អ្នក​ជំនាញ​ថា មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ក្នុង​សំណុំរឿង​ប្រឆាំង​នឹង​អតីត​បុគ្គលិក​អាស៊ីសេរី

ដោយ មាន ឫទ្ធិ
2019.07.27
យាង សុធារិន្ទ ៦២២ អតីត​បុគ្គលិក​អាស៊ីសេរី ​លោក យាង សុធារិន្ទ (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ក្រោយ​ពី​ចេញ​ពី​សវនាការ នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ កក្កដា ២០១៩។
Photo courtesy of Facebook Page KKKHRDA-Center

មន្ត្រី​សិទ្ធិមនុស្ស និង​អ្នក​ជំនាញ​វិស័យ​សារព័ត៌មាន​ដែល​បាន​ឃ្លាំមើល​ដំណើរការ​សវនាការ​កាត់​ក្តី​លើ​អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ កត់សម្គាល់​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​នៅ​ក្នុង​សំណុំ​រឿង​នេះ​។ ពួកគេ​លើកឡើង​ថា ភាព​មិន​ប្រក្រតី​ទាំងនោះ គឹ​រួមមាន​ចាប់​តាំងពី​បទចោទប្រកាន់ នីតិវិធី​សវនាការ​ស៊ើបសួរ ព្រមទាំង​ការ​អូស​បន្លាយ​ពេលវេលា​កាត់​ក្តី​បិទ​បញ្ចប់​សំណុំ​រឿង​នេះ ជាដើម។

សំណុំរឿង​ចម្រូងចម្រាស​ប្រឆាំង​នឹង​អតីត​អ្នករាយការណ៍​អាស៊ីសេរី​ពីរ​រូប​នេះ ដែល​រង​ការរិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា ជា​បទ​ចោទ​បែប​ប្រឌិត និង​មាន​ចរិត​គុំកួន​នយោបាយ​នោះ នៅ​មិនទាន់​បិទ​បញ្ចប់​ជា​ស្ថាពរ​នៅឡើយ​ទេ​។ ចៅក្រម​ស៊ើបសួរ​បានសម្រេច​បន្ត​សវនាការ​លើ​សំណុំរឿង​របស់​ពួកគេ​នៅ​ថ្ងៃ​ទី​០៩ ខែ​សីហា ជា​បន្ត​ទៀត ក្រោយពី​បាន​ជំនុំជម្រះ​លើ​អង្គ​សេចក្តី​ជា​លើកដំបូង​កាលពី​ថ្ងៃ​សុក្រ ទី​២៦ កក្កដា ខណៈ​សំណុំ​រឿង​នេះ​ចេះតែ​អូស​បន្លាយ​អស់​រយៈពេល​ជាង ១​ឆ្នាំ​កន្លះ​មក​ហើយ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ដែល​បាន​ចូល​ឃ្លាំមើល​ផ្ទាល់​ក្នុង​ដំណើរការ​សវនាការ​ពី​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា កត់សម្គាល់​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ជុំវិញ​ដំណើរការ​កាត់​ក្តី​មិនទាន់​ស្រេចបាច់​នេះ​។ ថ្លែង​ក្នុង​នាទី​វេទិកា​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី​២៦ កក្កដា លោក អំ សំអាត យល់ថា វត្តមាន​មិន​ចាំបាច់​នៃ​មន្ត្រី​នគរបាល​ច្រើន​រូប​ដែល​ជា​អ្នក​កសាង​សំណុំរឿង​របស់​ពួកគេ ក្នុង​បន្ទាប់​សវនាការ ជា​ការ​ដាក់​សម្ពាធ​ផ្លូវចិត្ត និង​ស្មារតី​របស់​អ្នក​ទាំងពីរ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត៖ «ខ្ញុំ​គិត​ថា បើសិនជា​រឿង​ផ្លូវចិត្ត​ផ្លូវ​អារម្មណ៍ វា​ជា​ការ​ដាក់​សម្ពាធ​មួយ ព្រោះ​អី​យើ​ង​ឃើញ​សមត្ថកិច្ច​ប្រហែលជា ៦​ទៅ​៧​នាក់ ដែល​សុទ្ធ​តែ​ជា​មន្ត្រី​នគរបាល​ហ្នុង អង្គុយ​ខាងមុខ​។ បើ​និយាយ​អំពី​សិទ្ធិ​វិញ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវចិត្ត និង​ស្មារតី​របស់​គាត់ ក្នុង​ការ​ឆ្លើយ​បំភ្លឺ ដែល​ធ្វើ​ឱ្យ​គាត់​នឹកឃើញ​ពី​ពេល​មុន​ដែល​មន្ត្រី​ទាំងអស់​នោះ ជា​អ្នក​កសាង​សំណុំរឿង ហើយ​បញ្ជូន​គាត់​ទៅ​តុលាការ»

