អង្គការសង្គមស៊ីវិលលើកឡើងថា តុលាការបានរំលោភគោលការណ៍សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា។
របាយការណ៍ប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមិថុនា នេះឱ្យដឹងថា សាលាឧទ្ធរណ៍មិនបានគោរពគោលការណ៍ការសន្មតទុកជាមុនថាគ្មានទោស សិទ្ធិទទួលបានសេចក្ដីសម្រេចមានសម្អាងហេតុ ព្រមទាំងសិទ្ធិទទួលបានមេធាវីការពារជនជាប់ចោទជាដើម។
របាយការណ៍នេះធ្វើឡើងចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ បានសង្កេតការណ៍សវនាការលើសំណុំរឿងព្រហ្មទណ្ឌចំនួន ៣៤០ករណី ឱ្យដឹងថា ក្នុងចំណោមសំណុំរឿងជាង៦៥% ចៅក្រមខកខានក្នុងការប្រាប់ និងពន្យល់ដល់ជនជាប់ចោទអំពីសិទ្ធិនៅស្ងៀម ហើយជនជាប់ចោទ២១% ចៅក្រមក៏មិនបានប្រាប់អំពីសិទ្ធិទទួលបានមេធាវីការពារចំពោះមុខតុលាការផងដែរ។
របាយការណ៍នេះឱ្យដឹងបន្តថា ចៅក្រមសាលាឧទ្ធរណ៍បានសម្រេចសេចក្ដីដោយមិនបានបង្ហាញពីមាត្រាច្បាប់ និងភស្តុតាងណាមួយធ្វើជាមូលដ្ឋានដើម្បីដាក់បន្ទុកជនជាប់ចោទទេ ក្រៅតែពីការលើកឡើងថា តម្កល់ ឬបដិសេធសេចក្ដីសម្រេចចិត្តរបស់សាលាដំបូងប៉ុណ្ណោះ។
របាយការណ៍ដដែលឱ្យដឹងបន្តថា ក្នុងដំណាក់កាលសវនាការមានជនជាប់ចោទចំនួន៤០នាក់បានលើកឡើងពីចម្លើយសារភាពរបស់ពួកគេ ដោយមានការបង្ខិតបង្ខំ ការប្រើហិង្សាពីសមត្ថកិច្ច ប៉ុន្តែមិនត្រូវបានតុលាការពិចារណាឡើយ។
អាស៊ីសេរី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ជុំវិញរឿងនេះបានទេនៅថ្ងៃទី១៩ ខែមិថុនា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
លោក ហ៊ុន ស៊ាងហាក់ អ្នកសម្របសម្រួលគម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការជាបន្ទាន់ដើម្បីធានាថា សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា និងសិទ្ធិការពារអនីតិជនត្រូវបានគោរពឱ្យបានពេញលេញតាមផ្លូវច្បាប់យ៉ាងដិតដល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។