វាសនារបស់មន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ៤រូប និងអគ្គលេខាធិការរង គ.ជ.ប កំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយថា តើនៅថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ តុលាការជាន់ខ្ពស់នឹងសម្រេចឲ្យក្រៅឃុំដូចការស្នើសុំរបស់ក្រុមមេធាវីរបស់ពួកគាត់ ឬយ៉ាងណា ក្រោយពីតុលាការជាន់ទាបបានបដិសេធហើយនោះ។
ការឃុំខ្លួនអ្នកទាំង ៥រូបនេះ ត្រូវបានក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកច្បាប់លើកឡើងថា តុលាការជាន់ទាបគ្មានសំអាងហេតុច្បាស់លាស់ និងខុសនីតិវិធី។
មន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក ៤រូប និងលោក នី ចរិយា ជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅក្នុងមន្ទីរឃុំឃាំងមកទល់ពេលនេះ មានរយៈពេលជាង ២០០ថ្ងៃហើយ។
ទោះបីជាក្រុមមេធាវីរបស់ពួកគាត់បានព្យាយាមដាក់ពាក្យស្នើសុំនៅក្រៅឃុំជាបណ្ដោះអាសន្ន ទាំងនៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ក្ដី តែមិនបានសម្រេចនោះឡើយ។ តុលាការទាំងពីរថ្នាក់នេះ បានច្រានចោលការស្នើសុំរបស់ពួកគេ។
ទាក់ទងនឹងករណីនេះ អង្គការធ្វើការផ្នែកច្បាប់ និងសិទ្ធិមនុស្សជាតិ និងអន្តរជាតិ មានដូចជាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ អង្គការជំនួយផ្នែកច្បាប់ អង្គការពិភពលោកប្រឆាំងទារុណកម្ម និងអង្គការមួយចំនួនទៀត បានចេញរបាយការណ៍វិភាគផ្លូវច្បាប់ជុំវិញការឃុំខ្លួនបណ្ដោះអាសន្នលើលោក នី ចរិយា ជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក ៤រូបទៀត គឺលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី ថា ជាការឃុំខ្លួនបណ្ដោះអាសន្នអ្នកទាំង ៥នេះ មិនស្របនឹងច្បាប់ជាតិ ហើយការពន្យារពេលឃុំខ្លួនបណ្ដោះអាសន្ន ក៏អនុវត្តខុសពីបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិដែរ ដែលមានអានុភាពអនុវត្តដោយផ្ទាល់នៅក្នុងច្បាប់ជាតិ។
របាយការណ៍នេះ បានឲ្យដឹងទៀតថា ការឃុំខ្លួន ឬការពន្យារពេលនៃការឃុំខ្លួនអ្នកទាំង៥ ព្រមទាំងបដិសេធសំណើសុំនៅក្រៅឃុំ តុលាការគ្មានសំអាងហេតុសមស្រប។ ការឃុំខ្លួន និងការពន្យារពេលថ្មីៗនេះ អាចត្រូវបានចាត់ទុកថា ជាការឃុំខ្លួនតាមអំពើចិត្ត និងមិនស្របច្បាប់ដែលជាការរំលោភទៅលើមាត្រា៣៨ នៃរដ្ឋធម្មនុញ្ញ និងមាត្រា៩ នៃកតិកាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ។ របាយការណ៍ដដែលបញ្ជាក់ថា ដើម្បីធ្វើឲ្យអ្នកទាំង៥ ស្របតាមច្បាប់ជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ តុលាការត្រូវតែដោះលែងអ្នកជាប់ឃុំទាំង៥ ជាបន្ទាន់។
