អ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្សបង្ហាញពីទិដ្ឋភាពច្បាប់ និងសិទ្ធិបុគ្គល ទាក់ទងនឹងការរក្សាការសម្ងាត់ក្នុងពេលសន្ទនាតាមទូរស័ព្ទ និងនៅកន្លែងណាមួយ។
តើករណីបញ្ចេញនូវខ្សែអាត់សំឡេងទាក់ទងទៅនឹងរឿងស្នេហារវាងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ជាមួយនារីម្នាក់ដែលត្រូវបានគេផ្សព្វផ្សាយបន្តព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងសារព័ត៌មានក្នុង ស្រុក ជា ច្រើនទៀត នៅពេលថ្មីៗនេះ ខុសនឹងផ្លូវច្បាប់ និងជាការរំលោភលើសិទ្ធិបុគ្គលយ៉ាងដូចម្ដេចខ្លះ?
ការបែកធ្លាយ ឬបញ្ចេញរឿងអាស្រូវស្នេហាក្រៅក្របខ័ណ្ឌច្បាប់របស់មន្ត្រីជាន់ខ្ពស់នៃគណបក្សនយោបាយ ជាពិសេស គណបក្សប្រឆាំង តែងតែលេចចេញនៅពេលជិតមានការបោះឆ្នោតម្តងៗ។
ជាក់ស្ដែងថ្មីៗនេះ មានការផ្សព្វផ្សាយតៗគ្នានូវសំឡេងឆ្លងឆ្លើយរឿងស្នេហារបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលគេបានលួចថតតាមទូរស័ព្ទក្នុងពេលលោកសន្ទនាស្នេហាជាមួយនារីម្នាក់ ដែលគេសង្ស័យថា ជាស្រីកំណាន់លួចលាក់របស់លោកនោះ ស្ទើរគ្រប់ដំណាក់កាលនៃការប្រាស្រ័យទាក់ទងគ្នា។
វីដេអូជាសំឡេងនោះ ត្រូវគេយកមកផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងតាមសារព័ត៌មានក្នុងស្រុកជាច្រើនទៀតជាបន្តបន្ទាប់ចាប់ពីថ្ងៃទី០១ ខែមីនា មក។ មកដល់ពេលនេះ មិនទាន់មានការអះអាងបញ្ជាក់ជាសាធារណៈពីសាមីជនទាំងពីរ ថាសំឡេងសន្ទនានោះពិត ឬក៏យ៉ាងណានោះទេ។
ករណីនេះ លោកមេធាវី ហុង គឹមសួន ជាសមាជិកនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាមេធាវីខាងដើមបណ្ដឹងរដ្ឋប្បវេណីនៃសាលាក្ដីខ្មែរក្រហម មានប្រសាសន៍កាលពីយប់ថ្ងៃទី២ មីនា ក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីថា ការលួចថត ឬលួចស្ដាប់កិច្ចសន្ទនាជាឯកជនរបស់បុគ្គលណាម្នាក់ដោយគ្មានការអនុញ្ញាត ក្នុងបំណងមិនល្អ ក្នុងអំពើទុច្ចរិត គឺខុសច្បាប់ និងត្រូវមានទោសព្រហ្មទណ្ឌតាមមាត្រា ៣០១ នៃក្រមព្រហ្មទណ្ឌ។
លោកមេធាវី ហុង គឹមសួន បញ្ជាក់ដូច្នេះ៖ «បើសិនជាជនរងគ្រោះ មានន័យថា អ្នកដែលត្រូវគេលួចថតសំឡេង គាត់ប្ដឹង អ៊ីចឹងអ្នកយករឿងរ៉ាវរបស់គាត់សំឡេងរបស់គាត់ទៅផ្សាយបន្ត ដោយគ្មានការយល់ព្រម ក្នុងន័យមិនល្អ អ៊ីចឹងជននោះត្រូវមានទោសព្រហ្មទណ្ឌ»។
មាត្រា៣០១ នៃក្រមព្រហ្មទណ្ឌបានចែងថា បទស្ដាប់ ឬថតពាក្យសម្ដីឯកជន អំពើស្ដាប់ ឬថតសម្ដីដែលនិយាយជាឯកជន ជាការសម្ងាត់ដោយគ្មានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធនោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ ២លានរៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ប៉ុន្តែការលួចថតសំឡេងត្រូវបានសន្មតជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធករណីនេះបានទទួលដំណឹងអំពីការស្ដាប់ ឬថតហើយ បុគ្គលនោះមិនបានជំទាស់នោះទេ។
