តុលាការកំពូល គ្រោងនឹងបើកសវនាការជំនុំជម្រះបណ្ដឹងសុំនៅក្រៅឃុំរបស់យុវជន កែម ឡី និយម គឺលោក គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ នៅចុងខែតុលានេះ។ មេធាវីការពារក្តី និងភរិយារបស់លោក គង់ រ៉ៃយ៉ា សង្ឃឹមថា តុលាការកំពូល នឹងអនុញ្ញាតឱ្យលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ រស់នៅក្រៅឃុំបណ្ដោះអាសន្នតាមការស្នើសុំ។
យុវជន កែម ឡី និយម ពីរនាក់ គឺលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ បានជាប់ពន្ធនាគារជាង ៣ខែហើយ ដោយសារធ្វើសកម្មភាពមួយចំនួន ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី។
តុលាការកំពូល គ្រោងនឹងបើកសវនាការជំនុំជម្រះបណ្តឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់យុវជន របស់យុវជនទាំងពីរ នៅថ្ងៃទី២៨ ខែតុលា បន្ទាប់ពីមេធាវីការពារក្តីបានដាក់បណ្ដឹងកាលពីថ្ងៃទី២០ ខែសីហា ក្រោយពីសាលាដំបូង និងសាលាឧទ្ធរណ៍ បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់យុវជនទាំងពីរជាបន្តបន្ទាប់។
មេធាវីការពារក្តីឱ្យយុវជនទាំងពីរ គឺលោក សំ សុគង់ សង្ឃឹមថា តុលាការកំពូលនឹងពិចារណាផ្លូវច្បាប់ និងភស្តុតាងជាក់ស្ដែង ដើម្បីអនុញ្ញាតឱ្យកូនក្តីរបស់លោក បានរស់នៅក្រៅឃុំបណ្ដោះអាសន្នតាមការស្នើសុំ។ លោកអះអាងថា កូនក្តីរបស់លោកមានសិទ្ធិ និងលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីរស់នៅក្រៅឃុំ៖ «សំណុំរឿងរបស់លោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ នេះគឺចៅក្រមស៊ើបសួរ បានសម្រេចបិទការស៊ើបសួរហើយនិងបញ្ជូនសំណុំរឿងទៅជំនុំ ជម្រះហើយអ៊ីចឹងការឃុំខ្លួនបណ្ដោះអាសន្នដើម្បីការស៊ើបសួរគឺមិនចាំបាច់ទេ។ ចំណុចទី២កូនរបស់ខ្ញុំទាំងពីរនាក់នេះ គឺជាមនុស្សធម្មតាហើយមានគ្រួសារមានលំនៅឋានពិតប្រាកដហើយកូនក្តី របស់ខ្ញុំទាំងពីរនាក់នេះ បានសន្យាជាមួយសមត្ថកិច្ច និងតុលាការ មិនគេចវេះ មិនប្ដូរទីលំនៅ និងបង្ហាញខ្លួនគ្រប់ដំណាក់កាលនីតិវិធី។ ចំណុចសំខាន់មួយទៀតគឺសុខភាពពួកគាត់មិនល្អប្រសើរ ទេ»។
អង្គការសិទ្ធិមនុស្ស តែងតែចាត់ទុក ការចាប់ឃុំខ្លួន និងការចោទប្រកាន់លើ យុវជន កែម ឡី និយម ទាំងពីរនាក់ថា ធ្វើឡើងដោយគ្មានភស្តុតាង និងគ្មានមូលដ្ឋានច្បាប់គ្រប់គ្រាន់នោះទេ។ ផ្ទុយទៅវិញ ចំណាត់ការរបស់អាជ្ញាធរ និងតុលាការនេះ គឺកំពុងតែរឹតត្បិត និងរំលោភបំពានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំរបស់ពួកគាត់ ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។ អង្គការសិទ្ធិមនុស្សយល់ថា