អ្នក​ច្បាប់​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​របប​សារព័ត៌មាន ដោយ​ចែង​ដាក់​ទោស​អ្នក​រឹតត្បិត​សិទ្ធិ​សេរីភាព

0:00 / 0:00

0:00 / 0:00

អ្នក​ច្បាប់​ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន នៅ​ពេល​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ត្រូវ​ចែង​ពី​ការ​ដាក់​ទោសទណ្ឌ​ទៅ​លើ​អ្នក​រឹតត្បិត​សិទ្ធិ​សេរីភាព។

ប្រធាន​ក្រុម​អ្នក​ច្បាប់ អមរិន្ទ លោក មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ក្រសួង​ព័ត៌មាន និង​ក្លឹប​អ្នក​កាសែត​មួយ​ចំនួន បាន​រៀបចំ​ពិភាក្សា​គ្នា ចង់​ធ្វើ​វិសោនកម្ម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ឆ្នាំ១៩៩៥ ដោយ​លើក​ហេតុផល​ថា ច្បាប់​នេះ មាន​អាយុកាល​ជាង ២០ឆ្នាំ​ហើយ ដែល​មិន​ស្រប​តាម​ស្ថានការណ៍​វិវត្តន៍​សម័យ​បច្ចុប្បន្ន​ឡើយ។ លោក​បញ្ជាក់​ថា លោក គាំទ្រ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ដាក់​ទោសទណ្ឌ​ទៅ​លើ​អ្នក​រឹតត្បិតសិទ្ធិសេរីភាព កុំ​ឲ្យ​ដាក់​ទោស​តែ​អ្នក​កាសែត៖ «កន្លង​មក​ច្បាប់​របប​សារ​ព័ត៌មាន​ឆ្នាំ១៩៩៥ បទ​ល្មើស ឬ​ចែង​ដាក់​ទណ្ឌកម្ម​តែ​លើ​អ្នក​កាសែត​ទេ ខ្ញុំ​ចង់​ឲ្យ​ច្បាប់​នេះ​ចែង​កំណត់​ពី​ការ​ដាក់​ទោស ចំពោះ​អ្នក​ដែល​រារាំង​ដល់​អ្នក​កាសែត​ដែរ ហើយ​ទី២ ខ្ញុំ​ស្នើ​ឲ្យ​មាន​ជំពូក១ ចែង​អនុគ្រោះ​ដល់​ពលរដ្ឋ​ធម្មតា ដែល​គ្រាន់​តែ​ផ្សាយ​ដំណឹង​ធម្មតា ជាង​អ្នក​កាសែត»

ក្រសួងសារព័ត៌មាន និង​ក្រុម​អ្នក​កាសែត​មួយ​ចំនួន​បាន​រៀបចំ​កិច្ច​ពិភាក្សា​គ្នា​អំពី គម្រោង​ចង់​ធ្វើ​វិសោធនកម្ម​ច្បាប់​ពី​របប​សារ​ព័ត៌មាន​ឆ្នាំ១៩៩៥ កាល​ពី​ថ្ងៃ​ទី២៤ តុលា​កន្លង​ទៅ។ ច្បាប់​ស្ដីពី​របប​សារ​ព័ត៌មាន​ឆ្នាំ១៩៩៥ នេះ មាន ៥ជំពូក និង ២១មាត្រា។ ច្បាប់នេះ កំណត់​ពី​របប​សារ​ព័ត៌មាន និង​ធានា​រ៉ាប់រង​សេរីភាព​សារ​ព័ត៌មាន និង​សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ​ឲ្យ​បាន​សម​ស្រប​តាម​មាត្រា ៣១ និង​មាត្រា ៤១នៃ​រដ្ឋធម្មនុញ្ញ។ មាត្រា៤១ កថាខ័ណ្ឌទី១ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារ​ព័ត៌មាន សេរីភាព​ខាង​បោះ​ពុម្ពផ្សាយ និង​សេរីភាព​ការ​ជួប​ប្រជុំ។

ទោះ​បី​ជា​កម្ពុជា​មាន​របប​សារព័ត៌មាន និង​រដ្ឋធម្មនុញ្ញ​ចែង​ពី​សេរីភាព​ខាង​បញ្ចេញ​មតិ និង​ច្បាប់​បោះ​ពុម្ព​ផ្សាយ​យ៉ាង​នេះ​ក្ដី ក៏​ការ​អនុវត្ត​ជាក់​ស្ដែង​សព្វថ្ងៃ​វិញ របប​លោក ហ៊ុន សែន ត្រូវ​គេ​មើល​កំពុង បិទ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​សេរីភាព​ក្នុង​ការ​ខាង​ជួប​ប្រជុំ តាម​អំពើ​ចិត្ត។ ទន្ទឹម​នឹង​នេះ តុលាការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​អ្នក​រិះគន់​រដ្ឋាភិបាល​ក្នុង​ហ្វេសប៊ុក​ជា​បន្ត​បន្ទាប់ ពិសេស​អនុវត្ត​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង។

លោក មេធាវី សុក សំអឿន ពន្យល់​ថា នៅ​ក្នុង​ប្រទេស​ដែល​តុលាការ​មិន​ទាន់​យល់​ដឹង​ខ្ពស់ និង​ខ្វះ​ក្រម​សីលធម៌ គឺ​ត្រូវ​តែ​មាន​ច្បាប់​ឲ្យ​ល្អ​ជា​មុន​សិន ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឲ្យ​តុលាការ​ជា​អ្នក​អនុវត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។