សង្គម​ស៊ីវិល​ស្នើ​អាជ្ញាធរ​បញ្ជូន​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ថៃ​ដែល​គេចខ្លួន​នៅ​កម្ពុជា​ប្រគល់​ឱ្យ​ថៃ​វិញ

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ស្វែងរក​ចាប់​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ របស់​ថៃ​ដែល​កំពុង​គេចខ្លួន​នៅ​កម្ពុជា​ប្រគល់​ឱ្យ​ថៃ​វិញ។ សំណើ​របស់​សង្គម​ស៊ីវិល​នេះ​បន្ទាប់ពី​តុលាការ​ថៃ​បាន​ចេញ​ដីកា​ចាប់​អតីតរដ្ឋមន្ត្រី​រូប​នេះ​ពី​បទ​ក្លែងបន្លំ ក្នុង​ពេល​ដែល​លោក​ជា​អភិបាល​ក្រុង​ផាត់តាយ៉ា (Pattaya)។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​របស់​ថៃ​ដែល​បាន​គេច​ខ្លួន​មក​កម្ពុជា​នេះ​ជា​ជនល្មើស ដែល​អាជ្ញាធរ​ខ្មែរ​គួរតែ​បញ្ជូន​ឱ្យ​ទៅ​ទទួល​ទោស​នៅ​ប្រទេស​កំណើត​វិញ​ឱ្យ​បាន​ឆាប់។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៧​កញ្ញា ថា ជន​ទាំងឡាយ​ដែល​ប្រព្រឹត្ត​បទល្មើស​ហើយ​រត់គេច​ខ្លួន​មក​ស្នាក់នៅ​កម្ពុជា​ពុំ​មែន​ជា​រឿង​ល្អ​ឡើយ។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ខ្មែរ​ស្វែងរក​ចាប់​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ថៃ គឺ លោក ឥទ្ធិពល ឃុនព្លឿម (Itthiphol Kunplome) ប្រគល់​ឱ្យ​អាជ្ញាធរ​ថៃ​វិញ ដើម្បី​កុំឱ្យ​កម្ពុជា​មានឈ្មោះ​អាក្រក់​ខាង​ទីជម្រក​របស់​ក្រុម​ឧក្រិដ្ឋជន ឬ​ជនល្មើស​មាន​លុយ​មានអំណាច។

លោក នី សុខា៖ «ចង់​មិន​ចង់​ធ្វើ​ឱ្យ​ប៉ះពាល់​ទីមួយ​មុខ​ម៉ាត់​របស់​រដ្ឋាភិបាល គឺ​រដ្ឋាភិបាល​មួយ​ដែល​មាន​លក្ខណៈ​ស៊ុមគ្រលុំ​គប់គិត​ជាមួយ​អ្នក​រកស៊ី​មិន​ត្រឹមត្រូវ​នៅក្នុង​ប្រទេស​គេ ហើយ​អាច​ជា​កន្លែង​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​ទាំងអស់​នោះ ជា​កន្លែង​ជ្រកកោន។ អ៊ីចឹង​អាហ្នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ដល់​មុខ​ម៉ាត់​រដ្ឋាភិបាល​ធ្ងន់ធ្ងរ។ ហើយ​វិនិយោគទុន​មួយ​ចំនួន​អាច​ខ្លាចរអា​មិន​ចង់​មក​រក​ស៊ី​នៅ​កម្ពុជា ដោយសារតែ​គេ​ថា ប្រទេស​យើង​ជា​ប្រទេស​មួយ​ដែល​សំបូរ​ទៅ​ដោយ​ជន​ដែល​មិនល្អ​មក​រស់នៅ»។

សំណើ​របស់​សង្គម​ស៊ីវិល​នេះ បន្ទាប់ពី​តុលាការ​ថៃ​ចេញ​ដីកា​ចាប់ខ្លួន​អតីតរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​របស់​ថៃ គឺ​លោក ឥទ្ធិពល ឃុនព្លឿម (Itthiphol Kunplome) ដែល​ជា​រដ្ឋមន្ត្រី​ជំនាន់​រដ្ឋាភិបាល​របស់​លោក ប្រាយុទ្ធ ចាន់អូចារ (Prayuth Chan O Cha) ពី​បទ​ក្លែងបន្លំ ពាក់ព័ន្ធ​នឹង​ការសាងសង់​អាគារ​ខុនដូរ​កម្ពស់ ៥៧​ជាន់​នៅ​ឆ្នេរសមុទ្រ​ផាត់តាយ៉ា (Pattaya) ក្នុង​ពេល​ដែល​លោក​ជា​អភិបាល​ក្រុង​ផាត់តាយ៉ា។ សារព័ត៌មាន​របស់​ថៃ​ជាច្រើន​ស្ថាប័ន​បាន​ចុះផ្សាយ​ថា អតីតរដ្ឋមន្ត្រី​រូប​នេះ​បាន​រត់​គេច​ខ្លួន​ដោយ​ធ្វើដំណើរ​តាម​យន្តហោះ​ចាកចេញ​ពី​ព្រលាន​យន្តហោះ​សុវណ្ណភូមិ ទីក្រុង​បាងកក​មក​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃទី​៣០ ខែ​សីហា កន្លង​ទៅ ហើយ​អាជ្ញាធរ​ថៃ​កំពុង​តាម​ចាប់​អតីតរដ្ឋមន្ត្រី​រូប​នេះ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត និង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃទី​៧ កញ្ញា។

