សាលក្រមតុលាការខេត្តកោះកុងដែលទម្លាក់ចោលបទចោទប្រកាន់លើសកម្មជនបរិស្ថានលោក អាឡិច (Alejandro Gonzalez Davidson) បានចូលជាស្ថាពរហើយ បន្ទាប់ពីមិនមានការប្ដឹងឧទ្ធរណ៍ពីតំណាងអយ្យការ។ អ្នកការពារសិទ្ធិមនុស្សថា នេះជាករណីដ៏កម្រដែលអ្នកធ្វើការសង្គមទទួលបានយុត្តិធម៌ពីតុលាការ។
មេធាវីការពារក្តីឱ្យលោក អាឡិច គឺលោក សំ ចំរើន ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី៣ មីនាថា លោកបានបញ្ជាក់ជាមួយក្រឡាបញ្ជីសាលាដំបូងខេត្តកោះកុងរួចហើយថា សាលក្រមរបស់តុលាការបានចូលជាធរមានហើយ។ នេះមានន័យថា កូនក្តីរបស់លោក គឺលោក អាឡិច បានរួចផុតពីការចោទប្រកាន់ទាំងស្រុងទាក់ទងនឹងសំណុំរឿងព្រហ្មទណ្ឌនៅតុលាការខេត្តកោះកុង។
ទោះជាយ៉ាងណា លោកបញ្ជាក់ថា លោកមិនទាន់ទទួលបានលិខិតសាលក្រមស្ថាពរនេះដល់ដៃនៅឡើយទេ ប៉ុន្តែលោកនឹងស្នើសុំពីមន្ត្រីក្រឡាបញ្ជីតុលាការខេត្តកោះកុងនៅពេលឆាប់ៗ នេះ៖ « បើគិតមកដល់ពេលនេះ សាលក្រមនេះចូលជាស្ថាពរពេញលេញហើយ។ យើងបានតាមដាន និងពិនិត្យក្នុងសំណុំរឿងជាមួយអ្នកស្រីក្រឡាបញ្ជីពេញលេញអស់ហើយ គឺថាមិនមានបណ្ដឹងឧទ្ធរណ៍នៅក្នុងសំណុំរឿងហ្នឹងទៀតទេ » ។
តុលាការខេត្តកោះកុងបានចោទប្រកាន់លោក អាឡិច ពីបទ "សមគំនិតក្នុងអំពើគំរាមកំហែងថា នឹងធ្វើឱ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ" ប្រព្រឹត្តទៅនៅចំណុចភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង កាលពីអំឡុងខែកក្កដា និងសីហា ឆ្នាំ២០១៥ កន្លងទៅ។ តុលាការបានបំបែកសំណុំរឿងនេះ ចេញពីសំណុំរឿងអតីតយុវជនមាតាធម្មជាតិ៣ នាក់ ដែលត្រូវបានចាប់ខ្លួន និងផ្ដន្ទាទោស ដោយសារពួកគេបានចេញមុខតវ៉ាប្រឆាំងការបូមខ្សាច់បែបអនាធិបតេយ្យ ក្នុងខេត្តកោះកុង។
តុលាការខេត្តកោះកុងបានលើកយកសំណុំរឿងរបស់លោក អាឡិច នេះមកជំនុំជម្រះនៅចុងខែកក្កដា ឆ្នាំ២០១៩ ហើយនៅចុងខែសីហា តុលាការបានសម្រេចទម្លាក់ចោលបទចោទប្រកាន់លើសកម្មជនបរិស្ថានរូបនេះ។ ចៅក្រមជំនុំជម្រះបានបើកសិទ្ធិប្តឹងឧទ្ធរណ៍ចំពោះសេចក្ដីសម្រេចនេះ ក៏ប៉ុន្តែតំណាងអយ្យការមិនបានប្តឹងឧទ្ធរណ៍នោះឡើយ។ ដូច្នេះ សាលក្រមនេះត្រូវចូលជាស្ថាពរហើយ បើគិតទៅលើក្របខ័ណ្ឌពេលវេលា ដែលមានចែងក្នុងបញ្ញត្តិច្បាប់។
សកម្មជនបរិស្ថានជនជាតិអេស្ប៉ាញ លោក អាឡិច ដែលចេះភាសាខ្មែរយ៉ាងស្ទាត់ជំនាញនោះ ថ្លែងថា លោកភ្ញាក់ផ្អើលចំពោះការសម្រេចសេចក្ដីនេះ ព្រោះលោកកត់សម្គាល់ថា សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងអ្នកធ្វើការសង្គមកន្លងមក ច្រើនតែមានភាពអយុត្តិធម៌។ តែយ៉ាងណា លោកថា លោករីករាយនឹងដំណឹងនេះ ព្រោះលោកបានតស៊ូដើម្បីស្វែងរកយុត្តិធម៌សម្រាប់ខ្លួនឯង អស់រយៈពេលជិត៥ ឆ្នាំទៅហើយ។ លោកបន្ថែមថា ក្រោយទទួលបានសាលក្រមស្ថាពរពីតុលាការ លោកនឹងព្យាយាមរកវិធី ដើម្បីវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ៖ «ខួប ៥ឆ្នាំហើយ ដែលខ្ញុំត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា គោលជំហររបស់ខ្ញុំហ្នឹង គឺចង់តែត្រឡប់ទៅវិញទេ ដើម្បីបន្តបេសកកម្មរបស់ខ្ញុំអស់មួយជីវិត។ ខ្ញុំមិនមែនជាជនបរទេសដែលមកនៅខ្មែរមួយរយៈ បន្ទាប់មកចេញទៅក្រៅប្រទេស ឬក៏ត្រឡប់ទៅប្រទេសវិញទេ។ ខ្ញុំចង់នៅខ្មែររហូត » ។
អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក ស៊ឹង សែនករុណា សាទរចំពោះករណីដែលលោក អាឡិច បានរួចផុតពីបទចោទប្រកាន់ជាស្ថាពរ ព្រោះលោកថា សំណុំរឿងប្រឆាំងនឹងសកម្មជនបរិស្ថាន ឬអ្នកការពារសិទ្ធិមនុស្ស កម្រនឹងមានយុត្តិធម៌បែបនេះណាស់។ លោកបន្ថែមថា អាជ្ញាធរកម្ពុជាគួរតែបើកផ្លូវឱ្យលោក អាឡិច បានវិលត្រឡប់មកកម្ពុជាវិញ ដើម្បីជួយការពារបរិស្ថាន និងធនធានធម្មជាតិនៅស្រុកខ្មែរ៖ « តុលាការបានទម្លាក់បទចោទប្រកាន់ទៅហើយ ហើយអាជ្ញាធរកម្ពុជាហ្នឹងគួរតែបើកផ្លូវឱ្យលោក អាឡិច បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ តាមខ្ញុំដឹង ជាឆន្ទៈរបស់លោក អាឡិច ហ្នឹង គឺតែងតែចង់ជួយរួមចំណែកនៅក្នុងការការពារព្រៃឈើរបស់ប្រទេសកម្ពុជាហ្នឹង។ មិនតែប៉ុណ្ណឹងទេ លោក អាឡិច ក៏ធ្លាប់ថា ចង់បានសញ្ជាតិកម្ពុជាទៅទៀត ដើម្បីបានជួយពលរដ្ឋកម្ពុជាផង ហើយបានជួយរួមចំណែកការពារបរិស្ថានផង » ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បដិសេធមិនធ្វើអត្ថាធិប្បាយរឿងនេះទេ ដោយលោកបង្វែរឱ្យទៅសួរខាងមន្ត្រីជំនាញវិញ។
អាស៊ីសេរីបានទាក់ទងទៅអគ្គនាយកអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក គៀត ច័ន្ទថារិទ្ធិ ដើម្បីសាកសួរអំពីរឿងនេះដែរ តែលោកបានប្រាប់ឱ្យទៅសួរអ្នកនាំពាក្យរបស់លោក គឺលោក កែវ វណ្ណថន។ អាស៊ីសេរីក៏បានទូរស័ព្ទទៅលោក កែវ វណ្ណថន ទៀត ប៉ុន្តែលោកបានចុចផ្ដាច់ នៅពេលទូរស័ព្ទរោទិ៍។
លោក អាឡិច ត្រូវបានក្រុមអាជ្ញាធរបណ្ដេញចេញពីកម្ពុជា កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៥ ក្រោមហេតុផលថា ទិដ្ឋាការរបស់លោកផុតកំណត់។ ក៏ប៉ុន្តែ ក្រុមអ្នកសង្កេតការណ៍ យល់ថា ការបណ្ដេញចេញនេះ ដោយសារលោកជាសកម្មជនបរិស្ថានលេចធ្លោមួយរូប ដែលបានចេញមុខយ៉ាងសកម្មក្នុងកិច្ចការពារធនធានធម្មជាតិនៅតំបន់អារ៉ែង ក្នុងខេត្តកោះកុង។
លោក អាឡិច បានព្យាយាមជាច្រើនដងដើម្បីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ប៉ុន្តែត្រូវទទួលបរាជ័យ ដោយសារលោកជាប់ឈ្មោះនៅក្នុងបញ្ជីនៃជនដែលមិនត្រូវបានអនុញ្ញាតឱ្យចូលទឹកដីកម្ពុជា។ កាលពីខែកក្កដា ឆ្នាំ២០១៩ លោកបានសាកល្បងស្នើសុំទិដ្ឋាការអនឡាញម្ដងទៀតពីអាជ្ញាធរកម្ពុជា ហើយអាជ្ញាធរក៏បានផ្ដល់ទិដ្ឋាការអនឡាញដល់លោក ក៏ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក គេក៏បាននិរាករណ៍ទិដ្ឋាការនោះវិញដោយមិនបញ្ជាក់មូលហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។