តុលាការខេត្តមណ្ឌលគិរី នៅថ្ងៃទី២៣ កក្កដា បានប្រកាសសាលក្រមឱ្យ តំណាងជនជាតិដើមភាគតិច ៣នាក់ចាញ់ក្ដី ក្នុងសំណុំរឿងរុះរើរបងហ៊ុមព័ទ្ធរំលោភយកដីភ្នំមួយកន្លែង ឋិតក្នុងក្រុងសែនមនោរម្យ។ ជនជាតិដើមភាគតិចព្នងចាត់ទុកសេចក្ដីសម្រេចនេះថា លម្អៀងទៅរកអ្នកមានអំណាច និងលើកទឹកចិត្តឱ្យមានការបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិជាតិ។
ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តមណ្ឌលគិរី លោក ញាណ សុវណ្ណ បានសម្រេចផ្ដន្ទាទោសជនជាតិដើមភាគតិច ៣នាក់ គឺលោកស្រី ផ្លឹក ភីរុំ លោកស្រី ផ្លឹក ណាវី និងលោកស្រី ខ្វើង ទុំ ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពិន័យចូលរដ្ឋ ១០លានរៀល និងសងការខូចខាតឱ្យដើមបណ្ដឹង ឈ្មោះ ឃុន សមណា ចំនួន ២ពាន់ដុល្លារ និងសងជំងឺចិត្ត ៣ពាន់ដុល្លារទៀត។ លើសពីនេះ តុលាការតម្រូវឱ្យពួកគាត់ត្រូវសងការខូចខាត ឱ្យដើមបណ្ដឹងម្នាក់ទៀតឈ្មោះ បូ ផាន់ណា ចំនួន ៨ពាន់ដុល្លារ និងសងជំងឺចិត្ត ៣ពាន់ដុល្លារបន្ថែមទៀត។
តុលាការបានផ្ដន្ទាទោសពួកគាត់ ពីបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើហិង្សាលើអ្នកកាន់កាប់អចលវត្ថុដោយសុចរិត ផ្អែកតាមក្រមព្រហ្មទណ្ឌ មាត្រា ៤១១ និងមាត្រា ២៥៣ នៃច្បាប់ភូមិបាល។ ទោះជាយ៉ាងណា ចៅក្រមមិនបានបង្គាប់ឱ្យនាំខ្លួនពួកគាត់ទៅឃុំនៅក្នុងពន្ធនាគារនោះទេ ដូច្នេះតំណាងពលរដ្ឋទាំងបីនាក់អាចស្ថិតនៅក្រៅឃុំ រហូតទាល់តែមានការសម្រេចជាថ្មីទៀត។
តំណាងជនដើមភាគតិចព្នង លោកស្រី ផ្លឹក ភីរុំ ចាត់ទុកសេចក្ដីសម្រេចនេះជារឿងអយុត្តិធម៌ និង ជាការបំបាក់ទឹកចិត្តពលរដ្ឋ ដែលលះបង់កម្លាំងកាយចិត្ត ការពារទ្រព្យសម្បត្តិជាតិ។ លោកស្រីលើកឡើងថា សកម្មភាពរបស់លោកស្រី និងពលរដ្ឋដទៃទៀត គឺដើម្បីថែទាំធនធានធម្មជាតិ ដែលត្រូវក្រុមអ្នកមានអំណាច ឃុបឃិតជាមួយអាជ្ញាធរលបធ្វើប្លង់ កាន់កាប់ដោយខុសច្បាប់។ លោកស្រីបន្ថែមថា ពួកលោកស្រីនឹងប្ដឹងទាស់សេចក្ដីសម្រេចនេះទៅសាលាឧទ្ធរណ៍ត្បូងឃ្មុំនៅពេលឆាប់ៗ នេះ៖ «អយុត្តិធម៌សម្រាប់ពួកខ្ញុំ ជាជនជាតិដើមភាគតិច ហើយជាស្ត្រីទៀត ដែលគេធ្វើអ៊ីចឹង