គ្រូពេទ្យនៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង លោក យ៉ែម ជ្រិន ដែលត្រូវបានសាលាដំបូងខេត្តបាត់ដំបង សម្រេចឲ្យជាប់ទោស ២៥ឆ្នាំ ករណីចម្លងមេរោគអេដស៍ដល់អ្នកភូមិចំនួន ១២២នាក់ ស្នើចៅក្រមសាលាឧទ្ធរណ៍បន្ធូរបន្ថយទោសមកត្រឹម ១០ឆ្នាំ។ មេធាវីយល់ថា ករណីឆ្លងមេរោគអេដស៍នៅភូមិរកា ស្ថាប័នជំនាញរបស់រដ្ឋក៏គួររួមចំណែកក្នុងការទទួលខុសត្រូវដែរ។
ក្នុងសវនាការនៃសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី១៧ សីហា គ្រូពេទ្យ យ៉ែម ជ្រិន បានទទួលស្គាល់ថា ពិតជាមានការចាក់ថ្នាំដោយប្រើម្ជុលរួមគ្នាពីអ្នកជំងឺម្នាក់ទៅអ្នកជំងឺម្នាក់ទៀត នៅក្នុងភូមិរកា មែន។ គ្រូពេទ្យ យ៉ែម ជ្រិន ប្រាប់ចៅក្រមស៊ើបសួរថា ភូមិរកា នៅតំបន់ដាច់ស្រយាល ពិបាករកទិញម្ជុល ឬស៊ីរ៉ាំងចាក់ថ្នាំ។
សាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ បានប្រកាសសាលក្រមផ្ដន្ទាទោសគ្រូពេទ្យ យ៉ែម ជ្រិន ដាក់ពន្ធនាគារ ២៥ឆ្នាំ និងពិន័យជាប្រាក់ ៥លានរៀលចូលថវិការដ្ឋ។ គ្រូពេទ្យរូបនេះ ត្រូវចោទប្រកាន់ពីបទបើកកន្លែងពិគ្រោះព្យាបាលជំងឺដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល បទចម្លងមេរោគអេដស៍ទៅអ្នកដទៃដោយចេតនា និងបទទារុណកម្មដែលមានស្ថានទម្ងន់ទោស ដោយសារតែមរណភាពនៃជនរងគ្រោះ។ បទល្មើសទាំងនោះ ប្រព្រឹត្តនៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង អំឡុងឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១៤។
លោក យ៉ែម ជ្រិន អះអាងថា គ្មានចេតនាណាមួយក្នុងការចម្លងជំងឺអេដស៍ដល់អ្នកភូមិនោះទេ ហើយក្រៅពីអ្នកភូមិរកា មានម្ដាយ ប្អូន និងក្មួយរបស់គ្រូពេទ្យ យ៉ែម ជ្រិន ក៏មានផ្ទុកមេរោគអេដស៍ដែរ។ លោកថាការដើរចាក់ថ្នាំឲ្យអ្នកភូមិ ដោយសារតែការអាណិតអាសូររបស់គាត់ដល់អ្នកភូមិ ដែលគាត់មានចំណេះដឹងវិស័យសុខាភិបាលតិចតួច និងមានការស្នើសុំពីសំណាក់អ្នកភូមិឲ្យជួយព្យាបាល ព្រោះជាភូមិដាច់ស្រយាលដែលសេវាសុខាភិបាលពិបាកទៅដល់។ លោកស្នើឲ្យចៅក្រមសាលាឧទ្ធរណ៍ បន្ធូរបន្ថយទោសដើម្បីបានរស់ជួបជុំក្រុមគ្រួសាររបស់លោកវិញ។ ទោះយ៉ាងណា លោកមានការសោកស្ដាយចំពោះករណីឆ្លងមេរោគអេដស៍ដល់អ្នកភូមិរកា។
