ក្រសួងយុត្តិធម៌ថាក្នុងរយៈពេល២២២ថ្ងៃដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌចាស់បានប្រមាណ៣៥១០០សំណុំរឿង
2020.12.31
ក្រសួងយុត្តិធម៌ថាក្នុងរយៈពេល២២២ថ្ងៃ ដោយគិតពីថ្ងៃទី១៨ ខែ ឧសភា ដល់ ថ្ងៃទី៣០ ខែធ្នូ បានដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌចាស់បានប្រមាណ៣៥១០០សំណុំរឿង និងសំណុំរឿងព្រហ្មទណ្ឌថ្មីបានប្រមាណ ជាង ៣៦ ៥០០សំណុំរឿង។
សេចក្ដីប្រកាសព័ត៌មានក្រសួងយុត្តិធម៌កាលពីថ្ងៃទី៣១ ខែធ្នូថាយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ទូទាំងប្រទេស បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌទាំងដំណាក់កាលអយ្យការ ការស៊ើបសួរ និងជំនុំជម្រះ បានប្រមាណ ៣ម៉ឺន៥ពាន់១រយ (៣៥ ១០០) សំណុំរឿង ស្មើនឹង ៨៩% នៃសំណុំរឿងដែលកកស្ទះ។ ចំពោះសំណុំរឿង ដែលត្រូវបានជំនុំជម្រះរួចមានចំនួនជាង ១ម៉ឺន២ពាន់២រយ (១២ ២០០) សំណុំរឿង ស្មើនឹង ៩៥% នៃសំណុំរឿងទាំងអស់ក្នុងដំណាក់កាលជំនុំជម្រះ។ ជាមួយគ្នានេះបានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មី មានចំនួនជាង ៣ម៉ឺន៦ពាន់៥រយ (៣៦ ៥០០) សំណុំរឿងស្មើនឹង៧៣%នៃសំណុំរឿងចូលថ្មីសរុប។
នាយករងអង្គការលីកាដូទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្ស លោក អំ សំអាត សាទរចំពោះលទ្ធផលនេះ ហើយលោកសង្ឃឹមថាចំណាត់ការនេះនឹងជួយកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារបានមួយកម្រិត។ បើទោះជាយ៉ាងណាលោក អំ សំអាត ស្នើអោយក្រសួងយុត្តិធម៌យកចិត្តទុកដាក់លើចំណុចពាក់ព័ន្ធមួយចំនួនទៀតដូចជា៖ ការពន្លឿនដោះស្រាយរឿងក្ដីគួរតែធ្វើជាប្រចាំនៅតាមតុលាការនីមួយៗ ដោយមិនចាំបាច់ទាល់តែមានយុទ្ធនាការពីក្រសួង និងត្រូវអនុវត្តដោយមានតម្លាភាព មានយុត្តិធម៌ ត្រឹមត្រូវ និងគ្មានអំពើពុករលួយ។ បន្ថែមពីនេះលោក សំអាត ថាគួរតែពិចារណាពីការអនុវត្តទោសក្រៅពន្ធនាគារដែរ៖ «បទត្រឹមតែមជ្ឈឹមកម្រិតស្រាលទេគួរតែពិចារណាទៅលើការនៅក្រៅឃុំបណ្ដោះអាសន្ន គឺជម្រើសនៃសេរីភាពរបស់ជនជាប់ចោទ។ ហើយរាល់ការចោទប្រកាន់ទាំងឡាយត្រូវតែឈរនៅលើមូលដ្ឋានត្រឹមត្រូវ ដើម្បីកុំអោយមានការរិះគន់ដូចកន្លងមកទាក់ទងនឹងការចាប់ខ្លួនសកម្មជនបរិស្ថាន សកម្មជនសង្គម ឬសកម្មជនផ្សេងៗទៀត គឺគេមានការរិះគន់ថាការចោទប្រកាន់ហាក់ដូចជាមិនមានមូលដ្ឋានអីត្រឹមត្រូវ។ ការជំនុំជម្រះ ឬក៏សម្រេចសេចក្ដីនោះក៏យើងគួរតែពិនិត្យទៅលើទោសណាដែលអាចធ្វើការងារសហគមន៍បាន ឬក៏អាចព្យួរទោសអីទៅតាមក្រមព្រហ្មទណ្ឌបានយើងអាចពិនិត្យតាមហ្នឹងបាន។»
យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត នេះគ្រោងនឹងត្រូវប្រើពេល១ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។