តុលាការ​មិនទាន់​កំណត់ពេល​ជម្រះ​ក្តី​អតីត​អ្នក​កាសែត ខេមបូឌា ដេលី ក្រោយ​លើក​ពេល​ពី​ចុងខែ​ធ្នូ

0:00 / 0:00

មេធាវី និង​អ្នកសារព័ត៌មាន​ឯករាជ្យ​អំពាវនាវ​ដល់​តុលាការ​ខេត្ត​រតនគិរី ឱ្យ​ពន្លឿន​សវនាការ​សំណុំរឿង​អតីត​អ្នកកាសែត ខេមបូឌា ដេលី (Cambodia Daily) ២​នាក់ ដែល​រង​ការចោទប្រកាន់​ពី​បទ​ញុះញង់ ក្រោយ​ធ្វើ​សម្ភាស​ពលរដ្ឋ​រឿង​បោះឆ្នោត​។ តុលាការ​ខេត្ត​រតនគិរី​បាន​លើក​ពេល​ជំនុំជម្រះ​រឿង​ក្តី​នេះ ដោយ​មិនបាន​កំណត់​ពេលវេលា ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ ធ្នូ រហូត​មក។

មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​អ្នកកាសែត ខេមបូឌា ដេលី ទាំងពីរ​នាក់ គឺ​លោក សេក សុភ័ណ្ឌ ឱ្យ​អាស៊ីសេរី​ដឹង​ថា គិត​មក​ដល់​ថ្ងៃ​ទី​៨ កុម្ភៈ លោក​មិន​ទាន់​បាន​ទទួល​ដំណឹង​អំពី​ការកំណត់​ថ្ងៃ​ជំនុំ​ជម្រះ​​រឿង​ក្តី​នេះ​ជា​ថ្មី​ទៀត​នៅឡើយ​ទេ​។ លោក​បន្ត​ថា ការ​អូស​បន្លាយ​សំណុំ​រឿង​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​កូនក្ដី​របស់​លោក​។ លោក​នៅតែ​អះអាង​ថា កូន​ក្តី​របស់​លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ ព្រោះ​ពួកគេ​ជា​អ្នកកាសែត និង​ត្រូវ​ធ្វើ​សម្ភាស​ប្រភព ដើម្បី​បាន​ព័ត៌មាន ហើយ​ការ​ឆ្លើយ ឬ​មិន​ឆ្លើយ​នោះ គឺជា​សិទ្ធិ​របស់​ប្រភព មិនមែន​ជា​ការ​ញុះញង់​នោះ​ទេ៖ «កូន​ក្ដី​ខ្ញុំ​បាន​ចុះទៅ​សួរ ហើយ​ត្រឡប់មកវិញ គាត់​សរសេរ​អត្ថបទ​ចុះផ្សាយ​ជា​ធម្មតា អ៊ីចឹង​បើ​មាន​កំហុស​អ្វី​ផ្សេងៗ ជា​រួម​គឺ​គេ​អនុវត្ត​តាមច្បាប់​ស្ដីពី​របប​សារព័ត៌មាន​។ បើ​យក​ក្រមព្រហ្មទណ្ឌ​មក​អនុវត្ត​ជាមួយ​អំពើ​របស់​អ្នកសារព័ត៌មាន នោះ​វា​ប្រាសចាក​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ហើយ ព្រោះ​នៅ​ក្នុង​ហ្នឹង អំពើ​របស់​គាត់ ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ហ្នឹង»។

អតីត​អ្នកកាសែត ខេមបូឌា ដេលី ពីរ​រូប គឺ​លោក អូន ភាព ជនជាតិ​ខ្មែរ និង​លោក ភីតធ័រ ហ្សម​ប៊័រ (Peter Zsombor) ជា​ជនជាតិ​កាណាដា ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី​ចោទប្រកាន់​ពី​បទ "ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​" កាលពី​ខែ​សីហា ឆ្នាំ​២០១៧ ក្រោយពេល​ពួកគេ​ចុះ​ធ្វើ​សម្ភាស​ពលរដ្ឋ​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ទាក់ទង​នឹង​ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​។ សំណុំរឿង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​អ្នកកាសែត​ទាំងពីរ​រូប​នេះ ធ្វើឡើង​មួយ​សប្ដាហ៍​មុន​ពេល​ស្ថាប័ន​របស់​ពួកគេ គឺ​កាសែត​ភាសា​អង់គ្លេស​ឈ្មោះ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បង្ខំចិត្ត​បិទទ្វារ​លែង​ដំណើរការ​នៅ​កម្ពុជា ដោយសារ​បញ្ហា​ពន្ធដារ​ដ៏​ចម្រូងចម្រាស។

