របប​ក្រុងភ្នំពេញ​សុំ​ឱ្យ​សិង្ហបុរី​ជួយ​រឿង​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត

ដោយ ហេង រស្មី
2019.03.05
Share on WhatsApp
Share on WhatsApp
សៀវភៅ​ច្បាប់ ៦២០ សៀវភៅ​ច្បាប់​មួយ​ចំនួន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
Photo: RFA

របប​លោក ហ៊ុន សែន បាន​ស្នើ​សុំ​សិង្ហបុរី​ឱ្យ​ជួយ​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ឧក្រិដ្ឋកម្ម​ឆ្លងដែន ព្រមទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផង​ដែរ។ សំណើ​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​សិង្ហបុរី កាលពី​ថ្ងៃទី៤ មីនា ។ អ្នកការពារ​សិទ្ធិ​មនុស្ស បារម្ភ​ថា ពលរដ្ឋ​កាន់តែ​ច្រើន​នឹង​ជាប់ទោស​ដោយសារ​ការ​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម បើ​ច្បាប់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​មែន​នោះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឱ្យ​ភាគី​នគរបាល​សិង្ហបុរី​ជួយ​ចែករំលែក​បទពិសោធន៍​គ្រប់គ្រង​ព័ត៌មាន​មិន​ពិត​នៅ​លើ​បណ្ដាញ​សង្គម​ដល់​នគរបាល​កម្ពុជា។ លោក​បាន​ថ្លែង​កោតសរសើរ​ថា សិង្ហបុរី​ជា​ប្រទេស​មាន​កន្លែង​អប់រំ និង​ហ្វឹកហាត់​បាន​ល្អ ជាពិសេស​មាន​ច្បាប់​គ្រប់គ្រង​ជាក់លាក់ ដូច្នេះ​លោក​ស្នើ​ឱ្យ​សិង្ហបុរី​ជួយ​បង្ហាត់បង្រៀន​ភាគី​កម្ពុជា ខណៈ​របប​របស់​លោក​កំពុង​គិតគូរ​ពី​ការ​បង្កើត​ច្បាប់​ប្រឆាំង​នឹង​ព័ត៌មាន​ក្លាយ។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង វិញ ក៏បាន​លើកឡើង​ដែរ​ថា នេះ​ជា​រឿង​ល្អ​បំផុត​ដែល​ភាគី​កម្ពុជា និង​សិង្ហបុរី បន្ត​សហការ​គ្នា​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ឧក្រិដ្ឋ​នានា ដូចជា ការ​ប្រឆាំង​អំពើ​ភេរវកម្ម ការ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​បទល្មើស​ឆ្លងដែន​ដទៃ​ទៀត។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​លោក ឆាយ គឹមខឿន បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា អគ្គស្នងការ​នគរបាល​ជាតិ​សិង្ហបុរី លោក ហុង វីតឹក (Hoong Wee Teck) បាន​សន្យា​ជួយ​បណ្ដុះបណ្ដាល​ដល់​មន្ត្រី​នគរបាល​កម្ពុជា​ទាក់ទង​នឹង​ជំនាញ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម ជាដើម ហើយ​កម្មវិធី​បណ្ដុះបណ្ដាល​នោះ​នឹង​មាន​ទាំង​រយៈពេល​វែង និង​រយៈពេល​ខ្លី។

ការ​ស្នើសុំ​ជំនួយ​ពី​សិង្ហបុរី​នេះ ស​បញ្ជាក់​ឱ្យ​ឃើញ​ថា របប​ក្រុងភ្នំពេញ​ពិតជា​មានបំណង​បង្កើត​ឱ្យ​មាន​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​អ៊ីនធឺណិត បន្ថែម​លើ​ការប្រកាស​របស់​លោក ហ៊ុន សែន ម្ដង​ហើយ​ម្ដង​ទៀត​អំពី​រឿង​នេះ៖ «នៅ​ប្រទេស​មួយ​ចំនួន​កំពុង​បង្កើត​ច្បាប់​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ហើយ។ ហើយ​នៅ ប្រទេស​មួយ​ចំនួន​កំពុងតែ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​បទឧក្រិដ្ឋ​អ៊ីនធឺណិត។ អ៊ីចឹង​ទេ​កម្ពុជា​ក៏​ត្រូវតែ​គិតគូរ​ពី​បញ្ហា​នេះ​ផង​ដែរ»

