តុលាការកំពូលនឹងប្រកាសសាលដីកាសំណុំរឿងយុវជនមាតាធម្មជាតិ ២ នាក់ នៅដើមសប្ដាហ៍ក្រោយ បន្ទាប់ពីបញ្ចប់សវនាការនៅព្រឹកថ្ងៃទី១១ ឧសភា នេះ។ អ្នកការពារសិទ្ធិមនុស្សស្នើដល់តុលាការកំពូល ទម្លាក់ចោលការចោទប្រកាន់លើយុវជនទាំង២ នាក់ ព្រោះពួកគេមិនបានប្រព្រឹត្តកំហុសអ្វីឡើយ។
មេធាវីការពារក្តីឱ្យអតីតយុវជនមាតាធម្មជាតិ លោក សំ ចំរើន ឱ្យដឹងថា កូនក្តីរបស់លោកទាំងពីរនាក់មិនបានចូលរួមក្នុងអង្គសវនាការនោះទេ ពីព្រោះពួកគេមានធុរៈផ្ទាល់ខ្លួន ក៏ប៉ុន្តែសវនាការនៅតែដំណើរការដូចការគ្រោងទុក។ លោកបញ្ជាក់ថា លោកបានបកស្រាយជូនក្រុមប្រឹក្សាជំនុំជម្រះថា បទចោទប្រកាន់ក្នុងសំណុំរឿងនេះធ្វើឡើងដោយយោងទៅលើតែរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាននៅខេត្តកោះកុង ខ្វះការអង្កេតជាក់ស្ដែងបន្ថែមទៀត។ ម្យ៉ាងទៀត លោកថា ភាគីដើមបណ្ដឹងមិនដែលបានចូលរួមតតាំងក្តីនេះទេ តាំងពីនៅដំណាក់កាលចៅក្រមស៊ើបសួរតុលាការខេត្តកោះកុង មកម្ល៉េះ៖ «លំហសមុទ្រហ្នឹង វាមិនមែនជាឧក្រិដ្ឋឋាន វាមិនមែនជាកន្លែងកើតហេតុដែលជាកម្មសិទ្ធិរបស់បុគ្គលឯកជនណាមួយទេ ផ្អែកតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ភូមិបាលឆ្នាំ២០០១។ អ៊ីចឹងផ្អែកលើចំណុចសំខាន់ៗទាំងនេះហើយ យើងយល់ថាសកម្មភាពរបស់កូនក្តីកាលពីខែកញ្ញា ឆ្នាំ២០១៧ មិនចូលជាបទល្មើសណាមួយដែលបំពានច្បាប់រដ្ឋនោះទេ។ អ៊ីចឹងចុងក្រោយ យើងសុំឱ្យតុលាការកំពូលសម្រេចបដិសេធសាលដីការបស់សាលាឧទ្ធរណ៍ និងសម្រេចឱ្យកូនក្តីទាំងពីរបានរួចផុតពីបទចោទ»។
មេធាវី សំ ចំរើន ថ្លែងទៀតថា តំណាងមហាអយ្យការមិនបានធ្វើសេចក្តីសន្និដ្ឋានដាក់បន្ទុកលើកូនក្តីរបស់លោកនោះទេ។ ផ្ទុយទៅវិញលោកថា តំណាងមហាអយ្យការបានថ្លែងប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា សំណុំរឿងនេះគ្មានធាតុផ្សំនៃបទល្មើសគ្រប់គ្រាន់ឡើយ។ មេធាវីរូបនេះសង្ឃឹមថា កូនក្តីរបស់លោកទាំងពីរនាក់នឹងទទួលបានយុត្តិធម៌វិញ៖ «ព្រឹកមិញហ្នឹង តំណាងមហាអយ្យការឡើងសន្និដ្ឋាន គឺគាត់ថា ក្នុងដំណើរការរឿងក្តីនេះ មិនមានធាតុផ្សំ នៃបទល្មើសគ្រប់គ្រាន់សម្រាប់ផ្ដន្ទាទោសលើអ្នកទាំងពីរហ្នឹងទេ។ អ៊ីចឹងយើងយល់ថា សេចក្ដីសន្និដ្ឋានបែបនេះ គឺបានគាំទ្រទៅលើជំហររបស់យើងជាមេធាវី និងផ្ដល់ផលប្រយោជន៍សម្រាប់ជនជាប់ចោទច្រើន»។
ក្រោយសវនាការប្រហែលកន្លះម៉ោង ចៅក្រមជំនុំជម្រះតុលាការកំពូលសម្រេចថា នឹងប្រកាសសាលដីការឿងនេះ នៅថ្ងៃច័ន្ទ ទី១៨ ឧសភា ខាងមុខ។
