តុលាការខេត្តកោះកុង សម្រេចឃុំខ្លួនបុរសម្នាក់វ័យ៦៤ឆ្នាំ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោយពីសមត្ថកិច្ចចុះចាប់ខ្លួនគាត់ដល់ផ្ទះដោយចោទប្រកាន់ពីបទ កាប់រានដីព្រៃខុសច្បាប់។ សាច់ញាតិ និងអង្គការសង្គមស៊ីវិល ស្នើដល់តុលាការពិនិត្យរឿងនេះឡើងវិញ និងអនុញ្ញាតឱ្យគាត់បាននៅក្រៅឃុំ ជួបជុំគ្រួសារ និងព្យាបាលជំងឺប្រចាំកាយ។
សាលាដំបូងខេត្តកោះកុង បង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនលោក ចេត ប៊ុន ទៅឃុំខ្លួននៅពន្ធនាគារ ក្រោយពីបញ្ចប់ការសាកសួរគាត់ ដោយគ្មានមេធាវីការពារ។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យតុលាការខេត្តកោះកុង លោក អ៊ុន សុវណ្ណធានី អំពីបទចោទលោក ចេត ប៊ុន តាមទូរស័ព្ទជាច្រើនដង តែគ្មានអ្នកទទួល។
ប៉ុន្តែ នៅក្នុងលិខិតរបស់មន្ទីរបរិស្ថានខេត្តកោះកុង ចុះថ្ងៃទី១១ សីហា សរសេរថា សកម្មភាពរបស់លោក ចេត ប៊ុន គឺផ្ទុយពីច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ មាត្រា៦១ ទាក់ទងនឹងសកម្មភាព កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ យកទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ក្រោយពីដឹងថា ឪពុកត្រូវបានគេឃុំខ្លួន លោកស្រី ប៊ុន ហៀង ដែលត្រូវជាកូនស្រីបង្កើតរបស់លោក ចេត ប៊ុន ឱ្យដឹងថា លោកស្រីដាក់ពាក្យទៅតុលាការខេត្តកោះកុង ស្នើសុំឱ្យដោះលែងឪពុក នៅក្រៅបណ្ដោះអាសន្ន ដើម្បីព្យាបាលជំងឺ។ ប៉ុន្តែមិនទាន់មានការឆ្លើយតបណាមួយ ពីខាងរដ្ឋបាលតុលាការខេត្តកោះកុងនៅឡើយ។
លោកស្រី ប៊ុន ហៀង ដែលទៅជួបលោក ចេត ប៊ុន នៅក្នុងពន្ធនាគារ នៅរសៀលថ្ងៃទី១៣ សីហា រៀបរាប់ថា ឪពុកមានការថមថយកម្លាំងជាច្រើន និងជំងឺឫសដូងបាតបានរើឡើងវិញ ដោយសារមិនបានហូបថ្នាំទៀងទាត់។ លោកស្រី ប៊ុន ហៀង ស្នើដល់តុលាការ និងអាជ្ញាធរទាំងអស់ដោះលែង ឪពុកគាត់ឱ្យមានសេរីភាព ដើម្បីបានទៅជួបជុំគ្រួសារ និងព្យាបាលជំងឺ៖ «ខ្ញុំសូមសំណូមពរឱ្យតុលាការជួយដោះលែងឪពុកខ្ញុំ ចេញពីឃុំឃាំងផង ព្រោះអីគាត់មានជំងឺ ត្រូវការលេបថ្នាំ ឫសដូងបាតប្រចាំថ្ងៃ។ ហើយឥឡូវគាត់មានជំងឺមួយទៀត គឺគាត់ឈឺពេញខ្លួនទាំងអស់។ សូម្បីតែនិយាយជាមួយកូនក៏និយាយអត់រួចដែរ។ សូមតុលាការជួយដោះលែងឪពុកខ្ញុំ ឱ្យបានមកហូបថ្នាំហូបអីវិញផង» ។
អ្នកសម្របសម្រួលសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) ប្រចាំខេត្តកោះកុង លោក មាន ព្រហ្មមុនី យល់ថា ការសម្រេចឃុំខ្លួនលោក ចេត ប៊ុន ដោយមិនបានចុះទៅស៊ើបអង្កេតឱ្យបានច្បាស់លាស់ជាមុន គឺជារឿងអយុត្តិធម៌។ លោក មាន ព្រហ្មមុនី ស្នើសុំតុលាការពិនិត្យមើលរឿងនេះឡើងវិញ ដើម្បីផ្ដល់យុត្តិធម៌ដល់លោក ចេត ប៊ុន ដែលជាពលរដ្ឋក្រីក្រ៖ «យើងសង្កេតមើលគាត់ គាត់មានកម្លាំងឯណាទៅកាប់ដី រានដីព្រៃបានទៅដល់ ០ , ៣៥ ហិកតារនោះ។ យើងគិតថា គាត់មិនអាចទេ គាត់កម្លាំងអ៊ីចឹង។ ទី២ គាត់អ្នកក្រណាស់ គាត់រកតែផ្ទះនៅមិនបានផង។ គាត់ក្រីក្រ គាត់មានលុយពីណាទៅជួល ទៅឈូសឆាយដីព្រៃរបស់រដ្ឋនោះ។ ហើយមិនដឹងពីណាកាប់ផង ហើយគាត់បដិសេធ។ យើងមើលទៅសភាពគាត់ គាត់ឈឺទៀត។ សុខភាពរបស់គាត់មិនរឹងមាំ មិនល្អមានជំងឺប្រចាំកាយ»។
កាលពីថ្ងៃទី១១ សីហា អាជ្ញាធរដែលមានកម្លាំងចម្រុះប្រដាប់ដោយកាំភ្លើង បានទៅចាប់ខ្លួនលោក ចេត ប៊ុន នៅពេលដែលគាត់កំពុងដាំទឹកឆុងកាហ្វេនៅផ្ទះ ដោយគ្មានបង្ហាញដីកាចាប់ខ្លួន ឱ្យក្រុមគ្រួសារបានដឹងនោះទេ។ ចំណែកមន្ទីរបរិស្ថានខេត្តកោះកុង អះអាងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ការចាប់ខ្លួនលោក ចេត ប៊ុន ដោយសារតែគាត់នៅតែបន្តសកម្មភាព កាប់គាស់ រុករាន និងឈូសឆាយដីព្រៃអភិរក្សទំហំ ៣៥អារ យកដីធ្វើជាកម្មសិទ្ធិ។ ប៉ុន្តែខាងក្រុមគ្រួសារ អះអាងថា ពួកគាត់បានរស់នៅលើដីធ្លី ចាប់តាំងពីបែកសម័យខ្មែរក្រហម និងបានបង្កបង្កើនផលយូរឆ្នាំមកហើយ។
ក្រុមគ្រួសារលោក ចេត ប៊ុន ស្នើសុំតុលាការខេត្តកោះកុង អនុញ្ញាតដោះលែងគាត់ឱ្យបាននៅក្រៅឃុំបណ្ដោះអាសន្ន ខណៈដែលជំងឺឫសដូងបាតរបស់គាត់ត្រូវការផឹកថ្នាំជាប្រចាំថ្ងៃ ហើយវ័យក៏កាន់តែចាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។