មន្ត្រីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរបង្កើតស្ថាប័នត្រួតពិនិត្យវត្ថុតាងឱ្យបានត្រឹមត្រូវ
2019.09.19

មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន បង្កើតគណៈកម្មការត្រួតពិនិត្យ ពីដំណើរការគ្រប់គ្រងវត្ថុតាងទាំងឡាយ ដែលមន្ត្រីនគរបាលយុត្តិធម៌ ឃាត់ចាប់ពីជនសង្ស័យ រួចបញ្ជូនមកតុលាការ ដើម្បីអនុវត្តច្បាប់។ ពួកគេសង្កេតឃើញថា មានភាពមិនប្រក្រតីជាច្រើន ដែលសមត្ថកិច្ចពាក់ព័ន្ធ និងតុលាការ ធ្វេសប្រហែលគ្រប់គ្រងវត្ថុតាង និងមានចំណុចសង្ស័យជាច្រើនដែលសមត្ថកិច្ចលាក់បាំងព័ត៌មាន នៅគ្រាដែលឃាត់ចាប់បទល្មើស និងរឹបអូសវត្ថុតាងបញ្ជូនមកតុលាការ។
ប្រតិកម្មរបស់សង្គមស៊ីវិលនេះ ដោយសារតែមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បានបញ្ជាឱ្យមេបញ្ជាការអាវុធហត្ថគ្រប់ខេត្តក្រុង ត្រូវប្រគល់ចលនទ្រព្យ អចលនទ្រព្យ និងរតនវត្ថុផ្សេងៗ ដែលខ្ចីពីតុលាការប្រើបណ្ដោះអាសន្ន ត្រូវតែប្រញាប់សងត្រឡប់ទៅវិញ។ មេប៉េអិមរូបនេះថ្លែងបញ្ជាក់ថា មន្ត្រីយោធា និងមន្ត្រីកងរាជអាវុធហត្ថណា ដែលបានខ្ចីវត្ថុតាងទាំងនោះ រួមមាន រថយន្ត ម៉ូតូ កង់ កាំភ្លើងវែង ខ្លី ទូរស័ព្ទដៃ និងកុំព្យូទ័រជាដើម ពីតុលាការ ដើម្បីបំពេញភារកិច្ច ត្រូវប្រគល់ជូនសាលាដំបូងរាជធានី ខេត្តវិញជាកំហិត។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេស លោក អេង ហ៊ី ដើម្បីសុំការអធិប្បាយបន្ថែមបញ្ហានេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី១៨ កញ្ញា។ ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ក៏មិនលើកទូរស័ព្ទដែរនៅថ្ងៃដដែលនេះ។
តែយ៉ាងណា លោក ជិន ម៉ាលីន បានប្រាប់កាសែតក្នុងស្រុកថា (ភ្នំពេញប៉ុស្ដិ៍) គោលការណ៍ច្បាប់ ទ្រព្យសម្បត្តិដែលពាក់ព័ន្ធនឹងបទល្មើសមិនត្រូវឱ្យខ្ចី និងប្រើប្រាស់មុនពេលមានសាលក្រមប្រកាសជាស្ថាពរនោះទេ។ លោកថា វត្ថុតាងមួយចំនួនទាមទារឱ្យមានការប្រើប្រាស់ជាប្រចាំ និងការថែទាំ ព្រោះបើទុកចោលយូរនឹងធ្វើឱ្យខូច ។ លោកថា បញ្ហានេះទើបអនុញ្ញាតឱ្យសមត្ថកិច្ចប្រើប្រាស់ជាបណ្ដោះអាសន្ន។ ប៉ុន្តែពេលដែលសាលក្រមចូលជាស្ថាពរ គេត្រូវលក់ឡាយឡុងចូលជាសម្បត្តិរដ្ឋ។