លោក អំ សំអាត គូស​បញ្ជាក់​ថា មាន​ភាព​ចម្រូងចម្រាស​ជុំវិញ​ករណី​ដែល​ចៅក្រម​ពុំ​ព្រម​ញែក​សំណុំរឿង​បទ​ចោទ​ប្រឆាំង​នឹង​អ្នក​ទាំងពីរ មក​កាត់​ក្តី​ក្នុង​សវនាការ​ដាច់ដោយឡែក​ពី​គ្នា​នោះ​ទេ៖ «បើសិនជា​កាត់​ក្នុង​ពេល​តែមួយ ហើយ​ពីរ​រឿង ហើយ​សួរ​ពី​រឿង​ទៅ​មួយ​រឿង វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បញ្ហា ដល់​ផ្លូវចិត្ត និង​ស្មារតី​គាត់​យ៉ាងម៉េច​? ការ​ឆ្លើយ​ហ្នឹង ក៏​អាច​មាន​ភាព​ច្របូកច្របល់​គ្នា​ដែរ​។ យើង​ឃើញ​ថា ព្រឹក​មិញ​ហ្នឹង កាត់​តែ​រឿង​មួយ​ផង​នៅតែ​លើក​អង្គហេតុ​យក​មក​បង្ហាញ​ខ្លះ វា​អត់​ត្រូវ​ទៅ​ហ្នឹង​អង្គហេតុ​ទៅទៀត​។ អ៊ីចឹង​បាន​មេធាវី ព្យាយាម​កាត់​ថា វា​មិន​ត្រូវ​ហ្នឹង​អង្គហេតុ​ទេ សូម​ឱ្យ​ដកចេញ​។ ដូច្នេះ បើសិនជា​កាត់​ទាំងពីរ គឺ​វល់​វេះ​ជា​គ្នា»

បន្ថែម​ពីលើ​នេះ លោក អំ សំអាត សង្កត់ធ្ងន់ៗ​ថា បទ​ចោទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​បង្ក​ឱ្យ​មានការ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​ប្រឆាំង​នឹង​អ្នក​ទាំងពីរ​នោះ គឺ​បទ​ចោទ​ធ្ងន់ធ្ងរ ព្រោះ​លោក​ថា អ្នក​ទាំងពីរ​គ្រាន់តែ​ជា​អ្នកកាសែត ហើយ​ពុំ​មាន​ភស្តុតាង​ណាមួយ​ដែល​ថា ពួកគេ​បាន​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋ​បរទេស ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​នោះ​ឡើយ៖ «បើសិនជា​យើង​និយាយ​ថា គ្រាន់តែ​ផ្តល់​ព័ត៌មាន​ទៅ​ខុស ចុះ​សព្វថ្ងៃ​ដែល​អាស៊ីសេរី សម្ភាស​ដូច​ខ្ញុំ អ្នកនាំពាក្យ​រដ្ឋាភិបាល ឬក៏​អ្នក​ផ្សេងៗ អាហ្នឹង​ម៉េច​វិញ​? បើសិនជា​គាត់​ផ្ដល់​អត់​បាន​? គ្មាន​អី​ខុស​ទេ​ទាក់ទង​ហ្នឹង​បញ្ហា​ហ្នឹង»

