ហ្វីលីពីន​ស្នើ​ឱ្យ​កម្ពុជា​កុំ​ដាក់​ទោស​ស្ត្រី​ពពោះ​ជំនួស​ចំនួន១៣​នាក់

ដោយ សុ ជីវី
2024.10.17
ហ្វីលីពីន​ស្នើ​ឱ្យ​កម្ពុជា​កុំ​ដាក់​ទោស​ស្ត្រី​ពពោះ​ជំនួស​ចំនួន១៣​នាក់ អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្លែង​កាលពីថ្ងៃទី១៧ មករា ២០២៤។
រូប៖ ហ្វេសប៊ុកក្រសួង​មហាផ្ទៃ

រដ្ឋាភិបាល​ហ្វីលីពីន​ស្នើ​រដ្ឋាភិបាល​កម្ពុជា​កុំ​ឱ្យ​ដាក់​ទោសទណ្ឌ​ស្ត្រី​ជនជាតិ​ហ្វីលីពីន (Philippines) ចំនួន ១៣នាក់ ដែល​កំពុង​មាន​ផ្ទៃពោះ ដោយ​សំអាង​ថា ពួកគេ​ជា​ជន​រងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស តាម​រយៈ​ការ​ពពោះ​ជំនួស។

នគរបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា បាន​ជួយ​សង្គ្រោះ​ស្ត្រី​ហ្វីលីពីន​សរុប ២០​នាក់ ដែល​ក្រុម​ទុច្ចរិត​នាំ​ឱ្យ​មក​ពពោះ​ជំនួស​នៅ​កម្ពុជា។

មន្ត្រី​កម្ពុជា​អះអាង​ថា ស្ត្រី​ចំនួន ១៣​នាក់ ដែល​មានផ្ទៃពោះ​អាច​នឹង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ក្រោម​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ខណៈ​ស្ត្រី ៧​នាក់​ទៀត​នឹង​ត្រូវ​អាជ្ញាធរ​គ្រោង​នឹង​បញ្ជូន​ទៅ​ហ្វីលីពីន​វិញ។

សំណើ​របស់​រដ្ឋាភិបាល​ហ្វីលីពីន​ដែល​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កុំ​ដាក់​ទោស​ទណ្ឌ​ស្ត្រី​ជនជាតិ​ហ្វីលីពីន​ចំនួន ១៣​នាក់ កំពុង​មាន​ផ្ទៃពោះ​នេះ​ធ្វើ​ឡើង​តាមរយៈ​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​នៅ​កម្ពុជា។

សារព័ត៌មាន​ក្នុង​ប្រទេស​ហ្វីលីពីន INQUIRER.NET បាន​ស្រង់​សម្ដី​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ហ្វីលីពីន លោក នីកូឡាស ទី (Nicholas Felix Ty) ដែល​ថ្លែង​កាលពី​ថ្ងៃ​ទី១៥ ខែ​តុលា​ថា រដ្ឋាភិបាល​ហ្វីលីពីន​នឹង​ផ្ដល់​ជំនួយ​ផ្លូវ​ច្បាប់​ទៅ​ដល់​ស្ត្រី​ដែល​​រងគ្រោះ​ពី​អំពើ​ជួញដូរ​មនុស្ស​តាមរយៈ​ការ​ពពោះ​ជំនួស​ទាំង ២០​នាក់ ហើយ​ក្នុង​នោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ចំនួន ១៣​នាក់​អាច​ប្រឈម​នឹង​ទោស​ព្រហ្មទណ្ឌ​ក្រោម​ច្បាប់​កម្ពុជា។

លោក នីកូឡាស ទី អះអាង​ថា ស្ថានទូត​ហ្វីលីពីន​ប្រចាំ​នៅ​កម្ពុជា​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​រួចរាល់​ហើយ​ឱ្យ​ចាត់​ទុក​ស្ត្រី​ទាំង​២០​នាក់​នេះ​ជា​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស មិនមែន​ជា​ឧក្រិដ្ឋជន។ បើ​ទោះ​ជា​យ៉ាងណា អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​រូប​នេះ​បញ្ជាក់​ថា នេះ​ជា​បញ្ហា​រសើប​សម្រាប់​កិច្ចពិភាក្សា​គ្នា​រវាង​ប្រទេស​ទាំង២ និង​ចាំបាច់​ត្រូវ​ពិចារណា​ពី​ទស្សនៈ​ទាំង​សង្ខាង។

បើ​តាម លោក នីកូឡាស ទី ពេល​នេះ​ស្ត្រី​ហ្វីលីពីន​ចំនួន​១៣នាក់​កំពុង​ទទួល​បាន​ការថែទាំ​រង់ចាំ​សម្រាល​កូន​រួច ចំណែក​៧​នាក់​ទៀត​អាច​នឹង​ត្រូវ​អាជ្ញាធរ​បញ្ជូន​ទៅ​ហ្វីលីពីន​វិញ​ឆាប់ៗ​នេះ។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​ប្រធាន​ក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន និង​អ្នកស្រី ជូ ប៊ុនអេង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​យប់​ថ្ងៃ​ទី១៦ ខែ​តុលា។

