លោក គិត ធាង ដែលជាប់ចោទជួញដូរគ្រឿងញៀនបានអវត្តមានក្នុងតុលាការក្រុងភ្នំពេញ ក្នុងសវនាការថ្មី កាលពីថ្ងៃពុធទី១៣ ខែមករា ដោយសារកំពុងព្យាបាលនៅមន្ទីរពេទ្យ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ប្រាប់កាសែតវីអូឌី (VOD) ថា លោក គិត ធាង នៅបន្តស្នាក់នៅក្នុងមន្ទីរពេទ្យ ហើយមិនទាន់បញ្ចូនត្រឡប់មកពន្ធនាគារវិញនៅឡើយទេ។ លោក នុត សវនា មិនបានបញ្ជាក់ពីមូលហេតុពិតប្រាកដអំពីបញ្ហានេះទេ។
ក្នុងសវនាការថ្មីករណីរឿងជួញដូរគ្រឿងញៀន នៅថ្ងៃ១៣ ខែមករានេះ ជនពាក់ព័ន្ធចំនួន ១២នាក់ រួមទាំងលោក គិត ធាង ផង ត្រូវបានគេបង្ហាញខ្លួននៅក្នុងតុលាការ ពីបទចោទប្រកាន់ថា បានជួញដូរទិញលក់គ្រឿងញៀន ស្តុកទុក និងចែកចាយគ្រឿងញៀន នៅក្នុង ក្លឹបកម្សាន្តរ៉ក់ (Rock)។ ក៏ប៉ុន្តែមេធាវីការពារក្តី៣នាក់របស់ជនជាប់ចោទ ដែលបានចូលរួមក្នុងសវនាការ បានស្នើសុំពន្យារពេលសវនាការ ហើយលោកចៅក្រម ក៏បានប្រកាសពន្យារពេលទៅថ្ងៃក្រោយ ដោយមិនបានកំណត់ពេលនៅឡើយ។
លោក គិត ធាង ជាបងប្រុសបង្កើតមហាសេដ្ឋីនៅកម្ពុជា លោក គិត ម៉េង ត្រូវបានតុលាការក្រុងភ្នំពេញ កាលពីឆ្នាំ២០១៩ កាត់ទោសឱ្យជាប់ពន្ធនាគារ ចំនួន៤ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ៥០គីឡូក្រាម នៅក្នុងក្លឹបកម្សាន្តរ៉ក់។ ប៉ុន្តែ ទណ្ឌិត គិត ធាង មិនដែលស្ថិតក្នុងពន្ធនាគារទេ ដោយសារលោកសម្រាកព្យាបាលក្នុងបន្ទប់វីអាយភី (VIP) នៅក្នុងមន្ទីរពេទ្យ។
ទណ្ឌិត គិត ធាង និងទណ្ឌិត៥នាក់ទៀត កំពុងជាប់ឃុំពន្ធនាគារ ខណៈជនល្មើស៦នាក់ផ្សេងទៀត បានរត់គេចខ្លួន។ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន ឱ្យដឹងថាសមត្ថកិច្ចកំពុងស្វែងរកជនល្មើសដែលរត់គេចខ្លួន ដើម្បីផ្ដន្ទាទោសតាមច្បាប់ ដោយទាក់ទងសមត្ថកិច្ចប៉ូលិសអន្តរជាតិ (Interpol)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
