ថ្ងៃនេះកាលពី៤ឆ្នាំមុនតំណាងរាស្ត្រគណបក្សប្រឆាំងពីរនាក់ ត្រូវក្រុមអង្គរក្សរបស់លោក ហ៊ុន សែន ព្រួតគ្នាវាយនៅមុខរដ្ឋសភាបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានចោទប្រកាន់ថា អំពើហិង្សានេះលោក ហ៊ុន សែន ជាអ្នកបញ្ជាពីក្រោយ ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាចយល់ថា ករណីហិង្សាលើតំណាងរាស្ត្រគណបក្សប្រឆាំងនោះ អាចជាការរៀបចំរបស់ក្រុមគណបក្សប្រឆាំង ដើម្បីទម្លាក់កំហុសមកលើលោក ហ៊ុន សែន ទៅវិញទេ។
អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងដែលរងបួសនៅមុខរដ្ឋសភាកាលពីបួនឆ្នាំមុនអះអាងថា រយៈពេលបួនឆ្នាំមកនេះ ពួកគេនៅតែឈឺចុកចាប់ព្រោះតុលាការមិនបានផ្ដល់យុត្តិធម៌ និងមិនបានវែកមុខអ្នកបញ្ជាយកមកផ្ដន្ទាទោសតាមច្បាប់។
អ្នកតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ លោក គង់ សភា ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៦ ខែតុលាថា លោកនៅតែចងចាំព្រឹត្តិការណ៍វាយធ្វើបាបលើរូបលោក និងក្រុមការងារលោកម្នាក់ទៀត។ លោកចោទប្រកាន់ថា ជនដៃដល់ដែលត្រូវតុលាការផ្ដន្ទាទោសគ្រាន់តែជាឧបករណ៍របស់លោក ហ៊ុន សែន ប៉ុណ្ណោះ។ លោកយល់ថា អ្នកបញ្ជាឱ្យពួកគេប្រព្រឹត្តិអំពើហិង្សានេះគឺលោក ហ៊ុន សែន តែម្ដង៖ «គេ ( លោក ហ៊ុន សែន ) បានបញ្ជាពីស្រុកបារាំងគឺជាភស្តុតាងមួយសម្រាប់តុលាការស៊ើបអង្កេត»។
កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០១៥ កន្លងទៅ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គង់ សភា និង លោក ញ៉យ ចំរើន ត្រូវកងអង្គរក្សលោក ហ៊ុន សែន ព្រួតគ្នាវាយទាត់ធាក់យ៉ាងដំណំរហូតដល់បាក់ខ្ទង់ច្រមុះនិងបែកភ្នែកខាងស្តាំ ខណៈដែលពួកគេបានចេញពីប្រជុំនៅឯមន្ទីររដ្ឋសភាជាតិក្នុងទីក្រុងភ្នំពេញ។
ជនដៃដល់ដែលបានប្រព្រឹត្តអំពើហិង្សាទៅលើអ្នកតំណាងរាស្ត្រទាំងពីរនេះមានឈ្មោះ លោក ចាយ សារិទ្ធ ម៉ៅ ហឿន និង សុត វណ្ណនី។ ពួកគេជាកងអង្គរក្សលោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ការចោទប្រកាន់របស់លោក គង់ សភា មកលើលោក ហ៊ុន សែន គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានត្រឹមត្រូវ និងគ្មានភស្តុតាងពិតប្រាកដ។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ចោទប្រកាន់វិញដោយសារសង្ស័យថា ករណីនេះអាចជាការរៀបចំរបស់គណបក្សប្រឆាំងខ្លួនឯងដើម្បីទម្លាក់កំហុសមកលើលោក ហ៊ុន សែន។ ទោះជាយ៉ាងណា លោក សុខ ឥសាន ថ្លែងថា លោកគ្មានភស្តុតាងអាចបញ្ជាក់ថា នេះជាទង្វើរបស់គណបក្សប្រឆាំងឡើយ ដោយលោកគ្រាន់តែសំអាងទៅលើហេតុផលថា លោក ហ៊ុន សែន ជាអ្នកដឹកនាំប្រទេសមិនព្រឹត្តិទង្វើអាក្រក់បែបនេះទេ៖ «ហេតុផលគឺអ្នកដែលអត់ទទួលខុសខាងការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋទេដែលហ៊ានធ្វើករណីហ្នឹង ដើម្បីដាក់កំហុសលើអ្នកដែលមានតួនាទីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ»។
អ្នកវិភាគបញ្ហានយោបាយលោក គឹម សុខ ដែលហ៊ានរិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់ និងបច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួននៅប្រទេសហ្វាំងឡង់យល់ថា ផ្អែកលើរឿងដែលកើតឡើងនោះ គឺអាចជាការរៀបចំរបស់លោក ហ៊ុន សែន ។ លោក គឹម សុខ សង្កេតឃើញថា តុលាការមិនបានដាក់ទោសជនប្រព្រឹត្តដែលជាក្រុមអង្គរក្សលោក ហ៊ុន សែន ឱ្យជាប់ទោសធ្ងន់ធ្ងរនោះទេ ប៉ុន្តែបែរជាបានឡើងតួនាទីទាំងអស់គ្នាវិញ ក្រោយពេលចេញពីពន្ធនាគារ៖ «សមហេតុសមផលត្រង់ថា អ្នកដែលវាយតំណាងរាស្ត្រនោះជាប់គុក ហើយមានសេរីឡូឡាក្នុងគុកស្រេចតែចិត្ត ចំណុចទី២ អ្នកវាយតំណាងរាស្ត្រពេលចេញពីគុកហើយត្រូវគេដឹងថាជាមនុស្សរបស់លោក ហ៊ុន សែន ហើយឡើងបុណ្យឡើងស័ក្ដិ»។
សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសឱ្យជនជាប់ចោទទាំង៣នាក់ឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ ប៉ុន្តែអនុវត្តទោសរយៈពេល១ឆ្នាំប៉ុណ្ណោះ ក្រោមបទចោទប្រកាន់ថា បានប្រព្រឹត្តហិង្សាមានស្ថានទម្ងន់ទោសលើក្រុមតំណាងរាស្ត្រ។ ពួកគេត្រូវបានដោះលែងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោយតុលាការសម្រេចព្យួរទោសដែលនៅសល់ចំនួន ៣ឆ្នាំទៀត។
ក្រោយពីចេញពីពន្ធនាគារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យមួយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយដំឡើងឋានន្តរសក្ដិដល់លោក សុត វណ្ណី និងលោក ម៉ៅ ហឿន ពីវរសេនីយ៍ទោទៅជាវរសេនីយ៍ឯក ចំណែកលោក ចាយ សារិទ្ធ ត្រូវបានដំឡើងពីវរសេនីយ៍ឯកទៅជាឧត្ដមសេនីយ៍ផ្កាយ១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។