តំណាងជនរងគ្រោះជាដើមបណ្ដឹងចំនួន ៥នាក់ តំណាងឲ្យអ្នកភូមិចំនួន ១២២នាក់ បានស្នើឲ្យចៅក្រមសាលាឧទ្ធរណ៍ កាត់ទោសគ្រូពេទ្យ យ៉ែម ជ្រិន តាមច្បាប់កំណត់ ខណៈដែលព្រះរាជអាជ្ញាតំណាងមហាអយ្យការអមសាលាឧទ្ធរណ៍ បានស្នើឲ្យចៅក្រមរក្សាការដាក់ទោសពិន័យរបស់សាលាដំបូងខេត្តបាត់ដំបង។
មេធាវីម្នាក់ក្នុងចំណោម ២នាក់ដែលការពារក្ដីឲ្យលោក យ៉ែម ជ្រិន គឺលោកមេធាវី ធន សុខឃុយ ស្នើឲ្យចៅក្រមប្ដូរបទចោទមកមួយករណីវិញ គឺឃាតកម្មដោយអចេតនា។ លោកមេធាវីយល់ថា ករណីឆ្លងមេរោគអេដស៍នៅឃុំរកា មិនគួរណាទុកឲ្យលោក យ៉ែម ជ្រិន ជាអ្នកទទួលខុសត្រូវតែម្នាក់ឯងនោះទេ គឺស្ថាប័នជំនាញរបស់រដ្ឋ (ក្រសួងសុខាភិបាល) និងអាជ្ញាធរ ក៏គួររួមចំណែកក្នុងការទទួលខុសត្រូវដែរ។ លោកមេធាវីគិតថា លោក យ៉ែម ជ្រិន មិនមែនជាជនល្មើសទេ តែជាប់ចោទដោយសារកូនក្ដីលោកជាមនុស្សចិត្តធម៌ជួយអ្នកភូមិ។
មេធាវីម្នាក់ទៀត គឺលោក អ៊ុក វ៉ាន់ដេត យល់ថា អំពើរបស់កូនក្ដីលោក គឺជាការទទួលខុសត្រូវរបស់ក្រសួងសុខាភិបាល៖ « ជាអំពើរបស់គាត់ ( គ្រូពេទ្យ យ៉ែម ជ្រិន ) ប៉ុន្តែ ការទទួល ខុស ត្រូវ គឺជារបស់ក្រសួងសុខាភិបាល ... ។ តាមពិត ក្រសួង ( សុខាភិបាល ) ត្រូវមានការទទួលខុសត្រូវក្នុងការថែរក្សាសុខភាពប្រជាពលរដ្ឋ ។ នៅពេលដែល ខ្លួន ( ក្រសួងសុខាភិបាល ) មិនមាន ការត្រួតពិនិត្យ មិនមានការយកចិត្ត ទុកដាក់ បណ្ដាលឲ្យមានអំពើសោកនាដកម្មនេះឡើង ក្រសួង ក៏មាន ការទទួលខុសត្រូវរួមចំណែក នៅក្នុង អំពើ នេះដែរ »។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បានទេនៅថ្ងៃទី១៧ សីហា ដោយលោកមិនលើកទូរស័ព្ទ។
មុនបិទបញ្ចប់សវនាការ ប្រធានក្រុមប្រឹក្សាចៅក្រមសាលាឧទ្ធរណ៍ ប្រកាសថានឹងត្រូវប្រកាសសាលដីកាសំណុំរឿងនេះនៅថ្ងៃទី៨ ខែកញ្ញា វេលាម៉ោង ៨ព្រឹក។
ចំណែកប្រជាពលរដ្ឋនៅឃុំរកា ស្នើឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ជួយរកការងារឲ្យអ្នកភូមិរកា ធ្វើ ដោយសារពួកគេមិនអាចទៅរកការងារធ្វើនៅប្រទេសថៃ បានដូចពីមុន និងមិនអាចចាកចេញពីភូមិរកា ទៅរកការងារធ្វើបានទេ ព្រោះត្រូវបើកថ្នាំជារៀងរាល់ខែ ហើយប្រសិនបើលើសថ្ងៃកំណត់នៃការបើកថ្នាំ ពួកគេនឹងមិនត្រូវគេអនុញ្ញាតឲ្យបើកថ្នាំលេបនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។