តើយើងមានពេលទៅចិញ្ចឹមកូនទេ។ ពួកខ្ញុំថែរក្សាទ្រព្យសម្បត្តិរបស់រដ្ឋ ត្រូវជាប់ទោស វាអយុត្តិធម៌មែនទែន រឿងហ្នឹង។ ពួកគាត់រកភាពយុត្តិធម៌ដែរ មួយភូមិហ្នឹង គឺគាត់មិនយល់ព្រមសាលក្រម ចេញផ្ដេសផ្ដាសអ៊ីចឹងទេ។ ពួកខ្ញុំនឹងចូលទៅប្ដឹងឧទ្ធរណ៍ អត់មានឈប់ត្រឹមត្រូវទេ អត់មានចាប់ដាក់គុក អ៊ីចឹងទេ។ ចេះតែនិយាយចៅក្រម។
ការប្ដឹងផ្តល់នេះធ្វើឡើង បន្ទាប់ពីក្រុមជនជាតិដើមភាគតិចព្នង ជិត ១រយនាក់ (១០០) កាលចុងឆ្នាំ ២០២០បានទៅរុះរើរបង ដែលអ្នកមានអំណាចពីរនាក់ រស់នៅរាជធានីភ្នំពេញ ឈ្មោះ ឃុន សមណា និង បូ ផាន់ណា ហ៊ុមព័ទ្ធ រំលោភយកភ្នំតើងគើល មានទំហំ ៧,៨ហិកតារ ឋិតក្នុងតំបន់របៀងជីវចម្រុះ នៃភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។ អ្នកភូមិចាត់ទុក ការទិញលក់ដីភ្នំនេះ ជាទង្វើខុសច្បាប់ ព្រោះតំបន់នោះ ជាដីសមូហភាព ដែលពួកគាត់អាស្រ័យផលរួមមាន ឃ្វាលគោក្របី សែនអារក្សអ្នកតា រកថ្នាំបុរាណ និងអនុផលព្រៃឈើជាច្រើនជំនាន់មកហើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងភាគីដើមបណ្តឹង ដើម្បីឆ្លើយតបរឿងនេះបានទេ នៅថ្ងៃទី២៣ កក្កដា ចំណែកចៅក្រមសាលាដំបូងខេត្តមណ្ឌលគិរី លោក ញាណ សុវណ្ណ ក៏មិនអាចទាក់ទងបានដូចគ្នា។
ប៉ុន្តែចៅក្រមរូបនេះ បានថ្លែងក្នុងពេលសវនាការ កាលពីសប្ដាហ៍មុនថា ជនជាតិដើមភាគតិចព្នង គ្មានប្លង់កម្មសិទ្ធិលើដីនៅតំបន់នោះទេ និងបានរុះរើរបងដី កម្មសិទ្ធិរបស់គេយ៉ាងអនាធិបតេយ្យ។ លោកថា ដីនៅតំបន់នោះ មានប្លង់កម្មសិទ្ធិរួចរាល់ហើយ ប៉ុន្តែលោកពុំបញ្ជាក់លម្អិតថា ជាប្លង់រឹង ឬប្លង់ទន់នោះទេ។
អ្នកនាំពាក្យតុលាការខេត្តមណ្ឌលគិរី លោក មាស ប្រុស សុំមិនបំភ្លឺរឿងនេះឡើយ ដោយលោកថា វាជាឆន្ទានុសិទ្ធិរបស់ចៅក្រម ប៉ុន្តែបើជនជាប់ចោទមិនសុខចិត្ត ពួកគេអាចប្ដឹងទាស់ ទៅសាលាឧទ្ធរណ៍បាន។