បើ​ទោះ​ជា​យ៉ាងណា អ្នកស្រី ជូ ប៊ុនអេង បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ AFP ថា កម្ពុជា​មិន​បាន​ចាត់​ទុក​ស្ត្រី​ហ្វីលីពីន​មាន​ផ្ទៃពោះ​ទាំង១៣​នាក់​ថា ជា​ជន​រងគ្រោះ​ទេ ប៉ុន្តែ​ជា​ជនល្មើស ដែល​បាន​ឃុបឃិត​ជាមួយ​ក្រុម​មនុស្ស ដែល​រៀបចំ​ឱ្យ​មាន​អំពើ​ពពោះ​ជំនួស ដើម្បី​លក់​ទារក​យក​ប្រាក់។ អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់​ថា ស្ត្រី​ទាំង ១៣​នាក់ ស្ថិត​ក្រោម​ការ​មើលថែ​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បន្ទាប់​ពី​សម្រាល ពួកគេ​អាច​នឹង​ត្រូវ​តុលាការ​កាត់​ទោស​តាម​បទ​ចោទ ដែល​អាច​ឱ្យ​ពួកគេ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី២ ទៅ៥ឆ្នាំ។ អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា ក្រុម​អ្នក​រកស៊ី​រៀបចំ​ពពោះ​ជំនួស​នេះ​ទំនង​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​រាល់​ការ​ផ្គត់ផ្គង់​អាហារ និង​ការ​ស្នាក់​របស់​ក្រុម​ស្ត្រី​នេះ​គឺ​គេ​រៀបចំ​ចេញ​ពី​ប្រទេស​ថៃ​ទាំងអស់។ ប៉ុន្តែ​មក​ដល់​ពេល​នេះ អាជ្ញាធរ​នៅ​មិន​ទាន់​អាច​កំណត់​មុខសញ្ញា​នៃ​ក្រុម​នោះ​បាន​នៅឡើយ។

ទាក់ទង​នឹង​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត ស្នើ​ឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ឱ្យ​បាន​ម៉ត់ចត់​មុន​នឹង​សម្រេច​ថា​ចោទ​ប្រកាន់ ឬ​មិន​ចោទ​ប្រកាន់​ណាមួយ ដើម្បី​ធានា​ថា​កម្ពុជា​អនុវត្ត​ច្បាប់​ទៅ​លើ​អ្នក​ប្រព្រឹត្ត​ល្មើស និង​ការពារ​ជន​រងគ្រោះ​ផង​ដែរ។

លោក អំ សំអាត៖ «តើ​ចេតនា​គាត់​យ៉ាង​ម៉េច តើ​គាត់​មាន​ចេតនា​ទេ? ឬ​ក៏​គាត់​ជា​ជនរងគ្រោះ​ដោយសារ​ចាប់​បង្ខំ ឬ​មួយ​យ៉ាង​ម៉េច ត្រូវ​មាន​ការស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់ ហើយ​មាន​កិច្ច​សហការ​ជាមួយ​ប្រទេស​សាមី ហើយ​បើ​រក​ឃើញ​ថា​គាត់​ជា​ជនរងគ្រោះ ត្រូវ​តែ​គិតគូរ​ពី​ប្រយោជន៍​ជនរងគ្រោះ​ក្នុង​ការ​បន្ធូរបន្ថយ។ តែ​បើ​រក​ទៅ​ឃើញ​ថា​ជា​ចេតនា​ក្នុង​ការ​ពពោះ​ជំនួស ហើយ​ទទួល​បាន​ផលប្រយោជន៍​ដែល​ហៅ​ថា​ការ​ជួញដូរ ហ្នឹង​គឺ​ត្រូវ​មាន​ការអនុវត្ត»

ក្នុង​ពេល​ជួយ​សង្គ្រោះ​ស្ត្រី​ហ្វីលីពីន​ទាំង២០​នាក់​នេះ​អាជ្ញាធរ​ក៏​បាន​ជួយ​សង្គ្រោះ​ស្ត្រី​វៀតណាម (Vietnam)ចំនួន ៤​នាក់​ដែរ ដែល​ពុំ​ទាន់​មាន​ផ្ទៃពោះ ហើយ​ពួកគេ​នឹង​ត្រូវ​អាជ្ញាធរ​បញ្ជូន​ត្រឡប់​ទៅ​វៀតណាម​វិញ​ដែរ។

កាលពី​ឆ្នាំ២០១៧ តុលាការ​កម្ពុជា​បាន​កាត់ទោស ស្ត្រី​ជនជាតិ​អូស្ត្រាលី (Australia) ម្នាក់ និង​អ្នក​ពាក់ព័ន្ធ​ជា​ជនជាតិ​ខ្មែរ​ចំនួន ២​នាក់ ទៀត​ដាក់​ពន្ធនាគារ​ម្នាក់ៗ ១ឆ្នាំ ៦ខែ ពាក់ព័ន្ធ​នឹង​ជំនួញ​ផ្ដល់​ការ​ពពោះ​ជំនួស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង ថា លោក ហ៊ុន ម៉ាណែត កំពុង​បោកពលរដ្ឋ និង​អន្តរជាតិ អំពី​ការ​ប្ដេជ្ញា​ចិត្ត​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ SDGs របស់​ អ.ស.ប
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។