មាត្រា៩ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយត្រង់ចំណុចទី៣ បញ្ញត្តថា បុគ្គលណាដែលបានចាប់ខ្លួន ឬឃុំខ្លួនពីបទព្រហ្មទណ្ឌ នឹងត្រូវបាននាំខ្លួនទៅចំពោះមុខចៅក្រម ឬអាជ្ញាធរណាមួយផ្សេងទៀតដែលអនុញ្ញាតដោយច្បាប់ឲ្យបំពេញមុខងារតុលាការ ក្នុងរយៈពេលខ្លីបំផុត និងត្រូវបានជំនុំជម្រះក្នុងរយៈពេលសមស្រប ឬត្រូវដោះលែង។ ការឃុំខ្លួនមនុស្ស ដើម្បីរង់ចាំការជំនុំជម្រះ គឺមិនមែនជាវិធានទូទៅទេ ប៉ុន្តែការឲ្យនៅក្រៅឃុំ ត្រូវតែមានការធានាការចូលខ្លួនរបស់ជននោះ នៅពេលសវនាការ ឬនៅគ្រប់ដំណាក់កាលដទៃទៀតនៃនីតិវិធី ហើយត្រូវមានមុខក្នុងការអនុវត្តសាលក្រម។
នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឌុច ពិសិដ្ឋ មានប្រសាសន៍ថា ទម្រង់ថ្មីនៃការឃុំខ្លួនបណ្ដោះអាសន្នត្រូវមានសំអាងហេតុច្បាស់លាស់ តែករណីអ្នកទាំង៥ នេះ ការឃុំខ្លួន និងការពន្យារឃុំខ្លួននេះ ចៅក្រមពុំមានសំអាងហេតុផ្លូវច្បាប់ច្បាស់លាស់ទេ៖ «ចំណុចដែលយើងសង្កេតឃើញ នៅពេលដែលមានដីកាឃុំខ្លួន បង្គាប់ឲ្យឃុំខ្លួន និងពន្យារឲ្យឃុំខ្លួនហ្នឹង គឺមិនបានដូចថា គ្រាន់តែចង្អុលបង្ហាញត្រឹមមាត្រា២០៥ ចំណុចមួយចំនួននៅក្នុងមាត្រា២០៥ ក៏ប៉ុន្តែមិនបានផ្ដល់សំអាងហេតុបន្ថែមទៀតថា តើគេតម្រូវយ៉ាងដូចម្ដេចដើម្បីឲ្យឃុំខ្លួនអ៊ីចឹង»។
លោក ឌុច ពិសិដ្ឋ ពន្យល់ថា មូលហេតុចម្បងដែលធ្វើឲ្យការឃុំខ្លួនបណ្ដោះអាសន្នអ្នកទាំង ៥នេះ អាចមកពីតុលាការជាន់ទាបរងសម្ពាធផ្នែកនយោបាយ ព្រោះសំណុំរឿងនេះជាប់ពាក់ព័ន្ធនឹងអ្នកនយោបាយ។ តែយ៉ាងនេះក្ដី លោកសម្ដែងសុទិដ្ឋិនិយមចំពោះតុលាការកំពូល ក្នុងការសម្រេចចិត្តលើបណ្ដឹងសាទុក្ខនៅតុលាការកំពូលក្នុងការសម្រេចដោះលែងពួកគេនៅពេលខាងមុខ៖ «ពាក់ព័ន្ធនឹងតួអង្គនយោបាយរឿងរ៉ាវផ្ដើមចេញពីភាគីនយោបាយនៅក្នុងសំណុំរឿងហ្នឹង ហើយមួយទៀត អាចជាបញ្ហាមួយដែរ ជាការព្រួយបារម្ភ សង្គមស៊ីវិលយើង ព្រោះថា អ្នកជាប់ពាក់ព័ន្ធទាំង ៥រូបហ្នឹងជាអ្នកដែលធ្វើការទាក់ទងនឹងសិទ្ធិមនុស្ស»។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ពន្យល់ថា បើសិនជាអង្គការសង្គមស៊ីវិលទាំងនេះ មានជំនាញផ្នែកច្បាប់ខ្លាំង គឺត្រូវយករបាយការណ៍នេះឲ្យក្រុមមេធាវីសម្រាប់តវ៉ាទៅតុលាការបាន៖ «បើសិនជាគាត់យល់ថា សំអាងហេតុរបស់គាត់ពិតជាត្រឹមត្រូវអស់ហើយ ហើយតុលាការនៅតែមិនធ្វើតាមទៀត នៅតែមិនសម្រេចអំណោយផលដល់ភាគីដទៃទៀត គាត់អាចប្ដឹងបន្តទៅតុលាការកំពូល ហើយបើការម្រេចហ្នឹងវាខុសច្បាប់អន្តរជាតិទៀត គាត់អាចប្ដឹងទៅក្រុមប្រឹក្សានៃអង្គចៅក្រម»។
មន្ត្រីសិទ្ធិមនុស្សអាដហុក ទាំង ៤រូប លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។ រីឯលោក នី ចរិយា ត្រូវបានចោទប្រកាន់ពីបទសមគំនិតនៅក្នុងបទល្មើសដូចគ្នា។
