តុលាការអាមេរិកក្នុងរដ្ឋហ្លរីដា (Florida) កាលពីថ្ងៃសុក្របានបញ្ចប់សវនាការផ្ទៀងផ្ទាត់ភស្តុតាងលើមន្ត្រីជាន់ខ្ពស់កម្ពុជា គឺលោក គ្រី ម៉ះផល ពាក់ព័ន្ធនឹងការបន្លំឯកសារ ដើម្បីអាចនាំចូលសត្វស្វាមកអាមេរិក។ ក្នុងសវនាការមេធាវីការពារក្ដីឱ្យលោក គ្រី ម៉ះផល បានផ្តល់អំណះអំណាងការពារមិនឱ្យតុលាការប្រើប្រាស់ភស្តុតាង ដែលអាជ្ញាធរអាមេរិករឹបអូសបាន ក្នុងពេលឃាត់ខ្លួនលោក កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។
លោកស្រីចៅក្រម លីស្សេត រីដ (Lisette Reid) នៃតុលាការក្រុងម៉ៃអាម៊ី (Miami) នៃរដ្ឋហ្លរីដា (Florida) សម្រេចយកថ្ងៃសុក្រ ទី២៨ ខែមេសានេះ ដើម្បីប្រកាសការសម្រេចថា តើត្រូវប្រើភស្តុតាងផ្សេងៗ និងពាក្យសម្ដី ដែលលោក គ្រី ម៉ះផល និយាយនៅពេលឃាត់ខ្លួនក្នុងសវនាការលើអង្គសេចក្ដីពេលខាងមុខដែរ ឬទេ។
កាលពីថ្ងៃសុក្រ ទី២១ ខែមេសា តុលាការសហរដ្ឋអាមេរិកបាននាំខ្លួនលោក គ្រី ម៉ះផល មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មកម្ពុជា ចូលសវនាការជាលើកដំបូង លើករណីជួញដូរសត្វស្វាក្ដាមខុសច្បាប់ចូលសហរដ្ឋអាមេរិក។ សវនាការនេះបានផ្ដោតទៅលើភស្តុតាងដាក់បន្ទុកបន្ថែមលើមន្ត្រីជាន់ខ្ពស់ខ្មែររូបនេះ ដែលអាជ្ញាធរប្រមូលបានពេលឃាត់ខ្លួន និងពាក្យសម្ដីនានា ដែលលោកបានឆ្លើយតបទៅអាជ្ញាធរអាមេរិកពេលឃាត់ខ្លួន ក្នុងអាកាសយានដ្ឋាន John F Kennedy នៃក្រុងញូវយ៉ក (New York)។
មេធាវីការពារក្ដីឲ្យលោក គ្រី ម៉ះផល ដែលគេដឹងថា ជួលដោយរដ្ឋាភិបាលលោក ហ៊ុន សែន ផ្តល់អំណះអំណាងក្នុងសវនាការថា ការកាត់ទោសមន្ត្រីជាន់ខ្ពស់ខ្មែរ គឺជា «ការវាយប្រហារពេញទំហឹងទៅលើក្រសួងការបរទេសកម្ពុជា» ហើយលោក គ្រី ម៉ះផល គ្មានទោសពៃរ៍អ្វីនោះទេ ដោយលោកធ្វើតាមការបញ្ជារបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។ មេធាវីការពារក្ដីដដែល ក៏ច្រានចោលពាក្យសម្ដី និងភស្តុតាងដាក់បន្ទុកនានា ដែលអាជ្ញាធរអាមេរិកប្រមូលបានពីកូនក្ដីពេលឃាត់ខ្លួន ដោយអះអាងថាលោក គ្រី ម៉ះផល មិនបានដឹងពីសិទ្ធិរក្សាភាពស្ងៀមស្ងាត់ពេលឃាត់ខ្លួន ឬ Miranda Rights និងមិនចេះភាសាអង់គ្លេសល្អគ្រប់គ្រាន់ ដើម្បីទំនាក់ទំនងពេលអាជ្ញាធរឃាត់ខ្លួននោះទេ។
ទោះជាយ៉ាងនេះក៏ដោយ ក៏ក្រុមរដ្ឋអាជ្ញាអាមេរិកលើកឡើងថា អាជ្ញាធរបានប្រើប្រាស់អ្នកបកប្រែភាសាខ្មែរ ដើម្បីបញ្ជាក់ប្រាប់លោក គ្រី ម៉ះផល ពេលឃាត់ខ្លួនក្នុងអាកាសយានដ្ឋាន John F Kennedy ដូច្នេះ ភស្តុតាង និងពាក្យសម្ដីរបស់លោកនៅពេលនោះ គឺអាចយកជាការបាន។
លោក គ្រី ម៉ះផល គឺជាមន្ត្រីជាន់ខ្ពស់ខ្មែរទី១ ក្នុងតំណែងដែលតុលាការសហរដ្ឋអាមេរិកដំណើរការរឿងក្តីក្តាំ។ ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃក្រសួងកសិកម្ម លោក គ្រី ម៉ះផល ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិនៅក្រុងញូវយ៉ក (New York) កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេលដែលលោកកំពុងធ្វើដំណើរទៅចូលរួមសន្និសីទអំពីការអភិរក្សសត្វព្រៃនៅប្រទេសប៉ាណាម៉ា(Panama)។ លោកត្រូវបានតុលាការអនុញ្ញាតឱ្យឃុំខ្លួនបណ្ដោះអាសន្នក្នុងផ្ទះមួយកន្លែងក្បែររដ្ឋធានីវ៉ាស៊ីងតោន រង់ចាំសវនាការលើអង្គសេចក្ដី។
លោក គ្រី ម៉ះផល គឺជាមន្ត្រីជាន់ខ្ពស់កម្ពុជា ១រូប ក្នុងចំណោម ២រូប ដែលរងការចោទប្រកាន់ពីតុលាការសហរដ្ឋអាមេរិកថា បានបន្លំឯកសារថា សត្វស្វាក្ដាម ដែលនាំចូលអាមេរិករាប់រយក្បាលជាសត្វចិញ្ចឹមមិនមែនចាប់មកពីព្រៃនោះទេ។ ចំណែកមន្ត្រីទីពីរគឺ ឈ្មោះ កែវ អូម៉ាលីស មានតួនាទីជាអគ្គនាយករដ្ឋបាលព្រៃឈើនៅកម្ពុជាដែលជាចៅហ្វាយនាយផ្ទាល់របស់លោក គ្រី ម៉ះផល។ លោកកំពុងរស់នៅមានសេរីភាពក្នុងប្រទេសកម្ពុជានៅឡើយ។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានស៊ើបអង្កេតករណីជួញដូរសត្វស្វាក្តាមខុសច្បាប់នេះ អស់រយៈពេល ៥ឆ្នាំ ដោយទីភ្នាក់ងារសត្វព្រៃ និងជលផលសហរដ្ឋអាមេរិក (U.S. Fish and Wildlife Service) ពីបទរត់ពន្ធសត្វស្វាក្តាម ដែលជាប្រភេទសត្វជិតផុតពូជ ដោយបានចាប់ចេញពីក្នុងព្រៃនៅក្នុងប្រទេសកម្ពុជាដើម្បីយកមកលក់នៅសហរដ្ឋអាមេរិក តាមរយៈការក្លែងបន្លំឯកសារ។ ជំនួញស្វាក្តាមរាប់រយលានដុល្លារអាមេរិកនេះ ក៏មានពាក់ព័ន្ធនឹងក្រុមហ៊ុនកសិដ្ឋានរបស់ប្អូនស្រីបង្កើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ហ៊ុន សេងនី ផងដែរ ដែលមានកសិដ្ឋានដ៏ធំនៅក្នុងខេត្តកំពុងស្ពឺ។
យោងតាមឯកសារ ដែលវិទ្យុអាស៊ីសេរីទទួលបានឱ្យដឹងថា មុនពេលធ្វើការចោទប្រកាន់ជាផ្លូវការក្នុងចុងឆ្នាំ២០២២ ទៅលើមនុស្សចំនួន ៨រូប ដែលរួមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជា ២រូបផងនោះ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានប្រមូលឯកសារជាង ៦៦ម៉ឺនឯកសារ រួមទាំងវីដេអូឃ្លីប ឯកសារការផ្ទេរប្រាក់ និងវត្ថុតាងផ្សេងៗទៀត។ ប្រសិនបើរកឃើញដូចបទចោទនោះមែនការចោទមន្ត្រីកម្ពុជាទាំងពីររូបគឺ លោក គ្រី ម៉ះផល និងលោក កែវ អូមាលីស អាចជាប់ពន្ធនាគារពី ៥ ទៅ ២០ឆ្នាំ។
ក្នុងសវនាការនៅព្រឹកថ្ងៃសុក្រ លោក គ្រី ម៉ះផល ពាក់ខោអាវធំពណ៌ខ្មៅ ស្រោមជើងពណ៌ស គ្របពីលើកងជើងអេឡិចត្រូនិកភ្ជាប់ជាមួយ GPS ដើម្បីកំណត់ទីតាំង បង្ការការលួចរត់។ លោកមានសភាពភិតភ័យ និងរក្សាភាពស្ងៀមស្ងាត់មិនហ៊ាននិយាយស្ដីនោះទេ។
ចំណែកនៅខាងក្រៅសវនាការវិញមានការប្រមូលផ្គុំពីក្រុមអ្នកស្រឡាញ់សត្វ ដែលមានឈ្មោះថា អង្គការមនុស្សសម្រាប់មើលថែសត្វប្រកបដោយសីលធម៌ (People for the Ethical Treatment of Animals) ឬហៅកាត់ថា ភីតា (PETA)។ អ្នកស្រឡាញ់សត្វ ប្រមាណ ១០នាក់ មានកាន់បដាតវ៉ាឱ្យបញ្ឈប់ការនាំចូលស្វាខុសច្បាប់មកកាន់អាមេរិក ដើម្បីពិសោធន៍។ ពួកគេក៏បានស្នើដល់តុលាការឱ្យបង្ហាញភស្តុតាងពីការស៊ើបអង្កេតជាសាធារណៈ ដើម្បីឱ្យទប់ស្កាត់ជំនួញខុសច្បាប់លើជីវិតសត្វព្រៃដ៏កម្រនេះ។
មកទល់ពេលនេះ មិនទាន់មានការឆ្លើយតបណាមួយពីរដ្ឋាភិបាលកម្ពុជាទាក់ទិននឹងសវនាការនៅថ្ងៃសុក្រនោះនៅឡើយទេ ក៏ប៉ុន្តែក្រសួងកសិកម្មធ្លាប់ចេញសេចក្ដីប្រកាសព័ត៌មានបដិសេធថាលោក គ្រី ម៉ះផល មិនបានពាក់ព័ន្ធនឹងការរត់ពន្ធសត្វស្វាទៅអាមេរិកនោះទេ ហើយស្វា ដែលនាំចូលអាមេរិកទាំងនោះ គឺជាសត្វស្វាចិញ្ចឹមក្នុងកសិដ្ឋាន មិនមែនចាប់ពីព្រៃនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