ជុំវិញ​បទ​ចោទ​ដ៏​ចម្រូងចម្រាស​នេះ អ្នក​ជំនាញ​វិស័យ​សារព័ត៌មាន និង​ជា​នាយក​មជ្ឈមណ្ឌល​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM លោក ណុប វី ថ្លែង​ក្នុង​នាទី​វេទិកា​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី​២៦ កក្កដា ថា រឿង​នេះ​ទំនងជា​ទាក់ទង​ទៅ​នឹង​ការ​គុំកួន​ផ្នែក​នយោបាយ និង​ទំនាក់ទំនង​ល្អក់កករ​រវាង​រដ្ឋាភិបាល​កម្ពុជា ជាមួយ​សហរដ្ឋអាមេរិក​ច្រើនជាង ព្រោះ​សហរដ្ឋអាមេរិក​បាន​រិះគន់​របប​ក្រុងភ្នំពេញ​ខ្លាំងៗ ក្រោយ​របប​នេះ​បាន​រម្លាយ​ប្រជាធិបតេយ្យ ;​និង​បើក​ការ​បង្ក្រាប​មក​លើ​សំឡេង​ប្រឆាំង​ជាដើម​នៅមុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​មកដល់​។ លោក​ថា បទ​ចោទ​ប្រឆាំង​នឹង​អ្នក​ទាំងពីរ​ក្នុង​រឿង​ផ្តល់​ព័ត៌មាន​ឱ្យ​រដ្ឋ​បរទេស​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​នេះ ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​អ្នក​ទាំងពីរ​នៅតែ​មាន​សិទ្ធិ​ជា​អ្នកសារព័ត៌មាន​ឯករាជ្យ​ដដែល ដូច​អ្នក​រាយការណ៍​ព័ត៌មាន​ឱ្យ​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ​ដទៃ​ទៀត​ដែរ៖ «មិន​ត្រឹមតែ​ប៉ុណ្ណោះ ទោះជា​លោក​លែង​ជា​អ្នកសារព័ត៌មាន​អាស៊ីសេរី ក៏​លោក​នៅ​មាន​សិទ្ធិ​ជា​អ្នក​សារព័ត៌មាន​ឯករាជ្យ នៅក្នុង​ការ​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​យើង ដូចជា​អ្នកសារព័ត៌មាន​សេរី​ផ្សេងៗ ដូចជា​អ្នកសារព័ត៌មាន​សម្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ធំៗ​ដូច ក្យូដូ ជប៉ុន ឬមួយ អាប៉េ អាអេហ្វប៉េ របស់​បារាំង​អី​ជាដើម គឺ​សុទ្ធ​តែ​មាន​ការងារ​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​ទាំងអស់​។ ដូច្នេះ នេះ មិនមែន​ជា​ហេតុផល​មួយ​សមរម្យ​ទេ»

លោក ណុប វី បន្ត​ថា ការ​អូស​បន្លាយ​នៃ​សវនាការ​កាត់​ក្តី​សំណុំរឿង​របស់​ពួកគេ និង​មិន​ព្រម​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​អ្នក​ទាំងពីរ​នេះ ជា​សារ​មួយ​យ៉ាង​ច្បាស់​គំរាមកំហែង​ដល់​អ្នកសារព័ត៌មាន​ឯករាជ្យ និង​វិស័យ​សារព័ត៌មាន​ទាំងមូល​នៅ​កម្ពុជា។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ទាមទារ​ឱ្យ​តុលាការ​របប​ក្រុងភ្នំពេញ​ទម្លាក់​ចោល​បទចោទប្រកាន់​ចំពោះ​អ្នក​ទាំងពីរ ដោយ​ចាត់ទុកថា នេះ​ជា​សំណុំរឿង​បែប​ប្រឌិត និង​អយុត្តិធម៌ ព្រោះ​គ្មាន​ភស្តុតាង​រឹងមាំ​ប្រឆាំង​នឹង​ពួកគេ ហើយ​ថា មាន​គោលដៅ​វាយប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល។

នៅមុន​សវនាការ​របស់​ពួកគេ លោក រ៉ូហីត ម៉ាហាចាន់ (Rohit Mahajan) នាយករង​នៃ​វិទ្យុ​អាស៊ីសេរី ធ្លាប់​ថ្លែង​ថា លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ទទួលរង​នូវ​បទ​ចោទ​ដែល​គ្មាន​ភស្តុតាង​បញ្ជាក់​ត្រឹមត្រូវ ដែល​សំណុំរឿង​របស់​ពួកគេ​មិន​គួរ​កើតមានឡើង​តាំងពី​ដំបូង។ លោក​ថា តុលាការ​ក្រុង​ភ្នំពេញ អាច​កែតម្រូវ​លើ​ភាព​មិន​ចាំបាច់​នេះ និង​ស្ថានភាព​គួរ​ឱ្យ​រំខាន​នេះ ដោយ​ទម្លាក់​ចោល​សំណុំ​រឿង​នេះ និង​រាល់​បទ​ចោទ​ប្រឆាំង​នឹង​ពួកគេ ដោយ​ពុំ​ត្រូវ​ពន្យារពេល​បន្ត​ទៀត​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។