មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានលុបចោលគម្រោងកែរដ្ឋធម្មនុញ្ញដាក់ទោសប្រហារជីវិតទៅលើអ្នកដែលរំលោភសេពសន្ថវៈលើកុមារក្រោមហេតុផលដោយសារមានការចង្អុលបង្ហាញពីអ្នកវិភាគមួយចំនួន។ ប៉ុន្តែអ្នកវិភាគយល់ថា បញ្ហានេះគ្រាន់តែជាការបង្កើតព្រឹត្តិការថ្មីៗ របស់លោក ហ៊ុន សែន ក្នុងការទាក់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយកុំឱ្យគិតបញ្ហាផ្ដាច់ការអនុគ្រោះពន្ធអ៊ីប៊ីអេ (EBA) តែប៉ុណ្ណោះ។
មេដឹកនាំរបស់ក្រុងភ្នំពេញលោក ហ៊ុន សែន អះអាងថា មូលហេតុដែលសម្រេចលុបចោលគម្រោងកែរដ្ឋធម្មនុញ្ញនេះដោយសារលោកស្ដាប់អ្នកវិភាគក្នុងកម្មវិធីមួយរបស់សារព័ត៌មាន កាលពីរសៀលថ្ងៃទី១០ មីនា។
លោក ហ៊ុន សែន បន្ថែមទៀតថា អ្នកវិភាគទាំងនោះមានលោក បណ្ឌិត សុខ ទូច លោក អ៊ូ វីៈ និងលោកមេធាវី សុក សំអឿន ដែលបានចង្អុលបង្ហាញមានហេតុផលអាចទទួលយកបាន ព្រោះមិនមាននិន្នាការគណបក្សនយោបាយ ដែលលោកអះអាងថា ខុសពីអ្នកវិភាគមួយចំនួនមាននិន្នាការបក្សនយោបាយ។ លោក ហ៊ុន សែន បញ្ជាក់ថា វាគ្មិនទាំង ៣រូប បានជជែកវែកញែកថាកម្ពុជាមិនអាចមានទោសប្រហារជីវិតបានទេ ព្រោះប្រសិនបើមានការកាត់ក្ដីភ័ន្តច្រឡំណាមួយកើតឡើងទៅលើជនគ្មានកំហុស គឺមិនអាចជួយស្រោចស្រង់ជីវិតមនុស្សឱ្យរស់ឡើងវិញបានឡើយ។ ដូច្នេះបញ្ហាដែលល្អ គឺត្រូវអប់រំប្រជាពលរដ្ឋប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿនញៀន ព្រោះគ្រឿងញៀនជាកត្តាធ្វើឱ្យមនុស្សភ្លើតភ្លើនមិនអាចទប់អារម្មណ៍បាន៖ «ព្រោះបើសិនមានការប្រហារជីវិតភ័ន្តច្រឡំណាមួយកើតឡើង គឺជាគ្រោះថ្នាក់ធំណាស់ នេះជារឿងដែលមិនស្របមួយមិនទៅនឹងបរិបទប្រទេសយើងដើរមកដល់ដំណាក់កាលនេះដែលខ្ញុំព្រះករុណាខ្ញុំយល់ថា ប្រសិនបើមានការថ្លោះធ្លោយណាមួយកើតឡើងនៅក្នុងការកាត់ទោសប្រហារជីវិតអ្នកដែលស្លាប់ទៅនោះ ស្រាប់តែសើរើរឿងក្ដីត្រឡប់មកវិញគ្នាអត់មានទោសអីសោះ ឯជាមនុស្សស្លាប់បាត់ហើយ អីចឹងនេះជារឿងមួយអាណោចអាធ័មលើសអ្វីដែលយើងគិតដល់ » ។
លោក ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទទី១១ មីនា។
ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា ការផ្លាស់ប្ដូរចិត្តនេះភ្លាមៗ របស់លោក ហ៊ុន សែន នេះ មិនមែនមកពីលោកខ្លាចការរិះគន់នោះទេ គឺទំនងដោយសាររដ្ឋាភិបាលព្រួយបារម្ភសម្ពាធពីសហគមន៍អឺរ៉ុបកាត់ផ្ដាច់ការអនុគ្រោះពន្ធអ៊ីប៊ីអេ (EBA) ច្រើនជាង។ ដូច្នេះហើយ បានជាលោកសម្រេចមិនបង្កើតច្បាប់នេះឡើង ព្រោះបង្កើតច្បាប់នេះមិនចំណេញ ហើយរឹងតែធ្វើឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធបន្ថែមទៀតទៅវិញទេ៖ «យើងឃើញហើយដំណើរ អីប៊ីអេ (EBA) នៅសហគមន៍អឺរ៉ុបកំពុងតែដំណើរការទៅមុខ ហើយសហគមន៍អឺរ៉ុបក៏គេលើកឡើងអំពីឲ្យកម្ពុជាស្ដារឡើងវិញអំពីប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ អីចឹងការគោរពសិទ្ធិមនុស្សវាមានពាក់ព័ន្ធបញ្ហាទាំងអស់នេះផងដែរ ហើយយើងឃើញហើយសមាជិកសភាអាមេរិកក៏ត្រៀមទាក់ទងនឹងជីអេសភី (GSP) នឹងទៀត។ បញ្ហាទាំងនេះហើយដែលធ្វើឲ្យកម្ពុជាត្រូវតែគិតគូរឲ្យបានដិតដល់មុននឹងសម្រេចកែប្រែរដ្ឋធម្មនុញ្ញ » ។
លោក អំ សំអាត បន្តថា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺកម្ពុជាសម្រេចមិនឱ្យមានទោសប្រហារជីវិតក្នុងរដ្ឋធម្មនុញ្ញនោះទេ។ ប៉ុន្តែ កម្ពុជាមានច្បាប់ដាក់ទោសអស់មួយជីវិត។ លោកបន្តថា រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ជាតិមិនអាចចេះតែធ្វើវិសោធនកម្មតាមអំពើចិត្តឡើយ។ មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះបន្តថា មូលហេតុដែលបណ្ដាលឱ្យមានបទល្មើសចាប់រំលោភលើកុមារីនេះ គឺមិនមែនដោយសារខ្វះច្បាប់កាត់ទោសប្រហារជីវិតនោះទេ។ ប៉ុន្តែបណ្ដាលមកពីការអនុវត្តច្បាប់ ដែលមានស្រាប់នៅធូររលុង និងទម្លាប់បញ្ចប់សំណុំរឿងក្រៅប្រព័ន្ធតុលាការ ដោយសារអំពើពុករលួយការបន្ថយទោសពីធ្ងន់មកស្រាល និងមានទម្លាប់បណ្ដោយឱ្យជនល្មើសរួចខ្លួនជាដើម។លើសពីនេះបញ្ហាគ្រឿងញៀន គ្រឿងស្រវឹង និងវីដេអូ អាសអាភាសក៏កំពុងរីករាលដាលគ្រប់ច្រកល្ហកផងដែរ ខណៈយន្តការទប់ស្កាត់ និងការផ្សព្វផ្សាយអប់រំនូវមានកម្រិតទាបនៅឡើយ។
ចំណែកអ្នកវិភាគវ័យក្មេង លោក បុង ដែត ចាត់ទុក រឿងនេះថា ជាយុទ្ធសាស្ត្រថ្មីមួយទៀតរបស់លោក ហ៊ុន សែន ក្នុងការបន្លំពលរដ្ឋមិនឲ្យចាប់អារម្មណ៍រឿងការផ្ដាច់អនុគ្រោះពន្ធ EBA។ លោកបន្តថា ប្រសិនបើការកែប្រែរដ្ឋធម្មនុញ្ញទោសប្រហារជីវិតបានចំណេញដល់គណបក្ស ប្រជាជនកម្ពុជា គឺលោក ហ៊ុន សែន នឹងធ្វើការកែប្រែបាត់ទៅហើយ មិនមែនដោយសារការចង្អុលបង្ហាញនោះទេ ព្រោះកន្លងមក មានរឿងច្រើនណាស់ ដែលលោក ហ៊ុន សែន មិនដែលស្ដាប់យោបល់គេ ឬពិគ្រោះយោបល់ជាមួយអ្នកមានចេតនាល្អនោះ ឧទាហរណ៍ ការបង្កើតច្បាប់រំលាយគណបក្សប្រឆាំង ដែលរងការរិះគន់ពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងសហគមន៍អន្តរជាតិ ក៏លោក ហ៊ុន សែន អាចធ្វើទៅរួចដែរ ចុះទម្រាំរឿងកែច្បាប់ផ្សេងៗ ទៀត រឿងអី ដែលលោក ហ៊ុន សែន ធ្វើមិនបាននោះទេ៖ «បើសិនជាការបង្កើតច្បាប់នេះទៅវាបម្រើដល់ប្រយោជន៍គណបក្ស ប្រជាជន រឿងនេះបានគាត់គួរតែគិត។ ដូច្នេះមួយណាដែលមានប្រយោជន៍ឲ្យដល់គាត់ គឺគាត់ធ្វើដោយមិនចាំបាច់ពិគ្រោះយោបល់ទេ។ រឿងណាដែលប៉ះពាល់ប្រយោជន៍គាត់ គាត់យកមកគិតយកមកធ្វើហើយធ្វើមិនចេញគឺគាត់អត់ធ្វើតែម្ដង។ តែបើសិនរឿងណាមួយដែលអាចលែងសារនយោបាយបាន ដែលចំណេញដល់គណបក្សកាន់អំណាច ឬបង្កើតព្រឹត្តិការថ្មី ដែលបន្លំស្ថានការណ៍ដ៏អាក្រក់ដែលកំពុងជួបនេះ គឺ គាត់យកមកប្រើហើយ » ។
អ្នកវិភាគរូបនេះក៏ទទូចឲ្យលោក ហ៊ុន សែន មុននឹងនិយាយនៅទីសាធារណៈក៏គិតគូរដល់ពាក្យសំដីរបស់ខ្លួនឲ្យបានល្អិតល្អន់ជាមុន ដោយត្រូវសិក្សាស្វែងយល់អំពីច្បាប់ទម្លាប់ឲ្យបានច្បាស់លាស់ជាមុនសិន មិនត្រូវចេះតែនិយាយឲ្យតែរួចខ្លួនដូចសព្វថ្ងៃនេះទេ ព្រោះការលើកឡើងរបស់លោកធ្វើឲ្យពលរដ្ឋ និងសាធារណៈជនមានការភ្ញាក់ផ្អើល និងមានឥទ្ធិពលអាក្រក់នៅក្នុងសង្គម។
គំនិតផ្ដើមចង់ឲ្យមានទោសប្រហារជីវិត៖
ការបង្ហាញបំណងបង្កើតច្បាប់កាត់ទោសប្រហារជីវិតអ្នករំលោភសេពសន្ថវៈលើកុមារីនេះ គឺធ្វើឡើងពេលដែលលោក ហ៊ុន សែន និងភរិយាចុះទៅសួរសុខទុក្ខកុមារី និងយុវតីនៅក្នុងអង្គការ អាហ្វេស៊ីប (AFESIP) នៅថ្ងៃទី១០ ខែមីនា ក្រោយពេលស្ដាប់កុមារីរងគ្រោះរៀបរាប់ពីអតីតកាលដ៏ឈឺចាប់របស់ពួកគេនោះ។ លោក ហ៊ុន សែន បានជជែកជាមួយភរិយានិងភរិយារបស់លោក រួចថា លោកមានគំនិតចង់ផ្ដួចផ្ដើមឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបើកឱ្យមានទោសប្រហារជីវិត ចំពោះជន ដែលមានសន្តានជាសត្វតិរច្ឆានទៅប្រព្រឹត្តអំពើរំលោភបំពានលើរូបរាងកាយរបស់កុមារ។ ប៉ុន្តែលោក ហ៊ុន សែន បញ្ជាក់ថា ការកែរដ្ឋធម្មនុញ្ញលើកនេះ លោកមិនប្រើអំណាចខ្លួនឯងនោះទេ គឺត្រូវធ្វើឡើងតាមប្រជាមតិរបស់ប្រជាពលរដ្ឋទូទាំងប្រទេស៖ « ជីតារំលោភចៅឪពុករំលោភកូន ឪពុកមារំលោភក្មួយ បងរំលោភប្អូនអាហ្នឹង គឺជានៅក្នុងការគិតរបស់តា។ បើសិនជាករណីនេះវារីករាលដាលការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលឈានទៅដល់ការឱ្យមានទោសប្រហារជីវិតឡើងវិញ អាចនឹងត្រូវធ្វើ ប៉ុន្តែត្រូវឆ្លងកាត់ប្រជាមតិ ព្រោះតាចង់បង្ក្រាបនូវធាតុតិរច្ឆានមួយ ដែលកើតនៅក្នុងសង្គមខ្មែរយើង »៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។