រដ្ឋមន្ត្រី​ព័ត៌មាន​ថា សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​បាន​បញ្ជូន​ដល់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​យូរ​ហើយ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​២៧ តុលា​ថា សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន បាន​បញ្ជូន​ទៅ​ដល់ទី​ស្ដី​គណៈរដ្ឋមន្ត្រី​ហើយ និង​រង់ចាំ​តែ​ស្ថាប័ន​នេះ បើក​កិច្ចប្រជុំ​សម្រេច​មុន​នឹង​បញ្ជូន​ទៅ​សភា។

លោក ខៀវ កាញារីទ្ធ អះអាង​ថា សេចក្ដីព្រាងច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​គឺ​ក្រសួង​ព័ត៌មាន​រៀបចំ​ចប់​សព្វគ្រប់​អស់ហើយ​។ ឥលូវ​នេះ នៅ​រង់ចាំ​តែ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បើ​កិច្ចប្រជុំ​ពិនិត្យមើល​បន្ត​តែប៉ុណ្ណោះ។

លោក ខៀវ កាញារីទ្ធ៖ « យើង​ចប់​អស់​ហើយ ហើយ​ទៅ​ដល់​គណៈរដ្ឋមន្ត្រី​ពិនិត្យ​។ ការ​ធ្វើ​ច្បាប់​មាន​ពីរ​ដំណាក់កាល ទី​១ គឺ​ការប្រជុំ​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ បន្ទាប់​មក​រឿង​ទោស​ទណ្ឌ ក្រសួង​យុត្តិធម៌ ជា​អ្នក​ប្រជុំ​ពិនិត្យ​។ ច្បាប់​នេះ យើង​បាន​ដាក់​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​យូរហើយ តែ​យើង​ដឹង​ហើយ​កន្លង​មក គឺ​ជាប់​ការងារ​ហូត »

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌មាន​ដូច្នេះ នៅ​ក្រោយ​ពី រង​ការ​រិះគន់​ថា ក្រសួង​ព័ត៌មាន​បាន​ប្រើ​ពេល​យូរ ដើម្បី​រៀបចំ​ធ្វើ​ច្បាប់​នេះ ខណៈ​លោក ហ៊ុន សែន បាន​សន្យា​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​ប្រមាណ​៦​ពាន់​នាក់​កាលពី​ឆ្នាំ​២០២០​ថា លោក​នឹង​រុញ​ឲ្យ​ច្បាប់​ស្ដីពី​សិទ្ធ​ទទួល​បាន​ព័ត៌មាន​ចេញ​ជា​រូបរាង​នៅ​ត្រឹម​ឆ្នាំ​២០២០។

ឥលូវ​នេះ សេចក្ដីព្រាងច្បាប់​បាន​បញ្ជូន​ដល់ដៃ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ឬ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​បើ​កិច្ចប្រជុំ ដើម្បី​បញ្ជូន​បន្ត​ទៅ​សភា​សភា​នៅឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។