អ្នកច្បាប់ និងមន្ត្រីសង្គមស៊ីវិល រំពឹងថាការបង្កើតសាលាដំបូងខេត្តកែប នឹងអាចផ្ដល់ប្រយោជន៍ និងយុត្តិធម៌ឲ្យពលរដ្ឋបានល្អប្រសើរ ស្របពេលដែលអយ្យការអមសាលាដំបូង និងសាលាដំបូងខេត្តកែប នឹងត្រូវដាក់ឲ្យដំណើរការនៅចុងខែកញ្ញាខាងមុខ។
ក្រុមអ្នកឃ្លាំមើលសង្គម ស្វាគមន៍ចំពោះការបង្កើតសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប បើបីជាខេត្តនេះ មានទំហំតូច និងប្រជាជនតិចយ៉ាងណាក្តី។ ពួកគាត់យល់ថា ការបង្កើតតុលាការនៅកៀកប្រជាពលរដ្ឋ វាអាចជួយកាត់បន្ថយថ្លៃចំណាយរបស់ពលរដ្ឋក្នុងមូលដ្ឋានក្នុងការស្វែងរកសេវាយុត្តិធម៌ និងទទួលបានការស៊ើបអង្កេតរឿងក្ដីបានល្អិតល្អន់ ជាងការប្រើប្រាស់សាលាដំបូងខេត្តកំពត ដែលមានចម្ងាយប្រមាណ ២៣គីឡូម៉ែត្រពីខេត្តកែប។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តកែប លោក លន់ ភុន ឲ្យដឹងថា ការប្រើប្រាស់តុលាការខេត្តកំពតកន្លងមក បានបណ្ដាលឲ្យពលរដ្ឋនៅខេត្តកែប ជាពិសេស អ្នកនៅតំបន់ដាច់ស្រយាល ចំណាយសោហ៊ុយច្រើន ទាំងថ្លៃធ្វើដំណើរ និងការហូបចុកផ្សេងៗ ដើម្បីស្វែងរកសេវាយុត្តិធម៌។ លោករំពឹងថា ក្រោយពេលដាក់ឲ្យដំណើរការសាលាដំបូងនៅខេត្តកែប ប្រជាពលរដ្ឋទូទាំងខេត្តនេះ នឹងអាចទទួលបានសេវាយុត្តិធម៌ពេញលេញជាងមុន៖ « ឃើញថា វាមានទំនាស់កើតឡើងនៅខេត្តកែបហ្នឹង វាងាយស្រួលរកយុត្តិធម៌ នៅក្នុងខេត្ត។ ដូច្នេះ វាមិនសូវចំណាយច្រើនវាកៀក។ វានៅជិត » ។
ស្រដៀងគ្នានេះដែរ សមាជិកមេធាវីការិយាល័យប៊ីប៊ីស៊ី (BBC Law) លោក សួស វណ្ណៈ គាំទ្រការបង្កើតតុលាការខេត្តកែបនេះ ដោយសង្ឃឹមថា វត្តមាននៃសាលាដំបូងថ្មីនេះ នឹងជួយកាត់បន្ថយសំណុំរឿងដែលកំពុងកកស្ទះ ក្នុងសាលាដំបូងខេត្តកំពតបានមួយផ្នែក។ លោកថា តាមបទពិសោធន៍កន្លងមក មន្ត្រីនៅសាលាដំបូងនៅក្នុងខេត្តផ្ទាល់ អាចដឹងពីសុខទុក្ខពលរដ្ឋ និងមានលទ្ធភាពស៊ើបអង្កេត ឬវិនិច្ឆយរឿងក្ដីបានល្អប្រសើរជាងមន្ត្រីសាលាដំបូង នៅឯខេត្តផ្សេង៖ « ហើយអ្វី ដែលលើសពីហ្នឹងទៅទៀតហ្នឹង គឺធនធានរបស់តុលាការមួយផ្សេងទៀត ដែលប្រជាពលរដ្ឋគាត់ពឹងពាក់ហ្នឹង គឺថា ជួនកាលទៅ គាត់មិនបានសិក្សាគ្រប់គ្រាន់។ ដូច្នេះវាធ្វើឲ្យប្រឈមនឹងសេចក្ដីសម្រេច ដែលមិនមានយុត្តិធម៌ច្រើន » ។
ព្រះមហាក្សត្រ បានយល់ព្រមតាមសំណើនាយករដ្ឋមន្ត្រី ដោយត្រាស់បង្គាប់ ឲ្យដក់ឱ្យប្រើប្រាស់អយ្យការអមសាលាដំបូង និងសាលាដំបូងខេត្តកែបជាផ្លូវការ ចាប់ពីចុងខែកញ្ញាខាងមុខនេះតទៅ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួល ដល់ពលរដ្ឋ ដែលមានវិវាទ ដើម្បីស្វែងរកសេវាយុត្តិធម៌ក្នុងមូលដ្ឋានខេត្តរបស់ខ្លួន។
ព្រះរាជក្រឹត្យ ដែលចេញកាលពីថ្ងៃទី១៣ ខែមេសា បានកំណត់ឲ្យសាលាដំបូងខេត្តកែប មានសមត្ថកិច្ចជំនុំជម្រះរឿងក្ដី ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ តទៅ។ ប៉ុន្តែ សំណុំរឿងមុនថ្ងៃទី២៤ ខែកញ្ញានោះ ដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋនៅខេត្តកែប ប៉ុន្តែស្ថិតក្នុងដៃតុលាការខេត្តកំពតនោះ គឺតុលាការខេត្តកំពត ត្រូវបន្តចាត់ការដដែល។