ប្រសិនបើតុលាការអនុញ្ញាតឱ្យលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ រស់នៅក្រៅឃុំបណ្ដោះអាសន្ននោះ គឺវានឹងជួយឱ្យមានភាពល្អប្រសើរសម្រាប់ជីវភាពរស់នៅរបស់គ្រួសារពួកគេ ហើយរបបក្រុងភ្នំពេញ អាចជៀសផុតពីការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ ខណៈដែលសហភាពអឺរ៉ុប កំពុងទាមទារឱ្យកម្ពុជាស្ដារឡើងវិញ នូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទិ្ធមនុស្សនេះ។
ភរិយារបស់លោក គង់ រ៉ៃយ៉ា គឺលោកស្រី សុខ ស្រីនិច រៀបរាប់ថា ប្រសិនបើតុលាការអនុវត្តតាម វិជ្ជាជីវៈនោះ គឺមិនត្រឹមតែដោះលែងស្វាមីឱ្យនៅក្រៅឃុំបណ្ដោះអាសន្នប៉ុណ្ណោះទេ គឺអាចនឹង ទម្លាក់សំណុំរឿងនេះចោលដោយឥតចាត់ការទៀតផង។ ការអះអាងដូច្នេះ ព្រោះលោកស្រី យល់ថា ស្វាមីពុំបានប្រព្រឹត្តអ្វីខុសច្បាប់ទេ ហើយបើតុលាការនៅតែបន្តឃុំខ្លួនទៀត គឺតុលាការកាន់ តែមានឈ្មោះអាក្រក់ និងគ្មានតម្លៃទៀត៖ «ខ្ញុំទទូចចង់ឱ្យតុលាការដោះលែងគាត់វិញ ព្រោះស្ថានភាពរបស់ខ្ញុំលំបាកខ្លាំង ហើយខ្ញុំមិនចង់ឱ្យតុលាការបន្តឃុំខ្លួនស្វាមីខ្ញុំទេ ព្រោះអីគឺតុលាការ ក៏ខូចឈ្មោះដែរ ព្រោះស្វាមីខ្ញុំអត់មានកំហុសខុសឆ្គងអីទាំងអស់»។
សមត្ថកិច្ចរបបក្រុងភ្នំពេញ បានចាប់ខ្លួនលោក គង់ រ៉ៃយ៉ា អាយុ ២៨ឆ្នាំ កាលពីថ្ងៃទី៩ ខែកក្កដា ដោយចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌក្រោយបានផ្សព្វផ្សាយលក់អាវយឺតមានរូប និងទស្សនៈបណ្ឌិត កែម ឡី នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) សម្រាប់ខួបបីឆ្នាំនៃអំពើឃាតកម្មលើបណ្ឌិត កែម ឡី។ មួយថ្ងៃបន្ទាប់មក សមត្ថកិច្ចបានចាប់ខ្លួនលោក សួង នាគព័ន្ធ ដោយចោទប្រកាន់ដូចលោក គង់ រ៉ៃយ៉ា ដែរ ដោយសារលោកចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី និងចែកខិត្តប័ណ្ណ អំពាវនាវកុំឱ្យសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ នៅបរិវេណស្ថានីយប្រេងឥន្ធនៈ កាលតិច (Caltex) ស្តុបបូកគោ ដែលជាទីតាំងឃាតកម្មបណ្ឌិត កែម ឡី។
អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិផ្សេងទៀត បាន ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ថា ចំណាត់ការរបស់អាជ្ញាធររបបនេះ កំពុងមានគោលដៅ ធ្វើទុក្ខបុកម្នេញអ្នកដែលហ៊ានបញ្ចេញមតិ និងការជួបប្រជុំគ្នាដោយសន្តិវិធី។ ពួកគេ អំពាវនាវឱ្យរបបក្រុងភ្នំពេញ ដោះលែងយុវជនទាំងពីរនាក់ និងឈប់ការរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋដូច្នេះតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។