មន្ត្រីនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង ករុណា មិនសង្ឃឹមថា ការអំពាវនាវរបស់របស់លោក សៅ សុខា នឹងអាចដោះស្រាយបញ្ហាប្រឈម បានគ្រប់ជ្រុងជ្រោយទេ ព្រោះយន្តការគ្រប់គ្រងវត្ថុតាង របស់តុលាការមានភាពច្របូកច្របល់ច្រើន។ លោកសង្កេតឃើញថា វត្ថុតាងជាច្រើនដែលរឹបអូសពីបទល្មើសព្រៃឈើ និងគ្រឿងញៀនជាដើម រួមមាន រថយន្ត ឡាន គោយន្ត និងវត្ថុតាងជាច្រើនទៀត គឺឃើញតុលាការ និងសមត្ថកិច្ចទុកចោលក្នុងទីស្នាក់ការរដ្ឋបាលព្រៃឈើ និងស្នាក់ការរបស់អាជ្ញាធរ ធ្វើឱ្យទ្រព្យទាំងនោះ ខូចខាត មិនអាចប្រើប្រាស់បាន។
លោកមានមន្ទិលថា នៅគ្រាដែលសមត្ថកិច្ចឃាត់ខ្លួន ក្រុមឧក្រិដ្ឋជនគ្រឿងញៀន និងបទល្មើសឧក្រិដ្ឋព្រៃឈើជាដើម មិនដឹងថា តើវត្ថុតាង និងលុយកាក់ជាច្រើន មានការចាត់ចែង ឬគ្រប់គ្រងបែបណាទេ? បញ្ហាទាំងនោះ មានភាពច្របូកច្របល់ និងមានចំណុចសង្ស័យជាច្រើន ដែលអាជ្ញាធរ និងតុលាការមិនបានផ្សព្វផ្សាយជាសាធារណៈ៖ «ចង់ឱ្យមានស្ថាប័នត្រួតពិនិត្យទៅលើ ការគ្រប់គ្រងទៅលើវត្ថុតាងទាំងឡាយដែល ចាប់យកមកហ្នឹងឱ្យបានត្រឹមត្រូវ ចៀសវាងផ្តល់ឱ្យសមត្ថកិច្ចណាមួយ បក្ខពួកក្ដី ឬជនណាមួយផ្សេងទៀត ដែលមាននៅក្នុងផលប្រយោជន៍ប្រើប្រាស់វត្ថុតាងទាំងអស់ហ្នឹង គួរមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់»។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថាកន្លងទៅ ការចាត់ចែង ប្រើប្រាស់វត្ថុតាងទាំងនេះ ពីសំណាក់តុលាការ និងមន្ត្រីនគរបាលយុត្តិធម៌ជាដើម មានភាពធូររលុង ដែលជាហេតុធ្វើឱ្យវត្ថុតាងមួយចំនួន ខូចខាត និងបាត់បង់តម្លៃ។ លោកថា ថ្វីត្បិតព្រះរាជអាជ្ញា និងចៅក្រមមានសិទ្ធិគ្រប់គ្រងវត្ថុតាំងទាំងអស់ក្ដី ក៏ប៉ុន្តែវិធានការថែទាំ និងគ្រប់គ្រងនៅខ្វះចន្លោះច្រើន។ ទន្ទឹមនឹងនេះ ក្រុមការងារលោកធ្លាប់ប្រទះឃើញរថយន្ត ម៉ូតូ និងគោយន្តមានតម្លៃជាច្រើន រងការខូចខាត និងពុកផុយ ស្របពេលដែលសំណុំរឿង មិនទាន់ប្រកាសជាស្ថាពរ៖ «គ្រប់គ្រង ចាត់ចែង ឬថែរក្សាវត្ថុតាងហ្នឹង វាហាក់ដូចជា មានភាពច្របូកច្របល់ច្រើនណាស់ ហើយយើងមិនដឹងថា មានស្ថាប័នណាមួយ មានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ វាមិនទាន់មានសោះ។ អ៊ីចឹងវាមានបញ្ហាច្រើននៅក្នុងរឿងហ្នឹង។ ក៏មិនសង្ឃឹមថា ការអំពាវនាវឱ្យសមត្ថកិច្ចប្រើប្រាស់ វត្ថុតាងទាំងអស់ហ្នឹង គាត់មានការភ្ញាក់រឭក ឬក៏យកទៅប្រគល់ឱ្យខាងតុលាការវិញដែរ»។