ជាងនេះទៅទៀត ដោយសារតុលាការខេត្តកែប ទើបបង្កើតថ្មី ក្នុងករណីសាលាដំបូងខេត្តនេះ មិនទាន់មានចៅក្រមគ្រប់គ្រាន់ ប្រធានសាលាដំបូងខេត្តកែប ត្រូវស្នើសុំទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីចាត់តាំងចៅក្រមពីសាលាដំបូងផ្សេងទៀតមកបំពេញការងារតាមការចាំបាច់។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែម ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ជុំវិញការបង្កើតសាលាដំបូងខេត្តកែបនេះបាននៅឡើយទេ នៅថ្ងៃទី១៤ ខែមេសា។ តែយ៉ាងណា រដ្ឋាភិបាលបានលើកឡើងពីគម្រោងបង្កើតសាលាដំបូងខេត្តកែបនេះ តាំងពីឆ្នាំ២០១៩ ។ លោក ជិន ម៉ាលីន ធ្លាប់លើកឡើងក្នុងសន្និសីទសារព័ត៌មាន នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីឆ្នាំ២០២០ ថា ការពន្យារពេលបង្កើតសាលាដំបូងខេត្តកែបនោះ គឺដោយសារតែខ្វះខាតថវិកា និងធនធានមនុស្ស។
មន្ត្រីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ក៏ស្វាគមន៍ការបង្កើតតុលាការខេត្តកែបនេះដែរ ប៉ុន្តែស្នើសុំដល់ស្ថាប័នយុត្តិធម៌ថ្មីនេះ ឱ្យបំពេញតួនាទីរបស់ខ្លួនដោយឯករាជ្យ។ នាយករងអង្គការលីកាដូទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោក អំ សំអាត សង្កេតឃើញថា ការប្រើប្រាស់តុលាការនៅខេត្តកំពត ក្នុងសំណុំរឿងក្ដី សម្រាប់ខេត្តនេះកន្លងមក ជួយកាត់បន្ថយថវិការដ្ឋ ប៉ុន្តែខាតប្រជាពលរដ្ឋ ព្រោះពួកគាត់ត្រូវចំណាយច្រើន ដើម្បីប្រើប្រាស់សេវាផ្លូវច្បាប់នេះ។ ទោះជាមានតុលាការនៅកៀកប្រជាពលរដ្ឋយ៉ាងណាក្ដី មន្ត្រីអង្គការសង្គមស៊ីវិលផ្នែកឃ្លាំមើលសិទ្ធិមនុស្សរូបនេះថា អ្វីដែលសំខាន់បំផុតនោះ គឺភាពឯករាជ្យ និងត្រឹមត្រូវរបស់មន្ត្រីតុលាការ ក្នុងការរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ លោកយល់ថា ដើម្បីឲ្យពលរដ្ឋទទួលបានអត្ថប្រយោជន៍ពេញលេញ ពីសាលាដំបូងខេត្តកែប គឺទាល់តែស្ថាប័នថ្មីនេះ បំពេញតួនាទីខ្លួនឲ្យបានត្រឹមត្រូវ និងដោយយុត្តិធម៌៖ « យើងដឹងហើយ ថាពីមុនមកមានការរិះគន់ច្រើនទាក់ទងនឹងប្រព័ន្ធតុលាការ។ អ៊ីចឹង ការបង្កើតតុលាការនេះ ពាក់ព័ន្ធនឹងគោលបំណងស្វែងរក បានន័យថា យុត្តិធម៌នៅក្នុងសង្គមយុត្តិធម៌សម្រាប់ជនដែលត្រូវរងគ្រោះ។ អ៊ីចឹង ការបង្កើតសាលាដំបូងនេះ ធ្វើម្ដេចយើងប្រកាន់នូវគោលការណ៍យុត្តិធម៌សម្រាប់សង្គមជាតិ យុត្តិធម៌សម្រាប់ជនរងគ្រោះគឺ មិនត្រូវធ្វើម្ដេច ឲ្យមានភាពអយុត្តិធម៌នៅក្នុងសង្គម អយុត្តិធម៌សម្រាប់ជនរងគ្រោះទេ » ។
ខេត្តកែប ជាខេត្តតូចជាងគេបំផុតនៅកម្ពុជា ដែលស្ថិតនៅជាប់មាត់សមុទ្រ និង នៅចន្លោះស្រុកកំពង់ត្រាច និង ក្រុងកំពត ខេត្តកំពត។ ខេត្តនេះ ត្រូវបានបង្កើតឡើងកាលពីចុងឆ្នាំ២០០៨ ដោយប្ដូរឈ្មោះ ពីក្រុងកែប ដែលបង្កើតកាលពីសម័យសង្គមរាស្ត្រនិយម (ឆ្នាំ១៩៥៩) មកជាខេត្តកែប។ ខេត្តកែបមានផ្ទៃដី ៣៣៦គីឡូម៉ែត្រក្រឡា និងមានប្រជាជន ៤០.២៨០នាក់។ ខេត្តនេះមានក្រុង១ (កែប) និងស្រុក១ (ដំណាក់ចង្អើរ) ប៉ុណ្ណោះ តែមានឃុំសង្កាត់សរុបចំនួន៤ និងកោះក្នុងសមុទ្រ១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។