នៅក្នុងរបាយការណ៍វិភាគផ្លូវច្បាប់ដដែលសរសេរថា បទចោទទាំងនេះពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅលើការចោទប្រកាន់ពីទំនាក់ទំនងស្នេហា រវាងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងនាង ខុម ចាន់តារាទី ហៅស្រីម៉ុំ។ ក្នុងតួនាទីរបស់ខ្លួនជាអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស បុគ្គលិកសមាគមអាដហុក បានផ្ដល់ជំនួយផ្នែកច្បាប់ និងសម្ភារៈត្រឹមត្រូវតាមច្បាប់ និងជាប់ជាប្រចាំដល់អ្នកនាង ខុម ចាន់តារាទី បានស្នើសុំជំនួយពីសមាគមអាដហុក ក្រោយពីខ្លួនស្ថិតក្រោមការស៊ើបអង្កេតដោយសារតែមានការចោទប្រកាន់ពីទំនាក់ទំនងស្នេហានេះ។
ក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា២០៣ ចែងថា ជម្រើសដំបូងគួរតែថា ជនត្រូវចោទ ត្រូវមានសេរីភាពមានតែករណីលើកលែងពិសេសប៉ុណ្ណោះ ដែលជនត្រូវចោទអាចត្រូវឃុំខ្លួនបណ្ដោះអាសន្នបាន។ បើជនត្រូវចោទឃុំខ្លួនមែននោះ ការឃុំខ្លួនត្រូវតែអនុលោមតាមលក្ខខណ្ឌ ដែលបានបញ្ញត្តនៅក្នុងផ្នែកដែលបានរៀបរាប់អំពីការឃុំខ្លួនបណ្ដោះអាសន្ននៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ក្រមនីតិវិធីព្រហ្មទណ្ឌបញ្ជាក់យ៉ាងច្បាស់ថា ការឃុំខ្លួនបណ្ដោះអាសន្នត្រូវអនុវត្តជាជម្រើសចុងក្រោយ ហើយចៅក្រមគួរចាប់ផ្ដើមពីការសន្មតថា ជនជាប់ចោទគ្រប់រួបគួរត្រូវដោះលែងឲ្យមានសេរីភាពរហូតដល់ពេលជំនុំជម្រះ ឬក៏គួរដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
តុលាការកំពូលបើសវនាការជាសាធារណៈលើបណ្ដឹងសាទុក្ខសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ក្រុមមេធាវីការពារមន្ត្រីអាដហុក (ADHOC) និងមន្ត្រី គ.ជ.ប កាលពីថ្ងៃទី២៣ ខែវិច្ឆិកា។
អ្នកជាប់ចោទទាំង ៥រូប ស្នើសុំនៅក្រៅឃុំជាថ្មី ហើយពួកគាត់ដាក់លិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធផ្សេងទៀតដាក់ជូនតុលាការដើម្បីជៀសវាងការសុំនៅក្រៅឃុំនេះ ថាជាការគេចខ្លួនទៅក្រៅប្រទេស ឬចូលតាមការកោះហៅរបស់តុលាការ ហើយតុលាការកំពូលនឹងប្រកាសសាលដីកាលើបណ្ដឹងសុំនៅក្រៅឃុំនេះ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា។
មេធាវីការពារក្ដី លោកមេធាវី សំ សុគង់ សម្ដែងសុទិដ្ឋិនិយមថា តុលាការកំពូលនឹងដោះលែងកូនក្ដីរបស់លោក ព្រោះថា ការឃុំខ្លួនកូនក្ដីរបស់លោកកន្លងមកនេះ ជារឿងមិនសមហេតុផល និងផ្ទុយពីនីតិវិធី៖ «តុលាការកំពូលក៏ជាការសម្រេចមួយដែលជាគំរូ ហើយក៏ជាយុទ្ធសាស្ត្រជាន់ទាប និងតុលាការផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា ហើយអ្វីដែលយើងឃើញការសួរដេញដោល ការជជែក និងការធ្វើសេចក្ដីសន្និដ្ឋាននៅពេលសវនាការនេះ ក្រុមមេធាវីយល់ឃើញថា ការឃុំខ្លួនអ្នកទាំង ៥នាក់នេះ ពុំមានភាពចាំបាច់ទេ ហើយក្រុមមេធាវីយល់ឃើញថា តុលាការកំពូលនឹងផ្ដល់ភាពត្រឹមត្រូវមួយ និងភាពយុត្តិធម៌មួយ»។
ទាក់ទងនឹងសំណុំរឿងនេះ អ្នកតាមដានស្ថានការណ៍នយោបាយបានចាត់ទុកថា ជាសំណុំរឿងនយោបាយ ហើយករណីនេះ អង្គការជាតិ និងអន្តរជាតិកន្លងមក ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលដោះលែងអ្នកទាំង ៥រូបនោះវិញជាបន្ទាន់ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។