មន្ត្រីក្រសួងយុត្តិធម៌ជួបពិភាក្សាជាមួយមន្ត្រីអ.ស.បរឿងកំណែទម្រង់ប្រព័ន្ធតុលាការ
2023.01.14

មន្ត្រីក្រសួងយុត្តិធម៌ ជួបពិភាក្សាការងារជាមួយមន្ត្រីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UN-OHCHR) ស្ដីពីកំណែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា។
គេហទំព័រក្រសួងយុត្តិធម៌ឲ្យដឹងថា ក្នុងជំនួបកាលពីថ្ងៃទី១៣ ខែមករា រវាងរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ជាមួយអនុប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក បិនយ៉ាមីន ម៉ូរ៉ូ (Benjamin Moreau) បានពិភាក្សាអំពីផែនការនៃកិច្ចសហប្រតិបត្តិការ ក្នុងការងារកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។
កំណែទម្រង់ប្រព័ន្ធតុលាការទាំងនោះរួមមាន កម្មវិធីសិក្សានៅរាជបណ្ឌិតសភាស្ដីពីវិជ្ជាជីវៈតុលាការ ការអភិវឌ្ឍសមត្ថភាពចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីអនុវត្តច្បាប់លើវិស័យយុត្តិធម៌ព្រហ្មទណ្ឌ ដំណើរការប្រព័ន្ធចុះបញ្ជីសំណុំរឿងព្រហ្មទណ្ឌតាមប្រព័ន្ធអេឡិចត្រូនិច នៅតាមសាលាដំបូងរាជធានីខេត្ត និងការធ្វើទំនើបកម្មរដ្ឋបាលតុលាការ និងតុលាការឌីជីថល (E-Court)។ បន្ថែមពីនេះភាគីទាំងពីរ ក៏បានពិភាក្សាលើបញ្ហាកកស្ទះសំណុំរឿង ភាពចង្អៀតណែនក្នុងពន្ធនាគារ ការអនុវត្តទោសក្នុងសហគមន៍ និងការដោះលែងដោយមានលក្ខខណ្ឌ ព្រមទាំងការរៀបចំយន្តការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការជាដើម។
អគ្គនាយកដ្ឋានពន្ធនាគារឱ្យដឹងថា បច្ចុប្បន្នពន្ធនាគារនៅកម្ពុជាមានជនជាប់ឃុំជាង ៣ម៉ឺន៧ពាន់នាក់ គឺច្រើនលើសលប់ ដែលពន្ធនាគារអាចផ្ទុកមនុស្សបាន ត្រឹមចំនួនជិត ២ម៉ឺន ៧ពាន់ (២៦.៥៩៣) នាក់ ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។