តុលាការ​ខេត្ត​រតនគិរី បាន​ប្រើ​ពេល​ស៊ើបអង្កេត​រឿង​នេះ​ជាង ២​ឆ្នាំ រួច​ក៏បាន​កំណត់​យក​ថ្ងៃ​ទី​២៥ ធ្នូ ២០១៩ ជា​ថ្ងៃ​បើកសវនាការ ក៏ប៉ុន្តែ​នៅ​ពេល​មេធាវី​ការពារ​ក្តី​ទៅដល់​បន្ទប់​សវនាការ ស្រាប់តែ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ប្រកាស​ថា សវនាការ​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃក្រោយ​វិញ ដោយសារ​ចៅក្រម​មួយ​រូប​ជាប់រវល់​នៅ​ក្រៅ​ប្រទេស។

ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​តុលាការ​ខេត្ត​រតនគិរី លោក កែវ ពិសុទ្ធ ថ្លែង​ថា សំណុំ​រឿង​នេះ ខាង​ក្រុមប្រឹក្សា​ជំនុំជម្រះ​មិនទាន់​បាន​កំណត់​ថ្ងៃ​សវនាការ​ថ្មី​ទៀត​នៅឡើយ​ទេ ប៉ុន្តែ​ដោយសារ​មូលហេតុ​យ៉ាងណា​នោះ លោក​ក៏​មិនបាន​ដឹង​ដែរ​។ លោក​បន្ថែម​ថា ការ​ទម្លាក់​ចោល ឬ​មិន​ទម្លាក់​ចោល​បទ​ចោទ​នេះ គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ជំនុំជម្រះ៖ «ចៅក្រម​ជំនុំជម្រះ គាត់​មាន​លេខា​ជា​ក្រឡាបញ្ជី កាន់​តារាង​ជំនុំជម្រះ​មក​យក​លេខ​រៀង​ពី​ខ្ញុំ​ថា​ត្រូវ​កំណត់​ថ្ងៃ​ណា​។ បែបបទ​រដ្ឋបាល​នៅ​ខាង​ខ្ញុំ ចុះ​លេខ​បន្ត​នីតិវិធី​នៃ​ការ​ជំនុំជម្រះ​ហ្នឹង​។ បើ​គាត់​បាន​មក​ចុះ​អាហ្នឹង ខ្ញុំ​ទទួល​បាន​ព័ត៌មាន​បាន​ថា គាត់​កំណត់​យក​ថ្ងៃ​ណា​។ បើ​គាត់​អត់​ទាន់​យក​មក ខ្ញុំ​ក៏​មិនទាន់​ដឹង​ដែរ»។

លោក អូន ភាព និង​លោក ភីតធ័រ ហ្សមប៊័រ គឺជា​អ្នកកាសែត​ដ៏​ស្វិតស្វាញ និង​គោរព​វិជ្ជាជីវៈ​ខ្ជាប់ខ្ជួន​។ ជា​ញឹកញាប់ អ្នក​ទាំងពីរ​សរសេរ​អត្ថបទ​អំពី​ការ​កាប់​ព្រៃឈើ​ខុសច្បាប់ និង​អំពើពុករលួយ​របស់​រដ្ឋ​អំណាច​ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​ដទៃ​ទៀត​ក្នុង​ប្រទេស​កម្ពុជា​។ អ្នក​ទាំងពីរ​បាន​ឈ្នះ​ពានរង្វាន់​អត្ថបទ​ស៊ើបអង្កេត​ដ៏​ល្អឥតខ្ចោះ​ពី​ស្ថាប័ន​ជំនាញ​សារព័ត៌មាន Society of Publishers កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧​។ បច្ចុប្បន្ន​នេះ អតីត​អ្នកកាសែត ខេមបូឌា ដេលី ទាំង​ពីរ​រូប កំពុង​រស់នៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ពី​ការ​ចាប់​ឃុំខ្លួន ឬ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​កម្ពុជា។