អតីតសកម្មជនមាតាធម្មជាតិ យុវជន ហ៊ុន វណ្ណៈ និង ឌឹម គុនឌី ត្រូវបានតុលាការខេត្តកោះកុងកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ ១ឆ្នាំ និងពិន័យម្នាក់១ លានរៀល ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” និង “ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល”។ ក្ដីក្ដាំនេះ កើតឡើងដោយសារតែយុវជនទាំងពីរបានជិះទូកថតរូបកប៉ាល់ដឹកខ្សាច់ក្នុងលំហសមុទ្រ នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ។ ភាគីដើមបណ្តឹង គឺជាតំណាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុង (SEZ Koh Kong) របស់ឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច និងជាអ្នកជំនួញស្និទ្ធិនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តុលាការខេត្តកោះកុងបានអនុវត្តទោសពន្ធនាគារលើយុវជនទាំងពីររូបរយៈពេល ៥ខែ គិតពីថ្ងៃចាប់ខ្លួន ដល់ថ្ងៃប្រកាសសាលក្រម ហើយទោសនៅសល់ ត្រូវព្យួរ។ សាលាឧទ្ធរណ៍បានតម្កល់សាលក្រមផ្ដន្ទាទោសនេះទុកជាបានការដដែលនៅចុងខែសីហា ឆ្នាំ២០១៩ ហេតុនេះទើបយុវជនទាំងពីរនាក់សម្រេចប្តឹងសាទុក្ខដល់តុលាការកំពូល។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា តាំងពីដំណាក់កាលដំបូងមក តុលាការគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់យុវជនទាំងពីរនាក់នេះឡើយ។ លោកថា ការចាប់ខ្លួន និងចោទប្រកាន់ពួកគេនាពេលកន្លងទៅនោះ គឺជាការបំបាក់ស្មារតីអ្នកការពារបរិស្ថាន។ លោកស្នើឱ្យតុលាការកំពូលផ្ដល់យុត្តិធម៌ដល់អ្នកទាំងពីរវិញ ដើម្បីជាការលើកទឹកចិត្តដល់យុវជនឱ្យបន្តការងារសង្គម និងការពារធនធានធម្មជាតិ៖ «យើងនៅតែមានសង្ឃឹមថា តុលាការកំពូលនឹងលើកលែងចោទប្រកាន់សម្រាប់ពួកគាត់ឱ្យមានសេរីភាពពេញលេញ ហើយពួកគាត់អាចចូលរួមក្នុងការការពារធនធានធម្មជាតិ និងបរិស្ថាន និងផលប្រយោជន៍សង្គមនានា»។
យុវជន ហ៊ុន វណ្ណៈ និង ឌឹម គុនឌី គឺជាសកម្មជន២ នាក់ ក្នុងចំណោម៥ នាក់ នៃអង្គការមាតាធម្មជាតិ ដែលត្រូវអាជ្ញាធរចាប់ដាក់ពន្ធនាគារជាច្រើនខែ ដោយសារពួកគេបានចេញមុខតស៊ូមតិប្រឆាំងនឹងការបូមខ្សាច់បែបអនាធិបតេយ្យក្នុងខេត្តកោះកុង។ យុវជន៣ នាក់ផ្សេងទៀត រួមមាន លោក សាន់ ម៉ាឡា ទ្រី សុវិគា និងស៊ីម សំណាង។ ក្រៅពីការចាប់ខ្លួន និងផ្ដន្ទាទោសក្រុមយុវជនទាំងនេះជាបន្តបន្ទាប់ហើយ ក្រសួងមហាផ្ទៃក៏បានសម្រេចលុបឈ្មោះអង្គការមាតាធម្មជាតិចេញពីបញ្ជីអង្គការសង្គមស៊ីវិល នៅចុងឆ្នាំ២០១៧។ ចំណែក សហស្ថាបនិកអង្គការនេះ គឺលោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាលេស ដេវីតសុន (Alejandro Gonzalez Davidson) ជនជាតិអេស្ប៉ាញវិញ ត្រូវបានអាជ្ញាធរបណ្ដេញចេញពីកម្ពុជានៅចុងខែកុម្ភៈ ឆ្នាំ២០១៥ និងមិនអនុញ្ញាតឱ្យត្រឡប់មកវិញឡើយ ទោះជាលោកបានព្យាយាមស្នើសុំវិលមកកម្ពុជាវិញជាច្រើនដងយ៉ាងណាក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។