ក្នុងរឿងនេះដែរ មន្ត្រីសិទ្ធិមនុស្សចាត់ទុកការលួចថតសន្ទនាតាមទូរស័ព្ទ ហើយយកផ្សព្វផ្សាយបន្តនោះ ថាគឺជាការរំលោភលើសិទ្ធិបុគ្គលឯកជនដែលត្រូវបានធានាដោយច្បាប់។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផ្នែកស៊ើបនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា មកដល់ពេលនេះ គេមិនដឹងថា ខ្សែអាត់សំឡេងលោក កឹម សុខា ដែលគេផ្សព្វផ្សាយនោះ ពិត ឬមិនពិតនោះទេ ប៉ុន្តែបើតាមច្បាប់ សមត្ថកិច្ចត្រូវធ្វើការស៊ើបអង្កេតរកការពិត និងអ្នកប្រព្រឹត្តបទល្មើសឲ្យឃើញ៖ «បើទោះបីជាសំឡេងនោះពិតក៏ដោយ មិនពិតក៏ដោយ ក៏អ្នកប្រព្រឹត្តនោះត្រូវមានទោសដែរ ទាក់ទងការបរិហារកេរ្តិ៍ ឬបរិហារបង្កាច់កេរ្តិ៍ជាដើម អាហ្នឹងទោសមួយជាន់ទៀត»។
លោកបន្តថា ករណីនេះក៏អាចជះឥទ្ធិពលនយោបាយទៅលើគណបក្សខ្លះដែរ៖ «យើងឃើញថា បុគ្គលដែលឆ្លៀតឱកាសដើម្បីបំផុសបំផុលឲ្យមានចរន្តនយោបាយកើតឡើងនេះ គឺគាត់មានចេតនាហើយ ព្រោះយើងឃើញថា សំឡេងនេះចេញមួយខ្សែហើយមួយខ្សែទៀត ហើយបញ្ហានេះក៏ធ្វើឲ្យប៉ះពាល់ដល់បរិយាកាសនយោបាយខ្លះដែរ»។
លោក មេធាវី ហុង គឹមសួន ក៏បញ្ជាក់បន្ថែមជុំវិញរឿងនេះ ពាក់ព័ន្ធទៅនឹងទិដ្ឋភាពផ្លូវច្បាប់ដូចគ្នានេះដែរថា បើទោះបីជាខ្សែអាត់នោះពិតក្ដី មិនពិតក្ដី ក៏ការលួចថត និងយកទៅផ្សព្វផ្សាយបែបនេះ គឺជាការធ្វើឲ្យប៉ះពាល់ដល់បុគ្គលម្នាក់ដែរនោះ ហើយអ្នកប្រព្រឹត្តអាចត្រូវមានទោសមួយផ្សេងទៀត គឺការបរិហារកេរ្តិ៍ជាសាធារណៈ។
លោកមេធាវីលើកឡើងដោយឡែកចំពោះអ្នកប្រព្រឹត្តទាក់ទងនឹងការលួចផិតក្បត់ប្ដី ឬប្រពន្ធវិញ គឺអាចមានទោសទាក់ទងនឹងច្បាប់ឯកពន្ធភាព៖ «ច្បាប់ឯកពន្ធនភាពនេះវាទាក់ទងនឹងប្រពៃណីច្រើនដែរ ប៉ុន្តែនៅក្នុងច្បាប់ហ្នឹងមិនមានចែងអំពីការផ្ដន្ទាទោសអ្វីធ្ងន់ធ្ងរនោះទេ»។
លោកបន្តថា ច្បាប់នេះមានអានុភាពទៅបានក៏អាស្រ័យទៅលើគូភាគីប្ដី ឬប្រពន្ធសម្រេចចិត្តប្ដឹង ឬក៏មិនប្ដឹង ហើយច្បាប់នេះទៀតសោត ក៏មិនចាប់បង្ខំឲ្យអ្នកពាក់ព័ន្ធត្រូវអនុវត្តទោស បើសិនជាគេរកឃើញកំហុស ដូចនៅក្នុងក្រមព្រហ្មទណ្ឌនោះឡើយ។
ទន្ទឹមគ្នានេះ លោក អំ សំអាត ក៏មានក្ដីបារម្ភផងដែរ បន្ទាប់ពីរឿង ខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទ លេចឡើងហើយត្រូវគេផ្សាយជាសាធារណៈបែបនេះ។
លោកថា ប្រជាពលរដ្ឋ និងសាធារណជនទូទៅ អាចចាប់ផ្ដើមមិនទុកចិត្តលើប្រព័ន្ធទូរស័ព្ទរបស់ក្រុមហ៊ុន ដែលពួកគាត់កំពុងប្រើនោះ ថាមិនមានសុវត្ថិភាពក្នុងការសន្ទនាជាលក្ខណៈបុគ្គល ដែលពេលខ្លះពួកគាត់ត្រូវមានការសម្ងាត់ត្រូវរក្សាទុក ដើម្បីសេចក្ដីថ្លៃថ្នូរជាមនុស្ស ហើយសិទ្ធិនេះអាចនឹងត្រូវបាត់បង់ដែលជារឿងអយុត្តិធម៌ក្នុងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