អ្នកការពារ​សិទ្ធិមនុស្ស​សម្ដែង​ក្ដី​ព្រួយបារម្ភ​ថា ប្រសិនបើ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​បទល្មើស​បច្ចេកវិទ្យា​ត្រូវ​បាន​បង្កើត​ឡើង​មែន នោះ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​លើ​បណ្ដាញ​សង្គម និង​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​សង្គម អាច​នឹង​រង​ការ​រឹតត្បិត​កាន់តែ​ខ្លាំង។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ទទួលស្គាល់​ថា ប្រទេស​មួយ​ចំនួន​ពិតជា​មាន​ច្បាប់​គ្រប់គ្រង​អ៊ីនធឺណិត​មែន ក៏ប៉ុន្តែ​ច្បាប់​នេះ​មាន​គោលបំណង​ទប់ស្កាត់​បទល្មើស និង​បម្រើ​ឱ្យ​ផលប្រយោជន៍​ជាតិ​របស់​គេ​ពិតប្រាកដ។ ដោយឡែក​នៅ​កម្ពុជា លោក​កត់សម្គាល់​ថា ច្បាប់​ភាគច្រើន​ដែល​បង្កើត​ឡើង មាន​បង្កប់​ខ្លឹមសារ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ ដូច្នេះ​លោក​យល់ថា ច្បាប់​គ្រប់គ្រង​បទល្មើស​បច្ចេកវិទ្យា​នេះ ក៏​ទំនង​ជា​មាន​លក្ខណៈ​ដូចគ្នា​នេះ​ដែរ៖ «ខ្ញុំ​គិត​ថា ច្បាប់​វា​មិនមែន​ថា​យើង​ត្រូវតែ​ប្រញាប់​ឱ្យ​បាន​រួសរាន់​ឱ្យ​ចង់​ចេញ​គឺ​ចេញ​ឱ្យ​បាន​លឿន​នោះ​ទេ។ គឺ​ត្រូវតែ​មាន​ការសិក្សា​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​ត្រូវតែ​មាន​ការ​ថ្លឹងថ្លែង​ហើយ​មានការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ឱ្យ​បាន​ច្រើន​មុននឹង​សម្រេច។ យើង​ទទួលស្គាល់​ហើយ​បើ​ច្បាប់​នឹង​មក​ជួយ​ទប់ស្កាត់​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក៏ប៉ុន្តែ​វា​ជះ​ឥទ្ធិពល​ហើយក៏​បង្ក​ភាព​គ្រោះថ្នាក់​ផង​ដែរ​ចំពោះ​សិទ្ធិ​សេរីភាព និង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ»

ទោះបីជា​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​ប្រភេទ​នេះ​ក្តី របប​លោក ហ៊ុន សែន បាន​ប្រើប្រាស់​ក្រមព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​ពលរដ្ឋ​ដែល​ហ៊ាន​បញ្ចេញមតិ​រិះគន់ ឬ​វាយប្រហារ​របប​នេះ ជា​ហូរហែ​រួចទៅ​ហើយ​។ ករណី​ថ្មី​ចុងក្រោយ​បំផុត គឺជា​ករណី​ចាប់​ឃុំខ្លួន​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ បន្ទាប់ពី​លោក​បាន​សរសេរ​រិះគន់​របប​លោក ហ៊ុន សែន នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

លោក អំ សំអាត យល់ឃើញ​ថា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​មាន​កម្រិត​យល់ដឹង​ទាប​នៅឡើយ​ចំពោះ​ការប្រើប្រាស់​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​អ៊ីនធឺណិត ជាពិសេស​ពួកគាត់​នៅ​មិនទាន់​អាច​បែងចែក​ឱ្យ​ដាច់​ពី​គ្នា​រវាង​អ្វី​ជា​ព័ត៌មាន​ពិត និង​អ្វី​ជា​ព័ត៌មាន​ក្លែងក្លាយ​នៅឡើយ ដូច្នេះ​បើ​ច្បាប់​នេះ​លេចចេញ​ជា​រូបរាង​មែន នោះ​ចំនួន​អ្នក​ជាប់ទោស​ដោយសារ​ការ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម និង​អ៊ីនធឺណិត នឹង​កើតមាន​ច្រើន​ករណី។ អ្នកការពារ​សិទ្ធិមនុស្ស​រូប​នេះ ស្នើ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​យន្តការ​អប់រំ​ណែនាំ​ពលរដ្ឋ ឱ្យ​មាន​ចំណេះដឹង​លើ​ការប្រើប្រាស់​បណ្ដាញ​សង្គម និង​អ៊ីនធឺណិត​ជាមុន​សិន មុននឹង​ឈាន​ដល់​ការ​បង្កើត​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ និង​ឧក្រិដ្ឋកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។