អតីតមន្ត្រីតុលាការ ខេត្តមណ្ឌលគិរី លោក ក្រើង តុលា មើលឃើញថា នីតិវិធីរបស់តុលាការ មានភាពយឺតយ៉ាវ ក្នុងការវិនិច្ឆ័យសំណុំរឿងនីមួយៗ ដែលជាហេតុនាំឱ្យវត្ថុតាងរួមមាន រថយន្ត ត្រាក់ទ័រ និងគោយន្តជាដើម ដែលតុលាការផ្ញើទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើ ស្នងការដ្ឋាន និងទីបញ្ជាការដ្ឋានអាវុធហត្ថ ប្រើប្រាស់លែងបាន និងខូចគុណភាព។ លោកចំណាំថា កាលពីឆ្នាំ២០១៦ មានជនជាតិដើមភាគតិចព្នងមួយគ្រួសារ បានរិះគន់តុលាការ ករណីធ្វើឱ្យបាត់ គោយន្តរបស់ពួកគេ នៅគ្រាដែលសមត្ថកិច្ចឃាត់ចាប់បាន ទាក់ទិនសំណុំរឿងបទល្មើសព្រៃឈើ។ លោកផ្តល់មតិថា តុលាការគួរមានយន្តការ ថែទាំវត្ថុតាងឱ្យបានត្រឹមត្រូវ និងគួរយកវត្ថុតាងទាំងនោះ ប្រើប្រាស់ជាប្រយោជន៍ជាតិឱ្យបានច្បាស់លាស់៖ «សោកស្ដាយទៅលើវត្ថុតាងទាំងហ្នឹង ដែលគាត់ចាប់ ឃាត់ហើយ ទម្រាំតែជម្រះរឿងមួយៗ វាពុកអស់ហើយ។ នេះហើយជាចំណុចមួយ ដែលខ្ញុំឃើញយ៉ាងលឿនបំផុត ៣ឆ្នាំដែរ។ រឿងខ្លះ ១០ឆ្នាំក៏មានដែរ នេះហើយនីតិវិធីរបស់តុលាការគួរតែ កែខ្លះទៅ។ ធ្វើម៉េចពន្លឿនរឿងមួយៗលឿនបំផុត ដើម្បីយករបស់ទាំងហ្នឹង ប្រើប្រាស់ជាសម្បត្តិរួម»។
ច្បាប់ព្រហ្មទណ្ឌ មាត្រា ១១៣ ចែងថា នៅពេលសមត្ថកិច្ចចាប់ដកហូតវត្ថុតាងពីបទល្មើសរួមមាន ម៉ូតូ ឬរថយន្ត ជាដើមនោះ សមត្ថកិច្ចត្រូវនាំមករក្សាទុកនៅក្នុងទីតាំង ឬ កន្លែងរបស់គាត់ ហើយត្រូវរាយការណ៍មកកាន់តំណាងអយ្យការសិន ដើម្បីឱ្យតំណាងអយ្យការប្រមូលភស្តុតាង និងធ្វើរបាយការណ៍បញ្ជូនមកកាន់សាលាដំបូង។ ចំណែកអ្នកដែលត្រូវគ្រប់គ្រងវត្ថុតាងទាំងនោះគឺតុលាការ ឬចៅក្រម។
ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា ក្រុមគ្រួសារជនសង្ស័យ តែងតែរអ៊ូរទាំ នៅគ្រាដែលសមត្ថកិច្ចឃាត់ចាប់បទល្មើសបាន មន្ត្រីខិលខូចមួយចំនួន តែងកេងចំណេញពីជនសង្ស័យ តាមរយៈ លួចវត្ថុតាង និងលុយពីជនសង្ស័យ ហើយធ្វើរបាយការណ៍មិនត្រឹមត្រូវទៅតំណាងអយ្យការ៕