សមាជិកបណ្ដាញសហគមន៍ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី លោក គ្រើង តុលា ហួសចិត្តដែលតុលាការបកស្រាយថា ដីភ្នំតើងគើលឋិតក្នុងរបៀងជីវចម្រុះ នៃដែនជម្រកសត្វព្រៃភ្នំព្រេច បែរជាមានប្លង់កម្មសិទ្ធិ។ លោកថា ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធគួរតែស៊ើបអង្កេត និងស្រាវជ្រាវរឿងនេះ ឱ្យគ្រប់ជ្រុងជ្រោយ ព្រោះដីដែលពលរដ្ឋការពារនោះ ជាតំបន់អភិរក្សគ្រប់គ្រងដោយក្រសួងបរិស្ថាន ពុំមានសិទ្ធិគ្រប់គ្រងជាសម្បត្តិឯកជននោះទេ។ លោកចាត់ទុក សេចក្ដីសម្រេចរបស់តុលាការនេះថា ជាការចូលរួមបំផ្លាញធនធានធម្មជាតិ និងវាយបំបាក់ទឹកចិត្តពលរដ្ឋ ដែលការពារប្រយោជន៍រួម៖ «គាត់មិនគិតថា ជាទ្រព្យសម្បត្តិរបស់បុគ្គលណាមួយទេ គាត់គិតថា ជាទ្រព្យសម្បត្តិទាំងអស់គ្នា ដែលជាមានការទិញលក់តំបន់ហ្នឹង ដែលគេហៅថា ច្រករបៀងដែនជម្រកសត្វព្រៃភ្នំព្រេចទៀត។ ម៉េចបានជាត្រូវអាជ្ញាធរហ៊ានលើកដៃចុះហត្ថលេខា បើខ្ញុំជាតុលាការ ខ្ញុំត្រូវហៅ អាជ្ញាធរដាក់ទោសវិញ មិនមែនហៅ បង ភីរុ ទៅដាក់ទោសទេ»។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ក្រសួងបរិស្ថានគួរតែខ្មាសពលរដ្ឋ ដែលលះបង់ការពារធនធានធម្មជាតិ ឋិតក្នុងតំបន់អភិរក្ស បែរជាមានទោសទណ្ឌទៅវិញ ស្របពេលដែលក្រសួងសាមីមួយនេះ តែងតែជំរុញឱ្យអាជ្ញាធរខេត្ត/ក្រុង មោឃភាពរាល់ការចេញលិខិតកាន់កាប់ និងផ្ទេរសិទ្ធិគ្រប់ទម្រង់។ លោកបន្ថែមថា អាជ្ញាធរមូលដ្ឋានចុះហត្ថលេខា ផ្ទេរសិទ្ធិ និងលក់ដូរដីឋិតក្នុងតំបន់អភិរក្ស ត្រូវមានទោស ហើយតុលាការគួរតែស្រាវជ្រាវរឿងនេះឱ្យស៊ីជម្រៅ មិនគួរទម្លាក់កំហុសមកលើតែពលរដ្ឋទេ៖ « ទាំងចៅក្រម និងព្រះរាជអាជ្ញា គួរតែខ្មាសខ្លួនឯង ចំពោះការកាត់ក្ដី មិនត្រឹមត្រូវ និងអយុត្តិធម៌ ទោះបីគាត់មានឆន្ទានុសិទ្ធិមែន ក៏ប៉ុន្តែសតិក្នុងនាមកូនខ្មែរ ត្រូវប្រកាន់យុត្តិធម៌ តំណាងឱ្យព្រះមហាក្សត្រ មិនមែនធម្មតាទេ មុនពេលកាន់តួនាទី ត្រូវតែស្បថ»។
សហគមន៍ជនជាតិដើមភាគតិចសង្កេតឃើញថា អាជ្ញាធរខ្លះនៅតែហ៊ានលើកដៃ ចុះហត្ថលេខា ឃុបឃិតគ្នាធ្វើប្លង់រឹង ប៉ះចំដីសមូហភាពសហគមន៍ និងព្រៃអភិរក្ស ក្នុងខេត្តមណ្ឌលគិរី។ ពួកគាត់ថា ករណីនេះនៅតែកើតមានច្រើន ដែលជាហេតុធ្វើឱ្យជនជាតិដើមភាគតិចក្លាយជាជនរងគ្រោះ ជាប់បណ្ដឹងនៅតុលាការជាច្រើនករណី ដោយសារតែចេញមុខការពារទ្រព្យសម្បត្តិរបស់ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។