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ណុប វី សោកស្ដាយ​ដែល​តុលាការ​អូស​បន្លាយ​សំណុំ​រឿងនេះ និង​មិន​ព្រម​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អតីត​អ្នកកាសែត ខេមបូឌា ដេលី ទាំងពីរ​រូប​នេះ​។ លោក​ថ្លែង​ថា ការប្រើប្រាស់​បទ​ញុះញង់​ប្រឆាំង​នឹង​អ្នក​​សារព័ត៌មាន ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេរីភាព​សារព័ត៌មាន និង​ធ្វើ​ឱ្យ​​ខូចប្រយោជន៍​សង្គម​ដែល​បាន​មក​ពី​ព័ត៌មាន​ស៊ីជម្រៅ​របស់​អ្នកសារព័ត៌មាន៖ «ក្នុង​ករណី​ការ​ចោទសួរ​សំណួរ ការ​សរសេរ​ព័ត៌មាន ហើយ​និង​ការ​ជជែក​ជាមួយ​ប្រភព​របស់​ពួកគាត់​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់ ខ្ញុំ​គិត​ថា មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​វិជ្ជាជីវៈ​របស់​ពួកគាត់​ប៉ុណ្ណោះ​ទេ គឺ​វា​ថែមទាំង​ជំរុញ​ឱ្យ​មាន​ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម ជំរុញ​ឱ្យ​មាន​អំពើពុករលួយ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ថែមទៀត ដោយសារតែ​អ្នកសារព័ត៌មាន​មិនបាន​អនុវត្ត​តួនាទី​មួយ​ក្នុង​ការ​ចោទសួរ​សំណួរ​ដែល​មាន​លក្ខណៈ​ស៊ីជម្រៅ ដេញដោល ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​នៅ​ក្នុង​សង្គម​នោះ»។

ក្នុង​រយៈពេល​ជាង ២​ឆ្នាំ​ចុង​ក្រោយនេះ ស្ថាប័ន​ព័ត៌មាន និង​អ្នកសារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា​រង​ការ​វាយប្រហារ​ឥត​ឈប់ឈរ​ពី​សំណាក់​អាជ្ញាធរ​របប​លោក ហ៊ុន សែន​។ ករណី​ទាំងនោះ មាន​ជាអាទិ៍ ការ​បិទ​កាសែត ខេមបូឌា ដេលី ការ​បិទ​ប្រេកង់​វិទ្យុ​មួយ​ចំនួន ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ការ​ធ្វើ​ទុក្ខបុកម្នេញ​រហូត​ដល់​វិទ្យុ​អាស៊ីសេរី​បង្ខំចិត្ត​បិទ​ការិយាល័យ​​របស់​ខ្លួន​នៅ​ភ្នំពេញ ជាពិសេស គឺ​ការ​ប្ដឹង​អ្នកកាសែត​ជាច្រើន​នាក់​ទៅ​តុលាការ ព្រមទាំង​ការ​ចាប់​ខ្លួន​អតីត​អ្នកយកព័ត៌មាន​អាស៊ី​សេរ​ពីរ​រូប ក្រោម​បទចោទប្រកាន់​ដែល​ខ្វះ​ភស្តុតាង​រឿង​ធ្វើ​ចារកម្ម​ជាដើម។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លើកឡើង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ពេល​កន្លងទៅ​ថា ការ​បៀតបៀន​អ្នកកាសែត​ដោយ​អាជ្ញាធរ​កម្ពុជា ជា​ការ​ផ្ញើ​សារ​មួយ​ថា សារព័ត៌មាន​ស៊ើបអង្កេត និង​ឯករាជ្យ មិន​ត្រឹមតែ​មិន​ទទួល​បាន​ការ​ស្វាគមន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​រុញ​ឱ្យ​អ្នកសារព័ត៌មាន​ជាប់គុក​ទៀត​ផង​។ អង្គការ​អន្តរជាតិ​មួយ​នេះ អំពាវនាវ​ដល់​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​បរទេស​ទាំងឡាយ ឱ្យ​ទាមទារ​ដល់​របប​លោក ហ៊ុន សែន ឱ្យ​ទម្លាក់​ចោល​បទចោទប្រកាន់​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន​ឯករាជ្យ និង​អនុញ្ញាត​ឱ្យ​អ្នក​សារ​ព័ត៌មាន​​អាច​​បំពេញ​​ការងារ​​របស់​​ខ្លួន​​បាន​​ដោយ​​គ្មាន​​ការ​​យាយី​តទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។