ជុំវិញ​រឿង​នេះ​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ មាន​ប្រសាសន៍​ថា កន្លងទៅ​កម្ពុជា បាន​ចុះ​កិច្ចប្រតិបត្តិការ​យោគយល់​គ្នា​បញ្ជូន​ជន​ដែល​មាន​ទោស​ត្រឡប់​ទៅ​ទទួល​ទោស​នៅ​ប្រទេស​កំណើត​វិញ ជាមួយ​រដ្ឋាភិបាល​ថៃ​រួច​មក​ហើយ។ លោក​បញ្ជាក់​ថា ដូច្នេះ​អាជ្ញាធរ​កម្ពុជា​គួរតែ​ប្រឹងប្រែង​ស្វែងរក​ចាប់​អតីតរដ្ឋមន្ត្រី​រូប​នេះ​បញ្ជូន​ទៅ​ឱ្យ​អាជ្ញាធរ​ថៃ​វិញ។

លោក កើត សារ៉ាយ៖ «វា​ជា​ការ​បង្ហាញ​មួយ​ថា កម្ពុជា​មិនមែន​ជា​សំបុក​មិនមែន​ជា​ទីកន្លែង​សម្រាប់​ជនល្មើស​មក​ជ្រកកោន​ទេ។ មិនមែន​ជា​ទីកន្លែង​សម្រាប់​អ្នក​លាងលុយកខ្វក់​ឬក៏​ជនល្មើស​ប្រព្រឹត្តិ​បទល្មើស​ផ្សេងៗ​មក​ជ្រកកោន​ទេ ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​បង្ហាញ​ពី​សក្ដានុពល​នៃ​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​ដែរ។ ហ្នឹងហើយ​ជា​កត្តា​ដែល​ខ្ញុំ​គិតថា ជំរុញ​ឱ្យ​មាន​ការអនុវត្ត​ច្បាប់​បាន​តឹងរ៉ឹង​សម្រាប់​ជនល្មើស ឬ​ឧក្រិដ្ឋ​ជនបរទេស​ដែល​ចូល​មក​ក្នុង​ប្រទេស​កម្ពុ​ជា​ហ្នឹង»។

កម្ពុជា​ត្រូវ​បាន​គេ​រក​ឃើញ​ថា ត្រូវ​បាន​ជនល្មើស ឬ​ឧក្រិដ្ឋជន​ប្រើប្រាស់​ធ្វើ​ជា​ទីកន្លែង​សម្រាប់​ជ្រកកោន ដើម្បី​ងាយស្រួល​ប្រព្រឹត្ត​បទល្មើស និង​ការ​លាង​លុយកខ្វក់។

កាល​ពី​ខែ​មីនា ឆ្នាំ​២០២២​កន្លង​ទៅ អង្គការ​ឃ្លាំមើល​អំពើ​លាងលុយកខ្វក់​លើ​ពិភពលោក ឈ្មោះ​ក្រុម​ការងារ​សកម្មភាព​ហិរញ្ញវត្ថុ (FATF) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស (Paris) ប្រទេស​បារាំង (France) បាន​ដាក់​កម្ពុជា​ក្នុង «​បញ្ជី​ប្រផេះ​» នៃ​ក្រុម​ប្រទេស​មាន​ហានិភ័យ​ខាង​អំពើ​លាងលុយកខ្វក់ ដែល​ពិភពលោក​ត្រូវ​បង្កើន​ការ​តាមដាន។

មន្ត្រី​សង្គម​ស៊ីវិល​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ក្រុម​ឧក្រិដ្ឋជន​យក​ទឹកដី​កម្ពុជា​ដើម្បី​ជ្រកកោន​ដោយសារ​ការអនុវត្ត​ច្បាប់​ធូររលុង​និង​ការប្រព្រឹត្ត​អំពើពុករលួយ​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។