

ព្រះរាជ​អាជ្ញា​រង​នៃ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ចែ សុង សម្រេច​ចោទ​ប្រកាន់​ថា យុវជន សួង នាគព័ន្ធ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ តាម​មាត្រា​៤៩៤ និង ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ និង​សម្រេច​ឲ្យ​ឃុំ​ខ្លួន​យុវជន​រូប​នេះ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ។

មេធាវី​ការពារ​ក្តី​របស់​លោក សួង នាគព័ន្ធ គឺ​លោក សំ សុគង់ ឲ្យអាស៊ីសេរីដឹងថា ការ​ចោទ​ប្រកាន់​ថា គឺ​ព្រះរាជអាជ្ញា​សំអាង​លើ​ខិតប័ណ្ណ​ចំនួន ១០សន្លឹក​របស់លោក សួង នាគព័ន្ធ ដែល​ក្នុង​ខិត្តប័ណ្ណ​​នោះ​រូបមនុស្សលើកដៃ និងសរសេរ​ទាមទារឲ្យបញ្ឈប់សម្លាប់មនុស្ស​ក្រៅប្រព័ន្ធ​ច្បាប់ដែលលោក សួង នាគព័ន្ធ បាន​យក​ខិត្តប័ណ្ណ​នោះ​ចែក​ជូន​អ្នក​សារព័ត៌មាន ចំណែក និងវត្ថុតាង​មួយ​​ទៀត គឺ​បូ​កាន់​ទុក្ខ​ចំនួន ១២។ ប៉ុន្តែ​លោក​មេធាវី​យល់​ថា មិនមែនជាការញុះញង់ ទេគឺគ្រាន់​តែសិទ្ធិជួបជុំ និង​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដែលត្រូវការពារ​ដោយរដ្ឋធម្មនុញ្ញ​ជាច្បាប់​កំពូល​របស់កម្ពុជា៖ «»

លោកមេធាវី ឲ្យដឹងទៀតថា ពេលនេះលោកកំពុងរៀប​ដាក់​ពាក្យស្នើសុំឲ្យលោក សួង នាគព័ន្ធ អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

អ្នកនាំពាក្យសមាគមន៍ អាដហុក (ADHOC) លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា សកម្មភាព​​របស់​យុវជន សួង នាគព័ន្ធ នៅ​ពេល​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី មិន​មាន​សកម្មភាព​ណា​មួយ ដែល​ជា​សកម្មភាព​ខុស​ច្បាប់ ឬ​ជា​ការ​ញុះញង់​នោះ​ទេ។ លោក​យល់​ថា អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​សម្លាប់​ក្រៅ​ច្បាប់ គឺ​ស្រប​គ្នា​ទៅ​នឹង​ក្រម​ព្រហ្មទណ្ឌ ដែល​ហាម​មិន​ឲ្យ​មាន​ការ​សម្លាប់​​មនុស្ស​ក្រៅ​ប្រព័ន្ធ ប៉ុន្តែ​នៅ​ពេល​មាន​ការ​ចោទ​ប្រកាន់​បែប​នេះ ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​លើ​ទង្វើ​របស់​អាជ្ញាធរ​ទៅ​វិញ​ទេ៖ «»

សកម្មជន​​សង្គម លោក សួង នាគព័ន្ធ ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ នៅ​ពេល​លោក​​ទៅ​​ដាក់​កម្រង​ផ្កាគោរព​​វិញ្ញណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ទីតាំង​ ស្តារម៉ាត​ កាល់តិច ស្តុប​បូកគោ ជា​កន្លែង​ឃាតក​សម្លាប់​បណ្ឌិត កែម ឡី។ សមត្ថកិច្ច​ចោទ​ប្រកាន់​លោក​ថា បាន​​ចែក​​ខិតប័ណ្ណ​​ញុះញង់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​​ ជា​ថ្ងៃ​គម្រប់ ៣ឆ្នាំ​នៃឃាត​កម្ម​បណ្ឌិត កែម ឡី។

មុន​ការ​ចោទ​ប្រកាន់​លោក សួង នាគព័ន្ធ សាលា​ដំបូង​ក្រុង​ភ្នំពេញ​ដែល​រង​ការ​ចោទ​ប្រកាន់​ស្ថិត​​ក្រោម​ឥទ្ធិពល​ពី​របប​ក្រុង​ភ្នំពេញ​នោះ ក៏​បាន​ចោទ​ប្រកាន់​យុវជន គង់ រ៉ៃយ៉ា បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ​នេះ​ដែរ ក្រោយ​ពេល​យុវជន​រូប​នេះ បង្ហោះ​ហ្វេសប៊ុក (Facebook) លក់​អាវ​យឺត​មាន​ពាក្យ​បណ្តាំ និង​រូប​របស់​បណ្ឌិត កែម ឡី។

ភរិយា​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា ដែល​កំពុង​រស់​នៅ​ប្រទេស​អូស្ត្រាលី យល់​ថា គឺ​ក្រុម​អាជ្ញាធរ​ទៅ​វិញ​ទេ ដែល​កំពុង​កង្ក​ឲ្យ​មាន​បញ្ហា​ចលាចល​ក្នុង​សង្គម​ព្រោះ​តែ​ការ​ចោទ​ប្រកាន់​លើ​យុវជន​ទាំង​ពីរ​រូប​នេះ។ អ្នកស្រី​យល់​ថា ការ​ទាមទារ​រក​យុត្តិធម៌​ជូន​ស្វាមី​អ្នក​ស្រី មិន​ខុស​ច្បាប់​នោះ​ទេ។ អ្នកស្រី ប៊ូ រចនា ស្នើ​ទៅ​អាជ្ញាធរ ឬ​តុលាការ​ដោះ​លែង​យុវជន​ទាំង​ពីរ​រូប​នោះ ឲ្យ​មាន​សេរីភាព​ឡើង​វិញ៖ «»

រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​របប​ក្រុង​ភ្នំពេញ​ឱ្យ​ដោះ​លែង​យុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី១១ ខែ​កក្កដា គណបក្ស​នេះ​ថ្កោល​ទោស​​យ៉ាង​ដាច់​​អហង្ការ​ចំពោះ​របបក្រុង​ភ្នំពេញ ដែល​បាន​ចាប់​ខ្លួន​យុវជន​ទាំង​ពីរ​រូប​នេះ ពាក់ព័ន្ធ​នឹង​ការ​​បញ្ចេញ​មតិ​​ និង​​សម្តែង​ការ​ដឹងគុណ​​ចំពោះ​បណ្ឌិត កែម ឡី។ គណបក្សសង្គ្រោះជាតិ យល់​ថា ទង្វើ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​ធ្វើ​ពុត​ជា​មាន​ចិត្ត​សប្បុរស ផ្តល់​ថវិកា​ជួយ​សាង​​​សង់​​ចេតិយ​បណ្ឌិត កែម ឡី និងចូល​​បច្ច័យ​បុណ្យ​ខួប​១ ឆ្នាំរបស់លោក ដើម្បី​បិទ​បាំង និង​លុប​លាង​អំពើ​អាក្រក់​របស់​ខ្លួន និង​បក្ខ​ពួក ចំពោះ​ករណី​​ឃាតកម្ម​​ក៏​កក្រើក​​មួយ​នេះ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។